អ្នក​វិភាគ៖ លិខិត​ចំហ​របស់​នាយក​CCIM​ផ្ញើ​ជូន​លោក ហ៊ុន សែន ជា​ផ្នែក​មួយ​នៃ​ការ​កែ​ទម្រង់​រដ្ឋ

ដោយ ម៉ម មុនីរតន៍
2015.04.28
ប៉ា ងួនទៀង ៦២០ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៤។
Photo: RFA

ក្រោយ​ពី​មាន​វប្បធម៌​សន្ទនា​រវាង​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រជាពលរដ្ឋ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​សាទរ និង​ស្វាគមន៍​ចំពោះ​ការ​ឯកភាព​គ្នា​រវាង​មេ​ដឹក​នាំ​ទាំង​ពីរ ដោយ​គេ​សង្ឃឹម​ថា មេ​ដឹក​នាំ​ទាំង​ពីរ​នឹង​ធ្វើ​ការ​សហការ​គ្នា​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ដោយ​ពិត​ប្រាកដ។

ទន្ទឹម​នឹង​នេះ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បាន​ផ្ញើ​លិខិត​ចំហ​មួយ​ច្បាប់​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្ដែង​ពី​ការ​សាទរ និង​គាំទ្រ​ចំពោះ​វប្បធម៌​សន្ទនា​នេះ។ ក៏ប៉ុន្តែ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​រដ្ឋ​ឲ្យ​ច្បាស់លាស់​មួយ ព្រោះ​ថា​កន្លង​មក​នេះ ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​មាន​បញ្ហា​ជាច្រើន​ដែល​មន្ត្រី​មាន​អំណាច​បាន​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត និង​គាប​សង្កត់​ប្រជាពលរដ្ឋ ជាដើម។

លិខិត​ដែល​មាន​ខ្លឹមសារ​ផ្ដល់​អនុសាសន៍​នោះ ត្រូវ​បាន​អ្នក​វិភាគ​សង្គម​ចាត់​ទុក​ថា វា គឺ​ជា​ផ្នែក​មួយ​នៃ​កំណែ​ទម្រង់​រដ្ឋ​ដ៏​មាន​ប្រសិទ្ធភាព។ ជាង​នេះ​ទៀត ថ្វី​បើ​លិខិត​នេះ​វា​ហាក់​ដើរ​យឺត​មួយ​ជំហាន​នៃ​ចរន្ត​នយោបាយ តែ​វា​ក៏​នៅ​តែ​ជា​លិខិត​ដែល​ពោរពេញ​ដោយ​ខ្លឹមសារ​ដ៏​មាន​តម្លៃ​នៅ​ឡើយ។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង បាន​ផ្ញើ​លិខិត​ចំហ​របស់​ខ្លួន​ទៅ លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២២ មេសា កន្លង​ទៅ។ ដោយ​ខ្លឹមសារ​ក្នុង​លិខិត​នោះ ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំ​មើល​ការ​វិវឌ្ឍ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា យល់​ឃើញ​ថា ជា​ការ​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​កំណែ​ទម្រង់​រដ្ឋ និង​ជា​មូលដ្ឋាន​នៃ​ការ​បែង​ចែក​អំណាច​រដ្ឋ​ដោយ​សុក្រឹត និង​តម្លាភាព។

ក្នុង​រយៈពេល ៨​ថ្ងៃ​ក្រោយ ពោល​គឺ​កាល​ពី​ថ្ងៃ​ទី​២២ មេសា កន្លង​ទៅ​នេះ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បាន​ផ្ញើ​លិខិត​ចំហ​មួយ​ច្បាប់​ទៅ លោក ហ៊ុន សែន។ ខ្លឹមសារ​លិខិត​នោះ ក្រៅ​ពី​ចំណាប់​អារម្មណ៍​រឿង​កំណែ​ទម្រង់​រដ្ឋ​ហើយ លោក​បាន​បញ្ចូល​អនុសាសន៍​ដែល​មាន​គោលការណ៍​សំខាន់ៗ​ចំនួន ៤​ចំណុច​បន្ថែម​ទៀត។

អនុសាសន៍​ទាំង ៤​ចំណុច​នោះ​រួម​មាន​ជាអាទិ៍ ទី​១ ដាក់​ប្រទេស​ឲ្យ​ឋិត​ក្រោម​ការ​ដឹក​នាំ​ដោយ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​មួយ​ដ៏​ពិត​ប្រាកដ។ ដោយ​ចាប់​ផ្ដើម​ពី​ឯករាជ​ភាព​របស់​មន្ត្រី​រាជការ​សាធារណៈ​គ្រប់​ប្រភេទ និង​បែង​ចែក​អំណាច​ដាច់​ពី​គ្នា​រវាង​នីតិប្បញ្ញត្តិ ប្រតិបត្តិ និង​តុលាការ។ ទី​២ ធ្វើ​ជា​គំរូ​ក្នុង​ការ​ដាក់​ទោស​តាម​ច្បាប់​លើ​មន្ត្រី​ដែល​ប្រព្រឹត្ត​បទល្មើស ឬ​ធ្វើ​ទុក្ខបុកម្នេញ​ប្រជាពលរដ្ឋ បើ​ទោះ​បី​អ្នក​នោះ​ជា​សមាជិក​គ្រួសារ ឬ​បក្ស​ក៏ដោយ។ ទី​៣ ជា​គំរូ​ក្នុង​ការ​អត់​ឱន​ផ្នែក​នយោបាយ និង​ទស្សនៈ​ប្រឆាំង​គ្រប់​រូបភាព តាម​រយៈ​ការ​ការពារ​គ្រប់​សកម្មភាព​នយោបាយ​ស្រប​ច្បាប់​ក្នុង​ប្រទេស មិន​ប្រកាន់​ទោស​ចំពោះ​ទស្សនៈ​ប្រឆាំង និង​ទី​៤ ធ្វើ​ជា​គំរូ​ក្នុង​ការ​លើក​ស្ទួយ និង​ការពារ​ឯករាជ្យ សេរីភាព​ឲ្យ​បាន​ទូលាយ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ ព្រម​ទាំង​អង្គការ​មិន​មែន​រដ្ឋាភិបាល ជា​ជាង​គ្រប់គ្រង​ដោយ​តឹងរ៉ឹង។

ឆ្លើយ​តប​រឿង​នេះ លោក ទិត្យ សុធា មន្ត្រី​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​តំណាង​ដោយ​ភាគី​រដ្ឋាភិបាល​ផង ចាត់​ទុក​ថា លិខិត​ចំហ​នេះ​ទំនង​ជា​នយោបាយ ច្រើន​ជាង​ការ​ផ្ដល់​ភាព​ស្មោះ​ត្រង់​មួយ​ចំពោះ​រដ្ឋាភិបាល​ដ៏​ពិត​ប្រាកដ។ លោក​ថ្លែង​បន្ត​ថា គេ​ដឹង​ជាទូទៅ​ហើយ​ថា លោក ប៉ា ងួនទៀង គឺ​មាន​និន្នាការ​នយោបាយ​បក្ស​ប្រឆាំង​តាំង​ពី​អតីត​កាល​មក។ ហេតុ​នេះ ការ​ផ្ដល់​អនុសាសន៍​ណា​មួយ​របស់​លោក​នៅ​ពេល​នេះ គឺ​គ្រាន់​តែ​ជា​សារ​ក្នុង​ចេតនា​នយោបាយ​ប៉ុណ្ណោះ។ ជាង​នេះ​ទៀត លោក ទិត្យ សុធា ចាត់​ទុក​ថា ការ​ពិត​លិខិត​នេះ គឺ​វា​ដើរ​យឺត​ពេល​មួយ​ជំហាន​នៃ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​រួច​ទៅ​ហើយ​ថែម​ទៀត​ផង។ លោក ទិត្យ សុធា បន្ត​ថា «ធម្មតា​ទេ​រាជ​រដ្ឋាភិបាល​តែងតែ​ទទួល​យក​នូវ​ការ​ចូលរួម​មតិ​យោបល់​ពី​សង្គម​ស៊ីវិល​នានា នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ដ៏​ស្មោះសរ។ ក៏ប៉ុន្តែ​លិខិត​របស់ លោក ប៉ា ងួនទៀង គឺ​ហាក់​បី​ដូចជា​មាន​ចរិត​នយោបាយ ច្រើន​ជាង​ការ​ចូលរួម​ដោយ​ស្មោះសរ។ យើង​ដឹង​ហើយ​ថា ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ រាជ​រដ្ឋាភិបាល​បាន​និង​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ»

បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ នៅ​ក្នុង​ខ្លឹមសារ​នៃ​លិខិត​ចំហ​របស់​អតីត​អ្នក​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រោះ​ធ្លាប់​ទាមទារ​សិទ្ធិ​សេរីភាព​រូប​នេះ បញ្ជាក់​ថា ឥឡូវ​នេះ​ជា​ពេលវេលា​មួយ​ដ៏​សមស្រប និង​ចាំបាច់​ក្នុង​ការ​កែ​ទម្រង់​ពិត​ប្រាកដ​មួយ​សម្រាប់​ប្រជាពលរដ្ឋ និង​ប្រទេស​កម្ពុជា ទាំង​មូល។ វា​ជា​ពេលវេលា​មួយ​ដ៏​សក្ដិសម​បំផុត ព្រោះ​កំណើន​នៃ​ប្រជាពលរដ្ឋ​ដែល​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ស្ទើរ​ពាក់​កណ្ដាល​ប្រទេស។ នេះ​បើ​ផ្អែក​តាម​ចំនួន​អាសនៈ​ក្នុង​រដ្ឋសភា។ ក្រៅ​ពី​នេះ ប្រសិន​បើ​បាត់បង់​ការ​គាំទ្រ​បន្ត​ទៀត​នោះ ខ្ញុំ​យល់​ថា សម្ដេច​នឹង​បាត់បង់​ឱកាស​មាស​ទាំង​ស្រុង​ហើយ ជាពិសេស​នោះ កត្តា​ដែល​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បាត់បង់​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​កាល​ពី​ឆ្នាំ​២០១៣ កន្លង​ទៅ គឺ​ពុំ​មែន​ដោយសារ​តែ​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រឆាំង​ទាំង​ស្រុង​ទេ តែ​វា​ជា​កំហុស​ជាច្រើន​របស់​រដ្ឋាភិបាល​ដែរ។

ជុំវិញ​រឿងរ៉ាវ​នេះ សម្រាប់​ក្រុម​អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា វិញ​យល់​ឃើញ​ថា លិខិត​ចំហ​នៅ​ពេល​នេះ គឺ​នៅ​តែ​មាន​សារសំខាន់​សម្រាប់​កំណែ​ទម្រង់​រដ្ឋ​ដ៏​ចាំបាច់​នៅ​ឡើយ ថ្វី​បើ​ហាក់​យឺត​ពេល​បន្តិច​ក៏ដោយ​ចុះ។

លោក នី ចរិយា មន្ត្រី​ជាន់​ខ្ពស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ចាត់​ទុក​ថា លិខិត​នេះ​នឹង​ជា​ការ​រួម​ចំណែក​មួយ​ដ៏​ចាំបាច់​សម្រាប់​ការ​តាក់តែង​គោល​នយោបាយ និង​យុទ្ធសាស្ត្រ​បន្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក​យល់​ឃើញ​ថា លិខិត​ចំហ​នេះ​វា​ពុំ​យឺត​ពេល​ទេ បើ​ទោះ​ជា​ធ្វើ​ឡើង​ក្រោយ​ពេល លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បាន​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​រួច​ទៅ​ហើយ​ក្នុង​ការ​រួម​ដៃ​គ្នា កសាង​ជាតិ​ឲ្យ​ក្លាយ​ជា​ធ្លុង​មួយ​ក្ដី។ លោក នី ចរិយា មាន​ប្រសាសន៍​ថា លិខិត​នេះ​នឹង​ជា​ត្រីវិស័យ​ចង្អុល​ទិស​មួយ​បន្ថែម​ទៀត​ដែល​ខ្វះ​មិន​បាន សម្រាប់​កំណែ​ទម្រង់​រដ្ឋ ហើយ​អាច​រំងាប់​នូវ​វប្បធម៌​សងសឹក​បាន​ទៀត​ផង ប្រសិន​បើ​រដ្ឋាភិបាល​ងាក​មក​ពិចារណា​នូវ​អ្វី​ដែល​មាន​ក្នុង​ខ្លឹមសារ​នៃ​លិខិត​ចំហ​នេះ។ លោក នី ចរិយា បន្ត​ថា «ខ្ញុំ​គិត​ថា​មក​ដល់​ពេល​នេះ មាន​តែ​គណបក្ស​ទាំង​ពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ហ្នឹង​ទេ ដែល​ពិចារណា​គ្នា​អំពី​ការ​ធ្វើ​កំណែ​ទម្រង់​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ។ វា​អាច​ទុក​ជា​ប្រវត្តិសាស្ត្រ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ហ្នឹង​គេ​បាន​លើក​យក​មក​អនុវត្ត​ផង ហើយ​ចង​ចាំ​ទុក​ថា ការ​កែ​ទម្រង់​ស្ថាប័ន​ទាំងអស់​នេះ ក្លាយ​ជា​ស្ថាប័ន​មួយ​ដែល​ឯករាជ្យ ហើយ​រក​យុត្តិធម៌​ឲ្យ​ប្រជាជន​ហ្នឹង គឺ​ក្នុង​សម័យ​កាល​នេះៗ។ ប្រសិន​បើ​អ្នក​នយោបាយ​ណា​មិន​មាន​គំនិត​ក្នុង​ការ​កែ​ទម្រង់​ឲ្យ​បាន​ត្រឹមត្រូវ​ទេ ខ្ញុំ​គិត​ថា អាច​ធ្វើ​ឲ្យ​ប្រវត្តិសាស្ត្រ​ចារ​ទុក​នូវ​កេរ្តិ៍​ឈ្មោះ​អាក្រក់​ទៅ​វិញ»

ដោយ​ឡែក លោក រស់ រ៉ាវុធ បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​វិញ​យល់​ឃើញ​ថា ជា​ទម្លាប់ នេះ​ជា​ភារកិច្ច​របស់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ការ​ពិនិត្យ និង​តាម​ដាន​ភាព​ចន្លោះ​ប្រហោង​នៃ​ការ​អនុវត្ត​គោល​នយោបាយ​របស់​រដ្ឋាភិបាល។ លោក រស់ រ៉ាវុធ ហាក់​ពុំ​មាន​ការ​ភ្ញាក់​ផ្អើល​អ្វី​ប៉ុន្មាន​ទេ​ជុំវិញ​លិខិត​ចំហ​នៅ​ពេល​នេះ។ លោក​ចាត់​ទុក​ថា ព្រោះ​ជា​ធម្មតា​ក្នុង​ការ​អនុវត្ត​កម្មវិធី​នយោបាយ តែង​មាន​ភាព​ខ្វះ​ចន្លោះ​ដោយ​ចៀស​មិន​ផុត​ទេ។ ម្យ៉ាង​អ្នក​នយោបាយ​ដែល​ធ្លាប់​តែ​អង្គុយ​បែរ​ខ្នង​ដាក់​គ្នា ឥឡូវ​នេះ​បាន​វិល​មក​រក​តុ​ចរចា​វិញ​ហើយ និង​សន្យា​ចំពោះ​មុខ​ថា នឹង​ធ្វើ​ឲ្យ​នាវា​កម្ពុជា ពោរពេញ​ដោយ​ក្ដី​រំពឹង និង​សន្តិភាព​មួយ​ដ៏​ពិត​ប្រាកដ។ លោក រស់ រ៉ាវុធ បន្ត​ថា «សង្គម​ស៊ីវិល​ជាតិ​ក៏ដោយ អន្តរជាតិ​ក៏ដោយ គឺ​សកម្មភាព​ការងារ​បំពេញ​ចន្លោះ​ប្រហោង​របស់​រដ្ឋាភិបាល​ដែល​មិន​បាន​បំពេញ។ ប៉ុន្តែ​បើ​សង្គម​ស៊ីវិល​នោះ​បម្រើ​ឲ្យ​បក្ស​នយោបាយ វា​មាន​លក្ខណៈ​ផ្សេង​ទៅ​នឹង​ការ​ញុះញង់​ទៅ​វិញ។ អ៊ីចឹង​យើង​ឆ្លុះ​បញ្ចាំង​នៅ​ពេល​បច្ចុប្បន្ន​នេះ អ្នក​នយោបាយ​ទាំង​ពីរ​គេ​កំពុង​តែ​ធ្វើ​ហើយៗ ហើយ​មួយ​រយៈ​កន្លង​មក​នេះ គេ​បាន​ធ្វើ​ខ្លះ និង​មិន​បាន​ធ្វើ​ខ្លះ។ អ៊ីចឹង​វា​ឥត​មាន​អី​ប្លែក​ទេ​ចំពោះ​បញ្ហា​លិខិត​ចំហ​នេះ»

បើ​ទោះ​ជា​បែប​ណា លោក នី ចរិយា វិញ​ហាក់​នៅ​ស្ទាក់ស្ទើរ​នៅ​ឡើយ​ជុំវិញ​ជំហរ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​មេ​ដឹក​នាំ​នៃ​គណបក្ស​នយោបាយ ដែល​ឈ្នះ​ឆ្នោត​ទាំង​ពីរ​នៅ​ពេល​នេះ។ លោក​យល់​ឃើញ​ថា ព្រោះ​ការ​វិវឌ្ឍ​ស្ថានការណ៍​នយោបាយ គឺ​នៅ​លើ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​បន្ត​ទៀត។ យ៉ាង​ណា លោក នី ចរិយា មាន​ជំនឿ​ថា អាច​មាន​ស្ថានភាព​មួយ​ដ៏​ប្រសើរ ព្រោះ​ការ​សន្យា​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ ហាក់​ប្លែក​ពី​លើក​មុនៗ​ដែល​ផ្ទុយ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

ភាព​ផ្ទុយ​គ្នា​នេះ លោក នី ចរិយា មើល​ឃើញ​ថា សម្ពន្ធភាព​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច កាល​នោះ គឺ​ផ្ដោត​ទៅ​លើ​ការ​បែង​ចែក​អំណាច និង​តួនាទី​ក្នុង​ស្ថាប័ន​រដ្ឋ។ ក៏ប៉ុន្តែ​ចរន្ត​នយោបាយ​ចុង​ក្រោយ​នេះ គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្ដេជ្ញា​រៀងៗ​ខ្លួន​ថា នឹង​កសាង​វប្បធម៌​សន្ទនា ទោះ​ឋិត​ក្នុង​កាលៈទេសៈ​អ្វី​ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។