អ្នកឃ្លាំមើល​ការ​បោះឆ្នោត​ថា​ពលរដ្ឋ​ជាង​១​លាន​នាក់​នឹង​បាត់បង់​សិទ្ធិ​បោះឆ្នោត​ឆ្នាំ​២០១៨

ដោយ អាស៊ីសេរី
2017-11-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលរដ្ឋ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នា​មណ្ឌល​បោះឆ្នោត​មួយ ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។
ពលរដ្ឋ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នា​មណ្ឌល​បោះឆ្នោត​មួយ ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។
Photo: RFA

ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ជា​ថ្ងៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​បិទ​បញ្ចប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ក៏ប៉ុន្តែ​ចំនួន​ដែល គ.ជ.ប ចុះ​ឆ្នោត​នៅ​ឆ្នាំ​២០១៧ មាន​ចំនួន​តិចតួច​នៅ​ឡើយ ដោយសារ​តែ​បរិយាកាស​នយោបាយ​មិន​ល្អ និង​លក្ខណៈ​ច្បាប់​បោះ​ឆ្នោត និង​លក្ខខណ្ឌ​មួយ​ចំនួន​របស់​រដ្ឋាភិបាល​មាន​ការ​រឹតត្បិត​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​បាត់បង់​សិទ្ធិ​បោះឆ្នោត។

អ្នកឃ្លាំមើល​ការ​បោះឆ្នោត​លើក​ឡើង​ថា ពលរដ្ឋ​ជាង ១​លាន​នាក់ នឹង​បាត់បង់​សិទ្ធិ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ ខាង​មុខ។

​ការ​សម្ដែង​ក្ដី​បារម្ភ​ពី​ការ​បាត់បង់​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ គឺ​នៅ​ស្រប​ពេល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​បិទ​បញ្ចប់​យុទ្ធនាការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា។

របាយការណ៍​បឋម​របស់ គ.ជ.ប ស្ដីពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​គិត​ត្រឹម​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា បង្ហាញ​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ដែល​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៧ ដល់​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា មាន​ជាង ៥​សែន ២​ម៉ឺន ៤​ពាន់​នាក់ គិត​ជា​ភាគរយ​បាន​ជាង ៣២% ប៉ុណ្ណោះ ដែល គ.ជ.ប ព្យាករណ៍​កន្លង​មក​ថា ពលរដ្ឋ​មាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ ប្រមាណ ១,៦​លាន​នាក់។

នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិច (NICFEC) លោក សម គន្ធាមី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ថា លោក​មាន​ការ​សោកស្ដាយ​ដែល​ពលរដ្ឋ​ជាង ១​លាន​នាក់​នឹង​បាត់បង់​សិទ្ធិ​បោះ​ឆ្នោត​នេះ ហើយ​ភាគច្រើន​គឺ​ពលករ​ចំណាក​ស្រុក​មិន​បាន​វិល​មក​ចុះ​ឈ្មោះ​នៅ​ស្រប​ពេល​នយោបាយ​កម្ពុជា​ កំពុង​មាន​វិបត្តិ​នេះ៖ «»។

​មន្ត្រី​ផ្នែក​ច្បាប់​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក យឿង សុធារ៉ា បញ្ជាក់​ពី​មូលហេតុ​មួយ​ចំនួន​ដែល​ពលរដ្ឋ​បាត់បង់​សិទ្ធិ​ចុះ​បោះឆ្នោត​នេះ គឺ​ទី​១ ស្ថានភាព​នយោបាយ​ច្របូកច្របល់​ដូចជា​ការ​ធ្វើ​ច្បាប់​រំលាយ​បក្ស​ប្រឆាំង ការ​ចាប់ចង​លោក កឹម សុខា ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​នឿយណាយ​អ្នក​ខ្លះ​ក៏​អស់​ជំនឿ​លើ​ការ​បោះ​ឆ្នោត។ ហើយ​សកម្មជន​បក្ស​នយោបាយ​មិន​បាន​ធ្វើ​យុទ្ធនាការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​ច្រើន​ដូច​មុន ទី​២ ពលរដ្ឋ​ចំណាក​ស្រុក​ធ្វើការ​នៅ​ក្រៅ​ប្រទេស មិន​បាន​វិល​ត្រឡប់​មក​ចុះ​ឈ្មោះ​គួបផ្សំ និង​នីតិវិធី​បំពេញ​ឯកសារ​ចុះ​ឈ្មោះ​របស់​ក្រសួង​មហាផ្ទៃ បង្ក​ការ​លំបាក ទី​៣ ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ស្ថានីយ​ផ្សាយ​បន្ត​ជាង ៣០ ដែល​ស្ថានីយ​វិទ្យុ​ទាំង​នោះ កាល​ពី​ឆ្នាំ​២០១៦ បាន​ជួយ​ផ្សព្វផ្សាយ​ជា​ច្រើន​ដល់​ពលរដ្ឋ និង​ទី​៤ ការ​បិទ​អង្គការ​អន្តរជាតិ NDI ដែល​ជា​ប្រភព​ជំនួយ​ដ៏​សំខាន់​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ទាក់ទង​នឹង​ការ​កិច្ចការ​បោះឆ្នោត​ជាដើម៖ «»។

​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៦ សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​មាន​លក្ខណៈ​ល្អ​ប្រសើរ ដែល​ គ.ជ.ប បាន​រៀបចំ​ចុះ​ឈ្មោះ​បាន​ជាង ៨៤% ដោយសារ​តែ​បរិយាកាស​នយោបាយ​ល្អ​កាល​នោះ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​អ្នក​គ្មាន​ឯកសារ​គ្រប់គ្រាន់​ដែល​ក្រសួង​មហាផ្ទៃ មិន​ទាន់​បាន​ផ្លាស់ប្ដូរ​លក្ខខណ្ឌ​ដូច​ឆ្នាំ​២០១៧។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន រីដា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង​ឥត​ឈប់​ឈរ​នេះ ក៏​ជា​កត្តា​ទប់ស្កាត់​ពលរដ្ឋ​មិន​បាន​ទៅ​ចុះ​ឈ្មោះ​ឲ្យ​បាន​ច្រើន​ដែរ គួបផ្សំ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ពី​ថ្នាក់​មូលដ្ឋាន​ដល់​ថ្នាក់​លើ ពុំ​មាន​ឱកាស​ចុះ​ផ្សព្វផ្សាយ និង​ជំរុញ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​ទូលំទូលាយ​ដូច​មុន។ លោក​បញ្ជាក់​ថា ករណី​ទាំង​អស់​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពលរដ្ឋ​ដែល​ត្រូវ​បាន​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ៖ «»។

​មាត្រា ៣៤​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​បោះ​ឆ្នោត និង​អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត។ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​ដែល​មាន​អាយុ​យ៉ាង​តិច ១៨​ឆ្នាំ មាន​សិទ្ធិ​បោះ​ឆ្នោត។

​មាត្រា​៥១ ថ្មី​វិញ​ចែង​ថា ព្រះរាជាណាចក្រ​កម្ពុជា អនុវត្ត​គោលនយោបាយ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស។ ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​វាសនា​នៃ​ប្រទេសជាតិ​របស់​ខ្លួន។ អំណាច​ទាំង​អស់​ជា​របស់​ពលរដ្ឋ។

​ទោះបីជា​រដ្ឋធម្មនុញ្ញ​ចែង​អំពី​សិទ្ធិ​របស់​ពលរដ្ឋ​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​អ្នក​ច្បាប់​ពន្យល់​ថា សកម្មភាព​របស់​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម លោក ហ៊ុន សែន បច្ចុប្បន្ន​គឺ​ជា​ការ​បំភ័យ​ឲ្យ​ពលរដ្ឋ​ភ័យ​ខ្លាច​ដូចជា​លោក​ប្រកាស​ថា បើ​បក្ស​កាន់អំណាច​របស់​លោក​ចាញ់​ឆ្នោត នឹង​មាន​សង្គ្រាម​ការ​បបួល​គេ​ភ្នាល់​ពី​ការ​រំលាយ​គណបក្ស​ប្រឆាំង​ជាដើម​ដែល​បញ្ហា​ទាំង​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​ពលរដ្ឋ និង​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ។

ទោះ​បី​ជា​ស្ថានការណ៍​នយោបាយ​បែន​នេះ​ក្ដី អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​លើក​ឡើង​ថា គ.ជ.ប នៅ​តែ​បំពេញ​ការងារ​របស់​ខ្លួន​បាន​ដល់​ទី​បញ្ចប់​លើ​ផែនការ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ ទោះបីជា​មិន​បាន​ដូច​គ្រប់​ចំនួន​ដូច​ដែល គ.ជ.ប បាន​ព្យាករ​ក្ដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល