គណបក្សសង្គ្រោះជាតិចាប់ផ្ដើមប្រមូលញត្តិពីពលរដ្ឋនៅមូលដ្ឋានទាំង២៥ខេត្ត-រាជធានីលើកទី២
2016.06.13
គណបក្សសង្គ្រោះជាតិ ចាប់ផ្ដើមប្រមូលញត្តិពីពលរដ្ឋនៅមូលដ្ឋានទាំង ២៥ខេត្ត-រាជធានី ជាលើកទី២ នៅថ្ងៃច័ន្ទ ទី១៣ មិថុនា។ មន្ត្រីគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា នឹងថ្វាយញត្តិនេះទៅព្រះមហាក្សត្រជាលើកទី២ ដើម្បីព្រះអង្គជួយសកម្មជនគណបក្ស សកម្មជនសង្គមស៊ីវិល មន្ត្រី គ.ជ.ប កំពុងជាប់ឃុំ និងករណីលោក កឹម សុខា ដែលត្រូវតុលាការចោទប្រកាន់ និងកោះហៅ។
អគ្គលេខាធិការគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងក្នុងពិធីទទួលញត្តិថា ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅតែរក្សាជំហរមិនឲ្យលោក កឹម សុខា ចូលខ្លួនទៅតុលាការតាមការកោះហៅទេ ព្រោះលោកនៅមានអភ័យឯកសិទ្ធិសភា។ លោកហៅករណីនេះ ថាជាករណីនយោបាយ មិនមែនជាករណីបុគ្គលលោក កឹម សុខា ទេ។
លោក អេង ឆៃអ៊ាង ថ្លែងថា «យើងដឹងទាំងអស់គ្នាហើយ ទោះជាលោក បាន គីមូន សភាអឺរ៉ុប និងបណ្ដាប្រទេសជាមិត្ត ក៏លោកយល់ច្បាស់ដែរ។ បើសិនជារឿងបុគ្គល ជារឿងស្រីស្នេហ៍ វាមិនដែលអគ្គលេខាធិការអង្គការសហប្រជាជាតិ ហ្នឹង មិនដែលសភាអឺរ៉ុប ដែលមាន ២៨ប្រទេស មានសមាជិកសភាជាង ៦០០នាក់ហ្នឹង គេឈឺក្បាលហាលថ្ងៃអីទេ។ ប៉ុន្តែរឿងហ្នឹងវាជារឿងនយោបាយនៅប្រទេសកម្ពុជា។ អ៊ីចឹងហើយ ដើម្បីបញ្ចប់បញ្ហានេះបាន ទាល់តែជជែកគ្នារកដំណោះស្រាយតាមរយៈនយោបាយ។ យើងមិនអាចយកតុលាការមកឡប់ឡែទេ។ តុលាការហ្នឹង គ្រាន់តែជាឧបករណ៍មួយដើម្បីប្រើប្រាស់បង្វែរសាច់រឿងទេ។ ប៉ុន្តែមតិសាធារណៈជាតិ និងអន្តរជាតិយល់ច្បាស់រឿងហ្នឹង»។
ទាក់ទងនឹងការអំពាវនាវឲ្យអ្នកគាំទ្រមកប្រមូលផ្ដុំគ្នានៅទីស្នាក់ការកណ្ដាល នៅថ្ងៃទី១៤ មិថុនា លោកបញ្ជាក់ថា មិនមែនមកធ្វើបាតុកម្មទេ គឺមកឃ្លាំមើលស្ថានការណ៍នយោបាយទាក់ទងករណីលោក កឹម សុខា នេះ។
សូមស្ដាប់អ្នកយកព័ត៌មាននៃវិទ្យុអាស៊ីសេរី លោក ថា កិត្យា រាយការណ៍អំពីស្ថានភាពនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដូចតទៅ៖