មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ចោទ​អាជ្ញាធរ​ខេត្ត​កណ្ដាល​ថា​ធ្វើ​ឲ្យ​រាំង​ស្ទះ​ការ​ដំឡើង​ស្ថានីយ​ទូរទស្សន៍

ដោយ ឡេង ម៉ាលី
2016.03.27
យឹម សុវណ្ណា ៨៥៥ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​វិមាន​រដ្ឋ​សភា កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Morm Moniroth

មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា កម្មវិធី​ទូរទស្សន៍​ព្រះអាទិត្យ ដែល​គ្រោង​ផ្សាយ​នៅ​ចុង​ឆ្នាំ​២០១៥ ហើយ​អូស​បន្លាយ​រហូត​មក​ដល់​ពេល​នេះ គឺ​ដោយសារ​តែ​អាជ្ញាធរ​ធ្វើ​ឲ្យ​រាំង​ស្ទះ។ គណបក្ស​នេះ​ព្រមាន​ថា នឹង​ធ្វើ​សន្និសីទ​កាសែត ប្រសិន​បើ​ការ​រាំង​ស្ទះ​ជា​ហេតុផល​នយោបាយ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យ​ដឹង​ថា ការងារ​ដំឡើង​អង់តែន​របស់​ស្ថានីយ​ទូរទស្សន៍​ព្រះអាទិត្យ កំពុង​រាំង​ស្ទះ​ដោយសារ​តែ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​កណ្ដាល។

បញ្ហា​នេះ ត្រូវ​បាន លោក យឹម សុវណ្ណ ប្រកាស​នៅ​ក្នុង​សន្និបាត​ក្រុម​ប្រឹក្សា​ជាតិ​លើក​ទី​២ របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៦ មីនា ក្នុង​ពេល​ដែល​លោក​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ​គណបក្ស​រយៈពេល ២​ឆ្នាំ​កន្លង​មក៖ «ឥឡូវ​កំពុង​កក​នៅ​ខេត្ត​កណ្ដាល។ ឥឡូវ​អត់ធ្មត់​សិន មិន​ទាន់ធ្វើ​សន្និសីទ​កាសែត​ទេ ប៉ុន្តែ​បើ​ហេតុផល​នយោបាយ អា​ហ្នឹង​ត្រូវ​ធ្វើ​ហើយ​សន្និសីទ​កាសែតឥឡូវ​គេ​ថា​លក្ខណៈ​បច្ចេកទេស ថា​មាន​គេ​ប្ដឹង ២១​គ្រួសារ មិន​ឲ្យ​លើក​ទេ។ ដល់​ទៅ​សួរ​នាំ​មែន​ទែន អត់​មាន​អ្នក​ណា​ចេញ​មក​ប្ដឹង​ផង តាម​ឮ​សូរ​ព័ត៌មាន​មក​ថា ប្រធាន​ភូមិថា​ប្ដឹង​ទៅៗ ប្ដឹង​ដាក់​ថា​ប៉ះពាល់​សុខភាព​កុំ​ឲ្យ​លើកយ៉ាង​ម៉េច​អ៊ីចេះ ដូច​អត់​ស្រួល​ទេ​ណា។ អ៊ីចឹង​បើស្មោះ​ត្រង់ជាមួយ​គ្នា បើ​ឲ្យ​លីសង់ (អាជ្ញាប័ណ្ណ) កុំ​បន្ទច់បង្អាក់​អ៊ីចឹង។ ថ្ងៃ​មុន​នោះ​ឲ្យ​គេ​មក​ទារ​លុយ ដល់​ខ្ញុំ​ថា​ឥឡូវ​អញ្ជើញ​មក​ចុះ ខ្ញុំ​បើក​ឲ្យ ប៉ុន្តែ​អត់​មាន​ម្នាក់​ណា​សោះ។ ដល់​តែ​ស្រាវជ្រាវ​មែន​ទែន មិន​ដឹង​ឈ្មោះ​នៅ​ឯណា? យ៉ាប់​មែន​ទែន»

