លោក កឹម សុខា ណែនាំ​បេក្ខភាព​ស្ត្រី​ឲ្យ​ប្រើ​មធ្យោបាយ​អហិង្សា​ពេល​ឃោសនា​បោះឆ្នោត

ដោយ សុ ជីវី
2017-05-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ពេល​ជួប​ប្រជុំ​ជាមួយ​បេក្ខជន​ជា​ស្ត្រី​ដែល​ឈរ​លេខ​រៀង​ទី​១ ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នា​ទីស្នាក់ការ​គណបក្ស​ក្នុង​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ពេល​ជួប​ប្រជុំ​ជាមួយ​បេក្ខជន​ជា​ស្ត្រី​ដែល​ឈរ​លេខ​រៀង​ទី​១ ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នា​ទីស្នាក់ការ​គណបក្ស​ក្នុង​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA/Chorn Chanren

គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ឧសភា ជួប​ប្រជុំ​បេក្ខជន​ជា​ស្ត្រី​ដែល​ឈរ​លេខ​រៀង​ទី​១ ជា​លើក​ដំបូង​នៅ​មុន​ការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ចូល​មក​ដល់។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ណែនាំ​ឲ្យ​បេក្ខនារី​ទាំងអស់​ប្រកាន់​យក​មធ្យោបាយ​អហិង្សា និង​បញ្ចៀស​ការ​ជេរ​ប្រមាថ​នៅ​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

ថ្លែង​នៅ​ចំពោះ​មុខ​បេក្ខនារី​ដែល​ឈរ​ឈ្មោះ​នៅ​លេខ​រៀង​ទី​១ ចំនួន ១០៣​នាក់ ដែល​មក​ពី​ទូទាំង​ប្រទេស ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឌឺដង​ទៅ​គណបក្ស​មួយ​ដែល​តែង​ព្រមាន​ពី​សង្គ្រាម និង​ពី​ការ​បង្ក្រាប​នានា​នៅ​ក្រោយ​ការ​បោះឆ្នោត​ថា ពលរដ្ឋ​នឹង​ជ្រើសរើស​យក​អ្នក​ដែល​ស្រឡាញ់​សន្តិភាព។

លោក កឹម សុខា បញ្ជាក់​ថា នៅ​ក្នុង​ការ​ឃោសនា​ខាង​មុខ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជ្រើសរើស​យក​ធម៌​អហិង្សា ទាំង​សកម្មភាព និង​ពាក្យ​សម្ដី«មិន​មែន​យើង​កំសាក​ទេ​បង​ប្អូន! តែ​យើង​ដឹង​ថា យើង​ធ្វើ​ដំណើរ​ជិត​ដល់​គោលដៅ​ហើយ។ ខ្ញុំ​ឧទាហរណ៍​រត់​ប្រណាំង​គ្នា បើ​យើង​រត់​ចង់​វ៉ា (ជែង) គេ​យក​ជើង​ប៉ែង​យើង តើ​យើង​រវល់​តែ​ងាក​មក​វាយ​គេ​ធ្វើ​អី? កុំ​ងាក​ក្រោយ លោត​ទៅ​មុខ​ទៀត​ទៅ​បង​ប្អូន

លោក កឹម សុខា ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​រក្សា​សន្តិភាព«បើ​គេ​ចង់​វាយ​យើង​បំបាក់​ធ្មេញ បើ​គេ​ចង់​ធ្វើ​អី​ទុក​ឲ្យ​ប្រជាពលរដ្ឋ​លោក​វិនិច្ឆ័យ​ចុះ សន្លឹក​ឆ្នោត​យើង​ចង់​បាន​តែ​ប្រជាពលរដ្ឋ​សម្រេច​ចិត្ត​ដោយ​ឆន្ទៈ​បាន​ដែរ? បើ​ប្រជាពលរដ្ឋ​ចូល​ចិត្ត​ស្រឡាញ់​អ្នក​ដែល​វាយ​បំបាក់​ធ្មេញ​យើង បោះ​ឲ្យ​គេ​ទៅ បើ​ប្រជាពលរដ្ឋ​ចូល​ចិត្ត​អ្នក​ស្លូត​ដូច​គណបក្ស​សង្គ្រោះ​ជាតិ បោះ​ឲ្យ​សង្គ្រោះ​ជាតិ ទៅ ស្រេច​តែ​ប្រជាពលរដ្ឋ​ទេ»

បើ​ទោះ​បី​ជា​ថ្លែង​ដោយ​មិន​បញ្ចេញ​ឈ្មោះ ក៏​ការ​លើក​ឡើង​នេះ​ទំនង​សំដៅ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច។

កន្លង​ទៅ​ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​សព្វថ្ងៃ ព្រមាន​ជា​ញឹកញយ​ថា បើ​គណបក្ស​លោក​មិន​បាន​កាន់​អំណាច​បន្ត​ទៀត​ទេ សង្គ្រាម​នឹង​ផ្ទុះ​ឡើង​ជា​ថ្មី​នៅ​កម្ពុជា។

ស្រប​គ្នា​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​គំរាម​ជា​សាធារណៈ​ថា បើ​អ្នក​ណា​ចាញ់​ឆ្នោត ហើយ​មិន​ព្រម​ទទួល​លទ្ធផល​ចាញ់ ដោយ​នាំ​គ្នា​ចេញ​មក​តវ៉ា លោក​ថា​នឹង​បង្ក្រាប​វាយ​ឲ្យ​បែក​ធ្មេញ។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​របស់​លោក កឹម សុខា អ្នក​តំណាងរាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​បាន​ដឹង​យ៉ាង​ប្រាកដ​ហើយ​ថា គណបក្ស​ណា​ដែល​រក្សា​សន្តិភាព ហើយ​គណបក្ស​ណា​ដែល​តែង​បង្ក​បញ្ហា​ក្នុង​សង្គម​នៅ​ក្រោយ​ការ​បោះឆ្នោត«ប្រជាជន​គេ​មិន​ត្រូវ​ការ​គណបក្ស​បែប​ហ្នឹង​ទេ។ គណបក្ស​ដែល​ចេះ​តែ​និយាយ​ភូតភរ​កុហក​បោកប្រាស់​ប្រជាពលរដ្ឋ​ពី​ចំណុច​មួយ​ទៅ​ចំណុច​មួយ​ទៀត​មិន​ចេះ​ចប់​ហ្នឹង ប្រជាពលរដ្ឋ​មិន​ត្រូវការ​ទេ។ ប្រជាជន​ត្រូវការ​គណបក្ស​ណា​ដែល​កសាង ការពារ​សន្តិភាព ដើម្បី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រកប​ដោយ​ភាព​សុខសាន្ត​ត្រាណ សម្បូរ​សប្បាយ ការ​រីក​ចម្រើន»

ទាក់ទង​នឹង​ការ​ជួបជុំ​បេក្ខភាព​ស្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ លោក សុខ ឥសាន លើក​ឡើង​ថា បេក្ខនារី​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មាន​សមត្ថភាព មិន​មែន​មាន​តែ​ចំនួន​ឡើយ។ លោក​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​បន្ត​ពង្រឹង​សមត្ថភាព​ស្ត្រី​តាម​មូលដ្ឋាន ធ្វើ​យ៉ាង​ណា​ធានា​ថា​ស្ត្រី​ដែល​ឈរ​នៅ​លេខ​រៀង​ទី​១ បាន​ជាប់​ជា​មេ​ឃុំ-ចៅ​សង្កាត់។

គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ក្នុង​អាណត្តិ​ទី​៤ នេះ គណបក្ស​នេះ​បាន​បង្កើន​ចំនួន​ស្ត្រី ទាំង​បេក្ខជន​ដែល​ឈរ​នៅ​លេខ​រៀង​ទី​១ និង​បេក្ខភាព​បន្តបន្ទាប់។ ក្នុង​របាយការណ៍​របស់ គ..ប បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​បេក្ខជន​សរុប​ជាង ៤.០៩១​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ១៦,០៥% ស្ត្រី​ឈរ​នៅ​លេខ​រៀង​ទី​១ ដែល​នឹង​ក្លាយ​ជា​មេ​ឃុំ-ចៅ​សង្កាត់​នៅ​ពេល​ជាប់​ឆ្នោត​មាន​ចំនួន ១០៣​នាក់ លេខ​រៀង​ទី​២ ចំនួន ១៥១​នាក់ លេខ​រៀង​ទី​៣ ចំនួន ២៤៥​នាក់ និង​លេខ​រៀង​ទី​៤ ចំនួន ២៩៤​នាក់។

ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា វិញ​មាន​បេក្ខជន​សរុប​ចំនួន ៧.០១៧​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ២២,១៩%។ នៅ​លេខ​រៀង​ទី​១ មាន​ស្ត្រី​ចំនួន ១៣១​រូប លេខ​រៀង​ទី​២ មាន ២៨៩​រូប លេខ​រៀង​ទី​៣ ចំនួន ៤៧១​នាក់ និង​លេខ​រៀង​ទី​៤ មាន​ចំនួន ៥៧៤​នាក់។

បើ​ទោះ​ជា​យ៉ាង​ណា អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​លើក​ស្ទួយ​ស្ត្រី​នៅ​ក្នុង​វិស័យ​នយោបាយ នៅ​តែ​មើល​ឃើញ​ថា ចំនួន​ស្ត្រី​ដែល​អាច​ជាប់​ឆ្នោត​ទៅ​បំពេញ​ការងារ​ក្នុង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​អាណត្តិ​ថ្មី​នេះ នឹង​នៅ​តែ​តិចតួច បើ​ប្រៀបធៀប​នឹង​ចំនួន​ស្ត្រី​ដែល​ជា​អ្នក​បោះឆ្នោត​មាន​ចំនួន​ដ៏​ច្រើន​នោះ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល