ជនសង្ស័យទាំងបីនាក់នោះ ត្រូវគេកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១២។
មន្ត្រីស៊ើបអង្កេតអង្គការលីកាដូ ប្រចាំខេត្តបាត់ដំបង លោក ហេង សាយហុង បានថ្លែងនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ថា ជនសង្ស័យទាំងបីនាក់នោះជាអ្នកបើកគ្រឿងចក្រស៊ីឈ្នួលឲ្យមនុស្សស្រីម្នាក់ឈ្មោះ ឡេង គី រស់នៅស្រុកភ្នំព្រឹក ដែលអះអាងថាជាម្ចាស់ដីនោះ។
សមត្ថកិច្ចមូលដ្ឋានស្រុកបវេល បានចាប់ឃាត់ខ្លួនជនទាំងបីនាក់នោះ កាលពីថ្ងៃទី២១ ខែសីហា នៅគ្រាដែលពួកគេកំពុងឈូសឆាយដីព្រៃ ដែលអាជ្ញាធរអះអាងថា បានប៉ះពាល់លើដីសម្បទានសង្គមកិច្ចទុកសម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ និងអតីតគ្រួសារកងទ័ព នៅឃុំបឹងប្រាំ។
បុរសជាកម្មករទាំងបីនាក់នោះ មានឈ្មោះ ភិន សំអឿន អាយុ៣២ឆ្នាំ ឈ្មោះ ផល្លី គុណ អាយុ២១ឆ្នាំនិងឈ្មោះ គុជ ស៊ត អាយុ៤៤ឆ្នាំ រស់នៅក្នុងខេត្តបាត់ដំបង ដូចគ្នា។ រហូតមកទល់ល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១២ នេះ គេនៅពុំទាន់ដឹងថា តុលាការមានសេចក្ដីសម្រេចបែបណានោះទេ ជុំវិញការចាប់ខ្លួននេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។