រហូត​មក​ដល់​ថ្ងៃ​ទី​២៧ មីនា វិទ្យុ​អាស៊ីសេរី មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ណា​មួយ​ពី​អាជ្ញាធរ​ខេត្ត​កណ្ដាល នៅ​ឡើយ​ទេ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​គណបក្ស​សង្គ្រោះ​ជាតិ អំពី​រឿង​ដែល​រាំង​ស្ទះ​ការ​ដំឡើង​អង់តែន​ទូរទស្សន៍​ព្រះអាទិត្យ​នេះ។

ការ​កសាង​ស្ថានីយ​ទូរទស្សន៍​ព្រះអាទិត្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ធ្លាប់​មាន គឺ​កើត​ចេញ​ពី​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។ កិច្ចព្រមព្រៀង​នេះ ជា​ថ្នូរ​នឹង​ការ​យល់ព្រម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចូល​សភា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ការ​ថវិកា ៣​លាន​ដុល្លារ ដើម្បី​ដំណើរ​ការ​ផ្សាយ​ទូរទស្សន៍​ថ្មី​នេះ។

លោក យឹម សុវណ្ណ ថ្លែង​ថា ចំណូល​ថវិកា​វិភាគទាន​ដែល​ទទួល​បាន​ពី​ប្រជាពលរដ្ឋ​ខ្មែរ​រហូត​មក​ដល់​ឆ្នាំ​២០១៥ មាន​ចំនួន ៧០​ម៉ឺន​ដុល្លារ។ ក្នុង​ចំនួន​នេះ ត្រូវ​បាន​គណបក្ស​ចំណាយ​អស់ ១៦​ម៉ឺន​ដុល្លារ​ហើយ៖ «ទិញ​ដី​អស់ ១០​ម៉ឺន ៧​ពាន់ ហើយ​និង​ធ្វើ​របង​អស់ ១​ម៉ឺន ៨​ពាន់។ ឧបត្ថម្ភ​អ្នក​ដែល​ជួយ​ប្រមូល​លុយ​បាន ៧០​ម៉ឺន​ហ្នឹង ៣​ម៉ឺន ៥​ពាន់។ សល់ ៤៤​ម៉ឺន អត់​ចាយ​ដាច់​ខាត ទោះ​បី​គណបក្ស​អត់​លុយ ក៏​មិន​ឲ្យ​ចាយ​ដែរ ព្រោះ​ត្រូវ​ធ្វើ​ទូរទស្សន៍​បាន។ ខ្ញុំ​មិញ​និយាយ​ថា ៤៤ សុំ​ទោស គឺ​៥៤​ម៉ឺន ទុក​សម្រាប់​គម្រោង​ទូរទស្សន៍។ អា​នេះ​អត់​ចាយ​ទេ»

ថវិកា​ចំនួន ៧០​ម៉ឺន​ដុល្លារ​ដែល​គណបក្ស​នេះ​មាន ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា បាន​មក​ពី​វិភាគទាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ចាប់​ពី​អ្នក​សុំ​ទាន រហូត​ដល់​មន្ត្រី​រាជការ និង​ឧកញ៉ា។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បន្ទុក​ការងារ​ទូរទស្សន៍​ព្រះអាទិត្យ លោក គី វណ្ណដារ៉ា ធ្លាប់​បញ្ជាក់​ថា ទូរទស្សន៍​នេះ​នឹង​ផ្សព្វផ្សាយ​ដំណឹង​ពិត​ដែល​កើត​ឡើង​ពិត​ប្រាកដ និង​មិន​ផ្សាយ​ពាណិជ្ជកម្ម​ស្រា​បារី​នោះ​ទេ។ លោក​បន្ត​ទៀត​ថា ទូរទស្សន៍​ដែល​កើត​ចេញ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​នេះ កំពុង​បណ្ដុះ​ធនធាន​មនុស្ស រៀបចំ​កម្មវិធី និង​បច្ចេកទេស​ជា​បណ្ដើរៗ ប៉ុន្តែ​មាន​អ្នក​ជំនាញការ​ជា​ជន​បរទេស​ខ្លះ បាន​ផ្ដល់​បច្ចេកទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។