ជនជាតិចាម៨គ្រួសារនៅខេត្តកំពង់ឆ្នាំងរងការគំរាមកំហែងដោយសារគាំទ្របក្សប្រឆាំង
2017.06.24
ការប្រកាន់និន្នាការនយោបាយខុសគ្នារបស់ជនជាតិចាម បានក្លាយជាជម្លោះផ្ទៃក្នុងសាសនាឥស្លាមនៅវិហារមួយ ឋិតនៅភូមិដំណាក់ព្រីង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ជនជាតិចាម ៨គ្រួសារ ដែលមាននិន្នាការគាំទ្រគណបក្សសង្គ្រោះជាតិ អះអាងថា ហាកឹម ឬអ្នកគ្រប់គ្រងវិហារ និងថ្នាក់ដឹកនាំសាសនាខ្លួន បានគំរាមកំហែង និងកាត់កាលពួកគេពីសាសនា។
ជនជាតិចាមម្នាក់ក្នុងចំណោមគ្រួសារជនជាតិចាម ៨គ្រួសារ នៅភូមិដំណាក់ព្រីង ឃុំស្វាយជុក ឲ្យដឹងនៅថ្ងៃទី២៣ ខែមិថុនា ថា ឈ្មោះ ម៉ាត់ ម៉ៅ និង ទួន សេន ព្រមទាំងថ្នាក់ដឹកនាំក្នុងវិហារខ្លះទៀត បានគំរាមឲ្យឈប់គាំទ្រគណបក្សសង្គ្រោះជាតិពីរលើក ដោយជំរុញឲ្យធ្វើកិច្ចសន្យាលាឈប់ ឬចូលស្បថក្នុងវិហារនៅចំពោះជនជាតិចាម ជាច្រើនទៀត ជាមួយគ្នានេះក៏មិនបានចែកអំណោយឲ្យពួកគេមួយចំនួនមកហើយ។
លោក ណោង ម៉ាត់ បន្ថែមថា អំណោយអង្ករ មី ត្រីខ និងភេសជ្ជៈដែលចែកជនជាតិចាម កន្លងមកនោះមិនមែនជាអំណោយរបស់គណបក្សប្រជាជនឡើយ ប៉ុន្តែថ្នាក់ដឹកនាំសាសនាមានការរើសអើង ទើបមិនចែកឲ្យពលរដ្ឋទាំង ៨គ្រួសារ។ លោកថា ក្នុងចំណោម ៨គ្រួសារ គឺមាន ៥គ្រួសារជាមុខសញ្ញាដែលគេកៀបសង្កត់ខ្លាំង ដោយអ្នកទាំងនេះធ្លាប់ចេញមុខគាំទ្រ និងឈរជាបេក្ខភាពក្រុមប្រឹក្សាឃុំ៖ «គាត់កោះហៅអ្នកទាំងប្រាំនាក់តែម្ដង តែអ្នកប្រឈមមុខនិយាយតែជាមួយខ្ញុំ! គាត់ថា បើសិនពួកខ្ញុំអត់ចុះចូលគណបក្សប្រជាជនវិញ គេនឹងបិទសិទ្ធិពួកខ្ញុំអត់មានឲ្យធ្វើបុណ្យទានអីនៅក្នុងភូមិហ្នឹងទេ ហើយគាត់នឹងបញ្ចេញចេញពីសាសនា ហើយខ្ញុំសួរថា ចុះបើខ្ញុំអត់ខុសអីផងបងឯងដេញខ្ញុំពីសាសនាដេញរឿងអី?គាត់ថា ឯងចូលជាមួយគណបក្សសង្គ្រោះជាតិ។ ចុះខ្ញុំធ្វើប៉ុន្មានអាណត្តិហើយក៏មិនដែលមានរឿងដល់ម្ល៉ឹង? គាត់ថា រឿងហ្នឹងមិនមែនបងជាអ្នកកៀបសង្កត់ទេ មកពីថ្នាក់លើ ក្រសួងធម្មការ»។
លោកបញ្ជាក់ជំហរថា នឹងមិនចេញ ឬឈប់គាំទ្រគណបក្សសង្គ្រោះជាតិទេ ព្រោះលោកស្រឡាញ់គោលនយោបាយគណបក្សដោយមិនគិតពីបុគ្គល លោក សម រង្ស៊ី ឬលោក កឹម សុខា ឡើយ។ លោកស្នើឲ្យមន្ត្រីធម្មការ និងសាសនា ចុះស៊ើបអង្កេត និងដោះស្រាយបញ្ហានេះឲ្យបានឆាប់ ដើម្បីកុំឲ្យមានភាពល្អក់កករដាក់គ្នាកាន់តែខ្លាំង ខណៈលោកមិនបានធ្វើអ្វីខុសក្នុងវិន័យសាសនាផងនោះ។
ឆ្លើយតបបញ្ហានេះ លោក ម៉ាត់ ម៉ៅ ថា លោកគ្រាន់តែចង់ឲ្យជនជាតិចាមទាំងអស់រួបរួមគ្នា មិនត្រូវបែកឆ្វេង ឬបែកបាក់គ្នានោះទេ។ លោកព្យាយាមមិនឆ្លើយនឹងពាក្យថាបែកឆ្វេង ឬបែកបាក់គ្នាដោយប្រការអ្វីនោះទេ ប៉ុន្តែលោកប្រាប់ថា ថ្នាក់ដឹកនាំសាសនាមិនបានគាបសង្កត់អ្វីក្រៅពីចង់ឲ្យជនជាតិចាមចេះសាមគ្គីគ្នានោះទេ៖ «ឲ្យតែគាត់ចូលមក...ស្ដាប់បានអត់! ខ្ញុំថា ចូលតែខ្លួនមកចិត្តទៅខាងណាក៏បានដែរ។ បងឯងចុះមកមួយភ្លែតៗ បើចង់និយាយយ៉ាងម៉េចអីយ៉ាងម៉េច»។
ទោះជាយ៉ាងណា អនុប្រធានចលនាខ្មែរឥស្លាមខេត្តកំពង់ឆ្នាំងរបស់គណបក្សសង្គ្រោះជាតិ លោក ស៊ីន សុវណ្ណ បញ្ជាក់ថា ករណីគំរាមកំហែង និងកាត់កាលចេញពីសាសនានេះ ព្រោះតែមាននិន្នាការនយោបាយខុសគ្នា។
ជាក់ស្ដែងលោក ណោង ម៉ាត់ ដែលជាប្អូនបង្កើតរបស់មេភូមិដំណាក់ព្រីង ត្រូវគេបង្ខំឲ្យធ្វើលិខិតចេញពីបក្សប្រឆាំងដោយកន្លងមកលោកធ្លាប់ឈរឈ្មោះសមាជិកក្រុមប្រឹក្សាឃុំឲ្យគណបក្សសង្គ្រោះជាតិ៖ «គេឲ្យយើងទៅអង្វរករគេ ហើយលាលែងចេញពីគណបក្សសង្គ្រោះជាតិទៅ គេនឹងធ្វើកិច្ចសន្យាមួយដើម្បីបង្ហោះហ្វេសប៊ុក (facebook) ប្រជាពលរដ្ឋនៅក្នុងភូមិហ្នឹងចង់និយាយថា ឲ្យទៅស្បថទៅស្បែឲ្យឈប់តែសម្រាប់អ្នកទាំងប៉ុន្មាននាក់ ហ្នឹងអត់ឈប់ទេ ទោះបីជាប្រឈមនឹងទុក្ខលំបាកយ៉ាងម៉េចក៏ដោយ»។
ប្រធានមន្ទីរធម្មការ និងកិច្ចការសាសនាខេត្តកំពង់ឆ្នាំង លោក សរ លាង ថាលោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ ប៉ុន្តែលោកនឹងមន្ត្រីចុះស៊ើបអង្កេត និងដោះស្រាយឲ្យបានឆាប់៕