ក្រសួង​មហាផ្ទៃ​នឹង​បញ្ជូន​លក្ខន្តិកៈ​ថ្មី​ឲ្យ​បក្ស​ប្រឆាំង​វិញ​ក្នុង​ពេល​ឆាប់ៗ​ក្រោយ​ពិនិត្យ​រួច

ដោយ ទីន ហ្សាការីយ៉ា
2017.04.27
ខៀវ សុភ័គ ២០១៦ ៦២២ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។
RFA

ក្រសួង​មហាផ្ទៃ បាន​បញ្ជូន​លក្ខន្តិកៈ​របស់​គណបក្ស​ប្រឆាំង​ដល់​ខុទ្ទកាល័យ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​ពិនិត្យ​មើល​ជា​ថ្មី​ម្ដង​ទៀត​ហើយ។ ក្រសួង​នឹង​បញ្ជូន​ត្រឡប់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ វិញ​ក្នុង​ពេល​ឆាប់ៗ ក្រោយ​ពី​ពិនិត្យ​មើល​លក្ខន្តិកៈ​ថ្មី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​វិសោធនកម្ម​ប្រការ​មួយ​ចំនួន​កាល​ពី​ថ្ងៃ​ទី​២៥ មេសា។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ មេសា ថា ក្រសួង​នឹង​ខិតខំ​ពិនិត្យ​មើល​លក្ខន្តិកៈ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បាន​លឿន​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​បញ្ជូន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ វិញ ថា​តើ​លក្ខន្តិកៈ​នោះ​ពិត​ជា​ត្រឹមត្រូវ ឬ​មិន​ត្រូវ​នោះ?

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា រដ្ឋបាល​ក្រសួង​មហាផ្ទៃ ទើប​ទទួល​បាន​លក្ខន្តិកៈ​ដែល​បក្ស​ប្រឆាំង​បញ្ជូន​មក​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៦ មេសា ដូច្នេះ​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង នឹង​ពិនិត្យ​មើល​លក្ខន្តិកៈ​នេះ។ លោក​មិន​អាច​ឲ្យ​ដឹង​ជាក់លាក់​បាន​ទេ ថា​តើ​ថ្ងៃ​ណា​នឹង​បញ្ជូន​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ វិញ​នៅ​ឡើយ ប៉ុន្តែ​លោក​បញ្ជាក់​ថា ក្រសួង​នឹង​ពិនិត្យ​មើល​ឲ្យ​ឆាប់​ចប់«ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្រសួង​នឹង​ខិតខំ​ធ្វើ​ការងារ​ហ្នឹង​ជូន»

គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជូន​លក្ខន្តិកៈ​ដែល​មាន ៩​ជំពូក និង ៥៨​ប្រការ​ទៅ​ក្រសួង​មហាផ្ទៃ ភ្លាមៗ​ក្រោយ​ពី​បាន​ធ្វើ​វិសោធនកម្ម​ប្រការ ៤៧​ថ្មី ទៅ​ប្រការ ៤៧​ថ្មី (មួយ) ដោយ​សម្រេច​លុប​ចេញ​រយៈពេល​នៃ​ការ​ជ្រើសរើស​អនុប្រធាន​បក្ស​នៅ​ក្នុង​អង្គ​សមាជ​វិសាមញ្ញ​កាល​ពី​ថ្ងៃ​ទី​២៥ មេសា។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ផ្ដល់​បទសម្ភាសន៍​នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៧។
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ផ្ដល់​បទសម្ភាសន៍​នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៧។
RFA/Rach Vingur

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជ្រើសរើស​អនុប្រធាន​គណបក្ស​ជា​ថ្មី​នៅ​ក្រោយ​ពេល​ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​លក្ខន្តិកៈ​ថ្មី​ដែល​បាន​កែប្រែ​នោះ

ក្រសួង​មហាផ្ទៃ មិន​បាន​ទទួល​ស្គាល់​សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២ មីនា ដែល​បាន​ជ្រើសរើស​លោក កឹម សុខា ជា​ប្រធាន​បក្ស និង​អនុប្រធាន ៣​រូប​ទៀត​រួម​មាន លោក អេង ឆៃអ៊ាង លោក ប៉ុល ហំម និង​អ្នកស្រី មូរ សុខហួរ ដោយ​ក្រសួង​បញ្ជាក់​ពី​មូលហេតុ​ថា ការ​រៀបចំ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ថ្មី ធ្វើ​ឡើង​ខុស​លក្ខន្តិកៈ​ដែល​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ឆ្នាំ​២០១២។ ការ​ជ្រើសរើស​សមាសភាព​ដឹកនាំ​ថ្មី​នេះ នៅ​ក្រោយ​ពេល​លោក សម រង្ស៊ី ដែល​ជាប់​បណ្ដឹង​រាប់​មិន​អស់​នៅ​តុលាការ បាន​លាលែង​ពី​ប្រធាន​គណបក្ស។

ក្រោយ​ពី​ក្រសួង​មហាផ្ទៃ មិន​ទទួល​ស្គាល់​សមាសភាព​ប្រធាន និង​អនុប្រធាន​ថ្មី​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​វិសោធនកម្ម​ប្រការ​៤៥ និង​ប្រការ ៤៧​ថ្មី និង​បាន​បញ្ជូន​ទៅ​ក្រសួង​មហាផ្ទៃ ជា​ថ្មី​ម្ដង​ទៀត ប៉ុន្តែ​នៅ​ថ្ងៃ​ទី​៥ មេសា ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ទទួល​ស្គាល់​តែ​លោក កឹម សុខា ជា​ប្រធាន​គណបក្ស រីឯ​អនុប្រធាន ៣​រូប​ទៀត ក្រសួង​មហាផ្ទៃ មិន​ទទួល​ស្គាល់​ទេ ដោយសារ​ក្រសួង​លើក​ហេតុផល​ថា គណៈកម្មាធិការ​នាយក​ជ្រើសរើស​អនុប្រធាន​មាន​រយៈពេល​លើស​ថ្ងៃ​កំណត់។ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​បន្ថែម​ដូច្នេះ«ថ្ងៃ​ទី​២ មេសា គាត់​ធ្វើ​ឡើង​វិញ ធ្វើ​ឡើង​វិញ​គាត់​ដាក់​អនុប្រធាន ៣​នាក់​ដដែល និង​សមាសភាព​ប្រធាន​ដដែល ហើយ​លក្ខន្តិកៈ​គាត់​អត់​ផ្ញើ​មក​ទេ ចឹង​មុន​នឹង​ធ្វើ ទាល់​មាន​ស្អី​យក​មក​តម្កល់​ទុក​ជា​ផ្លូវការ​សិន»

ទោះ​បី​ជា​បែប​ណា​ក៏ដោយ អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា ការ​មិន​ទទួល​ស្គាល់​ក្បាល​ម៉ាស៊ីន​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ម្ដង​ហើយ​ម្ដង​ទៀត​នេះ ជា​ហេតុផល​នយោបាយ​ច្រើន​ជាង។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី លើក​ឡើង​ថា ក្រសួង​មហាផ្ទៃ ទទួល​ស្គាល់​លក្ខន្តិកៈ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំងស្រុង ឬ​យ៉ាង​ណា​នោះ អាស្រ័យ​លើ​ថា តើ​ក្រសួង​អាច​មាន​ហេតុផល​ថា លក្ខន្តិកៈ​នោះ​ពិត​ជា​ត្រឹមត្រូវ​ទាំងអស់ ឬ​អាច​ថា​ខុស​នៅ​កន្លែង​ផ្សេង​ទៀត?«អ៊ីចឹង​ជួនកាល​អាច​បញ្ជូន​អា​មួយ​ហ្នឹង​ទៅ អាច​ថា​ត្រូវ​អា​មួយ​ហ្នឹង អាច​នៅ​ខុស​អា​មួយ​ផ្សេង​ទៀត»

ការ​បញ្ជូន​លក្ខន្តិកៈ​ថ្មី​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ពិនិត្យ ដែល​ជា​លទ្ធផល​សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២៥ មេសា គឺ​នៅ​ស្រប​ពេល​បេក្ខភាព​អនុប្រធាន​គណបក្ស​នេះ គឺ​អ្នកស្រី មូរ សុខហួរ នឹង​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​២៨ មេសា ក្នុង​នាម​ជា​សាក្សី។

អ្នក​វិភាគ​លើក​ឡើង​ថា ការ​ទទួល​ស្គាល់​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឬ​យ៉ាង​ណា​នោះ អាស្រ័យ​លើ​ឆន្ទៈ​របស់​ក្រសួង​មហាផ្ទៃ ថា​តើ​ក្រសួង​កំពុង​តែ​អនុវត្ត​តាម​ច្បាប់ ឬ​មាន​ចេតនា​នយោបាយ​អ្វី​ផ្សេង ក្នុង​ការ​រុញ​ចុះ​ឡើង​លក្ខន្តិកៈ​របស់​បក្ស​ប្រឆាំង ដើម្បី​រាំងស្ទះ​ដល់​ការ​រៀបចំ​ក្បាល​ម៉ាស៊ីន​ថ្មី​ដឹកនាំ​គណបក្ស ខណៈ​ការ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ជិត​មក​ដល់​នៅ​ថ្ងៃ​ទី​៤ មិថុនា ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។