បក្ស​កាន់​អំណាច​ថា​លិខិត​បក្ស​ប្រឆាំង​ទៅ​អ.ស.ប​ជា​ការ​ហែកហួរ​ផ្ទៃ​ក្នុង​កម្ពុជា​ខុស​ការ​ពិត

ដោយ ទីន ហ្សាការីយ៉ា
2016.05.19
សុខ ឥសាន ៨៥៥ ២០១៦ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​ក្រោយ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA

មន្ត្រី​នាំ​ពាក្យ​បក្ស​ប្រជាជន លោក សុខ ឥសាន បញ្ចេញ​ប្រតិកម្ម​នៅ​ថ្ងៃទី១៩ ឧសភា ថា តំណាង​បក្ស​ប្រឆាំង​ដាក់​លិខិត​ទៅ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ គឺ​ជា​រឿង​ហែកហួរ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ខុស​ពី​ការ​ពិត។ លោក បញ្ជាក់​ថា គណបក្ស​ទាំងពីរ​ក៏​មិន​ទាន់​ប្រើប្រាស់​វប្បធម៌​សន្ទនា​ឲ្យ​អស់​លទ្ធភាព​នោះ​ដែរ។

លោក បញ្ជាក់​ថា គណបក្ស​កាន់​អំណាច​នៅ​តែ​ស្វាគមន៍​ចំពោះ​ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា​ក្នុង​ការ​ដោះស្រាយ​បញ្ហា តែ​លោក​អះអាង​ថា រាល់​បញ្ហា​កើត​ឡើង​ចំពោះ​គណបក្ស​សង្រ្គោះជាតិ មិនមែន បង្ក​ឡើង​ដោយ​គណបក្ស​កាន់​អំណាច​នោះ​ទេ គឺ​បុគ្គល​គណបក្ស​សង្រ្គោះជាតិ​ជា​អ្នក​បង្ក​ឡើង​ដោយ​ខ្លួន​ឯង។

ការ​បញ្ចេញ​ប្រតិកម្ម​របស់​គណបក្ស​កាន់​អំណាច​នេះ ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់​ពី​គណបក្ស​សង្រ្គោះជាតិ បាន​ផ្ញើ​លិខិត​ទៅ​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ(..) លោក បាន គីមូន (Ban Ki-moon) កាល​ពី​ទី១៧ ឧសភា ដើម្បី​ឲ្យ​លោក​ធ្វើ​អន្តរាគមន៍ និង​កោះ​ប្រជុំ​ជា​បន្ទាន់ រវាង​ប្រទេស​ជា​ហត្ថលេខី​នៃ​សន្ធិសញ្ញា​សន្តិភាព​ក្រុង​ប៉ារីស ដើម្បី​បញ្ចៀស​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

សមាជិក​សភា​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ ទាំង ៥៥​រូប តំណាង​ឲ្យ​អ្នក​បោះ​ឆ្នោត ៤៥% ដែល​បាន​ចុះ​ហត្ថលេខា​រួម​គ្នា​លើ​លិខិត​ផ្ញើ​ជូន​លោក បាន គីមូន បាន​ជម្រាប​ជូន​លោក បាន គីមូន ថា ជិត ២៥​ឆ្នាំ​តាំង​ពី​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស នោះ​មក ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​គាំង​ដំណើរ​ស្ដូក ដោយ​ហេតុ​ថា ស្ថាប័ន​សំខាន់​ទាំង​បី​រួម​មាន អង្គការ​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ ត្រូវ​បាន​គណបក្ស​កាន់​អំណាច​យក​ទៅ​ប្រើប្រាស់​ដើម្បី​រំលាយ​គណបក្ស​ប្រឆាំង។

លិខិត​បន្ត​ទៀត​ថា គណបក្ស​កាន់​អំណាច​បាន​ប្រើប្រាស់​តុលាការ​ជា​អាវុធ​ដ៏​ចម្បង​មួយ​ក្នុង​ការ ​បំបិទ​មាត់​ក្រុម​ដែល​មាន​សំឡេង​ផ្ទុយ​ពី​គណបក្ស​កាន់​អំណាច។ លិខិត​នោះ​ក៏​បាន​លើក​ឡើង​អំពី​គណបក្ស​កាន់​អំណាច ប្រើប្រាស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) ជា​ឧបករណ៍​ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​​ប្រឆាំង។

ក្នុង​នោះរួម មាន​ការ​កាត់ទោស និង​ចេញ​ដីកា​ចាប់​ខ្លួន លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ការ​ចាប់​ខ្លួន​មន្ត្រី​ការពារ​សិទ្ធិមនុស្ស មន្ត្រី​គ..ប មន្ត្រី​សិទ្ធិមនុស្ស​នៃ​ឧត្ដមស្នងការ​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ការ​ចាប់ខ្លួន​តំណាងរាស្ត្រ លោក អ៊ុំ សំអាន និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លោក កឹម សុខា ជាដើម។

ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង អំពាវនាវ​ឲ្យ​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​​​ ប៉ារីស ទាំង​អស់​ដែល​គោរព​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​​គ្រឹះ​នោះ ត្រូវ​កោះ​ប្រជុំ​ជា​បន្ទាន់​ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ចន្លោះ​ប្រហោង ​អំពី​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធានា​សុវត្ថិភាព​សមាជិក​គណបក្ស​​​ប្រឆាំង​ទាំង​អស់ និង​ជួយ​ឲ្យ​ស្ថានភាព​នយោបាយ​វិល​មក​រក​ស្ថិរភាព​ឡើង​វិញ​សម្រាប់​ការ​ បោះឆ្នោត​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។