គណបក្ស​សង្គ្រោះ​ជាតិ​ប្ដេជ្ញា​យក​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ

ដោយ យ៉ង ចាន់តារា
2017.07.17
សមាជ​សង្គ្រោះជាតិ ២០១៧ ៨៥៥ សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះជាតិ នា​ទីស្នាក់ការ​កណ្ដាល​សង្កាត់​ចាក់អង្រែលើ នៅ​​ថ្ងៃ​ទី២៥ ខែ​មេសា ឆ្នាំ​២០១៧។ RFA/Morm Moniroth
RFA/Morm Moniroth

ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៧ គឺ​ជា​ខួប ៥​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​នេះ​មិន​មាន​ការ​រៀបចំ​ពិធី​អ្វី​នោះ​ទេ គឺ​មាន​តែ​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ប៉ុណ្ណោះ ដោយ​ប្ដេជ្ញា​ចិត្ត​ប្រឹងប្រែង​ធ្វើ​សកម្មភាព​នយោបាយ ដើម្បី​យក​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ។

ក្នុង​ឱកាស​ខួប ៥​ឆ្នាំ​នេះ គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ខ្លួន “បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ត្រូវ ធ្វើ​តាម​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ និង​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​អហិង្សា ខ្មែរ​តែ​មួយ ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ និង​មិន​យក​ខ្មែរ​ណា​ជា​សត្រូវ”។ គណបក្ស​នេះ​ប្រកាស​ថា ខ្លួន​បាន “អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​នីតិរដ្ឋ និង​គោល​នយោបាយ​ប្រជាធិបតេយ្យ សេរី ពហុបក្ស” ផង​ដែរ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​សារ​ខ្លី​មួយ​នៅ​លើ​ហ្វេសប៊ុក (facebook) របស់​លោក អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​តាម​រយៈ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។ លោក​បាន​ប្រើ​ពាក្យ​ស្លោក​មួយ​ឃ្លា​ថា “រួបរួម​ដើម្បី​ផ្លាស់ប្ដូរ តស៊ូ​ដើម្បី​សង្គ្រោះ​ជាតិ”។ ចំណែក​ឯ​លោក សម រង្ស៊ី ដែល​ជា​អតីត​ប្រធាន​គណបក្ស​នេះ​វិញ មិន​ឃើញ​មាន​ការ​ថ្លែង​សារ​ណា​មួយ​អំពី​គណបក្ស​ដែល​លោក​ធ្លាប់​គ្រប់គ្រង​ជាង ៤​ឆ្នាំ​នេះ​ឡើយ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ឃើញ​ថា រយៈកាល​កន្លង​ទៅ​នេះ គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​នយោបាយ​មិន​ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ ដោយសារ​គណបក្ស​នេះ​យក​ចំណុច​ខ្សោយ​របស់​បក្ស​កាន់​អំណាច ទៅ​ធ្វើ​ជា​ចំណុច​ខ្លាំង​របស់​ខ្លួន។ លោក​ថា នេះ​ជា “នយោបាយ​អរិភាព” ដែល​មាន​ន័យ​ថា​នយោបាយ​នៃ​ភាព​ជា​សត្រូវ​នឹង​គ្នា ហើយ​វា​មិន​បាន​ផ្តល់​ប្រយោជន៍​អ្វី​សម្រាប់​ជាតិ​នោះ​ឡើយ«ដែល​ខ្ញុំ​វាយ​តម្លៃ​ថា​ការ​ប្រកួត​ប្រជែង​មិន​ផ្អែក​លើ​លទ្ធិប្រជាធិបតេយ្យ គឺ​នៅ​ត្រង់​ថា គាត់​មួលបង្កាច់​សភាពការណ៍។ តាម​ពិត ស្នាដៃ​គាត់​អត់​មាន គាត់​យក​ចំណុច​ខ្សោយ និង​ការ​ខ្វះខាត​របស់​គណបក្ស​កាន់​អំណាច ទៅ​ធ្វើ​ជា​ចំណុច​ខ្លាំង និង​ជា​គុណ​សម្បត្តិ​របស់​គាត់​ទៅ​វិញ»

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២ គណបក្ស សម រង្ស៊ី របស់​លោក សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស របស់​លោក កឹម សុខា បាន​ច្របាច់​បញ្ចូល​គ្នា​តែ​មួយ​ជា​សម្ពន្ធភាព​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ និង​បង្កើត​ទៅ​ជា​គណបក្ស​មួយ គឺ​គណបក្ស​សង្គ្រោះ​ជាតិ។

ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ គណបក្ស​ថ្មី​នេះ​បាន​ទទួល​សំឡេង​ឆ្នោត​គាំទ្រ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល គឺ ៥៥​អាសនៈ ទល់​នឹង ៦៨​អាសនៈ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ្រប់គ្រង​អំណាច​ជាង ៣​ទសវត្ស។ ក៏ប៉ុន្តែ​សកម្មជន និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​ដែល​បាន​ក្លាយ​ជា​តំណាងរាស្ត្រ​ទៅ​ហើយ​នោះ បែរ​ជា​ទទួល​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជា​បន្តបន្ទាប់​តាម​ផ្លូវ​តុលាការ ការ​ចាប់​ដាក់​ពន្ធនាគារ ការ​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស និង​ការ​វាយ​ដំ​ដោយ​ហិង្សា​ប្រព្រឹត្ត​ដោយ​ក្រុម​កង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​វិញ។

ការ​វិវឌ្ឍន៍​ចុង​ក្រោយ​បំផុត គឺ​ការ​កែប្រែ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​រារាំង​ទណ្ឌិត​មិន​ឲ្យ​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ។ ច្បាប់​ថ្មី​នេះ​ត្រូវ​បាន​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា អនុម័ត​ដោយ​ប្រញាប់ប្រញាល់​តាម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន បើ​ទោះ​បី​ជា​លោក សម រង្ស៊ី បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​បក្ស​រួច​ទៅ​ហើយ​ក្តី។

វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​នេះ នឹង​ត្រូវ​ព្រឹទ្ធសភា​លើក​យក​ទៅ​ពិនិត្យ​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា​នីតិកាល​ទី​៣ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា មុន​នឹង​បញ្ជូន​បន្ត​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ និង​បន្ទាប់​មក​ទៀត​ទៅ​អង្គ​ព្រះមហាក្សត្រ ដើម្បី​ទ្រង់​ឡាយ​ព្រះហស្តលេខា។

លោក សុខ ឥសាន បាន​បញ្ជាក់​ថា ច្បាប់​នេះ​នឹង​មាន​សុពលភាព​អនុវត្ត​ភ្លាមៗ​ក្រោយ​ពេល​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​ច្បាប់​នេះ ហើយ​ក្រោយ​ពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន​រួច​ហើយ គ្រប់​គណបក្ស​នយោបាយ​មិន​មាន​សិទ្ធិ​ផ្សារភ្ជាប់​ជាមួយ​ទណ្ឌិត​កម្រិត​ទោស​មជ្ឈិម និង​ទោស​ឧក្រិដ្ឋ​ជា​ដាច់ខាត។

ហេតុ​ដូចនេះ វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ជា​ថ្មី​នេះ នឹង​ក្លាយ​ជា​អាវុធ​ដ៏​មុត​ស្រួច​ដើម្បី​កាត់​ផ្តាច់​ទំនាក់ទំនង​រវាង​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​មាន​ឥទ្ធិពល​ជាង​គេ​រូប​នេះ ជាមួយ​នឹង​គណបក្ស​ដែល​លោក​បាន​បង្កើត​ឡើង​ដោយ​ផ្ទាល់​ជាមួយ​នឹង​លោក កឹម សុខា កាល​ពី ៥​ឆ្នាំ​មុន។

ទោះ​ជា​យ៉ាង​ណា អ្នក​ជំនាញ​ខាង​អភិបាលកិច្ច និង​វិទ្យាសាស្ត្រ​នយោបាយ បណ្ឌិត ចាន់ វិបុល យល់​ឃើញ​ថា លោក សម រង្ស៊ី នៅ​តែ​អាច​ប្រើប្រាស់​មធ្យោបាយ​បណ្ដាញ​សង្គម ដូចជា​ហ្វេសប៊ុក និង​ធ្វីតធឺ (Twitter) ជាដើម ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​លោក​ក៏​នៅ​តែ​អាច​ទាក់ទង​ជា​លក្ខណៈ​បុគ្គល​ក្រៅ​ផ្លូវការ​ជាមួយ​សមាជិក​សមាជិកា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​បន្ត​ថា លោក សម រង្ស៊ី នៅ​តែ​ជា​តួអង្គ​នយោបាយ​មួយ​ដ៏​មាន​ឥទ្ធិពល ដោយសារ​លោក​មាន​ប្រវត្តិ​ចេញ​មុខ​តស៊ូ​នឹង​អំពើ​អយុត្តិធម៌​ក្នុង​សង្គម ភាព​ក្លាហាន​នៃ​ការ​រិះគន់​ចំៗ​នូវ​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល ព្រម​ទាំង​ការ​ឲ្យ​តម្លៃ​ពី​សំណាក់​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ចំពោះ​ឥទ្ធិពល​របស់​លោក«ក្នុង​ករណី​ដែល​សមាជិក​សមាជិកា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឈប់​ឲ្យ​តម្លៃ​ទៅ​លើ​លោក សម រង្ស៊ី នោះ ទើប​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី ត្រូវ​បញ្ចប់ ក៏ប៉ុន្តែ​បើ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​បន្ត​ឲ្យ​តម្លៃ ខ្ញុំ​ឃើញ​ថា​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី នឹង​មិន​បញ្ចប់​នោះ​ទេ»

ទាក់ទង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ វិញ បណ្ឌិត ចាន់ វិបុល មើល​ឃើញ​ថា ក្នុង​រយៈកាល​កន្លង​ទៅ​នេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​រួម​ចំណែក​ច្រើន​ដែរ​សម្រាប់​ផល​ប្រយោជន៍​ជាតិ។ នោះ គឺ​ការ​ពង្រីក​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ព្រម​ទាំង​ការ​ពង្រីក​អំណាច​នយោបាយ​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ក៏ប៉ុន្តែ​ទន្ទឹម​នឹង​នេះ លោក​ថា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មាន​ចំណុច​ជាច្រើន​ទៀត​ដែល​ត្រូវ​កែលំអ«ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​ផល​ប្រយោជន៍​នៃ​ឥរិយាបថ​នយោបាយ អ្វី​ដែល​ជា​ការ​កែប្រែ​ដ៏​ធំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ គឺ​កុំ​បន្ត​ការ​វាយ​ប្រហារ​ជា​លក្ខណៈ​បុគ្គល​លើ​មេ​ដឹកនាំ​គណបក្ស​កាន់​អំណាច។ គណបក្ស​សង្គ្រោះ​ជាតិ គួរ​ពិនិត្យ​ឡើង​វិញ​ចំពោះ​រចនាសម្ព័ន្ធ​របស់​ខ្លួន ជាពិសេស​គួរ​ដាក់​បញ្ចូល​អ្នក​ដែល​មាន​ចំណេះ​ដឹង អ្នក​ដែល​មាន​គំនិត​ច្រើន​ក្នុង​ការ​រៀបចំ​យុទ្ធសាស្ត្រ។ គាត់​គួរ​តែ​រៀបចំ​យុទ្ធសាស្ត្រ​ទាក់ទាញ​អ្នក​ផ្សេង​ដែល​មិន​មែន​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​ពួក​គេ​អាច​ស្វែង​យល់​ឲ្យ​បាន​កាន់​តែ​ច្បាស់​អំពី​គោល​នយោបាយ​របស់​ខ្លួន»

អ្នក​ជំនាញ​ខាង​អភិបាលកិច្ច និង​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ​ជឿជាក់​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ អាច​កែលំអ និង​បំពេញ​ចំណុច​ខ្វះខាត​ទាំងនេះ​បាន គណបក្ស​នេះ​នឹង​អាច​ទាក់ទាញ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ទូទៅ និង​អ្នក​ដែល​មិន​មែន​ជា​សមាជិក​របស់​គណបក្ស ហើយ​ពេល​នោះ​ហើយ​ដែល​លទ្ធផល​បោះឆ្នោត​នឹង​ត្រូវ​ផ្អៀង​ទៅ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។