អូស្ត្រាលី​បង្ហាញ​ក្ដី​បារម្ភ​ជា​ខ្លាំង​ចំពោះ​គម្រោង​រំលាយ​គណបក្ស​ប្រឆាំង

ដោយ តាំង សារ៉ាដា
2017.10.12
ហ៊ុន សែន សម រង្ស៊ី កឹម សុខា ៦២២ ២០១៤ ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Tin Zakariya

រដ្ឋាភិបាល​អូស្ត្រាលី​តាមរយៈ​ស្ថានទូត​ក្នុង​ទីក្រុង​ភ្នំពេញ បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​គម្រោង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ របស់​រដ្ឋាភិបាល​កម្ពុជា។ ស្ថានទូត​ថា នេះ​ជា​ការ​បោះជំហាន​ថយក្រោយ​របស់​កម្ពុជា​ក្នុង​ដំណើរ​លទ្ធិប្រជាធិបតេយ្យ។

ស្ថានទូត​អូស្ត្រាលី​ដែល​ជា​តំណាង​ឲ្យ​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃ​ទី​១១ ខែ​តុលា បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​វិវត្ត​នយោបាយ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ជាពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​ការប៉ុនប៉ង​របស់​គណបក្ស​កាន់​អំណាច ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។

រដ្ឋាភិបាល​អូស្ត្រាលី​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ហើយក៏​ធ្លាប់​ជះ​លុយ​ជាង ៥០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដល់​កម្ពុជា ជា​ថ្នូរ​នឹង​ការ​ទទួលយក​ជនភៀសខ្លួន​ពី​កោះ​ណាវរូ នៅ​ពេល​នេះ បាន​រិះគន់​ដល់​សកម្មភាព​ទាំង​កំរោល​របស់​លោក ហ៊ុន សែន ក្នុង​ការ​បោះពួយ​រំលាយ​គណបក្សប្រឆាំង។

សេចក្ដីថ្លែងការណ៍​លើកដំបូង​របស់​ស្ថានទូត​អូស្ត្រាលី កាលពី​ថ្ងៃទី​១១ តុលា បាន​ចាត់​ទុក​សកម្មភាព​ថ្មី​បំផុត​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ក្នុង​ការ​លុបចោល​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំ ចេញពី​ឆាក​នយោបាយ​នោះ​ថា កំពុង​ដំណើរការ​ប្រជាធិបតេយ្យ​របស់​ប្រទេស​ដើរ​ថយក្រោយ ហើយ​អាច​ឲ្យ​ប៉ះទង្គិច​ធ្ងន់ធ្ងរ​ដល់​ដំណើរការ បោះឆ្នោត​ជាតិ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ប្រកបដោយ​តម្លាភាព នៅ​ឆ្នាំ​២០១៨ ខាងមុខ។

អាស៊ីសេរី​នៅ​មិនទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​ក្រុម​មន្ត្រី​ជាន់ខ្ពស់ ក្រោម​របប​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​នៅឡើយ​ទេ។

ស្ថានទូត​អូស្ត្រាលី ក៏បាន​ទាមទារ​ឲ្យ​ដំណើរការ​បោះ​ជាតិ​នៅ​ពេល​ខាងមុខ អនុវត្ត​ឡើង​ដូច​រូបភាព​នៃ​ការបោះឆ្នោត​ឃុំ-សង្កាត់ កាលពី​ខែ​មិថុនា ឆ្នាំ​២០១៧ កន្លងទៅ។

ជាង​នេះ​ទៅ​ទៀត​ស្ថានទូត អូស្ត្រាលី​ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ផ្ដល់​បរិយាកាស​អំណោយផល និង​ប្រកបដោយ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ដើម្បី​អនុវត្ត​បាន​នូវ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​ការ​ប្រមូល​ផ្តុំ ព្រមទាំង​បើក​ឲ្យ​មាន​ដំណើរការ​ឡើងវិញ​នូវ វិស័យ​សារព័ត៌មាន​ដែល​រស់​រវើក សង្គម​ស៊ីវិល​ដែល​សកម្ម និង​គណបក្សប្រឆាំង ដែល​អាច​ជឿជាក់​បាន​ដោយសារ​ក្រុម​ទាំងនេះ​គឺជា​ធាតុ​ផ្សំ​នៃ​សង្គម​ប្រជាធិបតេយ្យ មិន​អាច​ខ្វះ​បាន។

ចំណែក​មន្ត្រី​ផ្នែក​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក យឿង សុធារ៉ា គាំទ្រ​សេចក្ដីថ្លែងការណ៍​របស់​ស្ថានទូត​របស់ អូស្ត្រាលី​ដែល​ចង់​ឲ្យ​មានការ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​នេះ។ លោក អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​មានការ​ពិចារណា​ខ្ពស់ ចំពោះ​ការ​ព្រួយបារម្ភ​របស់​ប្រទេស​លោក​សេរី ដូចជា​ប្រទេស​អូស្ត្រាលី​ជាដើម ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​នយោបាយ​ដ៏​តានតឹង​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។

លោក យឿង សុធារ៉ា បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​គិត​ឡើងវិញ ថា​តើ​នឹង​ត្រូវ​ជ្រើស គោល​នយោបាយ​បែប​ណា​សម្រាប់​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​រស់នៅ ប្រកបដោយ​សេរីភាព និង​សន្តិភាព​ពិត​ប្រាកដ​នោះ៖ «អូស្ត្រាលី​បាន​រួម​ចំណែក​ជួយ​កម្ពុ​ជាច្រើន​មែនទែន ជួយ​ស្តារ សេដ្ឋកិច្ច​កម្ពុជា និង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​កម្ពុជា។ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​អូស្ត្រាលី​អាច​នឹង​មាន​ឥទ្ធិពល​មក​លើ​កម្ពុជា​សម្រាប់​ការ​ដោះស្រាយ​ជម្លោះ​នយោបាយ​ដ៏​ជ្រាលជ្រៅ​ដែល​កំពុង​កើតឡើង​នៅ​ពេល​បច្ចុប្បន្ន​នេះ។ រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​មាន​ការពិចារណា​ខ្ពស់ និង​ថ្លឹងថ្លែង​ខ្ពស់​ជាមួយ​អ្វី​ដែល​ជា​ការ​ប្រឹងប្រែង និង​កិច្ច​ខិតខំ ប្រឹងប្រែង​របស់​ប្រទេស​ផ្សេងៗ»

បើទោះបីជា មានការ​ព្រួយបារម្ភ​ជា​បន្តបន្ទាប់​របស់​ក្រុម​ប្រទេស​មហាអំណាច ដូចជា​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ប្រទេស​អូស្ត្រាលី និង​ប្រទេស​មួយ​ចំនួន​ទៀត​ក៏ដោយ ក៏​លោក ហ៊ុន សែន នៅតែ​ព្រងើយ​កន្តើយ និង​កាន់តែ​បោះពួយ​ខ្លាំង​ឆ្ពោះ​ទៅ​រក​ការ​រំលាយ​គណបក្ស សង្គ្រោះជាតិ ហើយ​យក​អាសនៈ​របស់​គណបក្ស​សង្គ្រោះជាតិ​ទាំង​៥៥ អាសនៈ​នោះ ទៅ​ចែក​ឲ្យ​គណបក្ស​តូចៗ​ផ្សេងទៀត​គ្មាន​សំឡេង​នៅ​ក្នុង​រដ្ឋសភា។

កាលពី​ថ្ងៃ​ទី​១១ ខែ​តុលា លោក ហ៊ុន សែន បាន​ព្រមាន​ជា​សាធារណៈ​ចំពោះ​មុខ​កម្មករ​ជាង​២​ម៉ឺន​នាក់​លើ​ផ្លូវ​វ៉េងស្រេង​ថា ការ​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ អាច​បាន​តែ​ត្រឹម​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ ហើយ​បើ​ទោះ​បី​ជា​កម្ទេច​បក្ស​ប្រឆាំង​មួយ​ចោល ក៏​នៅ​មាន​បក្ស​ប្រឆាំង​ជាច្រើន​ទៀត​ដែរ៖

«សូម​បញ្ជាក់​បើ​រំលាយ​បក្ស​មួយ បក្ស​៥​ទៀត​ចូល​ជំនួស​បានសេចក្ដីថា ពី បក្ស​២​ឡើង បក្ស​៦ នៅ​ក្នុង​សភា នេះ​វា​នឹង​កើត​នៅ​ពេល​មិន​យូរ​ប៉ុន្មាន នៅ​ពេល​ខាងមុខ​នេះ ។ នៅ​កម្ពុជា​មាន​គណបក្ស នយោបាយ​រាប់​សិប វា​ជា​ស្ថានសួគ៌​លោកិយ នៃ​បក្ស​នយោបាយ ហើយ​វា​ក៏​ជា​ស្ថាន​សួគ៌​លោកិយ នៃ​អង្គការក្រៅរដ្ឋាភិបាល​ដែរ»

ទោះជា​យ៉ាងណាក៏ដោយ មន្ត្រី​ផ្នែក​ច្បាប់ និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក យឿ​ង សុធារ៉ា មាន​ប្រសាសន៍​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ គឺ​ជា​ការ​រំលាយ​សំឡេង​ឆ្នោត និង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដែល​ពួកគេ​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​២០១៣។

«សង្គម​ប្រជាធិបតេយ្យ​គឺ​ត្រូវ​គោរព​សំឡេង​ប្រជាពលរដ្ឋ ហើយ​ពលរដ្ឋ គឺ​ម្ចាស់​អំណាច​របស់​ប្រទេស។ ដូច្នេះ​ឆន្ទៈ​របស់​គាត់​រដ្ឋ ត្រូវតែ​គោរព និង​យ៉ាងម៉េច សម្របសម្រួល​ឲ្យ​ឆន្ទៈ​របស់​គាត់ និង​ការ​ចង់បាន​របស់​ពួកគាត់​ឲ្យ​ដំណើរការ​ទៅ​បាន​ស្រួល។ រដ្ឋ​គ្មាន​សិទ្ធិ​ចាត់ចែង​អំណាច និង​ឆន្ទៈ​របស់​គាត់​ទៅ​ឲ្យ​គណបក្ស​នេះ ទៅ​ឲ្យ​គណបក្ស​នោះ ទៅ​ឲ្យ​បុគ្គល​នេះ ទៅ​ឲ្យ​បុគ្គល​នោះ ទៅ​ឲ្យ​ក្រុម​នេះ ទៅ​ឲ្យ​ក្រុម​នោះ តាម​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ​នោះ​ទេ»

ក្រៅពី​ការ​បិទ​បណ្ដាញ​ផ្សព្វផ្សាយ ការ​ចោទ​រដ្ឋាភិបាល​អាមេរិក​នៅ​ពីក្រោយ​គម្រោង​ធ្វើ​បដិវត្តន៍​ពណ៌ និង​ការ​ចាប់​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ពន្ធនាគារ ហើយ​រដ្ឋាភិបាល​នៃ​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន កាន់តែ​បង្កើន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ដល់​សហគមន៍​ជាតិ និង​អន្តរជាតិ​ថែម​អំពី​ការ​ប្ដេជ្ញា​ដ៏​មុតមាំ របស់​លោក​ក្នុង​ការ​រំលាយ​បក្ស​សង្គ្រោះជាតិ ឲ្យ​ផុត​ពី​បញ្ជី​នយោបាយ​តែម្ដង។

ការិយាល័យ​នៃ​ឧត្ដមស្នងការ​របស់​អង្គការសហប្រជាជាតិ​ទទួល​សិទ្ធិមនុស្ស នៅ​ថ្ងៃ​ទី​១២ ខែ​តុលា​នេះ បាន​សម្ដែង ការ​ភ័យ​ព្រួយ​ជា​ខ្លាំង​ចំពោះ​វិបត្តិ​នយោបាយ​បច្ចុប្បន្ន។ អង្គការ​អន្តរជាតិ​មួយ​នេះ ទាមទារ​ឲ្យ​កម្ពុជា​គោរព​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​គោរព ការពារ​សិទ្ធិមនុស្ស និង​គោរព​រដ្ឋធម្មនុញ្ញ ដើម្បី​ទប់ស្កាត់​ការ​វិលត្រឡប់​ទៅ​រក​ការដឹកនាំ​បែប​រដ្ឋ​ឯកតោភាគី​ឡើងវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។