គណបក្ស​ប្រឆាំង​កំណត់​ថ្ងៃ​ទី២ ខែ​មីនា ធ្វើ​សមាជ​វិសាមញ្ញ​ជ្រើស​រើស​មេ​បក្ស

ដោយ ប្រាជ្ញ ចេវ
2017.02.24
យឹម សុវណ្ណា ៨៥៥ ២០១៧ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Brach Chev
RFA/Brach Chev

​គណៈកម្មការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​កំណត់​ថ្ងៃ​២ ខែ​មីនា ខាង​មុខ​ដើម្បី​ធ្វើ​សមាជ​វិសាមញ្ញ​រៀបចំ​រចនា​សម្ពន្ធ​ក្បាល​ម៉ាស៊ីន​បក្ស​ជា​ថ្មី។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក  យឹម សុវណ្ណ ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ថា ពិធី​នេះ​ធ្វើ​នៅ​ទី​ស្នាក់​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​ភ្នំពេញ ដែល​មាន​មន្ត្រី​សំខាន់ៗ​ទូទាំង​ប្រទេស​ចំនួន ១.០០០​នាក់​ចូល​រួម។

​មួយ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​គណបក្ស​នេះ តាម​រយៈ​ការ​ធ្វើ​សមាជ​វិសាមញ្ញ ព្រោះ​អ្នក​ចូល​រួម​ចំនួន ១.០០០​នាក់​នោះ ជា​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើស​ក្បាល​ម៉ាស៊ីន​បក្ស។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ឲ្យ​អាស៊ីសេរី ដឹង​ក្រោយ​កិច្ច​ប្រជុំ​ផ្ទៃក្នុង​បក្ស​ថា ត្រូវ​ការ​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​ថ្មី​ដឹកនាំ​បក្ស។ ទោះ​យ៉ាង​នេះ​ក្ដី លោក យឹម សុវណ្ណ មិន​ប្រាប់​ដឹង​ពី​រូបមន្ត​នៃ​ជ្រើសរើស​ប្រធាន ឬ​អនុ​ប្រធាន​គណបក្ស​នៅ​ឡើយ​ដែរ៖ «មក​ទល់​ពេល​នេះ យើង​មិន​ទាន់​ជជែក​គ្នា​ទេ! យើង​នៅ​សល់​ពេល​ពី​នេះ​មួយ​អាទិត្យ​ទៀត ព្រោះ​ពេល​នេះ​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​ជជែក​គ្នា»

បន្ថែម​ពី​នេះ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឲ្យ​ដឹង​ថា សមាជ​វិសាមញ្ញ​នេះ មាន​គោលបំណង​ធំៗ​បី ដើម្បី​អបអរ​សាទរ​បញ្ជី​បេក្ខជន​ឈរ​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ បោះឆ្នោត​ជ្រើសតាំង​ប្រធាន និង​អនុ​ប្រធាន​បក្ស និង​អនុម័ត​សារ​នយោបាយ​សម្រាប់​ប្រើ​ក្នុង​ការ​បោះឆ្នោត​ឃុំ-​សង្កាត់​ខាង​មុខ។

ចាប់​ទាំង​ពីរ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដ៏​ចម្រូងចម្រាស​ដែល​រដ្ឋ​សភា​បាន​អនុម័ត​កាល​ពី​​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ដែល​ហាម​មិន​ឲ្យ​អ្នក​មាន​ទោស​ធ្វើ​ប្រធាន អនុ​ប្រធាន​គណបក្ស សមាជិក​នៃ​សមាជិក​គណៈកម្មាធិការ​នាយក។ សមាជិក​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រឆាំង ៣​រូប ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស បាន​លា​ឈប់​ពី​តួនាទី​នេះ។ ចំណែក​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លាលែង​ពី​តួនាទី​ប្រធាន​បក្ស​មុន​រដ្ឋ​សភា​អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ម្ល៉េះ។

​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិក លោក សំ គន្ធាមី  យល់​ថា ការ​ធ្វើ​សមាជ​បក្ស​របស់​គណបក្ស​ប្រឆាំង​ជា​រឿង​ល្អ។ ទាក់ទង​ការ​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​បក្ស លោក​យល់​ថា គណបក្ស​សង្គ្រោះ​ជាតិ គួរ​មាន​ប្រធាន​គណបក្ស​តែ​ម្នាក់ និង​អនុ​ប្រធាន​គណបក្ស​តែ​ម្នាក់​បាន​ហើយ៖ «កាល​ណា​អនុ​ប្រធាន​ច្រើន​មាន​បញ្ហា​ការងារ ព្រោះ​អី​អំណាច​ការងារ​មាន​បញ្ហា​ច្របូកច្របល់ និង​ប្រព័ន្ធ​ដឹក​នៃ​ផ្ទៃក្នុង អ៊ីចឹង​ហើយ​បាន​តម្រូវ​ឲ្យ​មាន​ប្រធាន​មួយ អនុ​ប្រធាន​មួយ សុខចិត្ត​មាន​មន្រ្តី​ទទួល​បន្ទុក​ទៅ»

ការ​ប្រជុំ​របស់​ផ្ទៃក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ ដំណាល​គ្នា​នឹង​ហ្វេសប៊ុក (Facebook) មួយ​ឈ្មោះ "សីហា" ដែល​ជំនាញ​ខាង​បង្ហោះ​សំឡេង​ឆ្លើយឆ្លង​រឿង​អាស្រូវ​គណបក្ស​ប្រឆាំង បាន​បង្ហោះ​សំឡេង​ដែល​គេ​សង្ស័យ​ថា ជា​ការ​សន្ទនា​របស់​លោក សម រង្ស៊ី បង្គាប់​ឲ្យ​លោក យឹម សុវណ្ណ ធ្វើ​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ចំណោម​អនុប្រធាន​ទាំង​បី​របស់​គណបក្ស​នេះ។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បដិសេធ​មិន​ឆ្លើយ​តប​ការ​សន្ទនា​នេះ​ទេ និង​បង្វែរ​សំណួរ​នេះ​ទៅ​អ្នក​ទម្លាយ​សារ​ឆ្លើយឆ្លង​នោះ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។