របាយការណ៍​នៃ​ការ​កាន់​អំណាច​របស់​លោក ហ៊ុន សែន ​រយៈពេល​៣០​ឆ្នាំ

ដោយ វិទ្យុ អាស៊ីសេរី
2015.01.13
ហ៊ុន សែន ៣០ឆ្នាំ ៦២០ រូបថត​នៅ​លើ​គម្រប​សៀវភៅ​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) ស្ដីពី​រយៈពេល ៣០​ឆ្នាំ​ក្នុង​ពេល​កាន់​តំណែង​របស់​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
HRW

ថ្ងៃ​ទី​១៤ ខែ​មករា ស្អែក​នេះ គឺ​ជា​ខួប​គម្រប់​រយៈពេល ៣០​ឆ្នាំ ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី។ ស្រប​គ្នា​នេះ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) ចេញ​របាយការណ៍​ថ្មី​មួយ​ស្ដីពី​រយៈពេល ៣០​ឆ្នាំ​ក្នុង​ពេល​កាន់​តំណែង​របស់​លោក ហ៊ុន សែន។

អង្គការ​នេះ​បង្ហាញ​ថា លោក ហ៊ុន សែន គឺ​ជា​មេដឹកនាំ​ដែល​ជាប់​ចំណាត់​ថ្នាក់​ទី​៦ ក្នុង​ចំណោម​អ្នក​ដឹកនាំ​កាន់​ដំណែង​យូរ​ជាង​គេ​ក្នុង​ពិភពលោក។ អង្គការ​នេះ​បាន​ចាត់​ទុក​លោក​ថា​ជា​មេដឹកនាំ​កាន់​អំណាច​យូរ​ដោយ​ប្រើប្រាស់​មធ្យោបាយ​សំខាន់ៗ​មួយ​ចំនួន រួម​មាន​ការ​ប្រើ​អំពើ​ហិង្សា ការ​គាប​សង្កត់ និង​អំពើ​ពុករលួយ។ យ៉ាងណា​មន្ត្រី​រដ្ឋាភិបាល​ច្រាន​ចោល​របាយការណ៍​នេះ ដោយ​ចាត់​ទុក​អង្គការ​នេះ​ថា ព្យាយាម​បង្ខូច​កេរ្តិ៍​ឈ្មោះ​លោក​នាយក​រដ្ឋមន្ត្រី និង​រដ្ឋាភិបាល។

ក្នុង​របាយការណ៍​ដែល​មាន​កម្រាស់​ជាង ៧០​ទំព័រ​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​រៀបរាប់​ពី​ជីវិត​ក្នុង​ឆាក​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ដែល​អាច​កាន់​កាប់​អំណាច​បាន​យូរ គឺ​នឹង​ចូល​ដល់ ៣០​ឆ្នាំ​នៅ​ពេល​នេះ។

របាយការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​លើក​ឡើង​ចំណុច​ជា​ច្រើន​ពាក់​ព័ន្ធ​ដល់​ការ​ប្រើប្រាស់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ដើម្បី​រក្សា​តំណែង​ចាប់​តាំង​ពី​ពេល​លោក​បាន​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​កាល​ពី​ឆ្នាំ​១៩៨៥។

របាយការណ៍​ដដែល​លើក​ឡើង​ទៀត​ថា លោក ហ៊ុន សែន ត្រូវ​ដាក់​បញ្ចូល​ក្នុង​ចំណោម​អ្នក​ដឹកនាំ​ដែល​ឋិត​ក្នុង​តំណែង​តាមរយៈ​ការប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​ចេតនា​នយោបាយ​គ្រប់​គ្រង​កង​កម្លាំង​ប្រដាប់​អាវុធ​គៃ​បន្លំ​ការ​បោះឆ្នោត ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ និង​មាន​ការ​គាំទ្រ​ពី​បរទេស​គឺ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ ដែល​ជ្រើសរើស​លោក​អោយ​កាន់​តំណែង និង​អាច​បន្ត​តំណែង​ទៅ​មុខ​ទៀត​ស្រប​តាម​ការ​អះអាង​របស់ លោក ហ៊ុន សែន នៅ​ពេល​កន្លង​ទៅ។

របាយការណ៍​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​ផ្នែក​ខ្លះ លោក ហ៊ុន សែន បាន​បង្ហាញ​អោយ​ឃើញ​ថា បាន​ខិត​ខំ​ប្រឹងប្រែង​ក្នុង​ឋានៈ​ជា​អ្នក​ដឹកនាំ​វ័យ​ក្មេង​ក្នុង​ការ​នាំ​ប្រទេស​ត្រឡប់​ទៅ​ឆាក​អន្តរជាតិ និង​បាន​សម្របសម្រួល​អោយ​មាន​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស កាល​ពី​ឆ្នាំ​១៩៩១។ ប៉ុន្តែ​ក្នុង​ស្ថានភាព​ពិត​គឺ​ផ្ទុយ​គ្នា​ទៅ​វិញ​ទេ ដ្បិត​ក្នុង​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី ជំនួស​អោយ​ការ​ប្រើប្រាស់​តួនាទី​ដើម្បី​កែលំអ​វិស័យ​សុខាភិបាល ការ​អប់រំ និង​បទដ្ឋាន​រស់​នៅ​របស់​ពលរដ្ឋ លោក ហ៊ុន សែន បាន​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ​ទៅ​វិញ រួម​មាន​អំពើ​កាប់​សម្លាប់​ក្រៅ​ច្បាប់ ទារុណកម្ម ការ​ចាប់​ឃុំ​ខ្លួន ត្រួតត្រា រារាំង​សេរីភាព​សមាគម ការ​ជួប​ប្រជុំ និង​ការ​បង្កើត​បណ្ដាញ​ស៊ើបការ រាយការណ៍​នៅ​ពេញ​ប្រទេស​ ក្នុង​គោលបំណង​បំភិតបំភ័យ បំភ័ន្ត​សាធារណៈ​មតិ។ យុទ្ធសាស្ត្រ​ចម្បង​ជាង​គេ​របស់​លោក ហ៊ុន សែន គឺ​ការ​គំរាម​កំហែង និង​ប្រើ​ប្រាស់​កម្លាំង។

ក្នុង​ពេល​ដែល​លោក ហ៊ុន សែន កាន់​អំណាច​មាន​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង អ្នក​សារព័ត៌មាន មេដឹកនាំ​សហជីព​ជា​ច្រើន​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​ចេតនា​នយោបាយ។ ករណី​ខ្លះ​ដែល​ឃាតក​ត្រូវ​គេ​ស្គាល់ ប៉ុន្តែ​ពុំ​ត្រូវ​ស៊ើបអង្កេត ចោទ​ប្រកាន់ ឬ​ដាក់​ទោស​ឡើយ។

អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី លោក ទិត សុធា មាន​ប្រសាសន៍​ថា របាយការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ ជា​របាយការណ៍​បំផ្លើស​ការ​ពិត ព្យាយាម​បំភ្លេច​រាល់​សមិទ្ធផល​ដែល​រដ្ឋាភិបាល​សម្រេច​បាន៖ «របាយការណ៍​នេះ​បំភ្លេច​ចោល​ទាំង​ស្រុង​នូវ​វីរភាព​គ្មាន​ពីរ​របស់​ថ្នាក់ដឹកនាំ​ដែល​បាន​តស៊ូ លះបង់ បូជា​អាយុ​ជីវិត រហូត​ធានា​បាន​នូវ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​មក​ដល់​បច្ចុប្បន្ន​នេះ សុទ្ធ​តែ​មាន​ឫស​គល់​នៃ​បញ្ហា​ដែល​ជា​កត្តា​ប្រវត្តិសាស្ត្រ​ពិត​ប្រាកដ។ ប៉ុន្តែ យូមែន រ៉ៃត៍ វ៉ច្ឆ នេះ ជា​ទម្លាប់​គាត់​តែងតែ​ខ្វាក់​ភ្នែក​ជុំវិញ​សភាពការណ៍​ពិត ហើយ​គាត់​តែងតែ​និយាយ​បំផ្លើស​នូវ​ព័ត៌មាន​ដែល​បាន​កើត​ឡើង​ក្នុង​សង្គម​កម្ពុជា បច្ចុប្បន្ន»

ទោះ​យ៉ាងណា​របាយការណ៍​នោះ​បាន​កត់ត្រា​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ដែល​ពាក់​ព័ន្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​អាច​ចាត់​ទុក​ជា​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​ចាប់​តាំង​ពី​លោក​បាន​កាន់​តួនាទី​ជា​មេបញ្ជាការ​ទ័ព​ខ្មែរ​ក្រហម ក្នុង​អំឡុង​ទសវត្ស​៧០ ចំពោះ​ការ​ប្រព្រឹត្ត​ប្រឆាំង​ជនជាតិ​ចាម។ នៅ​ក្នុង​ទសវត្ស​៨០ ពេល​លោក​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​នឹង​ការងារ​ដោយ​បង្ខំ និង​ឃុំឃាំង​មនុស្ស​ជា​ប្រព័ន្ធ។ លុះ​ក្នុង​ទសវត្ស​៩០ លោក​បាន​ពាក់ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ក្រៅ​ច្បាប់​ក្នុង​រដ្ឋ​ប្រហារ ការ​គប់​គ្រាប់​បែក​លើ​ហ្វូង​បាតុករ។ ក្នុង​រយៈពេល​ចុងក្រោយ​នេះ លោក​បាន​រារាំង​ដំណើរ​ការ​របស់​សាលាក្ដី​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម មិន​គោរព​គោលការណ៍​នៃ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ លោក​ហាក់​បំភ្លេច​ចោល​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស ដែល​រដ្ឋាភិបាល​របស់​លោក​បាន​ផ្ដល់​សច្ចាប័ន រួម​នឹង​ការ​គំរាម​កំហែង​ជា​ច្រើន​ទៀត​ទៅ​អ្នក​នយោបាយ អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ ស្រប​គ្នា​នេះ​កម្ពុជា ត្រូវ​រាយការណ៍​ថា ប្រឈម​នឹង​បញ្ហា​ពុករលួយ​ធ្ងន់ធ្ងរ រី​ឯ​លោក ហ៊ុន សែន មាន​ទ្រព្យ​សម្បត្តិ​រាប់​រយ​លាន​ដុល្លារ​តែ​ក្នុង​រយៈពេល​ដែល​លោក​លេច​មុខ​ក្នុង​តួនាទី​ដឹកនាំ​គិត​ពី​ឆ្នាំ​១៩៧៩។

លោក ទិត សុធា បន្ត​ថា របាយការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ បង្ហាញ​ថា អង្គការ​នេះ​នៅ​តែ​បន្ត​ផ្សព្វផ្សាយ​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​ប្រមុខ​ដឹក​នាំ និង​រដ្ឋាភិបាល​កម្ពុជា ក្នុង​ឆាក​អន្តរជាតិ តាម​និន្នាការ​ប្រឆាំង៖ «ក្រុម​ប្រឆាំង​គេ​បាន​សហការ​គ្នា​យ៉ាង​ស្អិតល្មួត​ក្នុង​ការ​ផ្គុំ​នូវ​របាយការណ៍​មួលបង្កាច់ ដើម្បី​សម្អុយ​កេរ្តិ៍​ឈ្មោះ​នរណា​មួយ ជា​ពិសេស​គឺ​គេ​ប៉ុនប៉ង​សម្អុយ​កេរ្តិ៍​ឈ្មោះ​រាជរដ្ឋាភិបាល​នេះ​យូរ​មក​ហើយ»

នៅ​ទំព័រ​ចុង​ក្រោយ​របស់​របាយការណ៍​បាន​បញ្ជាក់​ថា របាយការណ៍​នេះ​ស្រាវជ្រាវ​នឹង​សរសេរ​ដោយ​នាយក​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) និង​ក្រុម​ការងារ​របស់​លោក។ ក្នុង​របាយការណ៍​ក៏​បាន​លើក​ឡើង​នូវ​អនុសាសន៍​មួយ​ចំនួន​ទៅ​សហគម​អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​សហប្រជាជាតិ ដើម្បី​អនុវត្ត​ជំរុញ​អោយ​មាន​ការ​ផ្លាស់ប្ដូរ​គាំទ្រ​ដល់​ពលរដ្ឋ​កម្ពុជា ដែល​ចង់​បាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ នីតិរដ្ឋ​បញ្ចប់​អំពើ​ពុករលួយ និង​ការ​រំលោភ​ដីធ្លី មិន​ថា ក្នុង​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន ឬ​ក្នុង​អាណត្តិ​ដឹកនាំ​របស់​អ្នក​ផ្សេង​ឡើយ។

ការ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​របស់​លោក ហ៊ុន សែន

របាយការណ៍​ជា​ភាសា​អង់គ្លេស​ចំនួន ៧៣​ទំព័រ​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ រៀបរាប់​អំពី​ប្រវត្តិ​នៃ​ការ​ចូល​ប្រឡូក​ក្នុង​នយោបាយ​របស់​លោក ហ៊ុន សែន តាំង​ពី​ដើម​ទសវត្សរ៍ ឆ្នាំ​១៩៧០ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន។ ក្នុង​នោះ​រួម​មាន​ជីវប្រវត្តិ​របស់​លោក ហ៊ុន សែន ព្រម​ទាំង​ដំណើរ​ជីវិត​របស់​លោក​ក្នុង​សម័យ​ខ្មែរ​ក្រហម​ទាក់ទង​ផែនការ «ក៥» នៅ​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ផង​ដែរ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក យាង សុជាមេត្តា៖

កើត​នៅ​ក្នុង​ឆ្នាំ​១៩៥២ នៅ​ភូមិ​ពាមកោះស្នា ខេត្ត​កំពង់ចាម លោក ហ៊ុន សែន មាន​ឈ្មោះ​ដើម​ថា ហ៊ុន ប៊ុនណាល់។ លោក​គឺ​ជា​កូន​ទី​៣ ក្នុង​ចំណោម​បង​ប្អូន​ទាំង​អស់ ៧​នាក់ ដែល​ក្នុង​នោះ​បង​របស់​លោក​ម្នាក់​បាន​ស្លាប់​តាំង​ពី​មុន​លោក​បាន​កើត​ម្ល៉េះ។

លោក ហ៊ុន សែន មាន​ជីដូន​ជីតា​ដែល​មាន​ជីវភាព​ល្អ​គួរ​សម គឺ​មាន​ដី​ចំនួន ១៥​ហិកតារ​នៅ​ជាប់​ដង​ទន្លេ​មេគង្គ។ ប៉ុន្តែ​ក្រោយ​មក គ្រួសារ​ត្រកូល "ហ៊ុន" បាន​ធ្លាក់​ខ្លួន​ក្រ​ជា​បន្តបន្ទាប់ ដោយសារ​ដី​មិន​អាច​ដាំ​ដុះ​បាន​ល្អ។

មុន​ឆ្នាំ​១៩៤៥ ក្នុង​សម័យ​ដែល​កម្ពុជា បាន​ធ្លាក់​ក្រោម​ការ​គ្រប់គ្រង​របស់​កង​ទ័ព​ជប៉ុន ឪពុក​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន នាង គឺ​ជា​អតីត​ព្រះសង្ឃ​គង់​នៅ​វត្ត​ឧណ្ណាលោម។ ប៉ុន្តែ​ក្រោយ​ពី​កង​ទ័ព​ជប៉ុន ចាញ់​សង្គ្រាម​លោក​លើក​ទី​២ លោក ហ៊ុន នាង បាន​ចូល​រួម​ជាមួយ​ចលនា​ខ្មែរ​ឥស្សរៈ​ដើម្បី​ដេញ​បារាំង កុំ​ឲ្យ​វិល​ត្រឡប់​មក​ដាក់​អាណានិគម​លើ​កម្ពុជា​វិញ។ នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រនិយម លោក ហ៊ុន នាង បាន​ធ្វើជា​អ្នក​ឃោសនា​ឲ្យ​អ្នក​នយោបាយ​ម្នាក់ ដែល​ក្រោយ​មក​អ្នក​នយោបាយ​រូប​នោះ​បាន​ជាប់​ឆ្នោត​ជា​សមាជិក​សភា​នៅ​ឆ្នាំ​១៩៦៦។

នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​នោះ លោក ហ៊ុន សែន បាន​ចូល​រៀន​ថ្នាក់​បឋម​សិក្សា​នៅ​ក្នុង​ភូមិ​របស់​លោក។ តែ​ដោយសារ​នៅ​ទីនោះ​ពុំ​មាន​ថ្នាក់​អនុវិទ្យាល័យ​សិក្សា​បន្ថែម នៅ​ឆ្នាំ​១៩៦៤ ឬ ១៩៦៥ ឪពុក​ម្ដាយ​របស់​លោក​បាន​បញ្ជូន​លោក​ឲ្យ​មក​ស្នាក់នៅ​វត្ត​នាគវ័ន្ត ក្រុង​ភ្នំពេញ ដើម្បី​បន្ត​ការ​សិក្សា ដែល​នៅ​ពេល​នោះ​លោក ហ៊ុន សែន មាន​អាយុ​ប្រហែល ១២ ឬ ១៣​ឆ្នាំ​ប៉ុណ្ណោះ។

​ដល់​ឆ្នាំ​១៩៦៩ លោក ហ៊ុន សែន បាន​បោះបង់​ការ​សិក្សា។ លោក​បាន​ចាក​ចេញ​ពី​វត្ត ដោយសារ​លោក​ភ័យខ្លាច​ការ​តាម​ចាប់​ខ្លួន​ពី​សំណាក់​សមត្ថកិច្ច​របស់​សម្ដេច​ព្រះ នរោត្តម សីហនុ។ ការ​រត់​គេច​ខ្លួន​នោះ គឺ​បន្ទាប់ពី​បងប្អូន​ជីដូនមួយ​របស់​លោក​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​វត្ត​នាគវ័ន្ត ដោយសារ​គាត់​ជា​សកម្មជន​ប្រឆាំង​នឹង​របប​សម្រេច​សីហនុ។ នៅ​មុន​ឆ្នាំ​១៩៦៩ នោះ​ដែរ ឪពុក​របស់​លោក ហ៊ុន សែន បាន​ផ្លាស់​ទី​ទៅ​រស់​នៅ​ស្រុក​មេមត់ ខេត្ត​កំពង់ចាម ជាប់​ព្រំដែន​ប្រទេស​វៀតណាម។

លោក ហ៊ុន សែន ធំ​ដឹង​ក្ដី​ឡើង​ក៏​ចូល​ប្រឡូក​ក្នុង​រឿង​នយោបាយ​និង​យោធា ដោយសារ​មាន​ស្ថានភាព​កើត​ឡើង​នៅ​តំបន់​មេមត់ នៅ​ឆ្នាំ​១៩៦៩ ដល់​ឆ្នាំ​១៩៧១។ នៅ​ដើម​ឆ្នាំ​១៩៧០ លោក ហ៊ុន សែន បាន​ឃើញ​ផ្ទាល់​ភ្នែក​ប្រជាជន​ស៊ីវិល​កម្ពុជា ស្លាប់​ដោយសារ​ការ​ទម្លាក់​គ្រាប់បែក​របស់​កងទ័ព​អាមេរិក និង​កងទ័ព​វៀតណាម​ខាងត្បូង នៅ​ក្បែរ​ស្ពាន​មួយ​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ។ ព្រឹត្តិការណ៍​នោះ​ហើយ​ដែល​លោក ហ៊ុន សែន និយាយ​ថា ជា​កត្តា​ជំរុញ​ទឹក​ចិត្ត​គាត់​ឲ្យ​ប្រឆាំង​នឹង​អាមេរិក។

​ស្ថានភាព​យោធា​នៅ​កម្ពុជា មាន​ការ​ប្រែប្រួល​បន្ទាប់​ពី​សម្ដេច​ព្រះ នរោត្តម សីហនុ ត្រូវ​បាន​គេ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ពី​អំណាច​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​១៩៧០។ ភ្លាមៗ​បន្ទាប់​ពី​ព្រះអង្គ​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​តំណែង បាតុកម្ម​គាំទ្រ​សម្ដេច សីហនុ បាន​កើត​ឡើង​នៅ​ក្នុង​ស្រុក​ស្នួល និង​ក្នុង​ចម្ការ​កៅស៊ូ​នា​ស្រុក​មេមត់។ នៅ​ខែ​មីនា ដដែល​នោះ សម្ដេច សីហនុ បាន​ប្រកាស​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​បរទេស អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​រួម​ក្នុង​ចលនា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល លោក លន់ នល់។

លោក ហ៊ុន សែន និយាយ​ថា នៅ​ពេល​ដែល​សម្ដេច សីហនុ ត្រូវ​បាន​ទម្លាក់ លោក​កំពុង​ឋិត​នៅ​ក្នុង​ស្រុក​មេមត់។ លោក​ថា លោក​បាន​ឮ​ការ​អំពាវនាវ​របស់​សម្ដេច សីហនុ។ ដោយ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​លោក ហ៊ុន នាង ដែល​ជា​ឪពុក លោក ហ៊ុន សែន រួម​ជាមួយ​យុវជន​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​បាន​សម្រេច​ចិត្ត​ចូល​ក្នុង​ចលនា​តាម​ការ​អំពាវនាវ​របស់​សម្ដេច សីហនុ នៅ​ខែ​មេសា ឆ្នាំ​១៩៧០។

ទោះ​បី​ជា​យ៉ាង​ណា​ក្តី លោក ហ៊ុន សែន អះអាង​ថា មុន​ពេល​ចូលរួម​ក្នុង​ចលនា​នោះ លោក​មិន​បាន​ដឹង​ថា ប៉ុល ពត មាន​តួនាទី​ដឹកនាំ​ក្នុង​ចលនា​នោះ​ទេ។ លោក ហ៊ុន សែន បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា ហ៊ុន សំរេច វិញ នៅ​ពេល​ដែល​លោក​ចូល​រួម​ក្នុង​ចលនា។

បើ​ទោះ​ជា​ពេល​នោះ លោក ហ៊ុន សែន មាន​អាយុ​ទើប ១៨​ឆ្នាំ​ក្ដី ប៉ុន្តែ​បើ​ប្រៀប​ជាមួយ​ពួក​ឧទ្ទាម​ផ្សេង​ទៀត លោក​មាន​ការ​អប់រំ​គ្រាន់​បើ​ជាង​គេ ដោយសារ​លោក​បាន​ជួយ​បង្ហាត់​បង្រៀន​ក្រុម​លោក​ពេល​នៅ​ក្នុង​ព្រៃ​នោះ​ហើយ ទើប​លោក​ត្រូវ​បាន​គេ​ហៅ​ថា «គ្រូ»។ ក្រុម​របស់​លោក ហ៊ុន សែន មាន​គ្នា​ប្រមាណ​ពី ៣០០ ទៅ ៥០០​នាក់។ ពួកគេ​ត្រូវ​បាន​វៀតណាម ជ្រើសរើស​បណ្ដុះបណ្ដាល​ផ្នែក​យោធា​ដើម្បី​ធ្វើ​ជា​ទ័ព​ប្រយុទ្ធ។

ពីរ​សប្ដាហ៍​នៅ​ក្រោយ​ការ​បណ្ដុះបណ្ដាល ពោល​គឺ​នៅ​ថ្ងៃ​ទី​៣០ មេសា ឆ្នាំ​១៩៧០ លោក ហ៊ុន សែន ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​កងអនុសេនាតូច ដែល​មាន​កូន​ទាហាន​ចំនួន ៤៨​នាក់។ នៅ​ឆ្នាំ​១៩៧១ លោក​ត្រូវ​បាន​បញ្ជូន​ទៅ​បណ្ដុះបណ្ដាល​នៅ​សាលា​ទ័ព​ពិសេស រយៈពេល ១​ឆ្នាំ នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ។ ក្នុង​ឆ្នាំ​ដដែល​នោះ លោក​បាន​ក្លាយ​ជា​សមាជិក​សម្ព័ន្ធ​យុវជន​នៃ​គណបក្ស​កុម្មុយនិស្ត​កម្ពុជា។ ចាប់​តាំង​ពី​នោះ​មក លោក ហ៊ុន សែន ត្រូវ​បាន​ផ្ដល់​តំណែង​ក្នុង​ជួរ​យោធា​ជា​បន្តបន្ទាប់ រហូត​គាត់​ត្រូវ​បាន​បញ្ចូល​ក្នុង​រចនាសម្ព័ន្ធ​យោធា និង​នយោបាយ​នៃ​គណបក្ស​កុម្មុយនិស្ត​កម្ពុជា។

នៅ​ឆ្នាំ​១៩៧២ លោក ហ៊ុន សែន ត្រូវ​បាន​តែងតាំង​ជា​កង​អនុសេនាធំ​ដែល​មាន​កូន​ទាហាន​ក្រោម​បង្គាប់​ប្រមាណ ១៣០​នាក់។ នៅ​ចុង​ឆ្នាំ​ដដែល លោក ហ៊ុន សែន ត្រូវ​បាន​បណ្ដុះបណ្ដាល​ផ្នែក​យោធា​បន្ថែម​ទៀត គឺ​នៅ​ពេល​នោះ​ហើយ​ដែល​លោក​បាន​ប្ដូរ​ឈ្មោះ​ពី ហ៊ុន សំរេច ទៅ​ជា ហ៊ុន សែន វិញ។ នៅ​មុន​ឆ្នាំ​១៩៧៣ លោក​បាន​ក្លាយ​ជា​សមាជិក​គណៈកម្មាធិការ​បញ្ជាការ​កងវរសេនាតូច ដែល​មាន​តំបន់​ប្រតិបត្តិ​នៅ​ត្រើយ​ខាង​កើត​នៃ​ទន្លេ​មេគង្គ។

នៅ​ឆ្នាំ​១៩៧៤ កងវរសេនាតូច​របស់​លោក ហ៊ុន សែន បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​កងវរសេនាធំ​ក្នុង​ភូមិ​ភាគ​២១ ដែល​ក្នុង​នោះ​ក៏​មាន​កងវរសេនាធំ​លេខ ៥៥ និង ៧៥ ផង​ដែរ។ លោក ហ៊ុន សែន និយាយ​ថា ឋិត​ក្នុង​រចនាសម្ព័ន្ធ​នេះ លោក​គឺ​ជា​មេបញ្ជាការ​កងវរសេនាតូច និង​កងទ័ព​ពិសេស ដែល​គ្រប់គ្រង​កូន​ទាហាន​ចំនួន ៥០០​នាក់។ មិន​យូរ​ប៉ុន្មាន លោក​ក៏​បាន​ក្លាយ​ជា​មេបញ្ជាការ​កងវរសេនាធំ​ដែល​មាន​កូន​ទាហាន ២.០០០​នាក់​ក្នុង​ដៃ។ ព្រម​ជាមួយ​គ្នា​នោះ កងវរសេនាតូច​លេខ ៧៥ ក៏​ឋិត​ក្រោម​បញ្ជាការ​របស់​លោក​ផង​ដែរ។

លោក ហ៊ុន សែន និយាយ​ថា ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​១៩៧៥ លោក​បាន​បញ្ជាការ​វាយ​ប្រហារ​ក្នុង​បំណង​គ្រប់គ្រង​តំបន់​ទន្លេបិទ។ លោក​ថា នៅ​ថ្ងៃ​ទី​១៦ មេសា ឆ្នាំ​១៩៧៥ លោក​ត្រូវ​គ្រាប់​ចំ​ភ្នែក​ខាង​ឆ្វេង​ដោយសារ​ការ​បាញ់​ប្រហារ​របស់​ទាហាន លន់ នល់ ដែល​ពេល​នោះ​បាន​ធ្វើ​ឲ្យ​លោក​សន្លប់​អស់​រយៈពេល ១​សប្ដាហ៍។

នៅ​ក្រោយ​ថ្ងៃ​រំដោះ ១៧ មេសា ឆ្នាំ​១៩៧៥ នៅ​ពេល​ដែល​កំពុង​សម្រាក​ព្យាបាល​របួស​ភ្នែក​នៅ​ឡើយ​នោះ លោក ហ៊ុន សែន ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​កងវរសេនាធំ​ស្វយ័ត​ពិសេស​នៅ​តំបន់​បូព៌ា។ មុន​ខែ​ឧសភា ឆ្នាំ​១៩៧៥ លោក ហ៊ុន សែន បាន​ជា​សះស្បើយ​ពី​មុខ​របួស​ដែល​លោក​អាច​ចូល​រួម​ប្រជុំ​បាន។ លោក​បាន​ចូល​រួម​ឡើង​វិញ​ក្នុង​កងវរសេនាធំ​របស់​លោក ហើយ​ដែល​ក្រោយ​មក​ត្រូវ​បាន​បញ្ជូន​ទៅ​នៅ​ក្បែរ​ព្រំដែន​ប្រទេស​វៀតណាម ក្នុង​ស្រុក​មេមត់ នៃ​ភូមិ​ភាគ​២១។

ក្នុង​ពេល​នោះ​ដែរ នៅ​ឯ​ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម សហគមន៍​ជនជាតិ​ចាម​បាន​ចាប់​ផ្ដើម​ងើប​ឡើង​បះបោរ​ប្រឆាំង​នឹង​របប​ថ្មី។ ការ​បង្ក្រាប​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា នៅ​ខែ​កញ្ញា និង​តុលា ឆ្នាំ​១៩៧៥ ទៅ​លើ​ពួកគេ បាន​បិទ​បញ្ចប់​ការ​បះបោរ​នោះ។ យ៉ាង​ណា​ក៏ដោយ លោក ហ៊ុន សែន បដិសេធ​ថា កម្លាំង​របស់​គាត់​មិន​បាន​ពាក់ព័ន្ធ​ក្នុង​ការ​បង្ក្រាប​នោះ​ឡើយ។ លោក ហ៊ុន សែន និយាយ​ថា ក្នុង​ពេល​លោក​ឋិត​នៅ​មេមត់​នោះ លោក​បាន​ប្រឆាំង​បញ្ជា​របស់​បក្ស​នោះ​គឺ​ការ​បដិសេធ​មិន​ព្រម​បញ្ជូន​ទ័ព​ទៅ​សម្លាប់​ជនជាតិ​ចាម។ លោក ហ៊ុន សែន ថា គាត់​បាន​ប្រាប់​ទៅ​មេ​ខាងលើ​របស់​លោក​ថា ៦០% ទៅ ៧០% នៃ​កូនចៅ​របស់​លោក​មាន​ជំងឺ​គ្រុនចាញ់ ដូច្នេះ​ពួកគេ​មិន​អាច​ទៅ​បង្ក្រាប​ការ​បះបោរ​របស់​សហគមន៍​ជនជាតិ​ចាម បាន​ឡើយ។ លោក ហ៊ុន សែន អះអាង​ថា ការ​បង្ក្រាប​នៅ​ពេល​នោះ គឺ​ធ្វើ​ឡើង​ដោយ​កម្លាំង​មក​ពី​ស្រុក​ក្រូចឆ្មារ នោះ​តែម្ដង។

​យ៉ាង​ណា​ក៏ដោយ ក៏​មាន​ប្រភព​បញ្ជាក់​ថា កម្លាំង​មក​ពី​កងវរសេនាតូច ៥៥ នៃ​កងវរសេនាធំ​ភូមិ​ភាគ​២១ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​នោះ ដែល​សកម្មភាព​ទាំង​អស់​នេះ គឺ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

​លោក ហ៊ុន សែន បាន​ចាក​ចេញ​ពី​កម្ពុជា ទៅ​ប្រទេស​វៀតណាម នៅ​ខែ​មិថុនា ឆ្នាំ​១៩៧៧ ដោយ​លោក​អះអាង​ថា លោក​មិន​ពេញ​ចិត្ត​ទៅ​នឹង​គោលនយោបាយ និង​ការអនុវត្ត​របស់​ពួក​ខ្មែរក្រហម​នៅ​ពេល​នោះ។

ដោយ​មាន​ជំនួយ​ពី​ប្រទេស​វៀតណាម និង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​របស់​ទាហាន​ខ្មែរ​ក្រហម​ទៅ​លើ​ប្រទេស​របស់​ខ្លួន កងទ័ព​វៀតណាម បាន​លើកទ័ព​ចូល​មក​ឈ្លានពាន​ប្រទេស​កម្ពុជា នៅ​ថ្ង​ទី​២៥ ខែ​ធ្នូ ឆ្នាំ​១៩៧៨។ ពួកគេ​កាន់​កាប់​ទីក្រុង​ភ្នំពេញ បាន​ទាំង​ស្រុង​នៅ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ ហើយ​ចំណែក​ពួក​ខ្មែរ​ក្រហម​វិញ បាន​រត់​ទៅ​កាន់​ព្រំដែន​កម្ពុជា-​ថៃ។

វៀតណាម​បាន​លើក​បន្តុប​រដ្ឋាភិបាល​ថ្មី ដែល​ក្នុង​នោះ​រួម​មាន​ខ្មែរ​កុម្មុយនិស្ត​ទទួល​ការ​បណ្ដុះបណ្ដាល​នៅ​ទីក្រុង​ហាណូយ និង​អតីត​មន្ត្រី​ខ្មែរ​ក្រហម ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។ ខ្មែរ​កុម្មុយនិស្ត​ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​នៅ​ទីក្រុង​ហាណូយ នោះ រួមមាន​ដូចជា លោក ប៉ែន សុវណ្ណ ដែល​ត្រូវ​បាន​តែងតាំង​ជា​នាយករដ្ឋមន្ត្រី។ ចំណែក​អតីត​មន្ត្រី​ខ្មែរ​ក្រហម​វិញ មាន​ដូច​ជា លោក ហ៊ុន សែន ដែល​បាន​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​វ័យ​ក្មេង​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក។

​យ៉ាង​ណា​ក៏ដោយ លោក ប៉ែន សុវណ្ណ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ពេល​ក្រោយ​មក ដោយសារ​លោក​ប្រឆាំង​នឹង​វៀតណាម ហើយ​លោក ចាន់ ស៊ី ក៏​ត្រូវ​បាន​តែងតាំង​ជំនួស ដែល​ក្រោយ​មក​ក៏​បាន​ស្លាប់​នៅ​ក្នុង​ពេល​កាន់​តំណែង​នៅ​ឆ្នាំ​១៩៨៤។ ទីក្រុង​ហាណូយ បាន​ចាប់​អារម្មណ៍​ចំពោះ​សមត្ថភាព និង​ភាព​ស្មោះត្រង់​របស់​លោក ហ៊ុន សែន។ ពួកគេ​ក៏​បាន​លើក​បន្តុប​លោក ហ៊ុន សែន ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​១៩៨៥។

ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា សេរីភាព​បុគ្គល​និង​សេរីភាព​នយោបាយ​មិន​ត្រូវ​បាន​គោរព​ឡើយ។ ក្នុង​ចំណោម​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ក្នុង​របប​នោះ គឺ​ការ​អនុវត្ត​នូវ​ផែនការ «ក៥»។ ផែនការ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ច្រើន​ពាន់​នាក់​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺ និង​គ្រាប់​មីន។ លោក ឡេ ឌឺកថូ (Le Duc Tho) មន្ត្រី​ជាន់​ខ្ពស់​វៀតណាម ទទួល​បន្ទុក​ការងារ​នៅ​កម្ពុជា ទំនង​ជា​អ្នក​ណែនាំ​ឲ្យ​បង្កើត​ផែនការ «ក៥» ដល់​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា នៅ​ខែ​មករា ឆ្នាំ​១៩៨៤។

បើ​តាម​លោក ស៊ិន សេន អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សម័យ​រដ្ឋ​កម្ពុជា លោក ហ៊ុន សែន ត្រូវ​បាន​វៀតណាម ប្រគល់​ការ​ទទួល​ខុស​ត្រូវ​ឲ្យ​ធ្វើជា​អ្នកដឹកនាំ​ការ​អនុវត្ត​ផែនការ «ក៥» នេះ ក្រោយពី​លោក ចាន់ ស៊ី ស្លាប់​នៅ​ខែ​ធ្នូ ឆ្នាំ​១៩៨៤។ នៅ​ចុង​ឆ្នាំ​១៩៨៥ លោក ហ៊ុន សែន បាន​ឲ្យ​លោក ញឹម វណ្ណដា មក​ទទួល​ខុស​ត្រូវ​ដឹកនាំ​ការ​អនុវត្ត​ផែនការ «ក៥» ជំនួស​លោក​វិញ ដែល​នៅ​ពេល​នោះ លោក ញឹម វណ្ណដា គឺ​ជា​អនុរដ្ឋមន្ត្រី​ក្រសួង​ផែនការ ហើយ​ក្រោយ​មក​បាន​ក្លាយ​ជា​អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ។

ជា​រួម ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ១​លាន​នាក់​អាច​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តំបន់​ព្រំដែន​កម្ពុជា-​ថៃ ដែល​នៅ​ទី​នោះ​ពួកគេ​ត្រូវ​ប្រឈម​នឹង​លក្ខខណ្ឌ​ការងារ​លំបាក ខ្វះ​ជម្រក និង​ខ្វះ​ម្ហូប​អាហារ​ជាដើម។

​លោក ស៊ិន សេន និយាយ​ថា គ្មាន​នរណា​ម្នាក់​នៅ​កម្ពុជា គាំទ្រ​ផែនការ «ក៥» នោះ​ទេ។ លោក​ថា មាន​តែ​ពលរដ្ឋ​ក្រីក្រ​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​អនុវត្ត​ផែនការ​នេះ។ លោក​ថា នៅ​ពេល​ពួកគេ​ទៅ​អនុវត្ត​ផែនការ «ក៥» ពួកគេ​មិន​សង្ឃឹម​ថា អាច​មាន​ជីវិត​ត្រឡប់​មក​ផ្ទះ​វិញ​ឡើយ។

ក្រោយ​ពី​បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​១៩៨៥ មក លោក ហ៊ុន សែន បាន​គ្រប់គ្រង​ទៅ​លើ​កងកម្លាំង​ប្រដាប់​អាវុធ​នគរបាល និង​កង​សន្តិសុខ​ផ្សេង​ទៀត។ នេះ​មាន​ន័យ​ថា លោក ហ៊ុន សែន ទទួល​បន្ទុក​គ្រប់គ្រង​ទាំង​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​ផ្ទៃ​ក្នុង។

​កង​កម្លាំង​ទាំង​អស់​នេះ​ហើយ ដែល​ត្រូវ​លោក ហ៊ុន សែន ប្រើប្រាស់​ដើម្បី​កម្ចាត់​ក្រុម​ប្រឆាំង ៣​ប្រភេទ ដែល​ធ្វើការ​ប្រឆាំង​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្នុង​នោះ​រួម​មាន​កង​កម្លាំង​របស់​រដ្ឋាភិបាល​ត្រី​ភាគី ក្រុម​ប្រឆាំង​ដោយ​អហិង្សា និង​ក្រុម​អ្នក​ខ្វែង​គំនិត​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។

​ក្នុង​ការ​ប្រឈម​ជាមួយ​ក្រុម​ខ្មែរ​ក្រហម និង​ក្រុម​អ្នក​ប្រឆាំង​ទៅ​នឹង​ការ​ដឹកនាំ​ដោយ​បក្ស​តែមួយ​នៅ​កម្ពុជា រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បាន​ប្រព្រឹត្ត​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ​យ៉ាង​ទូលំទូលាយ ដែល​រួមមាន​ការ​ឃុំ​ខ្លួន​រយៈពេល​វែង ដោយ​ពុំ​មាន​ការ​កាត់​ទោស​ត្រឹមត្រូវ ការ​កាត់​ទោស​ដោយ​អយុត្តិធម៌ ការ​ធ្វើ​ទារុណកម្ម អំពើ​ឃោរឃៅ និង​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ជាដើម។

ការ​ប្រើប្រាស់​អំណាច​របស់​លោក ហ៊ុន សែន ក្នុង​សម័យ​អ៊ុនតាក់​និង​ឆ្នាំ​១៩៩៧

ក្នុង​ផ្នែក​បន្ត​ទៀត​នេះ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​លើក​ឡើង​អំពី​ការ​ប្រើប្រាស់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ក្នុង​ពេល​ដែល​អាជ្ញាធរ​បណ្ដោះ អាសន្ន​របស់​អង្គការ​សហប្រជាជាតិ ឬ អ៊ុនតាក់ (UNTAC) បាន​មក​កម្ពុជា ដោយ​គិត​ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​១៩៩៣ និង​អំពើ​ហិង្សា​ក្នុង​ឆ្នាំ​១៩៩៧។

តើ​អង្គការ​នេះ​បាន​កត់ត្រា​អ្វីខ្លះ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពេល​ដែល​អ៊ុនតាក់ ចូល​មក​កម្ពុជា និង​បញ្ហា​នយោបាយ​ក្នុង​ឆ្នាំ​១៩៩៧?

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកស្រី សុ ជីវី៖

អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​រៀបរាប់​ថា ដើម្បី​ស្វាគមន៍​ការ​មក​ដល់​របស់​អ៊ុនតាក់ គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​ក្រុម​ការងារ​ពិសេស ដើម្បី​វាយ​ប្រហារ គំរាមកំហែង និង​បំភិតបំភ័យ​គណបក្ស​នយោបាយ​មួយ​ចំនួន រួម​មាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះពុទ្ធ​សាសនា ក្រុម​ខ្មែរ​ក្រហម  និង​ក្រុម​ប្រឆាំង​ដទៃ​ទៀត។ ក្នុង​រយៈពេល​នេះ លោក ហ៊ុន សែន នៅ​តែ​បន្ត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី និង​កាន់​កាប់​កងទ័ព។

អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​សំអាង​របាយការណ៍​ចុង​ក្រោយ​មួយ​របស់​អ៊ុនតាក់ ដែល​រៀបរាប់​ពី​អំពើ​ហិង្សា​ដែល​ប្រព្រឹត្ត​ដោយ​កងកម្លាំង​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ ស្រប​គ្នា​នេះ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា ដែល​បន្ត​ការងារ​ពី​សាធារណរដ្ឋ​កម្ពុជា ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប៉ុនប៉ង​សម្លាប់​ក្រុម​នយោបាយ​ប្រឆាំង​ចំនួន​ជិត ៤០​ករណី និង​ពលរដ្ឋ​ជា​ជន​ស៊ីវិល​ជាង ២០​ករណី​ទៀត​នៅ​មុន​ពេល​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​១។ របាយការណ៍​បន្ត​ទៀត​ថា ការ​រំលោភ​បំពាន​ទាំង​នោះ ប្រព្រឹត្ត​ដោយ​កងកម្លាំង​នគរបាល និង​យោធា​ដែល​អនុវត្ត​ក្រោម​បញ្ជា​របស់​ភ្នាក់ងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ក្រៅ​ពី​នេះ គេ​បាន​បង្កើត​ក្រុម​កង​កម្លាំង​ជា​ច្រើន មាន​ទាំង​ក្រុម​ចំហ និង​ក្រុម​សម្ងាត់។ ក្រុម​ប្រភេទ​នេះ​មាន​ទាំង​នៅ​ថ្នាក់​ក្រសួង បណ្ដា​ក្រុង និង​ខេត្ត។

អ្នក​ធ្វើ​ការ​តាម​ក្រុម​ទាំង​នោះ​អាច​នឹង​ត្រូវ​គេ​ជ្រើសរើស​ចេញ​ពី​កងកម្លាំង​រក្សា​សន្តិសុខ។ ភាគ​ច្រើន​នៃ​ក្រុម​ទាំង​នោះ ត្រូវ​បង្កើត​ក្នុង​គោលដៅ​វាយ​ប្រហារ​ក្រុម​ប្រឆាំង។ ក្នុង​ចំណោម​ក្រុម​ទាំង​នោះ​មាន​ក្រុម​មួយ​ដែល​ទំនង​ជា​ក្រុម​ដែល​ក្រោយ​មក​បាន​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​លើ​ហ្វូង​បាតុករ​ក្នុង​ឆ្នាំ​១៩៩៧ និង​ការ​រំលោភ​បំពាន​ផ្សេង​ទៀត ហើយ​ក្រោយ​មក​ក្រុម​នេះ​បាន​ប្ដូរ​ឈ្មោះ​ថ្មី គឺ​កងពល​តូច ង៧០ ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​កងកម្លាំង​ផ្ទាល់​របស់​លោក ហ៊ុន សែន។ ក្នុង​របាយការណ៍​ដដែល​បាន​លើក​ឧទាហរណ៍​ជាក់ស្ដែង​ពី​ក្រុម​មួយ​ដែល​ដឹកនាំ​ដោយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋ​កម្ពុជា ដែល​អាច​ជាប់​ទាក់ទង​នឹង​គម្រោងការ​សម្លាប់​សកម្មជន​ប្រឆាំង។ មន្ត្រី​ម្នាក់​ដែល​អ៊ុនតាក់ បាន​សម្ភាស​ប្រាប់​ថា នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ភ័យ​ខ្លាច​ចាញ់​ឆ្នោត ស៊ិន សុង និង ស៊ិន សេន ដែល​ទទួល​បន្ទុក​សន្តិសុខ​ផ្ទៃក្នុង បាន​រួម​គ្នា​ជាមួយ​ក្រុម​ឧត្ដមសេនីយ៍ ប៉ូលិស និង​ទាហាន បង្កើត​រចនា​សម្ព័ន្ធ​ថ្មី​មួយ។ ក្រុម អា៩០ (A90) ជា​ក្រុម​សម្ងាត់​ដែល​ត្រួត​ពិនិត្យ និង​គ្រប់គ្រង​ស្ថានភាព​ទូទាំង​ប្រទេស។ ក្រុម​នេះ​ក៏​មាន​តួនាទី​ស្វែង​រក​ចលនា​នយោបាយ និង​ក្រុម​ប្រឆាំង។ រី​ឯ​ក្រុម អា៩២ (A92) ក៏​ជា​ក្រុម​សម្ងាត់​នៅ​ក្រោម​ក្រសួង​មហាផ្ទៃ។

ក្រុម​ទាំង​២​នេះ​អាច​សម្លាប់ អាច​ចាប់ខ្លួន​ដោយ​សម្ងាត់ និង​ចាប់​ជំរិត។ មន្ត្រី​ដដែល​នោះ​ប្រាប់​ទៀត​ថា នៅ​ពេល​ក្រុម​របស់​លោក ម៉ក់ ជីតូ ដែល​កាល​ណោះ​ជា​មន្ត្រី​ជាន់​ខ្ពស់​ប៉ូលិស រក​ឃើញ​គោលដៅ​គឺ​តែង​សុំ​សេចក្ដី​សម្រេច​ពី​ថ្នាក់​លើ។ លោក ម៉ក់ ជីតូ បាន​ពាក់​ព័ន្ធ​នឹង​ការ​សម្លាប់​ជា​ច្រើន។ លោក សុខ ផល ទទួល​ខុស​ត្រូវ​ផ្នែក​សន្តិសុខ​​ជាតិ​ត្រូវ​រាយការណ៍​ទៅ ស៊ិន សេន។ ចំណែក លោក លួ រ៉ាមីន កាន់​ផ្នែក​អន្តរជាតិ។

ក្រោយ​មក លោក ស៊ិន សេន ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​នៅ​ក្នុង​គម្រោង​រដ្ឋ​ប្រហារ​ក្នុង​ឆ្នាំ​១៩៩៤។ ក្រុម អា (A) ក៏​ត្រូវ​កែ​សម្រួល។ ពេល​ដែល ហ៊ុន សែន ទាមទារ​អោយ​តែងតាំង​អ្នក​ថ្មី​អោយ​កាន់​តំណែង​ថ្មី​ដែរ គឺ​មេ​ប៉ូលិស​ជាតិ នោះ​គឺ​លោក ហុក ឡងឌី ដែល​ក្រោយ​មក​ពង្រីក​ការ​គ្រប់គ្រង​ទៅ​ដល់​ដែន​អំណាច​របស់​លោក ជា ស៊ីម និង​​លោក ស ខេង។ បច្ចុប្បន្ន​នេះ​ក្រុម​នេះ​ត្រូវ​ដំណើរការ​ក្រោម​នគរបាល ដោយ​បែង​ចែក​ជា​២​ក្រុម គឺ​កម្លាំង​ល្អ និង​កម្លាំង​សម្ងាត់។

អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​លើក​ឡើង​ថា រហូត​មក​ដល់​ពេល​នេះ​ពុំ​មាន​នរណា​ម្នាក់​ដែល​ត្រូវ​រៀប​រាប់​ក្នុង​របាយការណ៍​របស់​អ៊ុនតាក់​នោះ ត្រូវ​បាន​គេ​នាំ​អោយ​ទៅ​ទទួល​ខុសត្រូវ​មុខ​ច្បាប់​ឡើយ។ ប៉ុន្តែ​កាន់​តែ​អាក្រក់​ថែម​ទៀត គឺ​អ្នក​ទាំងនោះ​ត្រូវ​ផ្ដល់​តួនាទី​អោយ នៅ​ក្រោយ​ពេល​ដែល​អ៊ុនតាក់ បាន​ដក​ចេញ។

ចូល​ទៅ​ដល់​ឆ្នាំ​១៩៩៧ រដ្ឋាភិបាល​សម្ព័ន្ធ​ភាព​រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​បែកបាក់។ ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​រវាង​កងកម្លាំង​បក្ស​ទាំង​២ ចាប់​ផ្ដើម​នៅ​បាត់ដំបង។

ក្រោយ​មក​លោក សម រង្ស៊ី ដែល​ត្រូវ​បាន​បណ្ដេញ​ពី​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ បាន​ចាប់​ផ្ដើម​ការ​តវ៉ា​ជា​ច្រើន។ ក្នុង​ខែ​មីនា ឆ្នាំ​ដដែល លោក​បាន​ចូលរួម​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល ដែល​មាន​មនុស្ស​ប្រមាណ ២០០​នាក់ និង​បាន​ទៅ​ដល់​ក្បែរ​ព្រះ​បរម​រាជវាំង។ ការ​គប់​គ្រាប់​បែក​ទៅ​លើ​ក្រុម​នេះ​បាន​សម្លាប់​មនុស្ស ១៦​នាក់ ជា​ច្រើន​នាក់​ទៀត​របួស។ ក្រុម​ប៉ូលិស​ដែល​ឋិត​នៅ​ទី​នោះ​បាន​រារាំង​មិន​អោយ​សង្គ្រោះ​អ្នក​រងគ្រោះ។ ហេតុការណ៍​នោះ​គឺ​ជា​លើក​ដំបូង​បង្អស់​ដែល​កងកម្លាំង​កងពល​តូច​លេខ​៧០ ត្រូវ​គេ​ពង្រាយ​ឃ្លាំ​មើល​អ្នក​តវ៉ា។ យ៉ាង​ណា​ ការិយាល័យ​ស៊ើបការណ៍​សហព័ន្ធ ឬ អេហ្វ.ប៊ី.អាយ (FBI) បាន​បញ្ឈប់​បេសកកម្ម​របស់​ខ្លួន​មុន​កំណត់​ដោយ​ពុំ​មាន​មូលហេតុ។ ចំណែក​រដ្ឋាភិបាល​វិញ​ ពុំ​បាន​ចោទ​ប្រកាន់​អ្នក​ណា​ម្នាក់​ដែរ។ ផ្ទុយ​ទៅ​វិញ​ក្រុម​មន្ត្រី​ត្រូវ​ឡើង​តំណែង។ មេបញ្ជាការ​កងពលតូច​លេខ​៧០ លោក ហ៊ុយ ពិសិដ្ឋ ត្រូវ​តែងតាំង​ជា​ឧត្ដមសេនីយ៍ និង​អនុ​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ។ ចំណែក​មេបញ្ជាការ​រង​កងពលតូច​លេខ​៧០ ដែរ​នោះ លោក ហ៊ីង ប៊ុនហៀង ក្រោយ​មក​ត្រូវ​តែង​តាំង​ជា​មេ​បញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ។ ករណី​គប់​គ្រាប់​បែក​នោះ​នៅ​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ផ្នែក​មួយ​នៃ​និទណ្ឌភាព​នៅ​កម្ពុជា។ នៅ​ក្រោយ​ហេតុការណ៍​គប់​គ្រប់​បែក​នោះ លោក ហ៊ុន សែន បាន​បន្ត​ប្រើ​យុទ្ធសាស្ត្រ​បំបែក​ដើម្បី​ទទួល​បាន​សំឡេង​ភាគច្រើន​ក្នុង​សភា ដោយ​ផ្ដល់​សំណូក និង​គំរាម​កំហែង​ប្រឆាំង​សមាជិក​ហ្វ៊ុនស៊ិនប៉ិច។

នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​១៩៩៧ លោក ហ៊ុន សែន បង្កើត​អោយ​មាន​ព្រឹត្តិការណ៍​មួយ​ដែល​អង្គការ​សហប្រជាជាតិ​ហៅ​ថា ជា​រដ្ឋប្រហារ​ប្រឆាំង​នាយក​រដ្ឋមន្ត្រី​ទី​១ ទ្រង់ នរោត្តម រណឫទ្ធិ។

កង​កម្លាំង និង​ក្រុម​មន្ត្រី​មួយ​ចំនួន​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​លោក ជា ស៊ីម ស ខេង និង​លោក កែ គឹមយ៉ាន ជា​ដើម​ បាន​ប្រឆាំង​នឹង​ផែនការ​រដ្ឋ​ប្រហារ​នោះ ប៉ុន្តែ​លោក ហ៊ុន សែន បាន​ប្រើ​កម្លាំង​ផ្ទាល់​ខ្លួន។ រដ្ឋប្រហារ​នោះ​ត្រូវ​បន្ត​ដោយ​ការ​សម្លាប់​ក្រៅ​ច្បាប់ ការ​បូជា​សព ដែល​មិន​ស្គាល់​អត្តសញ្ញាណ ដោយ​លាក់​កំបាំង​ការ​ធ្វើ​ទារុណកម្ម និង​ការ​ឃុំឃាំង​ដោយ​កងកម្លាំង​របស់​លោក ហ៊ុន សែន។ អ្នក​រងគ្រោះ​ភាគ​ច្រើន​ជា​កងកម្លាំង​ហ៊្វុនស៊ិនប៉ិច។ របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​បាន​រក​ឃើញ​ថា ពេល​នោះ​មាន​មន្ត្រី​បក្ស​នយោបាយ​ប្រមាណ​ពី ៤០ ទៅ ៦០​នាក់​ត្រូវ​បាន​សម្លាប់​ក្រៅ​ច្បាប់។

ក្នុង​របាយការណ៍​ក៏​បាន​រៀបរាប់​ពី​ការ​ស្លាប់​របស់​ឧត្ដម​សេនីយ៍​មួយ​ចំនួន​ មាន ចៅ សម្បត្តិ ក្រូច យឿម បន្ទាប់​ពី​ត្រូវ​ចាប់​បាន​នៅ​ថ្ងៃ​ទី​៨ កក្កដា ដោយ​កងកម្លាំង​អង្គភាព​ឆត្រយោង ៩១១ ក្រោម​បញ្ជាការ​របស់​លោក ចាប ភក្តី។ សាក្សី​និយាយ​ថា អ្នក​ទាំង​២ ត្រូវ​បាញ់​ចំក្បាល​ចំនួន ៣​គ្រាប់។ ប៉ុន្តែ​រដ្ឋាភិបាល​ពុំ​ដែល​ស៊ើប​អង្កេត​ករណី​នេះ​ឡើយ គឺ​គ្រាន់​តែ​អះអាង​ថា លោក ចៅ សម្បត្តិ ខាំ​អណ្ដាត​សម្លាប់​ខ្លួន។ យ៉ាង​ណា​សាកសព​របស់​អ្នក​ទាំង ២ ត្រូវ​បាន​គេ​រក​ឃើញ ដោយ​អង្គការ​សហប្រជាជាតិ និង​ក្រុម​គ្រួសារ​ដែល​បង្ហាញ​ពី​អំពើ​ទារុណកម្ម​មុន​ពេល​សម្លាប់។ អង្គភាព ៩១១ ត្រូវ​រក​ឃើញ​ថា ពាក់​ព័ន្ធ​នឹង​ទារុណ​កម្ម។ នៅ​ពេល​ដែល​អង្គការ​សហប្រជាជាតិ​បើក​ការ​ស៊ើប​អង្កេត មេ​បញ្ជាការ​អង្គភាព ៩១១ លោក ចាប ភក្តី បាន​ទទួល​ស្គាល់​ថា ​បាន​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន ប៉ុន្តែ​បដិសេធ​ថា មិន​បាន​ដឹង​ថា មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​អ្នក​ទាំង​នោះ​ឡើយ។ ក្រោយ​មក​លោក ចាប ភក្តី ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ថែម​ទាំង​ត្រូវ​បាន​ឡើង​បុណ្យ​ស័ក្ដិ តែងតាំង​ជា​ឧត្ដមសេនីយ៍​ទៀត។

ករណី​ធ្ងន់ធ្ងរ​ជាង​គេ គឺ​ការ​សម្លាប់​លោក ហូ សុក ដែល​ជា​មន្ត្រី​ហ៊្វុនស៊ិនប៉ិច ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ធ្លាប់​ចេញ​មុខ​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ក្នុង​ករណី​រៀបចំ​បណ្ដឹង​ប្រឆាំង​លោក ម៉ុង ឬទ្ធី ជា​អ្នក​ជំនួញ​ដែល​ស្និទ​នឹង​លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន។ លោក ហ៊ុន សែន ធ្លាប់​គំរាម​អោយ​អ្នក​ហ៊ាន​លូកលាន់​រឿង​នេះ​អោយ​ពាក់​មួក​ដែក។ លោក ហូ សុក ក៏​មាន​សត្រូវ​ម្នាក់​ទៀត នៅ​ក្រសួង​មហាផ្ទៃ គឺ​លោក ហុក ឡង់ឌី។ នៅ​ក្រោយ​រដ្ឋប្រហារ​លោក​ត្រូវ​បាន​ចាប់​ទៅ​ក្រសួង​មហាផ្ទៃ ហើយ​ត្រូវ​បាញ់​សម្លាប់។ សាកសព​របស់​លោក​ត្រូវ​ដុត​ចោល​ក្នុង​វត្ត​មួយ​នៅ​ពាក់​កណ្ដាល​អធ្រាត្រ។ មនុស្ស ៣​នាក់ ត្រូវ​នាំ​ទៅ​សួរ​ចម្លើយ​ក្នុង​ករណី​នេះ ប៉ុន្តែ​ត្រូវ​ដោះលែង​អោយ​រួច​ខ្លួន ហើយ​ការ​ស៊ើប​អង្កេត​បន្ត​ក៏​ពុំ​មាន​លទ្ធផល។

របាយការណ៍​បន្ត​ទៀត​ថា ជន​ស៊ីវិល​ដែល​ត្រូវ​សម្លាប់​ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧ នោះ គឺ​អ្នក​សារព័ត៌មាន​ខ្មែរ សញ្ជាតិ​កាណាដា លោក ដោក សុគន្ធ ឬ ម៉ៃឃើល សេនៀ (Michael Senior) នៅ​ពេល​កំពុង​ថត​រូប កងកម្លាំង​រដ្ឋាភិបាល​ប្រមូល​ជ័យភណ្ឌ​តាម​ហាង ឬ​ផ្ទះ​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ។ ភរិយា​របស់​លោក គឺ​ជា​សាក្សី​ផ្ទាល់​ភ្នែក ប៉ុន្តែ​ពុំ​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ណា​មួយ​ឡើយ។

ការ​សម្លាប់​ទាំង​អំបាលម៉ាន គឺ​ជា​ការ​បំភិត​បំភ័យ​អ្នក​នយោបាយ​ប្រឆាំង បាន​និរទេស​ខ្លួន​រហូត​ដល់​មាន​ការ​សម្រប​សម្រួល​របស់​ជប៉ុន អាមេរិក និង​អង្គការ​សហប្រជាជាតិ អោយ​ចូល​រួម​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​១៩៩៨។ ប៉ុន្តែ​ការ​បោះ​ឆ្នោត​ពោរពេញ​ដោយ​អំពើ​ហិង្សា និង​មូលដ្ឋាន​ទន់​ខ្សោយ។ លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន ឈ្នះ​សំឡេង​ភាគ​ច្រើន​ក្នុង​សភា។ ទាំង​រដ្ឋ​ប្រហារ និង​ការ​បោះ​ឆ្នោត​បាន​ជួយ​អោយ​លោក ហ៊ុន សែន ពង្រឹង​អំណាច។

នៅ​ចុង​ឆ្នាំ​១៩៩៩ ក្រសួង​មហាផ្ទៃ បាន​អះអាង​ប្រាប់​អង្គការ​សហប្រជាជាតិ​ថា ខ្លួន​បាន​ដាក់​បណ្ដឹង​ចំនួន ៧​ផ្សេងៗ​គ្នា ប៉ុន្តែ​គេ​ពុំ​ឃើញ​មាន​ដំណឹង​អ្វី​ពី​ការ​ចោទ​ប្រកាន់​ជន​ដៃ​ដល់​ឡើយ។

ការ​វាយ​ប្រហារ​ទៅ​លើ​ក្រុម​ប្រឆាំង រំលោភ​ដីធ្លី និង​ការ​លូក​ដៃ​ចូល​តុលាការ​ខ្មែរក្រហម

ក្នុង​ផ្នែក​បន្ទាប់​នេះ នឹង​រៀបរាប់​អំពី​ការ​វាយ​ប្រហារ​ទៅ​លើ​ក្រុម​ប្រឆាំង ការ​រំលោភ​ដីធ្លី និង​ការ​លូក​ដៃ​ចូល​ក្នុង​តុលាការ​ខ្មែរ​ក្រហម​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​អង្គារ ទី​១៣ មករា ឆ្នាំ​២០១៥។

សូម​ស្ដាប់​ការ​រៀបរាប់​របស់​លោក អាន ស៊ីថាវ អំពី​របាយការណ៍​នេះ៖

របាយការណ៍​អង្គការ ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បាន​សរសេរ​ថា ការ​បោះឆ្នោត​សាកល​នៅ​ឆ្នាំ​១៩៩៨ លោក ហ៊ុន សែន បាន​ប្រើប្រាស់​កង​កម្លាំង​របស់​ខ្លួន ដើម្បី​ធានា​នូវ​ជ័យជម្នះ ការ​បោះឆ្នោត​នៅ​ពេល​នោះ ស្រប​ពេល​ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​សម រង្ស៊ី ក៏​បាន​បង្កើត​​ជា​សម្ពន្ធភាព​​​មួយ​ដើម្បី​ប្រកួត​ប្រជែង​យក​ជ័យ​ជម្នះ​ការ​បោះឆ្នោត​​នោះ​ដែរ។

ការ​ធ្វើ​រដ្ឋ​ប្រហារ និង​ការ​​កាប់​សម្លាប់​​ដោយ​មិន​ឆ្លង​កាត់​ប្រព័ន្ធ​តុលាការ​ ការ​គំរាម​កំហែង​ចំពោះ​សមាជិក​គណបក្ស​ប្រឆាំង​ រួម​ទាំង​ការ​ធ្វើ​ដំណើរ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​បរទេស​ របស់​មេ​ដឹក​នាំ​គណបក្ស​​ទាំង​ពីរ​ បាន​​​ធ្វើ​អោយ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រៀប​​ជាង​គូ​ប្រជែង​របស់​​ខ្លួន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ គណបក្ស សម រង្ស៊ី ​នៅ​តែ​ចាត់​ទុក​ថា ជា​សំឡេង​ប្រឆាំង​នឹង​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​ ដដែល ហើយ​សមាជិក​គណបក្ស សម រង្ស៊ី បាន​ទទួល​ការ​គំរាម​កំហែង​ និង​សម្លាប់​ជា​បន្ត​បន្ទាប់។ ជាក់​ស្ដែង​សកម្មជន​គណបក្ស សម រង្ស៊ី លោក ជុំ ឌឿន ត្រូវ​បាន​គេ​ធ្វើ​ឃាត​នៅ​ខែ​​មីនា ឆ្នាំ​១៩៩៩។ ការ​វាយ​ប្រហារ​ប្រឆាំង​ចំពោះ​គណបក្ស សម រង្ស៊ី កាន់​តែ​មាន​សកម្មភាព​ខ្លាំង​ឡើង​នៅ​កំឡុង​​ឆ្នាំ​២០០០ នៅ​ពេល​ដែល​មាន​ការ​ចាប់​ផ្ដើម​បោះ​ឆ្នោត​​ក្រុមប្រឹក្សា​ឃុំ​សង្កាត់។ នៅ​ពេល​នោះ ​ ​អ្នក​រៀបចំ​បណ្ដាញ​គណបក្ស សម រង្ស៊ី នៅ​មូលដ្ឋាន លោក ជីម ជួន ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ខែ​កុម្ភៈ ស្រប​ពេល​ដែល​មាន​ការ​គំរាម​កំហែង​សម្លាប់​សកម្មជន​​របស់​គណបក្ស​ប្រឆាំង​នោះ​ជា​ច្រើន​នាក់​ទៀត ទាំង​នៅ​ជនបទ និង​រាជធានី​ភ្នំពេញ។

ក្នុង​ឆ្នាំ​២០០១ ​សកម្មជន​គណបក្ស សម រង្ស៊ី ១៥​នាក់ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់។ អ្នក​ស៊ើប​អង្កេត​​ខាង​សិទ្ធិ​មនុស្ស​បាន​រាយការណ៍​ថា ​មាន​ការ​គំរាម​កំហែង និង​អំពើ​ហិង្សា​កើត​ឡើង​ចំនួន ៨០​ករណី​កើត​ឡើង​ចំពោះ ​គណបក្ស សម រង្ស៊ី។ ប៉ុន្តែ​លោក ហ៊ុន សែន បាន​ប្រតិកម្ម​ចំពោះ​ពាក្យ​រិះគន់​ ចំពោះ​អ្នក​ស៊ើប​អង្កេត​​សិទ្ធិមនុស្ស ថា​​​លម្អៀង​អគតិ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា។

បន្ថែម​លើ​​នេះ នៅ​អំឡុង​​​ពេល​បោះឆ្នោត​សកល​នៅ​ខែ​កក្កដា ឆ្នាំ​២០០៣ អំពើ​ហិង្សា​ខាង​ផ្នែក​នយោបាយ​នៅ​តែ​កើត​មាន ក្នុង​នោះ​មាន​មន្ត្រី​គណបក្ស​ សម រង្ស៊ី ចំនួន ៧​នាក់​ ត្រូវ​បាន​គេ​សម្លាប់​។ ម៉្យាង​វិញ​​ទៀត ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ឱម រាត់សាឌី ត្រូវ​​គេ​សម្លាប់​នៅ​ថ្ងៃ​ទី​១៨​ កុម្ភៈ ឆ្នាំ​២០០៣ នៅ​រាជធានី​ភ្នំពេញ​ ដែល​​អំពើ​ឃាតកម្ម​នេះ ត្រូវ​បាន​គេ​អះអាង​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ​ចំពោះ​​គណបក្ស សម រង្ស៊ី និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ ចំពោះ​សកម្មជន​ខាង​សិទ្ធិមនុស្ស​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិញ​ ក៏​​ទទួល​បាន​កាត់​ទោស​ក្រោម​បទ​​បរិហារ​បង្ខូច​កេរ្តិ៍​ឈ្មោះ​ទាក់ទង​នឹង​ការ​​រំលោភ​សិទ្ធិមនុស្ស​ និង​អំពើ​ពុក​រលួយ។

ទោះ​បី​ជា​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០០៣ មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់ ​ជា​ពិសេស​សហភាព​អឺរ៉ុប និង​ប្រទេស​ឃ្លាំ​មើល​ការ​បោះឆ្នោត​ផ្សេង​ទៀត ក៏​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​​ថា​ ខ្លួន​ទទួល​បាន​ជ័យជម្នះ​ដោយ​សំឡេង​ភាគ​ច្រើន។ ប៉ុន្តែ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស សម រង្ស៊ី មិន​ទទួល​ស្គាល់​ចំពោះ​ជ័យជម្នះ​របស់​លោក ហ៊ុន សែន នោះ​ទេ។ នៅ​ពេល​នេះ អំពើ​ហិង្សា​ខាង​ផ្នែក​នយោបាយ​បាន​កើត​ឡើង​ជា​បន្តបន្ទាប់ ​ដូច​ជា ​កើត​មាន​ចំពោះ​និពន្ធ​នាយក​នៃ​ស្ថានីយ​វិទ្យុ​ដែល​ហ៊ាន​រិះគន់​លោក ហ៊ុន សែន ជា​សាធារណៈ និង​តារា​ចម្រៀង​​ដ៏​មាន​ប្រជាប្រិយភាព ត្រូវ​បាន​គេ​សម្លាប់​ជា​ដើម ហើយ​មាន​សកម្មជន​​នយោបាយ​យ៉ាង​ហោច​ណាស់ ៥​នាក់​បន្ថែម​ទៀត​ ត្រូវ​បាន​គេ​សម្លាប់​នៅ​ខែ​មករា ឆ្នាំ​២០០៤ ក្នុង​នោះ​រួម​មាន​អ្នក​ដឹក​នាំ​សហជីព​​ដ៏​ល្បី​ឈ្មោះ​ លោក ជា វិជ្ជា ដែល​ជិតស្និទ្ធ​បំផុត​នឹង​គណបក្ស សម រង្ស៊ី។

ក្រោយ​មក​ ក្រោម​​បទ​ចោទ​អំពី​ការ​បរិហារកេរ្តិ៍ និង​បទ​បង្កើត​កម្លាំង​​ប្រដាប់​អាវុធ​ដោយ​ខុស​ច្បាប់​​​ របស់​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​លើ​​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ឆ្នាំ​២០០៥ ​​សមាជិក​សភា​បី​នាក់​ រួម​មាន​​លោក​ សម រង្ស៊ី និង​លោក ជា ប៉ូច ​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ប៉ុន្តែ​លោក ជាម ចន្នី ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន។ លើស​ពី​នេះ​ទៀត ​​ ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ប្ដឹង​លោក ហ៊ុន សែន ក៏​ត្រូវ​បាន​ចាប់​ខ្លួន ក្នុង​នោះ​មាន​លោក​ រ៉ុង ឈុន ប្រធាន​​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក្រឃ្មុំ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​គុក​ព្រៃ​ស ចាប់​តាំង​ពី​ខែ​តុលា ឆ្នាំ​២០០៥ ​ដល់​ខែ​មករា ឆ្នាំ​២០០៦ ​ដោយសារ​បាន​រិះគន់​សន្ធិសញ្ញា​ព្រំដែន​ជាមួយ​វៀតណាម។

ទាក់​ទង​នឹង​គោលនយោបាយ​សេដ្ឋកិច្ច​របស់​លោក ហ៊ុន សែន វិញ បាន​បង្ក​ឲ្យ​មាន​ការ​កើន​ឡើង​ នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រជាពលរដ្ឋ​ដែល​តវ៉ា​ប្រឆាំង​នឹង​ការ​រំលោភ​ដី​ធ្លី​ពី​សំណាក់​ឈ្មួញ​មាន​អំណាច ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន។ បញ្ហា​នេះ បាន​ក្លាយ​ជា​របត់​ថ្មី​មួយ​ ដែល​​បញ្ហា​នេះ​បាន​ល្បី​រន្ទឺ ​ធ្វើ​សហគមន៍​ក្រីក្រ​ជា​ច្រើន​នាក់​​រង​គ្រោះ។ ជម្លោះ​ដីធ្លី​កើន​ឡើង​ជា​បន្តបន្ទាប់ ជា​ពិសេស​កើត​លើ​ក្រុម​ជនជាតិ​ភាគ​តិច ​​បើ​ទោះបី​ជា​លោក ហ៊ុន សែន បាន​ប្រកាស​ថា​ កម្មសិទ្ធិ​ដី​ធ្លី​របស់​ក្រុម​ជនជាតិ​ភាគ​តិច ត្រូវ​តែ​ការពារ​ក៏ដោយ។ តែ​ផ្ទុយ​ទៅ​វិញ ស្ថានការណ៍​​នោះ​កាន់​តែ​អាក្រក់​ទៅ បន្ទាប់​ពី​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ បាន​បញ្ចប់។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ ​កង​កម្លាំង​​ប្រដាប់​អាវុធ​ក៏​បាន​បង្ក្រាប​ទៅ​លើ​​​ក្រុម​អ្នក​តវ៉ា​ដី​ធ្លី​ជា​ច្រើន​ទៀត ដូច​ជា​​ក្រុម​ជនជាតិ​ព្នង នៅ​ខេត្ត​​មណ្ឌលគិរី ដែល​តវ៉ា​ប្រឆាំង​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន។ នៅ​រាជធានី​​ភ្នំពេញ​ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​ចេញ​ ដោយ​គេ​អះអាង​ថា​ ទី​កន្លែង​ដែល​ពួក​គេ​កំពុង​រស់​នៅ​ជា​ដី​កម្មសិទ្ធិ​ឯកជន និង​ត្រូវ​ការ​អភិវឌ្ឍ។ នៅ​ពេល​នោះ ក៏​បណ្ដាល​ឲ្យ​​អំពើ​ហិង្សា​កើត​ឡើង​ជា​បន្តបន្ទាប់​​រវាង​ប្រជាពលរដ្ឋ និង​កម្លាំង​ប្រដាប់​អាវុធ។

មិន​ត្រឹម​តែ​មាន​អំពើ​អយុត្តិធម៌​ដែល​កើន​ឡើង​អំឡុង​ពេល​​ការ​បោះឆ្នោត​ក្រោយ​ឆ្នាំ​២០០៣ នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​បោះឆ្នោត​នៅ​​ក្រោយ​ឆ្នាំ​២០០៨ ក៏​មាន​រឿង​អយុត្តិធម៌​​ជា​ច្រើន​ទៀត​​កើត​ឡើង​ជា​បន្តបន្ទាប់​ដែរ។ ក្រោយ​ការ​បោះឆ្នោត​សកល​ឆ្នាំ​២០០៨ ​ ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ត្រូវ​បាន​ផ្ដល់​ទៅ​ក្រុមហ៊ុន​ឯកជន​ មន្ត្រី​រាជរដ្ឋាភិបាល​ និង​អ្នក​ដែល​ស្និទ្ធ​នឹង​មន្ត្រី​រាជរដ្ឋាភិបាល​ជា​ដើម។

របាយការណ៍​បន្ត​ថា ការ​កើន​ឡើង​តម្លៃ​ដី​ធ្លី ការ​ផ្ដល់​គម្រោង​អភិវឌ្ឍ​ និង​ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ ជា​មូលហេតុ​ធ្វើ​ឲ្យ​មាន​ជម្លៀស​​ប្រជាពលរដ្ឋ​ដោយ​បង្ខំ​ចេញ​ពី​លំនៅឋាន​របស់​គេ។ ការ​ជម្លៀស​ប្រជាពលរដ្ឋ​នោះ ​កើត​ឡើង​នៅ​តំបន់​ដី​ក្រហម​នៅ​រាជធានី​ភ្នំពេញ ​ខេត្ត​កំពង់ស្ពឺ សៀមរាប និង​ខេត្ត​ព្រះសីហនុ ដោយ​កង​កម្លាំង​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ការ​ប្រើ​អាវុធ​បាញ់​សំដៅ​​ទៅ​ក្រុម​​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ការ​តវ៉ា​ដែល​បណ្ដាល​ឲ្យ​​មនុស្ស​ស្លាប់ និង​រង​របួស​ជា​ច្រើន​​នាក់។ នៅ​អំឡុង​ពេល​តវ៉ា​នៅ​ស្ថានការណ៍​​ក្រោយ​ការ​ឆ្នោត​ឆ្នាំ​២០០៨ យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ ៦០​នាក់ បាន​ជាប់​ពន្ធនាគារ។

នៅ​ឆ្នាំ​២០១២ ​ក៏​មាន​អំពើ​ហិង្សា​ជា​ច្រើន​ទៀត​ បាន​កើត​ឡើង​ រវាង​​កង​កម្លាំង​​រក្សា​សន្តិសុខ​របស់​រដ្ឋ ស្រប​ពេល​ដែល​​មាន​ការ​ផ្ដល់​ដី​ដល់​ឈ្មួញ​អ្នក​មាន​អំណាច​កើន​ឡើង។ ម៉្យាង​វិញ​ទៀត​ ការ​មិន​ពេញ​ចិត្ត​ចំពោះ​គោលនយោបាយ​សេដ្ឋកិច្ច​របស់​​រាជរដ្ឋាភិបាល​ នៃ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ បាន​បង្កើត​ភាព​ចលាចល​នៃ​កម្លាំង​ពលកម្ម។

ក្នុង​ខែ​​មេសា ឆ្នាំ​២០១២ សកម្មជន​ការពារ​ព្រៃ​ឈើ​និង​បរិស្ថាន​ លោក​ ឈុត វុទ្ធី ត្រូវ​បាន​កង​​កម្លាំង​ប្រដាប់​អាវុធ​​​របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ ត្រូវ​បាន​គេ​​បាញ់​សម្លាប់​នៅ​ក្នុង​ព្រៃ​នៅ​ខេត្ត​កោះកុង​ នៅ​ពេល​ដែល​រូប​លោក​បាន​ព្យាយាម​ថត​សកម្មភាព​ការ​កាប់​ឈើ​ដោយ​ខុស​ច្បាប់។ មួយ​ខែ​ក្រោយ​មក គឺ​នៅ​ខែ​មិថុនា ក្នុង​ឆ្នាំ​២០១២​ ក្មេង​ស្រី​ម្នាក់ ឈ្មោះ ហេង ចន្ធា ត្រូវ​បាន​កង​កម្លាំង​រដ្ឋាភិបាល​បាញ់​សម្លាប់​នៅ​ខេត្ត​ក្រចេះ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​បាន​តវ៉ា​ពី​ការ​រំលោភ​​ដីធ្លី​ពី​ឈ្មួញ​បរទេស។ ម៉្យាង​វិញ​ទៀត ស្ត្រី​បឹង​កក់​​ចំនួន​ ១៣​នាក់​ ត្រូវ​​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​​ពេល ២​ឆ្នាំ​កន្លះ ​នៅ​ពេល​ដែល​ពួកគេ​ព្យាយាម​តវ៉ា​​ឲ្យ​រដ្ឋាភិបាល​សង​សំណង​សមរម្យ​ពី​គម្រោង​អភិវឌ្ឍ​​ដែល​គ្រប់គ្រង​ដោយ​មនុស្ស​ជិតស្និទ្ធ​នឹង​លោក ហ៊ុន សែន និង​ដៃគូ​វិនិយោគ​ជនជាតិ​ចិន។

​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ វិញ របាយការណ៍​បន្ត​ថា លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​ព្រះមហាក្សត្រ​លើក​លែង​ទោស​ឲ្យ​លោក សម រង្ស៊ី ដើម្បី​អាច​វិល​ចូល​ការ​​បោះឆ្នោត​សកល​វិញ​បាន។ ប៉ុន្តែ​លទ្ធផល​បោះ​ឆ្នោត​នៅ​ពេល​នេះ គណបក្ស​ប្រឆាំង​ដែល​មាន​ឈ្មោះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ ដឹក​នាំ​ដោយ​លោក សម រង្ស៊ី ដែល​ទទួល​បាន​ ៥៥​អាសនៈ ទល់​នឹង​ ៦៨​អាសនៈ ​មិន​ប្រកប​ដោយ​សេរី និង​យុទ្ធមិត្ត​ទេ ដោយសារ​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន ហើយ​លោក សម រង្ស៊ី អះអាង​ថា​ ​នឹង​មិន​ចូល​ក្នុង​រដ្ឋ​សភា​ឡើយ។

គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសេធ​ចំពោះ​ការ​ស្នើ​សុំ​ស៊ើប​អង្កេត​អំពី​ភាព​មិន​ប្រក្រតី​ដោយ​ស្ថាប័ន​ឯករាជ្យ​ ស្រប​ពេល​ដែល​កង​កម្លាំង​ប្រដាប់​អាវុធ អះអាង​​បញ្ជាក់​អំពី​ការ​គាំទ្រ​របស់​គេ​ចំពោះ​ជ័យជម្នះ​របស់​គណបក្ស​​ប្រជាជន​កម្ពុជា និង​ចង់​​ឲ្យ​លោក ហ៊ុន សែន បន្ត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្ត​ទៀត។ នៅ​ពេល​នោះ លោក ហ៊ុន សែន បាន​ប្រមែប្រមូល​កង​កម្លាំង​ពី​ទី​កន្លែង​ផ្សេង​មក​រាជធានី​ភ្នំពេញ​ ដើម្បី​ការពារ​​​ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង។ រាជរដ្ឋាភិបាល​បាន​បិទ​ការ​តវ៉ា​ទាំង​អស់ រួម​ទាំង​នៅ​ទីលាន​ប្រជាធិបតេយ្យ​ជា​ដើម។ ម៉្យាង​វិញ​​ទៀត​ ដើម្បី​បង្ក្រាប​ការ​តវ៉ា​នានា​ តុលាការ​រាជធានី​ភ្នំពេញ​ បាន​កាត់​ទោស​មនុស្ស ៥៥​នាក់​ ដាក់​ក្នុង​ពន្ធនាគារ។

​នៅ​ស្ថានការណ៍​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ ការ​រំលោភ​ដី​ធ្លី​ដោយ​អ្នក​មាន​អំណាច និង​ ឈ្មួញ រួម​ទាំង​ការ​បណ្ដេញ​ចេញ​​ដោយ​បង្ខំ និង​ការ​​​ផ្លាស់​ប្ដូរ​ទីតាំង​ដោយ​មិន​ស្ម័គ្រ​ចិត្ត​ បាន​បន្ត​កើន​ឡើង​ជា​លំដាប់។ ការ​ស្រាវជ្រាវ​ដោយ​អង្គការ​លីកាដូ បាន​រក​ឃើញ​ថា ចំនួន​នៃ​ការ​រំលោភ​ដី​​ធ្លី​ប្រចាំ​ឆ្នាំ​២០១៤ បាន​កើន​ឡើង​លើស​ឆ្នាំ​២០១៣​ ចំនួន​បី​ដង។ ភាគ​ច្រើន​នៃ​ជម្លោះ​ដី​ធ្លី​បណ្ដាល​មក​ពី​គ្មាន​​​ប្លង់​កម្មសិទ្ធិ​ ដែល​រដ្ឋាភិបាល​ចែកចាយ​មិន​បាន​គ្រប់គ្រាន់​ដល់​ប្រជាពលរដ្ឋ​​នៅ​ជនបទ។

ទាក់​ទង​ទៅ​នឹង​សាលាក្ដី​ខ្មែរ​ក្រហម​វិញ របាយការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​សរសេរ​ថា លោក ហ៊ុន សែន បន្ត​រារាំង​ទៅ​លើ​ដំណើរការ​នៃ​សាលាក្ដី​ ដោយសារ​តែ​លោក ហ៊ុន សែន មាន​អំណាច​ក្នុង​ការ​គ្រប់គ្រង​តុលាការ​កម្ពុជា ទាំង​ស្រុង។

បើ​ទោះ​ជា​មាត្រា​ទី ១០៩ នៃ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣​ បាន​ចែង​ថា​ អំណាច​តុលាការ​ត្រូវ​តែ​ឯករាជ្យ​​ ក៏​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ធ្វើ​មិន​ដឹង​មិន​ឮ​នូវ​អ្វី​ដែល​រដ្ឋធម្មនុញ្ញ​បាន​សរសេរ​នោះ​ទេ។

ចៅក្រម​ភាគ​ច្រើន​បំផុត​បាន​រាយការណ៍​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា រួម​ទាំង​ប្រធាន​តុលាការ​កំពូល លោក ឌិត មន្ទីរ ដែល​ជា​សមាជិក​​អចិន្ត្រៃយ៍​នៃ​​គណបក្ស​​ប្រជាជន​កម្ពុជា។ ប្រព័ន្ធ​តុលាការ​គ្រប់​ជាន់​ថ្នាក់​ត្រូវ​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​​មាន​សិទ្ធិ​គ្រប់​បែប​​យ៉ាង​ក្នុង​ការ​ដក​និង​​តែង​តាំង​ចៅក្រម​ដែល​លោក ហ៊ុន សែន តែង​តែ​ប្រើប្រាស់​នៅ​ពេល​ដែល​លោក​កាន់​អំណាច​រយៈ​ពេល ៣០​ឆ្នាំ​មក​ហើយ។

ម៉្យាង​វិញ​ទៀត ការ​នាំ​សមាជិក​​​ខ្មែរ​ក្រហម​ណា​ម្នាក់​ទៅ​កាត់​ទោស​លុះ​ត្រា​តែ​មាន​ការ​សម្រេច​ចិត្ត​របស់​លោក ហ៊ុន សែន។ បញ្ហា​នេះ ​ដោយសារ​តែ​មន្ត្រី​ជាន់​ខ្ពស់​​​ខ្មែរ​ក្រហម​មួយ​ចំនួន​ដែល​ធ្វើ​ការ​ប្រឆាំង​នឹង​​រដ្ឋាភិបាល​ក្រោយ​ឆ្នាំ​១៩៩៣ បាន​ទទួល​ស្គាល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​ថ្នូរ​ពួក​គាត់​ត្រូវ​បាន​គេ​ការពារ​ និង​មួយ​ចំនួន​ទៀត ត្រូវ​បាន​លោក ហ៊ុន សែន ស្នើ​ឲ្យ​ព្រះមហាក្សត្រ​លើក​លែង​ទោស​​​ ពី​បទ​ឧក្រិដ្ឋ។

​​​លោក ហ៊ុន សែន បាន​កាន់​តំណែង​ចាប់​ពី​មេ​បញ្ជាការ​ខ្មែរ​ក្រហម​ក្នុង​ទសវត្សរ៍​ឆ្នាំ​៧០ រហូត​ដល់​តួនាទី​​បច្ចុប្បន្ន​ជា​នាយក​រដ្ឋមន្ត្រី និង​ជា​ថ្នាក់​ដឹក​នាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ព្យាយាម​ការពារ​សមាជិក​ខ្មែរ​ក្រហម​​យ៉ាង​ណា​ក៏​ដោយ តែ​នៅ​ទី​បញ្ចប់​ គឺ​ថ្ងៃ​ទី​២១ មិថុនា ​ឆ្នាំ​១៩៩៧ លោក ហ៊ុន សែន និង​សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ បាន​ស្នើ​​សុំ​ជំនួយ​​ទៅ​អង្គការ​សហប្រជាជាតិ ដើម្បី​បង្កើត​តុលាការ​មួយ​ដែល​ស្រដៀង​នឹង​តុលាការ​​ឧក្រិដ្ឋកម្ម​​​អន្តរជាតិ ដើម្បី​ស្វែង​រក​បញ្ហា​ពិត​មួយ​នៃ​អ្នក​ទទួល​ខុស​ត្រូវ​ពី​បទ​ឧក្រិដ្ឋ​ដែល​កើត​ឡើង​នៅ​សម័យ​ខ្មែរក្រហម។

ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ស្នើ​នោះ អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ លោក កូហ្វី អាណាន់ (Kofi Annan) បាន​​​បង្កើត​ក្រុម​អ្នក​ជំនាញ​​មួយ​ដើម្បី​បង្កើត​យន្តការ​តុលាការ​មួយ ដោះស្រាយ​ពី​បទ​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ប្រល័យ​ពូជ​សាសន៍​ដែល​ប្រព្រឹត្ត​​ក្នុង​អំឡុង​ឆ្នាំ​១៩៧៥ ដល់ ១៩៧៩។ ក្រុម​អ្នក​ជំនាញ​​របស់​អង្គការ​សហ​ប្រជាជាតិ អះអាង​ថា​ ប្រព័ន្ធ​តុលាការ​កម្ពុជា ​នៅ​ខ្វះ​ចំណុច​ច្រើន​ដើម្បី​ឈាន​ដល់​ការ​កាត់​ទោស​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ។

បញ្ហា​នេះ លោក ហ៊ុន សែន ដែល​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​តែ​មួយ​គត់​ដែល​បដិសេធ​ចំពោះ​​សំណើ​របស់​អង្គការ​សហប្រជាជាតិ ដោយ​លោក ហ៊ុន សែន អះអាង​ថា​ តុលាការ​កម្ពុជា​ អាច​ដំណើរការ​កាត់​ទោស​ដោយ​ខ្លួន​ឯង​បាន។ លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់គ្រង​ប្រព័ន្ធ​តុលាការ​ទាំង​ស្រុង​ ដែល​លោក ហ៊ុន សែន មាន​សិទ្ធិ​ជ្រើស​តាំង​ចៅក្រម​ណា​ម្នាក់​ដើម្បី​ដំណើរ​ក្ដី និង​កំណត់​ទំហំ​នៃ​ការ​ស៊ើប​អង្កេត។ ប៉ុន្តែ​អង្គការ​សហប្រជាជាតិ ចង់​បាន​ការ​ចូល​រួម​ពី​ចៅក្រម​អន្តរជាតិ។

នៅ​ទី​បំផុត​ ការ​​ចរចា​រវាង​លោក ហ៊ុន សែន និង​អង្គការ​សហប្រជាជាតិ​ សម្រេច​បង្កើត​សាលាក្ដី​ដោយ​មាន​ការ​ចូល​រួម​ពី​ចៅក្រម​ជាតិ​និង​អន្តរជាតិ។ ម៉្យាង​វិញ​ទៀត លោក ហ៊ុន សែន​ បាន​កំណត់​ចំនួន​ថ្នាក់​ដឹក​នាំ​ខ្មែរ​ក្រហម ដែល​ត្រូវ​កោស​ទោស​រួម​មាន នួន ជា ខៀវ សំផង អៀង សារី ឌុច និង​តាម៉ុក។ លោក ហ៊ុន សែន បាន​អះអាង​ថា គ្មាន​មេដឹកនាំ​ណា​ម្នាក់​ដែល​ត្រូវ​មក​​កាត់​ទោស​ទៀត​នោះ​ទេ ក្រៅ​ពី​ចំនួន​​ដែល​បាន​កំណត់​នេះ។

ប៉ុន្តែ​នៅ​ឆ្នាំ​២០០៨ ​ព្រះរាជអាជ្ញា​អន្តរជាតិ​ធ្លាប់​ បាន​ស្នើ​​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជន​សង្ស័យ​ចំនួន ៥​នាក់​បន្ថែម​ទៀត​ ដូច​ជា ស៊ូ មេត មាស មុត អែម អាន អឹម ចែម និង យឹម ទិត្យ ប៉ុន្តែ​សហ​ព្រះរាជអាជ្ញា​ខាង​ភាគី​កម្ពុជា បាន​ច្រាន​ចោល​នូវ​សំណើ​នោះ។ ប៉ុន្តែ​សំណុំ​រឿង​នេះ ត្រូវ​បាន​ព្រះរាជអាជ្ញា​ជន​ជាតិ​បារាំង ឲ្យ​បើក​​ការ​ស៊ើប​អង្កេត​ជន​សង្ស័យ​ទាំង​នោះ ដោយ​​កំណត់​សំណុំ​រឿង ០០៣ និង ០០៤។ បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ អះអាង​ថា ​បើ​មន្ត្រី​ តុលាការ​អន្តរជាតិ​នោះ​ ចង់​បាន​ការ​ស៊ើប​អង្កេត​​សំណុំ​រឿង​នេះ មន្ត្រី​នោះ​គួរ​តែ​រៀប​ចំ​បង្វេច​ត្រឡប់​​ទៅ​ផ្ទះ​វិញ​ទៅ។

បញ្ហា​នេះ សហ​ព្រះរាជ​អាជ្ញា​បរទេស​បាន​លា​លែង​ពី​តំណែង​ជា​បន្ត​បន្ទាប់​ ដោយ​អះអាង​ថា ​​ការងារ​​របស់​ពួក​គាត់​ត្រូវ​បាន​រារាំង​ដោយ​ហេតុផល​​នយោបាយ។ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ សហ​ចៅក្រម​អន្តរជាតិ នៅ​តែ​បន្ត​ការ​ស៊ើប​អង្កេត​សំណុំ​រៀង ០០៣ និង ០០៤ ដោយ​​សហ​ចៅក្រម ព្រះរាជអាជ្ញា​អន្តរជាតិ អះអាង​​ថា​មាន​សង្ឃឹម​តិច​ណាស់​ដែល​អាច​នាំ​ជន​សង្ស័យ​មក​កាត់​​ទោស ស្រប​​ពេល​ដែល​ ជន​សង្ស័យ​​ជា​ឃាតក​ទាំង​នោះ កំពុង​នៅ​មាន​ជីវិត និង​រស់​នៅ​យ៉ាង​សប្បាយ​នៅ​ប្រទេស​កម្ពុជា៕

ខ្លឹមសារ​ទាំង​ឡាយ​ដែល​បាន​លើក​ឡើង​ខាង​លើ​នេះ មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​វិទ្យុ​អាស៊ីសេរី នោះ​ទេ។

ចុច​ត្រង់​នេះ​ដើម្បី​អាន​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។