មន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​ត្បូងឃ្មុំ​ស្នើ​អាជ្ញាធរ​ស្វែងរក​ចាប់​ឃាតក​សម្លាប់​សកម្មជន​ម្នាក់

ដោយ ហ៊ុំ ចំរើន
2016-09-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ផែនទី​ខេត្ត​ត្បូងឃ្មុំ
ផែនទី​ខេត្ត​ត្បូងឃ្មុំ
Photo: RFA

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ត្បូងឃ្មុំ ស្នើ​ឲ្យ​សមត្ថកិច្ច​វែក​មុខ​ចាប់​ឃាតក​ដៃ​ដល់​ដែល​សម្លាប់​សកម្មជន​គណបក្ស​ខ្លួន យក​មក​ផ្ដន្ទាទោស​ឲ្យ​បាន​ឆាប់​រហ័ស។ សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់​នៅ​ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​កាប់​មួយ​កាំបិត​ស្លាប់​នៅ​នឹង​កន្លែង​កាល​ពី​យប់​ថ្ងៃ​ទី​២១ កញ្ញា។ រហូត​មក​ទល់​ពេល​នេះ សមត្ថកិច្ច​ពុំ​ទាន់​កំណត់​មុខ​សញ្ញា​ឃាតក​បាន​នៅ​ឡើយ​ទេ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ត្បូងឃ្មុំ ហៅ​ករណី​ឃាតកម្ម​លើ​សកម្មជន​នេះ ថា​ជា​អំពើ​សាហាវ​ព្រៃផ្សៃ​ប៉ះពាល់​ជា​ខ្លាំង​ដល់​សតិ​អារម្មណ៍​មន្ត្រី​គណបក្ស​ប្រឆាំង​ក្នុង​មូលដ្ឋាន នាំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ត្បូងឃ្មុំ លោក សេង ស៊ាងលី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២២ កញ្ញា ថា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ភូមិ​ខ្ទុំកើត ឃុំ​ជីគរ ស្រុក​ត្បូងឃ្មុំ គឺ​លោក ឃិន អ៊ាប អាយុ ៥៥​ឆ្នាំ ត្រូវ​បាន​ឃាតក​ដៃ​ដល់​សម្លាប់ ខណៈ​ដែល​លោក​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ផ្ទះ​បង​ប្អូន​នៅ​ភូមិ​ខ្ទុំកើត កាល​ពី​ម៉ោង ៨​កន្លះ​យប់​ថ្ងៃ​ទី​២១ កញ្ញា។ លោក​អះអាង​ថា លោក ឃិន អ៊ាប ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​កាប់​មួយ​កាំបិត​ចំ​ក្បាល​លើ​ចិញ្ចើម​ខាង​ឆ្វេង បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង៖ «រឿង​នេះ​ខ្ញុំ​មាន​ព្រួយ​បារម្ភ​ណាស់ ព្រោះ​ខ្លាច​គេ​ធ្វើ​អំពើ​បែប​នេះ​មក​លើ​ពួក​ខ្ញុំ​ទៀត ហើយ​សមត្ថកិច្ច​ឆ្លើយ​ថា​ជា​រឿង​គំនុំ។ ហើយ​បញ្ហា​នេះ​មិន​គួរ​ឲ្យ​កើត​មាន​ឡើង​ទេ ព្រោះ​ថ្ងៃ​បោះឆ្នោត​ឃុំ-សង្កាត់​កាន់​តែ​ខិត​ជិត​មក​ហើយ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អធិការ​រង​នគរបាល​ស្រុក​ត្បូងឃ្មុំ ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ លោក ឡុង សារឹន មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ចុះ​ស៊ើប​អង្កេត​អស់​មួយ​ព្រឹក ហើយ​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ករណី​ឃាតកម្ម​នេះ​អាច​ជា​រឿង​គំនុំ​ផ្ទាល់​ខ្លួន ប៉ុន្តែ​លោក​ថា សមត្ថកិច្ច​ពុំ​ទាន់​កំណត់​មុខ​សញ្ញា​ច្បាស់លាស់​ថា​ជន​ដៃ​ដល់​ជា​នរណា​នៅ​ឡើយ៖ «សាច់ញាតិ​នៃ​សព​បាន​និយាយ​ប្រាប់​ខ្ញុំ​ដែរ ថា​កន្លង​មក​ជន​រងគ្រោះ​ធ្លាប់​មាន​ទំនាស់​តិចតួច​ជាមួយ​អ្នក​ភូមិ​ជិត​ខាង។ ហើយ​ក៏​យើង​កំពុង​តែ​ស៊ើប​អង្កេត​មើល​លើ​ការងារ​នេះ»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត ដែល​បាន​ចុះ​ស៊ើប​អង្កេត​ផ្ទាល់​ដល់​ទីកន្លែង បញ្ជាក់​ថា អំពើ​ឃាតកម្ម​នេះ​ពុំ​ទាន់​កំណត់​ថា​ជា​រឿង​គំនុំ ឬ​ជា​ករណី​នយោបាយ​ច្បាស់លាស់​នៅ​ឡើយ​ទេ។ លោក នាង សុវ៉ាត ហៅ​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ប៉ូលិស​ថា​ជា​ការ​ឆាប់​រហ័ស​ពេក ហើយ​ធ្វើ​ឲ្យ​សាច់ញាតិ​នៃ​សំណុំ​រឿង​នេះ​មាន​មន្ទិល​ទៅ​លើ​សមត្ថកិច្ច៖ «ដើម្បី​កុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ថា​ជា​រឿង​នយោបាយ ទាល់​តែ​សមត្ថកិច្ច​បង្ហាញ​មក​ថា តើ​ឃាតក​នោះ​ជា​អ្នក​ណា? បើ​សិន​ជា​សមត្ថកិច្ច​រក​មិន​ឃើញ​ឃាតក​ទេ នោះ​ការ​ចោទ​ប្រកាន់​នៅ​តែ​មាន​ត​ទៀត»

លោក នាង សុវ៉ាត កត់​សម្គាល់​ទៀត​ថា ករណី​ឃាតកម្ម​ទៅ​លើ​សកម្មជន​គណបក្ស​ប្រឆាំង​កន្លង​ទៅ កម្រ​ឃើញ​សមត្ថកិច្ច​ចាប់​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​ម្ដង​ណា​ឡើយ។ លោក​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​អំពើ​ឃាតកម្ម​នេះ សមត្ថកិច្ច​ពុំ​អាច​ផ្ដល់​យុត្តិធម៌​ជូន​សាច់ញាតិ​ជន​រងគ្រោះ​ដូច​ពេល​មុខ​ទៀត។

បច្ចុប្បន្ន សាកសព​ជន​រងគ្រោះ ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​បែប​ព្រះពុទ្ធសាសនា​នៅ​ស្រុក​កំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល