មន្ត្រីប៉ូលិសការពារព្រំដែនខេត្តរតនគិរី វរៈលេខ២០៣ មួយរូបនៅថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១២ បានស្នើសុំឲ្យមន្ត្រីការពារសិទ្ធិមនុស្សអង្គការអាដហុក (Adhoc) ជួយអន្តរាគមន៍ទៅស្នងការប៉ូលិស ដើម្បីស៊ើបអង្កេតពីករណីប្រធានអង្គភាពកាត់ប្រាក់ខែលោកចំនួនបីខែ ដោយលោកមិនបានប្រព្រឹត្តខុស។
អនុសេនីយ៍ត្រី សេវ ណាម អនុប្រធានប៉ុស្តិ៍នគរបាលការពារព្រំដែនលេខ៤០១ ប្រចាំឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី បានមានប្រសាសន៍បញ្ជាក់ថា ប្រាក់ខែលោកនៅខែកុម្ភៈ ខែមេសា និងខែកក្កដា ឆ្នាំ២០១២ ប្រធានអង្គភាពមិនបានបើកឲ្យលោកទេ ហើយក៏មិនប្រាប់ពីមូលហេតុក្នុងរឿងនេះដែរ។
លោកបន្តថា បានព្យាយាមសុំបើកប្រាក់ខែនោះពីមេបញ្ជាការវរៈច្រើនលើក ក៏ប៉ុន្តែ មិនបានសម្រេចលទ្ធផល ទើបលោកអស់សង្ឃឹមឈប់ចូលអង្គភាពតាំងពីពេលនោះមក ដើម្បីធ្វើស្រែរកប្រាក់ចិញ្ចឹមជីវិត៖ «ខ្ញុំសំណូមពរឲ្យអគ្គស្នងការគិតគូរដោះស្រាយបើកលុយឲ្យខ្ញុំផង។ គាត់បញ្ជាឲ្យខ្ញុំទៅបង្គោលលេខ១៥ ទៅ១៦ ខ្ញុំនៅរហូតដល់ខែ៣។ ដល់ខ្ញុំមកពីហ្នឹង ខ្ញុំសួរឯណាលុយខែ៣? គាត់ថាអត់ដឹង។ ខែ៤ ខ្ញុំឈឺ ខ្ញុំបានវះកាត់។ ហើយដល់ខែ៨ ប៉ាខ្ញុំបានស្លាប់ ខ្ញុំបានធ្វើច្បាប់។ ហើយខ្ញុំទៅ គាត់អត់បើកលុយឲ្យខ្ញុំសែនព្រេនទេ។ ខ្ញុំសួរថា ម៉េចអត់បើកលុយឲ្យខ្ញុំ គាត់អត់មាត់ មិនថាស្អីក៏មិនថា»។
យោងតាមពាក្យបណ្ដឹងរបស់លោក សេវ ណាម ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២ បានជម្រាបជូនស្នងការប៉ូលិសខេត្តថា នៅថ្ងៃទី១ ខែមករា មេបញ្ជាការវរៈបានចាត់តាំងលោក និងកងប៉ូលិស៧នាក់ផ្សេងទៀត ទៅយាមប្រចាំការនៅបង្គោលព្រំដែនលេខ១៥ និង១៦ ដោយសង្ស័យថាមានពលរដ្ឋវៀតណាម ចូលកាប់ឈើនៅទីនោះ។ រហូតមកទល់នឹងចុងខែមេសា លោកមានជំងឺពោះវៀនដុះខ្នែង ត្រូវវះកាត់នៅមន្ទីរពេទ្យ និងនៅចុងខែកក្កដា ឪពុកលោកបានស្លាប់ លោកបានឲ្យកូនទៅសុំច្បាប់អនុញ្ញាតធ្វើបុណ្យសពឪពុករយៈពេល១០ថ្ងៃ ហើយបានចូលបម្រើការនៅអង្គភាពវិញតាមការកំណត់។
វិទ្យុអាស៊ីសេរី នៅថ្ងៃពុធទី១៩ ខែកញ្ញា នេះ មិនអាចទាក់ទងមេបញ្ជាការប៉ូលិសវរៈលេខ២០៣ គឺលោក ប៊ុត ទីលី ដើម្បីបញ្ជាក់ពីសេចក្តីចោទប្រកាន់នេះបានទេ។
យ៉ាងនេះក្តី អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍បញ្ជាក់ថា លោកនឹងជួយធ្វើលិខិតអន្តរាគមន៍ពាក្យប្ដឹងរបស់លោក សេវ ណាម ជូនស្នងការប៉ូលិសខេត្តជួយដោះស្រាយបញ្ហានេះ។ លោកបន្តថា ស្នងការដ្ឋានគួរចាត់វិធានការឲ្យមេបញ្ជាការវរៈប៉ូលិស ប្រគល់ប្រាក់ខែជូនមន្ត្រីប៉ូលិសព្រំដែននោះវិញ ពីព្រោះ នេះជាប្រាក់ខែសម្រាប់ចិញ្ចឹមក្រុមគ្រួសាររបស់កងកម្លាំងនគរបាល៖ «យើងឃើញថា ជីវភាពគាត់ក្រីក្រណាស់ គាត់រំពឹងតែលើប្រាក់ខែហ្នឹង។ តាមចម្លើយរបស់គាត់ គាត់ថាគាត់ឈឺ គាត់បានសុំគេដែរ ហើយគាត់ក៏ជិតចូលនិវត្តន៍ហើយដែរ»។
ស្នងការរងប៉ូលិសខេត្តរតនគិរី ទទួលបន្ទុកការងារព្រំដែន លោក ស៊ូ វ៉ាន់ខាំវ៉ាន់ មានប្រសាសន៍បញ្ជាក់ថា របាយការណ៍របស់មេបញ្ជាការវរៈលេខ២០៣ ឲ្យដឹងថា លោក សេវ ណាម បានធ្វើខុសវិន័យកងនគរបាល ដោយសារលោកអវត្តមានមិនមកបំពេញភារកិច្ចញឹកញាប់ ហើយគ្មានការអនុញ្ញាត ទើបប្រធានអង្គភាពតម្កល់ប្រាក់ខែលោកមិនបើកឲ្យ ដើម្បីព្រមានឲ្យលោកទទួលស្គាល់កំហុស និងចូលមកអង្គភាពធ្វើកិច្ចសន្យាបម្រើការងារបានត្រឹមត្រូវវិញតែប៉ុណ្ណោះ។
យ៉ាងនេះក្តី លោកអះអាងថា នឹងសម្របសម្រួលឲ្យមេបញ្ជាការបើកប្រាក់ខែជូនមន្ត្រីប៉ូលិសនេះវិញ ជាមួយលក្ខខណ្ឌឲ្យមន្ត្រីប៉ូលិសនេះឈប់ធ្វើខុសវិន័យតទៅទៀត៖ «ឲ្យគាត់ចូលទៅអង្គភាពវរៈវិញ ដើម្បីគេសួរនាំក្រោយពីមួយខែមកហ្នឹង អ្នកឯងបាត់ទៅណា ម៉េចមិនសុំច្បាប់។ ខាងវរៈ គេរង់ចាំៗទទួលមនុស្សហ្នឹង ដើម្បីគេសួរនាំពីករណីអ្នកឯងបាត់ប៉ុន្មានខែនោះ។ ប្រាក់ខែ គេរក្សាទុកមិនឲ្យយកទៅណាទេ គាត់ស៊ីញេតាមលំដាប់លំដោយមកគេឲ្យ»។
លោក សេវ ណាម គឺជាជនជាតិដើមភាគតិចចារាយ បានចូលបម្រើកងនគរបាលការពារព្រំដែនរយៈពេល២០ឆ្នាំកន្លងទៅនេះ លោកបញ្ជាក់ថា នឹងចូលទៅអង្គភាព ដើម្បីបានទទួលប្រាក់ខែទាំងបីខែនោះវិញ បើទោះបីលោកត្រូវធ្វើកិច្ចសន្យាជាមួយប្រធានអង្គភាពយ៉ាងណា។ លោករំពឹងថា នៅឆ្នាំ២០១៣ ខាងមុខនេះ លោកនឹងត្រូវកំណត់ចូលនិវត្តន៍ និងបានទទួលប្រាក់សោធនវិវត្តន៍រស់នៅចិញ្ចឹមក្រុមគ្រួសារបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។