មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ប៉ៃលិន​បារម្ភ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​មិន​គ្រប់​គ្នា

អាស៊ីសេរី
2017-09-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
បដា​បង្ហាញ​ពី​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ នៅ​ក្នុង​ឃុំ​ស្ទឹងកាច់ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ ។
បដា​បង្ហាញ​ពី​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ នៅ​ក្នុង​ឃុំ​ស្ទឹងកាច់ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ ។
ដោយអាស៊ីសេរី

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ប៉ៃលិន កំពុង​ព្រួយ​បារម្ភ​ខ្លាច​ក្រែងប្រជា​ពល​រដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ មិន​គ្រប់​គ្នា។ មន្ត្រី​បក្ស​ប្រឆាំងរូប​នេះ​អះអាង​ថា​ មូល​ហេតុ​ដែល​ព្រួយបារម្ភដោយសារ​អភិបាល​ស្រុក​ សាលាក្រៅបញ្ជា​ឲ្យ​ស្មៀន​ឃុំ​ស្ទឹង​កាច់​ យក​ត្រា​ទៅ​ទុក ហើយ​ស្មៀនក៏​បាន​យក​ត្រា​ទៅ​ចាក់​សោ​ទុក​ មិន​អាច​ចេញ​លិខិត​បញ្ជាក់​ជូន​ពលរដ្ឋដើម្បី​ឲ្យ​ពួក​គាត់​យក​ទៅចុះ​ឈ្មោះ​បោះឆ្នោត​បាន​។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ខេត្ត​ប៉ៃលិន​ លោក ឃឹម ប៉ុន ហៅ​ទង្វើ​របស់​អភិបាល​ស្រុក​សាលា​ក្រៅ​ លោក​ សំ សារ៉េត ​ថា​ជា​ចេតនា​មួយរារាំង​ប្រជា​ពលរដ្ឋ ដើម្បី​កុំ​ឲ្យ​ពួក​គាត់​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ ទាន់​ពេល​កំណត់។ ការ​បោះឆ្នោត​ជ្រើសរើសមេ​ឃុំ​ចៅ​សង្កាត់ កាល​ពី​ខែ​មិថុនា​ កន្លង​ទៅ ឃុំ​មួយ​នេះ គណបក្ស​ប្រឆាំងឈ្នះ​ឆ្នោត​ធ្វើ​ជា​មេឃុំ​។

លោក​ ឃឹម ប៉ុន អះអាង​ថា ពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត ​នៅ​ខេត្ត​ប៉ៃលិន​ សរុប​មាន​ជាង ​៤​ម៉ឺន ក្នុង​នោះអ្នក​ដែល​ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី មាន​ជាង ​៦​ពាន់​នាក់។ ចំណែក​ឯ​ពលរដ្ឋដែល​ចុះ​ឈ្មោះ​បោះឆ្នោត​ រួច គិត​ត្រឹម​ថ្ងៃ​ទី​១៣​ កញ្ញា ទើប​តែ​បាន​ជាង​ ៥០០​នាក់។

គ.ជ.ប ឱ្យ​ដឹង​ថា ​រយៈ​ពេល​ ១៧ថ្ងៃ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ ចាប់​ពី​ថ្ងៃ​ទី​១ ​ដល់​ ១៧​ ខែ​កញ្ញា មាន​​ពលរដ្ឋ​ខ្មែរ​ជាង​ ១១ម៉ឺន ​៣​ពាន់​នាក់​ ស្មើ​នឹង​ជិត ៧​ភាគរយ បាន​ទៅ​ចុះ​ឈ្មោះ ខណៈ​ពលរដ្ឋ​ចំនួន ​៤៨៥​នាក់ ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី។ តាម​ការ​ប៉ាន់ស្មាន ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​ទៅ​ចុះ​បោះឆ្នោត​ ក្នុង​បញ្ជី​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី ​ឆ្នាំ២០១៧ ​មាន​ចំនួន​ជាង ​១​លាន​ ៦​សែន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល