គណបក្សសង្គ្រោះជាតិ នឹងងាកទៅរៀបចំធ្វើពិធីតាមបែបព្រះពុទ្ធសាសនា នៅព្រឹកថ្ងៃទី៧ មិថុនា ដើម្បីបួងសួងឲ្យមានការគោរពអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រគ្រប់រូប។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានប្រកាសអំពីការធ្វើពិធីនេះដល់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលមកប្រមូលផ្ដុំគ្នានៅទីស្នាក់ការកណ្ដាល នាសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ នៅថ្ងៃទី៥ មិថុនា។ លោកថា ការធ្វើពិធីនេះ គឺជាការតស៊ូមតិទាំងតាមផ្លូវអាណាចក្រ និងផ្លូវសាសនា៖ « និមន្តលោក ១២៣អង្គ ដើម្បីសូត្រមន្ត និងរាប់បាត្រ ដើម្បីទទួល បានមក វិញ ធ្វើម៉េចឲ្យសីលទានទាំងប៉ុន្មានការពារអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រទាំង ១២៣រូប ថែមទាំង ព្រឹទ្ធសភា ៦១រូបទៀត ប៉ុន្តែដោយសារទីធ្លាចង្អៀតមិនអាចអង្គុយបាន ១៨៤ទេ បានតែ ១២៣អង្គ។ ប៉ុន្តែធ្វើបុណ្យឧទ្ទិសកុសល ដើម្បីការពារទៅដល់ការពារ អភ័យឯកសិទ្ធិ ទាំងសមាជិកសភា ១២៣រូប និងទាំងព្រឹទ្ធសភា ៦១រូប » ។
លោក យឹម សុវណ្ណ ក៏ប្រកាសដែរថា គណបក្សសង្គ្រោះជាតិ នៅតែបន្តសកម្មភាពប្រមូលផ្ដុំអ្នកគាំទ្រនាទីស្នាក់ការកណ្ដាលរបស់ខ្លួន និងប្រមូលស្នាមមេដៃពលរដ្ឋគាំទ្រញត្តិ រហូតទាល់តែតុលាការទម្លាក់ចោលការចោទប្រកាន់ និងការប៉ុនប៉ងចាប់ខ្លួនប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ដែលលោកហៅថា ជាការរំលោភអភ័យឯកសិទ្ធិការពារដោយរដ្ឋធម្មនុញ្ញ។ គណបក្សសង្គ្រោះជាតិ ក៏ទាមទារឲ្យមានការដោះស្រាយបញ្ចប់បរិយាកាសនយោបាយតានតឹងបច្ចុប្បន្ន ដោយការដោះលែងសកម្មជនគណបក្ស សកម្មជនអង្គការមិនមែនរដ្ឋាភិបាល និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលកំពុងជាប់ឃុំឃាំង។
គណបក្សសង្គ្រោះជាតិ នឹងប្រមូលញត្តិពីពលរដ្ឋនៅព្រឹកថ្ងៃទី១៣ មិថុនា ហើយហែញត្តិទាំងនោះទៅព្រះបរមរាជវាំងទៀតនៅរសៀលថ្ងៃដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។