នាយករដ្ឋមន្ត្រី​បញ្ជា​ឲ្យ​អាជ្ញាធរ​រក​វិធី​ទប់​ស្កាត់​មិន​ឲ្យ​ស្រូវ​ងាប់

ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១២ ថា សុំ​កសិករ​កុំ​បាក់​ទឹក​ចិត្ត​ក្នុង​ការ​ដាំ​ស្រូវ ខណៈ​អាកាសធាតុ​កំពុង​រាំង​ស្ងួត​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន។ ទន្ទឹម​នោះ លោក ហ៊ុន សែន បាន​ជំរុញ​ឲ្យ​អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ​ធ្វើ​យ៉ាង​ណា​ជួយ​ឲ្យ​បាន មិន​ឲ្យ​ដំណាំ​ស្រូវ​ងាប់​ក្នុង​តំបន់​ដែល​មាន​ប្រភព​ទឹក​នោះ​ទេ។
ដោយ អ៊ុក សាវបូរី
2012-08-16
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​របស់​សាកលវិទ្យាល័យ បៀលប្រាយ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ កាល​ពី​ថ្ងៃ​១៥ ខែ​សីហា នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា  ក្នុង​ដំណាក់កាល​រាំង​ស្ងួត​នេះ កសិករ​កុំ​អស់​សង្ឃឹម​ក្នុង​ការ​ដាំ​ដំណាំ​ស្រូវ។

លោក​ថា រដូវ​វស្សា​ឆ្នាំ​នេះ​លើ​ពិភពលោក​មាន​ការ​ប្រែប្រួល​អាកាសធាតុ​ជា​ខ្លាំង។ នៅ​ប្រទេស​មួយ​ចំនួន ដូចជា​នៅ​​ហ្វីលីពីន ទឹក​ជំនន់​កណ្ដាល​ទីក្រុង​ម៉ានីល។ នៅ​ប្រទេស​ចិន​គឺ ៦០​ឆ្នាំ​មក​ហើយ មិន​មាន​ទឹក​លិច​ទេ។ ប៉ុន្តែ​ឆ្នាំ​នេះ​ទឹក​បាន​លិច​កណ្ដាល​ទីក្រុង​ប៉េកាំង។ ទន្ទឹម​នឹង​គ្រោះ​មហន្តរាយ​រាំង​ស្ងួត និង​ជំនន់ ក៏​មាន​ខ្យល់​ព្យុះ​បំផ្លាញ​អាកាស​យានដ្ឋាន​នៅ​រដ្ឋ​តិចសាស របស់​ប្រទេស​អាមេរិក​ដែរ។

លោក ហ៊ុន សែន៖ «ឯ​យើង​មាន​តំបន់​មួយ​ចំនួន​ទឹក​ច្រើន​តំបន់​មួយ​ចំនួន​ខ្វះ​ទឹក។ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម និង​មន្ទីរ​ធនធានទឹក កំពុង​ប្រឹងប្រែង​អន្តរាគមន៍​ជាមួយ​នឹង​ផ្នែក​កសិកម្ម​ទៅ​លើ​តំបន់​ដែល​មាន​ប្រភព​ទឹក។ ខ្ញុំ​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ចូល​រួម​ក្នុង​សកម្មភាព ដើម្បី​នឹង​បូម​បាច​នៅ​តំបន់​ដែល​មាន​ប្រភព​ទឹក ត្រូវ​បញ្ចុះ​ម៉ាស៊ីន អន្តរាគមន៍​មិន​ត្រូវ​ឲ្យ​ស្រូវ ឬ​សំណាប​នេះ​ស្លាប់ ងាប់ ដោយ​នៅ​ទី​កន្លែ​ង​ដែល​មាន​ប្រភព​ទឹក​ហើយ​យើង​មិន​បាន​បូម​បាច​បាន​ថែម​នោះ​ទេ»

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា មន្ត្រី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ លោក កែវ វី ឲ្យ​ដឹង​ថា របាយការណ៍​បណ្ដោះអាសន្ន​ពី​តាម​បណ្ដា​ខេត្ត​ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ទី​១៤ ខែ​សីហា ឆ្នាំ​២០១២ ថា មាន​ដំណាំ​ស្រូវ​វស្សា​ក្នុង​ខេត្ត​ចំនួន ៨ បាន​ប៉ះពាល់​ក្រៀម​ខ្វះ​ទឹក ដោយសារ​អាកាសធាតុ​រាំង​ស្ងួត​នៅ​កម្ពុជា ពី​ចុង​ខែ​កក្កដា ដល់​ខែ​សីហា។

លោក កែវ វី អនុ​ប្រធាន​ព័ត៌មាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បន្ត​ថា ទិន្នន័យ​រាំង​ស្ងួត​នេះ​បាន​ប៉ះពាល់​ទាំង​ស្រូវ​ពង្រោះ សន្ទូង និង​សំណាប។ លោក​ឲ្យ​ដឹង​ទៀត​ថា ដំណាំ​ស្រូវ​វស្សា​ក្នុង​ខេត្ត​ទាំង ៨ ក្នុង​នោះ​មាន ៤៦​ស្រុក កំពុង​ខ្វះ​ទឹក ចំនួន ៦.៨៨៩​ហិកតារ ហើយ​សន្ទូង​ពង្រោះ​មាន ៨២.៦២៦​ហិកតារ។ ក្នុង​នោះ​បាន​ខូច គឺ​មាន​សំណាប ៧៥៩​ហិកតារ ​ស្រូវពង្រោះ ៤.០១០​ហិកតារ។ ស្រូវ​ក្រៀម​ខ្វះ​ទឹក និង​ងាប់​បណ្តើរៗ​នោះ​មាន​នៅ​ខេត្ត​កំពង់ស្ពឺ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រៃវែង តាកែវ ស្វាយរៀង និង​ខេត្ត​កណ្ដាល។

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បន្ថែម​ថា តាម​ការ​ព្យាករ​រដូវ​វស្សា​ឆ្នាំ​២០១២ នេះ អាច​អូស​បន្លាយ​ដល់​ដើម​ខែ​ធ្នូ។ លោក​ថា ក្នុង​ពិភពលោក​ក៏​មាន​ព្យុះ​បី ដែល​អាច​មាន​ឥទ្ធិពល​មក​លើ​កម្ពុជា តែ​បែរ​ជា​មិន​មាន​ទៅ​វិញ។ ប៉ុន្តែ​នៅ​មាន​សល់​ព្យុះ​ប្រហែល​ជាង ២០​ព្យុះ​ទៀត ដែល​នឹង​មាន​ឥទ្ធិពល​មក​លើ​កម្ពុជា ហើយ​នឹង​ធ្វើ​ឲ្យ​ទឹក​ទន្លេ​នឹង​ចាប់​ផ្តើម​ហក់​ឡើង។ លោក​បន្ថែម​ថា ទោះ​បី​សំណាប​ចាស់​ខែ តែ​ក៏​​អាច​ដាំ​បង្កបង្កើន​ផល​បាន ព្រោះ​ពេល​វេលា​ធ្វើ​ស្រែ​នៅ​សល់​​ច្រើន​ខែ​ទៀត។

អ្នកស្រី ​នាង ពៅ រស់​នៅ​ឃុំ​តាភេម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ត្អូញ​ថា គាត់​សាប ២​ដង សំណាប​ងាប់​បន្ត​បន្ទាប់។ ​ឥឡូវ​គាត់​សាប​ជា​ថ្មី​មេឃ​មិន​ភ្លៀង គាត់​កំពុង​បូម​ទឹក​ដាក់​សំណាប។ អ្នកស្រី​ថា ទឹក​ស្រះ​ក៏​កំពុង​តែ​ខ្វះ​ដែរ ព្រោះ​រាំង​ស្ងួត​ពេក មនុស្ស និង​សត្វ រួម​ទាំង​ដំណាំ ត្រូវ​​ការ​ប្រើប្រាស់​តែ​ទឹក​ស្រះ​ក្នុង​ភូមិ​នេះ៖ «ងាប់​ទាំង​អស់ គ្រប់​គ្នា​សំណាប អត់​មាន​ទឹក​បូម​ទេ ទឹក​ក៏​អត់​មាន​បូម​ទេ បូម​ញឹក​ពេក។ វា​អត់​ទឹក​ហើយ​មេឃ​ក៏​អត់​ភ្លៀង រាំង​ស្វិត​គ្រប់​ថ្នាល​ទាំង​អស់​ហ្នឹង បើ​សិន​ជា​កន្លះ​ខែ​ទៀត​អត់​ភ្លៀង សំណាប​នឹង​ងាប់​ហើយ ព្រោះ​អត់​ទឹក​បូម​ដាក់​ផង អត់​ភ្លៀង រាំង​ដី​ស​ស្គុះ​អស់​ហើយ ស្ងួត»

លោក ហ៊ុន សែន បាន​ផ្ដល់​អនុសាសន៍​ថា មន្ត្រី​ទាំង​អស់​មិន​ត្រូវ​បណ្ដោយ​ឲ្យ​សំណាប ឬ​សន្ទូង​ងាប់​នៅ​កន្លែង​ដែល​មាន​ប្រភព​ទឹក​ទេ​ ព្រោះ​ជា​វិធានការ​ដែល​​ក្រសួង​ធនធាន​ទឹក ក្រសួង​កសិកម្ម និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​តែ​អនុវត្ត។ ប៉ុន្តែ​បើ​តំបន់​ដែល​អត់​ទឹក គឺ​គ្មាន​ជម្រើស​ជួយ​សង្គ្រោះ​បាន​ឡើយ គឺ​រង់ចាំ​តែ​មេឃ​ធ្លាក់​ទឹក​ភ្លៀង​ប៉ុណ្ណោះ។ លោក​ថា នៅ​តំបន់​គ្មាន​ប្រភព​ទឹក គួរ​ផ្ទេរ​ទៅ​ជា​តំបន់​ដាំ​ដុះ​ដូចជា ដំឡូង អំពៅ ​​សណ្តែក ​ពោត ជាដើម អាស្រ័យ​ទៅ​តាម​សភាព​ជាក់ស្ដែង​នៃ​តំបន់​ដែល​អាច​ដាំ​ដុះ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល