មេ​ឃុំ​មួយ​នៅ​បាត់ដំបង​រង​ការ​ចោទ​ថា​មិន​ព្រម​ឲ្យ​បក្ស​ប្រឆាំង​ប្ដូរ​ក្រុម​ប្រឹក្សា​ថ្មី​ជំនួស​អ្នក​លាលែង

ដោយ ហ៊ុំ ចំរើន
2017-08-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សាលា​ឃុំ​មុខរាហ៍ ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo Provided
សាលា​ឃុំ​មុខរាហ៍ ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង កំពុង​ព្រួយ​បារម្ភ​ពី​ក្រុម​ប្រឹក្សា​ឃុំ​ម្នាក់​របស់​គណបក្ស​ខ្លួន​នៅ​ក្នុង​ស្រុក​នេះ ខ្លាច​ក្រែង​បាត់បង់​បេក្ខភាព​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នៅ​ពេល​ខាង​មុខ។ ក្ដី​បារម្ភ​នេះ បន្ទាប់​ពី​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ដាក់​ពាក្យ​ស្នើសុំ​ទៅ​មេ​ឃុំ ដើម្បី​សុំ​ប្ដូរ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ម្នាក់​ជំនួស​អ្នក​ចាស់ ដែល​បាន​លាលែង​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ឃុំ​មុខរាហ៍ កាល​ពី​ខែ​មីនា ឆ្នាំ​២០១៧ តែ​មេ​ឃុំ​មិន​ព្រម។

មន្ត្រី​គណបក្ស​ប្រឆាំង​ស្រុក​រុក្ខគិរី ហៅ​ការ​មិន​ចុះ​ហត្ថលេខា​ប្ដូរ​ក្រុម​ប្រឹក្សា​ឃុំ​តាម​ការ​ស្នើសុំ​របស់​មេ​ឃុំ​គណបក្ស​កាន់​អំណាច​នេះ ថា​ជា​ការ​អនុវត្ត​ខុស​ច្បាប់។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​រុក្ខគិរី លោក សែម រស់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ សីហា ថា ក្រុម​ប្រឹក្សា​ឃុំ​មុខរាហ៍ ម្នាក់​ឈ្មោះ សាន់ ទូច បាន​លាលែង​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា តាំង​ពី​មុន​ថ្ងៃ​បោះឆ្នោត​ឃុំ-សង្កាត់​កាល​ពី​ខែ​មិថុនា កន្លង​ទៅ ប៉ុន្តែ​កាលណោះ​រៀបចំ​មិន​ទាន់ ក៏​បាន​ដាក់​ឈ្មោះ​ក្រុម​ប្រឹក្សា​ឃុំ​រូប​នេះ​បណ្ដោះអាសន្ន​រហូត​មក។ លោក​អះអាង​ថា កាល​ពី​ថ្ងៃ​ទី​៣ សីហា លោក​បាន​ដាក់​លិខិត​ស្នើសុំ​ទៅ​មេ​ឃុំ​មុខរាហ៍ ប្ដូរ​ដាក់​ក្រុម​ប្រឹក្សា​ឃុំ​ថ្មី​ជំនួស ក៏ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ មេ​ឃុំ​មិន​ចុះ​ហត្ថលេខា​ឲ្យ​នោះ​ទេ៖ «នេះ​ជា​ចេតនា​មួយ​របស់​មេ​ឃុំ​គណបក្ស​កាន់​អំណាច ដើម្បី​ប្រយោជន៍​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​នៅ​ដើម​ឆ្នាំ​២០១៨ ខាង​មុខ។ ខ្ញុំ​ជឿ​ថា ប្រសិន​បើ​មាន​ការ​ប្ដូរ​ក្រុម​ប្រឹក្សា​ឃុំ​នៅ​ទូទាំង​ប្រទេស នឹង​ជួប​ការ​លំបាក​ដូច្នេះ​ដែរ»

អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​ឃុំ​មុខរាហ៍ លោក អ៊ំ ខឿន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២១ សីហា ដោយ​ទូរស័ព្ទ​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​លោក សែម រស់ អះអាង​ថា កន្លង​ទៅ មេ​ឃុំ​រូប​នេះ​បាន​ប្រាប់​លោក​ថា មូលហេតុ​ដែល​មិន​ចុះ​ហត្ថលេខា​ឲ្យ ដោយសារ​មាន​បញ្ជា​ពី​មន្ត្រី​ថ្នាក់​លើ។

អភិបាល​ស្រុក​រុក្ខគិរី លោក ពេជ្រ ម៉ាឡៃ មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា ករណី​នេះ​លោក​បាន​ប្រាប់​ទៅ​មេ​ឃុំ​ឲ្យ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ថ្មី ដើម្បី​ជំនួស​អ្នក​ចាស់​នោះ​រួច​ហើយ៖ «ខ្ញុំ​មាន​តែ​ឲ្យ​ឃុំ​ចុះ​ហត្ថលេខា​លើ​ឯកសារ​ឲ្យ​គេ ដោយ​ខ្ញុំ​មិន​បាន​បញ្ជា​មេ​ឃុំ​មិន​ចុះ​ហត្ថលេខា​នោះ​ទេ»

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​បាត់ដំបង លោក ហេង សាយហុង លើក​ឡើង​ថា ករណី​នេះ​មេ​ឃុំ​ត្រូវ​តែ​ប្ដូរ​ក្រុម​ប្រឹក្សា​ឃុំ​ថ្មី​ជំនួស​ឲ្យ​អ្នក​ចាស់ ដែល​បាន​លាលែង​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​គ្រប់​ចំនួន​ក្រុម​ប្រឹក្សា​ឃុំ​ដែល​ពលរដ្ឋ​បាន​បោះឆ្នោត​ជ្រើសរើស៖ «ខ្ញុំ​មើល​ឃើញ​ថា ព្រោះ​អី​ជិត​ដល់​ពេល​បោះឆ្នោត​ជ្រើសរើស​ព្រឹទ្ធសភា​ហើយ ដូច្នេះ​គ្រប់​គណបក្ស​នយោបាយ​ត្រូវការ​សំឡេង​ឆ្នោត​ដើម្បី​គាំទ្រ​គណបក្ស​ខ្លួន។ ដូច្នេះ​បើ​សិន​ជា​បាត់បង់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ គឺ​ជា​ចេតនា​មួយ​មិន​ល្អ​ទេ»

ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ-សង្កាត់​មាត្រា​១៦ ចែង​ថា សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ត្រូវ​បាត់បង់​សមាជិក​របស់​ខ្លួន​មាន​ដូចជា៖

  • សាមី​ខ្លួន​មរណភាព

  • សាមី​ខ្លួន​បាត់បង់​សម្បទា​វិជ្ជាជីវៈ​ដោយ​មាន​លិខិត​បញ្ជាក់​ពី​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច

  • សាមី​ខ្លួន​សុំ​លាលែង​ជា​លាយលក្ខណ៍​អក្សរ​ពី​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់

  • សាមី​ខ្លួន​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទ​ឧក្រិដ្ឋ ឬ​មជ្ឈិម​ណា​មួយ

  • សមាជិក​ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយ​ប្រព្រឹត្ត​ផ្ទុយ​ពី​បទបញ្ជា​ផ្ទៃក្នុង​នៃ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់

  • ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ទាំងមូល​ត្រូវ​រំសាយ

  • សាមី​ខ្លួន​បាត់បង់​សមាជិកភាព​ពី​គណបក្ស​នយោបាយ​របស់​ខ្លួន

  • កាល​បើ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ណា​មួយ​ត្រូវ​បាត់បង់​សមាជិកភាព ត្រូវ​ជ្រើសរើស​បេក្ខជន​ដែល​មាន​ឈ្មោះ​បន្ទាប់​តាម​លេខ​រៀង​ក្នុង​បញ្ជី​បេក្ខជន ជំនួស​ដោយ​មិន​បាច់​បោះឆ្នោត​ឡើង​វិញ​ឡើយ។

 

នៅ​ឃុំ​មុខរាហ៍ ស្រុក​រុក្ខគិរី មាន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ចំនួន ៩​នាក់ ក្នុង​នោះ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ៥​នាក់ និង​គណបក្ស​សង្គ្រោះ​ជាតិ ៤​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល