ពលករ​ចំណាក​ស្រុក​នៅ​បរទេស​គ្រោង​បាតុកម្ម​បើ​មិន​អាច​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស

ដោយ តាំង សារ៉ាដា
2017-08-24
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពលរដ្ឋ​ឈរ​តម្រង់​ជួរ​ចូល​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នៅ​ថ្ងៃ​ទី២៤ ខែ​សីហា ឆ្នាំ​២០១៧។
ពលរដ្ឋ​ឈរ​តម្រង់​ជួរ​ចូល​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នៅ​ថ្ងៃ​ទី២៤ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Leng Maly

ពលករ​ចំណាក​ស្រុក​ខ្មែរ​គ្រោង​នាំ​គ្នា​តវ៉ា​នៅ​តាម​ស្ថានទូត ឬ​តាម​ស្ថាន​កុងស៊ុល​ខ្មែរ ដែល​ពួកគេ​កំពុង​ធ្វើ​ការ​ដើម្បី​ដាក់​សំពាធ ដល់​រដ្ឋសភា​កម្ពុជា​ឲ្យ​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់ អោយ​មាន​ការ​ចុះ ឈ្មោះ​បោះឆ្នោត និង​ការ​បោះឆ្នោត​នៅ​ក្រៅ​ប្រទេស។

មន្ត្រី​ជាន់ខ្ពស់ របស់​រដ្ឋាភិបាល​អះអាង​ថា រដ្ឋាភិបាល​មិន​បាន​ជំទាស់​ឲ្យ​មាន​ការ​បោះឆ្នោត​នៅ​បរទេស​នោះ​ទេ ប៉ុន្តែ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​រង់ចាំ​ការ​សម្រេច របស់​រដ្ឋសភា​ជាតិ​ជា​មុន​សិន។

តំណាង​ពលករ​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង លោក យឹម ស៊ីណន អះអាង​ថា លោក​នឹង​ដឹកនាំ​ពលករ​ខ្មែរ តវ៉ា​នៅ​ខាង​មុខ​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​ខ្មែរ​ដើម្បី​ដាក់​សំពាធ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន បើក​សិទ្ធិ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស អាច​ប្រើ​សិទ្ធិ​របស់​ខ្លួន​ចុះឈ្មោះ បោះឆ្នោត​និង​បោះឆ្នោត​បាន៖ «យើង​បង្ហាញ​ថា ការ​ទាមទារ និង​ការ​ចង់​បោះឆ្នោត និង​ការ​ចង់​ចុះ ឈ្មោះ​របស់​យើង​នេះ វា​មាន​កម្រិត​ណា។ បើ​យើង​គ្រាន់តែ​ដាក់​លិខិត របស់​គណបក្ស​ប្រឆាំង​មួយ​ខ្ញុំ​គិត​ថា វា​អត់​មាន​ឥទ្ធិពល​ណា​ដើម្បី​គ្រប​ដណ្ដប់​លើ​ការងារ​អស់​ហ្នឹង​ទេ។ ការ​យល់​ឃើញ​របស់​​ខ្ញុំ គឺ​ខ្ញុំ​គិត​ថា មាន​តែ​រួបរួម​គា្ន ប្រមូល​ផ្ដុំ​គ្នា​ចំពោះ​អ្នក​ដែល​មាន​និន្នាការ ស្នេហា​ជាតិ គិត​អំពី​ជាតិ គិត​ថា​ចង់​បោះឆ្នោត នោះ​គួរ​តែ​ប្រមូល​គ្នា​ឲ្យ បាន​ច្រើន​រាប់រយ រាប់ពាន់​នាក់ ដើម្បី​ធ្វើ​ការ​តវ៉ា​អហិង្សា​មួយ​នៅ​តាម ស្ថានទូត​ខ្មែរ»

លោក​បន្ត​ថា ទោះបីជា​ពលករ​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង​មាន និន្នាការ​ទៅ​រក​គណបក្ស​សង្គ្រោះជាតិ​ក្ដី ឬ​មាន​និន្នាការ​ទៅ​រក គណបក្ស​កាន់​អំណាច​ក្ដី​ក៏​ពួកគេ​តែងតែ​ចង់ បោះឆ្នោត​ជ្រើសរើស មេដឹកនាំ​ប្រទេស តាម​ឆន្ទៈ និង​ការ​ប្រើប្រាស់​សិទ្ធិ​របស់​ពួកគេ​ដែរ។

កាលពី​ថ្ងៃទី១១ ខែ​សីហា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ចំនួន ៣៣រូប បាន​ផ្ញើ​សេចក្ដី​ស្នើ ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ដោយ​ថែម ជំពូក​មួយ​ទៀត​មាន​១០មាត្រា ដែល​ចែង​អំពី​នីតិវិធី​និង​គោលការណ៍ ច្បាប់​សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​អាច ចុះ​ឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត​បាន​នៅ​ប្រទេស​ដែល​ខ្លួន​កំពុង​ស្នាក់​នៅ​និង​ធ្វើការ។ សេចក្ដី​ស្នើ​ច្បាប់​នេះ ត្រូវ​បាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​សម្រេច បញ្ជូន​ទៅ​គណៈកម្មការ​នីតិកម្ម​ដើម្បី​ពិនិត្យ។

ចំណែក លោក ទន សេន ដែល​ជា​ពលករ​ខ្មែរ​ក្នុង​ប្រទេស​ថៃ​ឯណោះ បាន​ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា ឧបសគ្គ​ដែល​ពលករ​ខ្មែរ​ក្នុង​ប្រទេស​ថៃ កំពុង​ជួប​ការ​លំបាក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ឬ​ធ្វើ​ការ​បោះឆ្នោត​ក្នុង​ប្រទេស​ខ្មែរ​នោះ​រួមមាន៖ ការ​ចំណាយ​ច្រើន​ទាំង​ថវិកា ពេល​វេលា ថៅកែ​ថៃ​អាច​នឹង​បណ្ដេញ​ចេញ​ពី​ការងារ ឬ​មិន​បើក​ប្រាក់​ខែ ការ​ប្រឈម​នឹង​ការ​យក​លុយ​របស់​តម្រួត​ការពារ​ព្រំដែន​ខ្មែរ និង​ការរើសអើង​របស់​អាជ្ញាធរ​ដែនដី​ខ្មែរ។

លោក​បន្ត​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​ប្រព័ន្ធ បោះឆ្នោត​នៅ​តាម​ស្ថានទូត ឬ​តាម​ស្ថាន​កុងស៊ុល ក្នុង​ប្រទេស​ថៃ​បាន នោះ​ពលករ​ខ្មែរ​ភាគ​ច្រើន​នឹង​មាន​ឱកាស​សម្ដែង​ឆន្ទៈ​សម្រាប់ ជោគ​វាសនា នៃ​ប្រទេស​ជាតិ​របស់​ពួកគេ៖ «ផល​វិជ្ជមាន​ដែល​ពួកគាត់​អាច​ចុះ​ឈ្មោះ​នៅ​តាម​ស្ថានកុងស៊ុល ឬ​តាម​ស្ថានទូត​ក្នុង​ប្រទេស​ថៃ​នេះ​បាន គឺ​នាំ​ឲ្យ​ពលករ​ចំណាយ​ពេល​តិច មាន​ថវិកា ហើយ​អាច​មាន​លទ្ធភាព​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ក្នុង​ប្រទេស​ថៃ​បាន»

លោក​បន្ត​ថា ជម្រើស​ចុងក្រោយ​របស់​ក្រុម​ពលករ​ក្នុង​ប្រទេស​ថៃ គឺ​ការ​នាំ​គ្នា​ទៅ​តវ៉ា​នៅ​មុខ​ស្ថាន​ទូត​ខ្មែរ ឬ​ស្ថាន​កុងស៊ុល​ខ្មែរ​ក្នុង​ទឹកដី​ថៃ​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​ប្រព័ន្ធ​បោះឆ្នោត​នៅ​ក្រៅ ប្រទេស។

លោក លី រតនរស្មី ដែល​ជា​ពលករ​ខ្មែរ​ក្នុង​ប្រទេស​ថៃ​ដែរ​នោះ​មាន​ប្រសាសន៍ ថា លោក​គ្មាន​សង្ឃឹម​ថា​រដ្ឋសភា​នឹង​ធ្វើ​ការ​អនុម័ត វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត ទៅ​តាម​ការ​ចង់​បាន​របស់​ប្រឆាំង នោះ​ទេ៖ «ចំណុច​កន្លែង​នេះ​ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន​ថា បងប្អូន​ពលករ​ដែល​ថា អាច​អោយ​គាត់​អាច​ចុះ​ឈ្មោះ និង​បោះឆ្នោត​បាន​ក្នុង​ប្រទេស​ថៃ​បាន ខ្ញុំ​គិត​ថា វា​ចំណុច​ល្អ​បំផុត​ហើយ​ជា​ចំណុច​ងាយស្រួល​បំផុត​សម្រាប់​បងប្អូន​ប្រជា​ពលករ។ ប៉ុន្តែ​ខ្ញុំ​មិន​សង្ឃឹម​ទេ ហើយ​គ្មាន​ការ​ជឿជាក់​ថា គ្មាន សង្ឃឹម​ណាដរាប​ណា​គ្មាន​ការ​អនុម័ត​ពី​រដ្ឋសភា ឬ​ពី​ខាង​រាជរដ្ឋាភិបាល ខ្ញុំ​គិត​ថា គ្មាន​អី​សង្ឃឹម​ទេ។ ធ្វើ​ហ្នឹង​គ្រាន់​តែ​បង្ហាញ​ថា គណបក្ស​ប្រឆាំង​ចង់​បង្ហាញ​ថា ធ្វើ​ម៉េច​ខ្លួន​ក៏​បាន​ធ្វើ​រឿង​អស់​ហ្នឹង​ដែរ ប៉ុន្តែ​អា​រឿង​ចំណុច​គេ​អោយ ខ្ញុំ​គិ​ត​ថា វា​មិន​មាន​ទេ»

សំណើ​របស់​បក្ស​ប្រឆាំង​ទៅ​កាន់​រដ្ឋសភា​ជាតិ​ដើម្បី​ធ្វើ​វិសោធនកម្ម ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ដើម្បី​ផ្ដល់​ឱកាស​អោយ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​អាច​បោះឆ្នោត​បាន ក្រោយ​ពី​មាន​ការ​ជំរុញ​របស់​ក្រុម អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​ស្ថាប័ន ដែល​ពួកគេ​ធ្លាប់​ជំរុញ​ឲ្យ​គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះឆ្នោត​បើក​ស្ថានីយ​បោះឆ្នោត​នៅ​បរទេស។

ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់​បាន​របស់​ក្រុម​ពលករ​ខ្មែរ​នៅ​បរទេស​អំពី​លទ្ធភាព​ក្នុង​ការ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត​តាម​ស្ថានទូត ឬ​តាម​ស្ថាន​កុងស៊ុល​នោះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី២៣ សីហា ថា គណបក្ស​កាន់​អំណាច​ក៏​មាន​សុទិដ្ឋិនិយម​ចង់​ឲ្យ​ពលករ​ចំណាក​ស្រុក ធ្វើ​ការ​បោះឆ្នោត​នៅ​បរទេស​ដែរ ប៉ុន្តែ​ការ​សម្រេច​យ៉ាងណា​នោះ​គឺ​ស្ថិត​លើ ការ​អនុម័ត​របស់​រដ្ឋសភា​ជាតិ៖ «ខ្ញុំ​គិត​ថា គណបក្ស​ប្រជាជន​កម្ពុជា​អត់​មាន​ចង្អៀតចង្អល់​ចំពោះ​បងប្អូន នៅ​ក្រៅ​ប្រទេស​ក៏​ដូចជា ពលករ​ចំណាក​ស្រុក​អី​ទេ ពីព្រោះ​សុទ្ធ​តែ ជា​គុណសម្បត្តិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ស្វែង​រក ទីផ្សារ​ពលកម្ម​ឲ្យ​បងប្អូន​បាន​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស។ ហើយ​ការ​បោះឆ្នោត​កន្លង​ទៅ​សមាជិក សមាជិកា​របស់​គណបក្ស​ប្រជាជន​ហ្នឹង ប្រហែល​២លាន​នាក់ ដែល​មិន​ទាន់​បាន​បោះឆ្នោត អញ្ចឹង​ក្នុង​ហ្នឹង ក៏​យើង​អាច​ចាត់​ទុក​ថា មាន​បងប្អូន​ចំណាកស្រុក​ដែរ។​ អញ្ចឹង​គឺ​មិន​មាន​លក្ខណៈ​ចង្អៀតចង្អល់​មិន​អោយ​បងប្អូន​បោះឆ្នោត​ទេ គឺ​វា​អាស្រ័យ​ទៅ​លើ​ការ​សម្រេច​របស់​រដ្ឋសភា»

ក៏​ប៉ុន្តែ​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ត្រូវ​ដឹង​គុណ​ដល់​ពលករ​ចំណាកស្រុក​ទាំងឡាយ ដោយ​ពួកគេ ជា​កម្លាំង​ពលករ​របស់​សង្គម​ជាតិ​មួយ​ដ៏​ធំធេង​ក្នុង​ការ លើក​ស្ទួយ​សេដ្ឋកិច្ច​របស់​ប្រទេស។ លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​សម្រួល​ឲ្យ​ពួកគេ​អាច​ប្រើប្រាស់​សិទ្ធិ​ចូល​រួម​ការ​បោះឆ្នោត​បាន បើ​មិន​ដូច្នោះ​ទេ នោះ​រដ្ឋាភិបាល​នឹង​ជាប់​ឈ្មោះ​ពី​ការ​បំបាត់​សិទ្ធិ បោះឆ្នោត​របស់​ពលករ​ខ្មែរ​ចំណាក ស្រុក​ដ៏​ច្រើន​សន្ធឹក​សន្ធាប់។

យ៉ាង​ហោច​ណាស់​មាន​ពលករ​ចំណាក​ស្រុក​ប្រហែល​ជិត​២លាននាក់ កំពុង​ធ្វើ​ការ​ស្រប​ច្បាប់​ផង និង​ខុស​ច្បាប់​ផង​ក្នុង​ប្រទេស​ថៃ ខណៈ ពលករ​ជាង៦ម៉ឺននាក់​ផ្សេង​ទៀត​កំពុង​ធ្វើ​ការ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ជាង​៣ម៉ឺន​នាក់ នៅ​ប្រទេស​ម៉ាឡេស៊ី និង​ប្រហែល​ជាង ១ម៉ឺន​នាក់ នៅ​ប្រទេស​ជប៉ុន។

របាយការណ៍​របស់​ក្រសួង​ការងារ​កាល​ពី​ឆ្នាំ​២០១៦ បង្ហាញ​ថា លុយ ដែល​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បញ្ជូន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ មាន​ជាង​១ពាន់ ៧លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល