សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​លុប​ចោល​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥

ដោយ តាំង សារ៉ាដា
2014.10.23
កម្ពុជា វៀតណាម ៦២០ នាយករដ្ឋមន្ត្រី​ប្រទេស​វៀតណាម លោក ង្វ្រៀន តាន់យ៉ុង (Nguyen Tan Dung) [ឆ្វេង] ចាប់​ដៃ​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ក្នុង​ឱកាស​សម្ពោធ​បង្គោល​ព្រំដែន​គោក​លេខ ៣១៤ នៅ​រវាង​ខេត្ត​កំពត ប្រទេស​កម្ពុជា និង​ខេត្ត​គៀងយ៉ាង ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​២៤ មិថុនា ឆ្នាំ​២០១២។
RFA
អត្ថបទ​ចាស់ៗ​ទាក់ទង​នឹង​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥​នៅ​ខាង​ក្រោម

ក្រុម​អង្គការ​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​លុប​ចោល​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដោយសារ​សន្ធិសញ្ញា​នេះ​ផ្ទុយ​ពី​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ទាក់ទង​ករណី​បាត់​បង់​បូរណភាព​ទឹក​ដី​របស់​កម្ពុជា ទៅ​ប្រទេស​វៀតណាម។

ក្នុង​ខួប​លើក​ទី​២៣ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ នេះ លោក តាំង សារ៉ាដា ពី​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) មាន​សេចក្តី​រាយការណ៍​អំពី​រឿង​នេះ៖

មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នី ចរិយា ជំរុញ​ឲ្យ​មាន​យុទ្ធនាការ​ទាមទារ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ សម្រេច​លុប​សន្ធិសញ្ញា​បំពេញ​បន្ថែម​រវាង​កម្ពុជា និង​វៀតណាម ដោយសារ​សន្ធិសញ្ញា​នោះ​ផ្ទុយ​ពី​ច្បាប់​កំពូល​របស់​ប្រទេស​កម្ពុជា និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៖ «អ៊ីចឹង​ខ្ញុំ​គិត​ថា ថ្វី​ត្បិត​តែ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ក្នុង​ឆ្នាំ​២០០៥ មាន​មែន ក៏ប៉ុន្តែ​ប្រសិន​បើ​មាន​ក្រុម​ដឹក​នាំ​ណា​មួយ​ដែល​មាន​ឆន្ទៈ​សើរើ​នោះ គេ​អាច​សើរើ​បាន ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​រដ្ឋធម្មនុញ្ញ និង​មូលដ្ឋាន​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ទាក់ទង​នឹង​ការ​រក្សា​ទឹក​ដី​ដោយ​លុប​កិច្ច​ព្រមព្រៀង ឬ​សន្ធិសញ្ញា​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បូរណភាព​ទឹក​ដី​នេះ​ឯង»

ស្រប​ពេល​គ្នា​នេះ​ដែរ ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា នៅ​ពាក់​កណ្ដាល​សប្ដាហ៍​ក្រោយ ក្រុម​របស់​លោក​នឹង​ផ្ញើ​ញត្តិ​ដល់​ក្រុម​តំណាង​រាស្ត្រ​ទាំង ១២៣​រូប ដើម្បី​ជំរុញ​ឲ្យ​ស្ថាប័ន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ លុប​ចោល​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដែល​ធ្វើ​ឲ្យ​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ រវាង​កម្ពុជា និង​វៀតណាម ទៅ​ជា​សន្ធិសញ្ញា​ស្រប​ច្បាប់។ លោក​បន្ត​ថា សន្ធិសញ្ញា​បំពេញ​បន្ថែម​នេះ​ជា​កិច្ច​ព្រមព្រៀង​មួយ ដែល​ផ្ទុយ​ពី​ឆន្ទៈ​របស់​ពលរដ្ឋ ផ្ទុយ​ពី​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ ផ្ទុយ​ពី​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​បាន​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​របស់​កម្ពុជា រាប់​ពាន់​គីឡូ​ម៉ែត្រ​ការ៉េ៖ «គោល​បំណង​ធំ​បំផុត យើង​ចង់​ឲ្យ​និរាករណ៍​នូវ​សន្ធិសញ្ញា​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥។ គឺ​និរាករណ៍​ចោល​តែ​ម្តង ដោយ​យើង​មើល​ឃើញ​ថា សន្ធិសញ្ញា​បំពេញ​បន្ថែម​ហ្នឹង​ធ្វើ​ឲ្យ​ភាគី​កម្ពុជា ខាត​បង់​ទាំង​ដែន​ដី​គោក ទាំង​ទឹក និង​កោះ»

វិទ្យុ​អាស៊ីសេរី នៅ​មិន​អាច​សុំ​សេចក្តី​អត្ថាធិប្បាយ​ពី​មន្ត្រី​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ទេ កាល​ពី​ថ្ងៃ​ពុធ ទី​២២ ខែ​តុលា។

ឆ្លើយ​តប​ទៅ​នឹង​ចលនា​ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ សើរើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ឡើង​វិញ​នេះ លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា ផង​នោះ​ថ្លែង​ថា កម្ពុជា មិន​អាច​លុប​ចោល​សន្ធិសញ្ញា​ឆ្នាំ​២០០៥ រវាង​កម្ពុជា និង​វៀតណាម បាន​ទេ ដោយសារ​សន្ធិសញ្ញា​នេះ​បាន​ក្លាយ​ជា​សន្ធិសញ្ញា​អន្តរជាតិ​បាត់​ទៅ​ហើយ៖ «ខ្ញុំ​មិន​ដឹង​ជា​ច្បាប់​របស់​ប្រទេស​យើង បន្ទាប់​ពី​សភា​ឲ្យ​សច្ចាប័ន​ហើយ គេ​មិន​ដែល​ឲ្យ​ទៅ​ស្ថាប័ន​រដ្ឋធម្មនុញ្ញ​សើរើ​អី​ទៀត។ ខ្ញុំ​ក៏​មិន​ដែល​ឮ ក្នុង​នីតិ​អន្តរជាតិ។ ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ កាល​ណា​ឲ្យ​សច្ចាប័ន​ហើយ គឺ​វា​ចប់​ហើយ។ ច្បាប់​នេះ​មិន​ជា​ច្បាប់​ផ្ទៃ​ក្នុង​របស់​កម្ពុជា ទេ តែ​វា​ជា​សន្ធិសញ្ញា​អន្តរជាតិ។ ដូច្នេះ សន្ធិសញ្ញា​ឆ្នាំ​២០០៥ ជា​សន្ធិសញ្ញា​អន្តរជាតិ។ ដូច្នេះ ប្រទេស​មាន​កាតព្វកិច្ច​ដែល​ដាក់​ក្នុង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ហ្នឹង»

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា លោក​នឹង​កៀរគរ​ក្រុម​សហជីព​កម្មករ និង​ក្រុម​សមាគម​យុវជន​ជាច្រើន​ទៀត ដើម្បី​ធ្វើ​លិខិត​ចំហ​មួយ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ជំរុញ​ឲ្យ​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា រូប​នេះ លើក​យក​បញ្ហា​ទឹក​ដី​របស់​កម្ពុជា ដើម្បី​កោះ​បណ្ដា​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ទាំងអស់ ប្រជុំ​ឡើង​វិញ។

ក្រុម​អ្នក​ឃ្លាំ​មើល​ព្រំដែន​និយាយ​ថា រាល់​សន្ធិសញ្ញា​ដែល​ធ្វើ​ឡើង​ក្នុង​អំឡុង​នៃ​ការ​ត្រួតត្រា​របស់​កងទ័ព​វៀតណាម ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨៩ គឺ​ផ្ទុយ​ទៅ​នឹង​ឆន្ទៈ​នៃ​ច្បាប់​ស្ដីពី​សន្ធិសញ្ញា​ទីក្រុង​វ្យែន (Vienna) ឆ្នាំ​១៩៦៩ ដែល​កម្ពុជា ជា​ប្រទេស​ម្ចាស់​ហត្ថលេខី។

រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា បច្ចុប្បន្ន​មាត្រា​៥៥ ចែង​ថា រាល់​សន្ធិសញ្ញា ឬ​កិច្ច​ព្រមព្រៀង​ទាំង​ឡាយ​ណា​ដែល​មិន​ស្រប និង​ឯករាជ្យ ឬ​អធិបតេយ្យភាព បូរណភាព​ទឹក​ដី អព្យាក្រឹត​ភាព និង​ឯកភាព​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​លុប​ចោល។

ចំណែក​មាត្រា​១ ចំណុច "ឃ" ក្នុង​ឧបសម្ពន្ធ​៥​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ក៏​បាន​ចែង​ដែរ​ថា ត្រូវ​បញ្ចប់​រាល់​សន្ធិសញ្ញា និង​កិច្ច​ព្រមព្រៀង​ទាំង​ឡាយ​ណា ដែល​ផ្ទុយ​ទៅ​នឹង​អធិបតេយ្យភាព ឯករាជ្យ បូរណភាព និង​ភាព​មិន​អាច​រំលោភ​បាន​នៃ​ដែន​ដី​អព្យាក្រឹតភាព​របស់​ខ្លួន។

គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​បារាំង ឲ្យ​ដឹង​ថា សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ដែល លោក ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​ជាមួយ លោក ង្វៀង កូថាច់ រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម ខណៈ​កម្ពុជា ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​កងទ័ព​វៀតណាម បាន​នាំ​ឲ្យ​កម្ពុជា បាត់​បង់​ព្រំ​ដែន​ទឹក និង​ព្រំដែន​គោក​របស់​ខ្លួន​ចម្ងាយ​ជាង ៣​ម៉ឺន​គីឡូ​ម៉ែត្រ​ការ៉េ រួម​ទាំង​បាត់​កោះត្រល់ ទំហំ​ជាង ៥០០​គីឡូ​ម៉ែត្រ​ការ៉េ ស្មើ​នឹង​ប្រទេស​សិង្ហបុរី (Singapore) ទាំង​មូល និង​បាត់​កោះ​ប៉ូឡូប៉ង់ហ្សង់ ឬ​កោះ​ក្រចកសេះ ទំហំ​ប្រហែល ៦​គីឡូ​ម៉ែត្រ​ការ៉េ​ថែម​ទៀត។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង មាន​ប្រសាសន៍​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បកស្រាយ​បញ្ហា​ព្រំដែន​ក្នុង​រដ្ឋសភា​រយៈពេល​ជាង​ប្រាំ​ម៉ោង​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៣ នោះ ជា​ការ​សមរម្យ​ជា​ទីបំផុត៖ «សម្ដេច​តេជោ បាន​ចំណាយ​ពេល​ជាង​ប្រាំ​ម៉ោង​កន្លះ ដើម្បី​ពន្យល់​រដ្ឋសភា​ដែល​ជា​ស្ថាប័ន​នីតិប្បញ្ញត្តិ​ខ្ពស់​បំផុត​របស់​ប្រទេស​យើង ហើយ​បាន​ផ្សព្វផ្សាយ​ទាំងអស់​តាម​វិទ្យុ​ទូរទស្សន៍​តាម​អី​ទាំងអស់ ហើយ​និង​បោះពុម្ព​ផ្សាយ​អត្ថបទ​ដែល​លោក​បាន​អន្តរាគមន៍​ជាច្រើន​ម៉ឺន​ក្បាល​ទៀត។ ហើយ​លោក​មាន​ប្រសាសន៍​ថា បើ​សិន​ជា​អស់​លោក​មិន​យល់​ទេ នោះ​លោក​សូម​ឲ្យ​ខាង​ទូរទស្សន៍​វិទ្យុ​ចាក់​ផ្សាយ​ទៀត។ រួច​ដូច្នេះ ខ្ញុំ​មិន​ដឹង​ជា​មាន​អី​នឹង​ថែម​ទៅ​នឹង​អ្វី​ដែល​សម្ដេច​តេជោ បាន​ប្រសាសន៍​ក្នុង​រដ្ឋសភា​រយៈពេល​ប្រាំ​ម៉ោង​ជាង​ទៅ​ហើយ គឺ​ខ្ញុំ​អស់​មាន​អ្វី​នឹង​បន្ថែម​ទៅ​ហើយ»

ប៉ុន្តែ លោក រ៉ុង ឈុន អះអាង​ថា ការ​បកស្រាយ​ជាង​ប្រាំ​ម៉ោង​របស់ លោក ហ៊ុន សែន ក្នុង​រដ្ឋសភា​នា​ពេល​នោះ ជា​ការ​បកស្រាយ​ដែល​ហាម​មិន​ឲ្យ​មាន​អ្នក​សួរ​ដេញ​ដោល និង​ជា​ការ​បកស្រាយ​មិន​ចំ​ការ​ពិត៖ «តាម​ការ​ពិត ទោះ​បី​លោក​នាយក​រដ្ឋមន្ត្រី​បកស្រាយ ១០០​ម៉ោង បើ​បកស្រាយ​ចំ​កន្លែង​ខុស បើ​បកស្រាយ​អត់​ឲ្យ​គេ​សួរ​ដេញ​ដោល គឺ​អត់​មាន​ន័យ​អី​ទេ។ គ្រាន់​តែ​សូត្រ​ទៅ សូត្រ​អត់​ចំ​គោលដៅ​ដែល​គេ​ចង់​បាន។ យើង​ត្រូវ​ឈរ​ចាំ​ឆ្លើយ​ឲ្យ​អ្នក​ចូលរួម​ហ្នឹង​គេ​អ្នក​ចាំ​សួរ អា​ហ្នឹង​បាន​ល្អ​ប្រសើរ។ ហើយ​បើ​គ្រាន់​តែ​យើង​សរសេរ​ពង្រាង សរសេរ​ទៅ​ហើយ​គ្រាន់​តែ​កាន់​ក្រដាស​សូត្រ ហើយ​សូត្រ​បង្វែង អា​ហ្នឹង​វា​អត់​មាន​ន័យ​ខ្លឹមសារ​អី​ទេ ពីព្រោះ​អត់​ឲ្យ​គេ​សួរ​ដេញ​ដោល​ពី​ចំណុច​នេះ​ចំណុច​នោះ»

ការ​បកស្រាយ​រយៈពេល​ជាង​ប្រាំ​ម៉ោង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ក្នុង​រដ្ឋសភា អំពី​បញ្ហា​ព្រំដែន​នោះ ភាគ​ច្រើន លោក ហ៊ុន សែន ហាក់​បន្ទោស​ទៅ​ដល់​អតីត​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ថា​ព្រះអង្គ​បាន​បន្សល់​ទុក​នូវ​វិបត្តិ​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ទាំង​ព្រំដែន​គោក និង​ព្រំ​ដែន​ទឹក​ដល់​មនុស្ស​ជំនាន់​ក្រោយ ហើយ​រូប​លោក​គ្រាន់​តែ​ជា​អ្នក​ដោះស្រាយ​តាម​ក្រោយ​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ធ្លាប់​មាន​បន្ទូល​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ព្រះបាទ​នរោត្តម សីហនុ មិន​ដែល​ទទួល​ស្គាល់​សន្ធិសញ្ញា​រវាង​កម្ពុជា និង​វៀតណាម ទាំង​ឡាយ​ណា​ក្នុង​អំឡុង​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨៩ ខណៈ​កម្ពុជា ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម នោះ​ឡើយ៕

ព័ត៌មាន​ទាក់ទង​នឹង​ព្រំដែន

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។