គណបក្សសង្គ្រោះជាតិ រក្សាជំហររៀបចំពិធីបន់ស្រន់បែបសាសនានៅមុខទីលានប្រាសាទអង្គរវត្ត និងទីសក្ការៈព្រះអង្គចេកព្រះអង្គចម នាខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមិថុនា ដដែល ទោះបីជាអាជ្ញាធរអប្សរាទាមទារការស្នើសុំជាមុនក្ដី។ ការរៀបចំពិធីនេះ ដើម្បីបួងសួងឲ្យស្ថានការណ៍នយោបាយត្រឡប់ទៅរកភាពប្រសើរឡើងវិញ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ ថ្លែងនៅព្រឹកថ្ងៃទី១៨ ខែមិថុនា មុខទីស្នាក់ការកណ្ដាលគណបក្សថា ការប្រមូលផ្ដុំគ្នាដើម្បីធ្វើពិធីសាសនា នឹងនៅតែប្រព្រឹត្តទៅដូចការគ្រោងទុក។
បើតាមការគ្រោងទុក សកម្មជនគណបក្សសង្គ្រោះជាតិ ប្រមាណ ៧០០នាក់ នឹងជួបជុំគ្នាបន់ស្រន់នៅខាងមុខប្រាសាទនិមិត្តរូបប្រទេសកម្ពុជា ដើម្បីអន្ទងបារមីនៃបុព្វបុរស និងអតីតមេដឹកនាំនៅអតីតរាជធានីអង្គរ ជួយបន្ធូរបន្ថយស្ថានការណ៍តានតឹងផ្នែកនយោបាយបច្ចុប្បន្ន៖ « យើងមិនមែនប្រមូលប្រជាពលរដ្ឋធ្វើវេទិកា ឬធ្វើបាតុកម្មអី ប៉ុន្តែយើងធ្វើបែបពុទ្ធសាសនា ដើម្បីសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍជាតិ »។
គណបក្សសង្គ្រោះជាតិ បញ្ជាក់ការប្រកាន់យកទ្រឹស្ដីរបស់ក្សត្រជ័យវរ្ម័នទី៧ «ទុក្ខរបស់រាស្ត្រ ជាទុក្ខរបស់ក្សត្រ» នឹងអាចឲ្យអ្នកនយោបាយសព្វថ្ងៃត្រឡប់ទៅរកការអនុវត្តវប្បធម៌សន្ទនា ដែលកំពុងប្រេះស្រាំ។
ទោះបីជាយ៉ាងណា អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី១៧ ខែមិថុនា ស្នើឲ្យគណបក្សសង្គ្រោះជាតិ បំពេញបែបបទតាមច្បាប់ដើម្បីរៀបចំពិធីបួងសួងនេះ។ អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា គ្រប់ពិធីទាំងអស់ រួមទាំងពិធីសាសនាផង តម្រូវឲ្យមានការអនុញ្ញាត ត្រួតពិនិត្យ និងសម្របសម្រួលពីអាជ្ញាធរអប្សរា។ រហូតមកដល់ថ្ងៃទី១៨ មិថុនា អាជ្ញាធរអប្សរាអះអាងថា មិនទាន់ទទួលបានសំណើផ្លូវការពីគណបក្សសង្គ្រោះជាតិ ដើម្បីរៀបចំពិធីនេះនៅឡើយទេ។
ឆ្លើយតបបញ្ហានេះ លោក ហូរ វ៉ាន់ កាលពីព្រឹកថ្ងៃទី១៨ មិថុនា ដដែលនេះអះអាងថា ការរៀបចំពិធីសាសនាបែបនេះ មិនចាំបាច់សុំច្បាប់អនុញ្ញាតឡើយ៖ « ជាទូទៅ ការរៀបចំបែបពុទ្ធសាសនា មិនចាំបាច់សុំច្បាប់ការអនុញ្ញាតទេ គ្រាន់តែជាការជូនដំណឹង ថាយើងពិធីនេះពិធីនោះ »។
អាជ្ញាធរជាតិអប្សរា ព្រួយបារម្ភថា បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ នឹងអាចកើតមាន ប្រសិនបើគ្មានការអនុញ្ញាត និងសម្របសម្រួលពីអង្គភាពរបស់ខ្លួន ហើយអាជ្ញាធរជាតិអប្សរា នឹងឲ្យអ្នករៀបចំពិធីទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ ប្រសិនមានឧបទ្ទវហេតុអ្វីមួយកើតឡើងចេញពីពិធីនេះ។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ជាតិ ហើយសេចក្ដីស្នើរបស់ពលរដ្ឋទាំងឡាយ ត្រូវទទួលការពិនិត្យ និងដោះស្រាយយ៉ាងម៉ត់ចត់ពីអង្គការរដ្ឋ។
នេះជាលើកទីពីរហើយដែលគណបក្សប្រឆាំង ទៅធ្វើពិធីសាសនានៅមុខប្រាសាទអង្គរវត្ត។ ក្រោយពីការបោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០១៣ នៅខណៈគណបក្សសង្គ្រោះជាតិ ប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយគណបក្សប្រជាជនកម្ពុជា បានបើកសម័យប្រជុំសភាជាលើកដំបូងដោយឯកបក្សនោះ ខាងតំណាងរាស្ត្រគណបក្សប្រឆាំងវិញ ក៏នាំគ្នាទៅធ្វើពិធីបែបសាសនានៅឯខេត្តសៀមរាប នេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។