សភា​អឺរ៉ុប​​នឹង​បោះឆ្នោត​លើ​សេចក្ដី​សម្រេច​អំពី​ការ​បញ្ឈប់​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ពី​កម្ពុជា

ដោយ មួង ណារ៉េត
2017-12-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
៥-មិថុនា-២០១៤៖ សកម្មភាព​របស់​កម្មករ​រោងចក្រ​កាត់ដេរ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន (Manhattan SEZ) នា​ខេត្ត​ស្វាយរៀង។
៥-មិថុនា-២០១៤៖ សកម្មភាព​របស់​កម្មករ​រោងចក្រ​កាត់ដេរ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន (Manhattan SEZ) នា​ខេត្ត​ស្វាយរៀង។
Photo: RFA

សហគមន៍​អឺរ៉ុប គ្រោង​ចាត់​វិធានការ​ទណ្ឌកម្ម​ធ្ងន់ៗ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន តាម​រយៈ​ការ​បោះឆ្នោត​លើ​សេចក្ដី​សម្រេច​មួយ​នៅ​ថ្ងៃ​១៤ ខែ​ធ្នូ នេះ ដែល​អាច​ប៉ះពាល់​ដល់​វិស័យ​កាត់ដេរ​ដែល​មាន​កម្មករ​ជិត​មួយ​លាន​នាក់។ ទណ្ឌកម្ម​នេះ នឹង​ចៀស​មិន​ផុត បើ​លោក ហ៊ុន សែន នៅ​តែ​មិន​ព្រម​ធ្វើ​តាម​សំណូមពរ​របស់​អន្តរជាតិ។

​សភា​អឺរ៉ុប នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ នេះ គ្រោង​បោះឆ្នោត​អនុម័ត​សេចក្ដី​សម្រេច​មួយ​ស្ដីពី​ការ​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ទំនិញ​ពី​ប្រទេស​កម្ពុជា មក​កាន់​ទីផ្សារ​អឺរ៉ុប បើ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​តែ​ព្រងើយកន្តើយ​មិន​ធ្វើ​តាម​សំណូមពរ​របស់​សហគមន៍​អន្តរជាតិ ដែល​ស្នើ​ឲ្យ​លុបចោល​សេចក្ដី​សម្រេច​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​បញ្ឈប់​ការ​បង្ក​ឧបសគ្គ​ជា​បន្តបន្ទាប់​ដែល​រារាំង​ដល់​គណបក្ស​ប្រឆាំង ដោយ​ត្រូវ​បញ្ឈប់​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន​ដើម្បី​ឲ្យ​បក្ស​ប្រឆាំង​អាច​ចូល​រួម​ក្នុង​ជីវភាព​នយោបាយ​ស្មើ​ភាព​គ្នា​ក្នុង​ដំណើរការ​បោះឆ្នោត​ជាតិ​ខាង​មុខ។

សេចក្ដី​សម្រេច​នេះ​សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​ចងចាំ​ថា កិច្ច​ព្រមព្រៀង​នៃ​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ផលិតផល​ពី​កម្ពុជា ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​នេះ អាច​បន្ត​ទៅ​ទៀត​បាន តែ​ក្នុង​ករណី​ដែល​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ។ ប៉ុន្តែ សភា​អឺរ៉ុប​សង្កេត​ឃើញ​ថា លក្ខខណ្ឌ​ដែល​មិន​អាច​ខ្វះ​បាន​ទាំង​អស់​នេះ មិន​ត្រូវ​បាន​គោរព​នោះ​ឡើយ ដោយសារ​តែ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ទុក្ខបុកម្នេញ​គណបក្ស​សង្គ្រោះ​ជាតិ យ៉ាង​ដំណំ​រហូត​ដល់​ការ​រម្លាយ​គណបក្ស​ប្រឆាំង ការ​ចាប់​ប្រធាន​គណបក្ស​នេះ​ដាក់​ពន្ធនាគារ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាដើម។ សេចក្ដី​សម្រេច​ដដែល​នេះ​ក៏​ស្នើ​ឲ្យ​ស្ថាប័ន​ប្រតិបត្តិ​របស់​សហភាព​អឺរ៉ុប​ទាំង​ក្នុង និង​ក្រៅប្រទេស រៀបចំ​បញ្ជី​ឈ្មោះ​ជន​ទាំង​ឡាយ​ណា​ដែល​ចូល​ដៃ​ក្នុងកា​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ដើម្បី​បង្កក​ទ្រព្យសម្បត្តិ និង​ហាម​ឃាត់​មិន​ឲ្យ​ចូល​សហគមន៍​អឺរ៉ុប។

​ជា​ចុង​ក្រោយ​សេចក្ដី​សម្រេច​នេះ បង្គាប់​ឲ្យ​ប្រធាន​សភា​អឺរ៉ុប បញ្ជូន​សេចក្ដី​សម្រេច​នេះ​ទៅ​គណៈកម្មការ​ក្រុមប្រឹក្សា​ស្ថាប័ន​ប្រតិបត្តិ​របស់​ប្រទេស​អឺរ៉ុប​នៅ​ក្រៅ​ប្រទេស​រដ្ឋ​ជា​សមាជិក​រដ្ឋាភិបាល និង​រដ្ឋ​សភា​កម្ពុជា និង​រដ្ឋាភិបាល​ប្រទេស​អាស៊ាន​ទាំង​អស់ និង​តម្រូវ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ហើយ​រៀបចំ​ការ​បោះឆ្នោត​មួយ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​មាន​ការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បើ​មិន​ចង់​រង​ទណ្ឌកម្ម​បែប​នេះ​នោះ​ទេ។ សភា​អឺរ៉ុប ស្នើ​ឲ្យ​រដ្ឋាភិបាល​ឆាប់​ស្វះស្វែង​រក​កិច្ច​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​មួយ។

​ទោះ​ជា​មានទណ្ឌ​កម្ម​បណ្ដើរៗ​ក្តី ក៏​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​បញ្ជាក់​ជា​ច្រើន​លើក​ច្រើន​គ្រា រួម​ទាំង​ថ្ងៃ​ម្សិលមិញ (១៣ ធ្នូ) ផង ថា​លោក​មិន​ខ្វល់​អំពី​ទណ្ឌកម្ម​ទាំង​នេះ​នោះ​ទេ ហើយ​ការ​បោះឆ្នោត​នៅ​កម្ពុជា នៅ​តែ​ប្រព្រឹត្តទៅ​ដូច​ធម្មតា ទោះ​គ្មាន​បក្ស​ប្រឆាំង​ចូលរួម។ លោក ហ៊ុន សែន ថ្លែង​ទៀត​ថា ភាព​ស្របច្បាប់​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា មិន​ត្រូវ​ការបរទេស​ណា​ទទួល​ស្គាល់​នោះ​ទេ។ ប៉ុន្តែ អ្នក​វិភាគ និង​មន្ត្រី​សិទ្ធិមនុស្ស​យល់​ឃើញ​ថា បើ​នៅតែ​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង និង​នៅ​តែ​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​សំឡេង​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​បែប​នេះ នោះ​សហគមន៍​អន្តរជាតិ នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ទេ។ ជា​លទ្ធផល ប្រទេស​កម្ពុជា នឹង​ឯកោ​ខ្លាំង​ពី​ពិភពលោក។ ម្យ៉ាង​ទៀត អ្នកវិភាគ​បញ្ជាក់​ថា លោក ហ៊ុន សែន កំពុង​តែ​ព្រួយបារម្ភ គ្រាន់តែ​ខំ​ព្យាយាម​មិន​បង្ហាញ​ឲ្យ​ឃើញ​ចំណុច​ខ្សោយ​នេះ​តែប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល