បក្ស​ប្រឆាំង​នៅ​ខែត្រ​តាកែវ​ចោទ​មេ​ឃុំ​បក្ស​កាន់​អំណាច​ថា​រើសអើង​ជំទប់​ទី​២

ដោយ វ៉ាន វណ្ណដេត
2017-08-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ផែនទី​ខេត្ត​តាកែវ
ផែនទី​ខេត្ត​តាកែវ
Photo: RFA

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខែត្រ​តាកែវ បាន​ចោទ​ប្រកាន់​មេ​ឃុំ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ថា​បាន​រើសអើង​ជំទប់​ទី​២ មក​ពី​បក្ស​ប្រឆាំង ខណៈ​ដែល​មេ​ឃុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១៨​ឃុំ មិន​បាន​រើសអើង​ជំទប់​ទី​២ របស់​គណបក្ស​កាន់​អំណាច​នោះ​ទេ។

ការ​ចោទ​ប្រកាន់​នេះ ក្រោយ​ពេល​ដែល​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខែត្រ​តាកែវ លោក ម៉ៅ សុផល មើល​ឃើញ​តួនាទី​សំខាន់ៗ​ក្នុង​គណៈកម្មការ​នៃ​ឃុំ-សង្កាត់​ក្នុង​ខែត្រ​តាកែវ មិន​ត្រូវ​បាន​មេ​ឃុំ​ប្រគល់​ឲ្យ​ជំទប់​ទី​២ ឬ​ក្រុម​ប្រឹក្សា​មក​ពី​គណបក្ស​ប្រឆាំង​នោះ​ទេ។

លោក ម៉ៅ សុផល អះអាង​ថា មេ​ឃុំ​នៃ​គណបក្ស​ប្រឆាំង​ដែល​ឈ្នះ​ឆ្នោត​នៅ​ខែត្រ​តាកែវ ទាំង ១៨​ឃុំ-សង្កាត់ មិន​មាន​ការ​រើសអើង​ជំទប់​ទី​២ មក​ពី​គណបក្ស​កាន់​អំណាច​ឡើយ ថែម​ទាំង​ប្រគល់​បន្ទប់​មួយ​ឲ្យ​ជំទប់​ទី​២ ធ្វើ​ការ​ថែម​ទៀត។ ប៉ុន្តែ​មេ​ឃុំ-ចៅ​សង្កាត់​ទាំង​៨២ នៅ​ខែត្រ​តាកែវ មក​ពី​គណបក្ស​កាន់​អំណាច​វិញ មិន​បាន​ប្រគល់​បន្ទប់​មួយ​ឲ្យ​ទៅ​ជំទប់​ទី​២ មក​ពី​គណបក្ស​ប្រឆាំង​ធ្វើ​ការ​ឡើយ៖ «រើសអើង​គឺ​បាន​ន័យ​ថា ទី​១ តួនាទី។ តួនាទី​នៅ​ក្នុង​គណៈកម្មការ​ផ្សេងៗ ចឹង​នៅ​ក្នុង​ហ្នឹង (ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់) ដូចជា​គណៈកម្មការ​ដោះស្រាយ​ទំនាស់ គណៈកម្មការ​ស្ត្រី និង​កុមារ គណៈកម្មការ​ផ្សេងៗ គេ (មេ​ឃុំ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា) មិន​ឲ្យ​នៅ​ក្នុង​គណៈកម្មការ​ហ្នឹង។ ចំណុច​ទី​២ នៅ​ក្នុង​រដ្ឋបាល​ឃុំ-សង្កាត់ ជាពិសេស​មេ​ឃុំ (មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា) មិន​ឲ្យ​ជំទប់​ទី​២ (មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ) មាន​បន្ទប់​ធ្វើ​ការ​ទេ»

ខែត្រ​តាកែវ មាន​ឃុំ-សង្កាត់​ចំនួន ១០០​ឃុំ-សង្កាត់។ លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ គណបក្ស​ប្រជាជន​កម្ពុជា បាន​ឈ្នះ​តំណែង​ជា​មេ​ឃុំ-ចៅ​សង្កាត់ និង​ជំទប់​ទី​១ ឬ​ចៅ​សង្កាត់​រង​ទី​១ ចំនួន ៨២​ឃុំ-សង្កាត់។ ឯ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​បាន​តំណែង​មេ​ឃុំ-ចៅ​សង្កាត់ និង​ជំទប់​ទី​១ ឬ​ចៅ​សង្កាត់​រង​ទី​១ ចំនួន ១៨​ឃុំ-សង្កាត់។

ឆ្លើយតប​នឹង​ការ​ចោទ​ប្រកាន់​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ថា​មិន​មាន​អ្វី​មួយ​អាច​យក​មក​វាយ​តម្លៃ​បាន​ថា​ជា​ការ​រើសអើង ឬ​មិន​រើសអើង​នោះ​ទេ។ លោក​ស្នើ​ឲ្យ​មេ​ឃុំ ឬ​ចៅ​សង្កាត់​ធ្វើ​ការ​ដោយ​យក​ច្បាប់​ជា​បង្អែក។ លោក សុខ ឥសាន បញ្ជាក់​ថា នៅ​ពេល​ឈ្នះ​ឆ្នោត មេ​ឃុំ ឬ​ចៅ​សង្កាត់​មិន​មែន​ជា​មនុស្ស​បម្រើ​ឲ្យ​គណបក្ស​ទៀត​នោះ​ទេ គឺ​ជា​អ្នក​បម្រើ​ពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន៖ «អ្នក​ណា​ដែល​អនុវត្ត​មិន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់​ដែល​បាន​កំណត់​រួច​ហើយ អ្នក​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ហើយ។ គ្រប់​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ដែល​ជាប់​ឆ្នោត​ហើយ គេ​លែង​គិត​គោលការណ៍​គណបក្ស​ហើយ គេ​ត្រូវ​គិត​កិច្ចការ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ដោយ​ផ្អែក​ទៅ​លើ​គោលការណ៍​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ហើយ​បុគ្គល​ណា​ដែល​អនុវត្ត​មិន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់​ហ្នឹង បុគ្គល​ហ្នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»

អតីត​មេ​ឃុំ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចាញ់​ឆ្នោត​នៅ​ខែត្រ​តាកែវ បាន​ប្រគល់​បន្ទប់​មេ​ឃុំ​ចាស់​ឲ្យ​ទៅ​មេ​ឃុំ​ថ្មី ដើម្បី​ចាត់ចែង​ទាំងអស់។ លោក ម៉ៅ សុផល អះអាង​ថា មេ​ឃុំ​ថ្មី​របស់​គណបក្ស​ប្រឆាំង​បាន​ប្រគល់​បន្ទប់​មួយ​ឲ្យ​ជំទប់​ទី​១ បន្ទប់​មួយ​ទៀត​ឲ្យ​ទៅ​ជំទប់​ទី​២ បន្ទប់​មួយ​សម្រាប់​ស្មៀន​ឃុំ និង​ទុក​បន្ទប់​មួយ​សម្រាប់​មេ​ឃុំ ឬ​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ។ លោក​ទាមទារ​បន្ទប់​មួយ​នៅ​សាលា​ឃុំ ឬ​សង្កាត់ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ចាញ់​ឆ្នោត ដើម្បី​ឲ្យ​ជំទប់​ទី​២ ធ្វើ​ការ។

មន្ត្រី​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស រក​ឃើញ​ថា ករណី​រើសអើង​គ្នា​រវាង​មេ​ឃុំ និង​ជំទប់ ឬ​ករណី​ក្រុម​ប្រឹក្សា​រើសអើង​គ្នា​កន្លង​ទៅ ពិត​ជា​មាន​មែន គឺ​កាល​ពី​ក្រោយ​បោះឆ្នោត​ថ្មីៗ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ មាន​ឃុំ​ខ្លះ​បាន​សម្របសម្រួល​គ្នា​រួច​អស់​ហើយ។ លោក កន សាវាង្ស យល់​ឃើញ​ស្រដៀង​លោក សុខ ឥសាន ដែរ ដោយ​ស្នើ​ឲ្យ​មេ​ឃុំ ជំទប់ និង​ក្រុម​ប្រឹក្សា​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​តាម​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ឃុំ-សង្កាត់​បាន​ចែង៖ «កាលណា​យើង​អត់​ធ្វើ​តាម គោរព​ទៅ​តាម​ច្បាប់​ហ្នឹង វា​បែងចែក​ស្តង់ដារ​គ្នា​មួយ​ទៀត​ហើយ ហើយ​អា​ហ្នឹង​វា​ចូល​ករណី​មាន​ការ​រើសអើង​ហើយ គួរ​តែ​គោរព​ទៅ​តាម​ហ្នឹង​ទៅ ជជែក​គ្នា​ទៅ វា (ដំណោះស្រាយ) អាច​ទៅ​មុខ​ហើយ។ ប៉ិន​គ្រាន់​ថា ពី​មុន​កើត​មាន​មែន ខាង​យើង (អង្គការ​ខុមហ្វ្រែល) អង្កេត​ឃើញ​កើត​មាន ហើយ​វា​មាន​ចំនួន​ច្រើន ជាពិសេស​គណបក្ស​ថ្មី​ដែល​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ថ្មីៗ​ហ្នឹង ដែល​គាត់​ថ្មីៗ​ហ្នឹង​ទើប​ជាប់​ឆ្នោត​ថ្មី គឺ​បញ្ហា​មាន​រឿង​អស់​ហ្នឹង ប៉ុន្តែ​ក្រោយ​មក​ទៀត គេ​សម្របសម្រួល​អស់​ហើយ។ មក​ដល់​ពេល​នេះ ឃុំ-សង្កាត់​ដែល​នៅ​សល់​បញ្ហា​គួរ​តែ​បញ្ឈប់​ទៅ»

សង្គម​ស៊ីវិល​យល់​ថា បញ្ហា​នេះ​គ្រាន់​តែ​ចំណុច​តូច​ប៉ុណ្ណោះ។ មេ​ឃុំ ជំទប់​ឃុំ និង​ក្រុម​ប្រឹក្សា គួរ​ប្រជុំ​គ្នា​ដើម្បី​បញ្ឈប់​ការ​រើសអើង និង​រួម​គ្នា​ក្នុង​ការ​អភិវឌ្ឍ​ឃុំ-សង្កាត់​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល