បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​អ្នក​សង្កេតការណ៍​បាន​ជាង​១​ម៉ឺន​នាក់

ដោយ យ៉ង ចាន់តារា
2017.05.28
កន សាវាង្ស ៨៥៥ ២០១៧ អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ថ្លែង​ក្នុង​កម្មវិធី​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៧។
Photo: RFA

បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ ជ្រើសរើស​អ្នក​សង្កេតការណ៍​បាន​ជាង ១​ម៉ឺន​នាក់ ក៏ប៉ុន្តែ​មិន​បាន​គ្រប់​ចំនួន​ដូច​ការ​គ្រោង​ទុក​នោះ​ទេ ខណៈ​កាលបរិច្ឆេទ​នៃ​ការ​ឈប់​ទទួល​អ្នក​សង្កេតការណ៍​ជាតិ បាន​ផុត​កំណត់​កាល​ពី​ថ្ងៃ​ទី​២៤ ឧសភា កន្លង​ទៅ។ មន្ត្រី​អង្គការ​ខុមហ្វ្រែល (COMFREL) បញ្ជាក់​ថា មូលហេតុ​ដែល​ជ្រើសរើស​មិន​បាន​គ្រប់​ចំនួន​នេះ ដោយសារ​តំបន់​មួយ​ចំនួន​នៅ​ដាច់ស្រយាល​ខ្លាំង ហើយ​ម្យ៉ាង​អាច​មក​ពី​បញ្ហា​ថវិកា​ដែល​ត្រូវ​ផ្តល់​ឲ្យ​អ្នក​សង្កេតការណ៍​ស្ម័គ្រ​ចិត្ត​មាន​ចំនួន​តិចតួច។

បើ​ទោះ​ជា​ជ្រើសរើស​មិន​បាន​អ្នក​សង្កេតការណ៍​គ្រប់​ចំនួន​ដូច​ការ​គ្រោង​ទុក​ក្តី ក៏​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត ដែល​ជា​សម្ព័ន្ធ​អង្គការ​សមាគម​ជិត ៤០ នៅ​កម្ពុជា អះអាង​ថា ពួក​គេ​នៅ​តែ​អាច​មាន​អ្នក​សង្កេតការណ៍​នៅ​គ្រប់​ទីតាំង​បោះឆ្នោត​ទាំងអស់​ទូទាំង​ប្រទេស​ដដែល។

បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ គ្រោង​ជ្រើសរើស​អ្នក​សង្កេតការណ៍​ឲ្យ​បាន​ចំនួន ១៤.៥០០​នាក់ ដើម្បី​ដាក់​អ្នក​សង្កេតការណ៍​ទាំងនោះ​នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត​ទាំង​ជាង ២​ម៉ឺន ២​ពាន់​ការិយាល័យ (២២.១៤៨​ការិយាល័យ) នៅ​ទូទាំង​ប្រទេស ក៏ប៉ុន្តែ​មក​ដល់​ត្រឹម​ថ្ងៃ​ទី​២៤ ឧសភា ដែល​ជា​ថ្ងៃ​ផុត​កំណត់​ទទួល​អ្នក​សង្កេតការណ៍ បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត ជ្រើសរើស​អ្នក​សង្កេតការណ៍​បាន​តែ ១​ម៉ឺន ៣​ពាន់​នាក់​ប៉ុណ្ណោះ។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស បញ្ជាក់​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៨ ឧសភា ថា ទោះ​បី​ជា​ការ​ជ្រើសរើស​បាន​តិច​ជាង​ការ​គ្រោង​ទុក​ចំនួន ១.៥០០​នាក់​ក្តី ក៏​នេះ​មិន​មែន​មាន​ន័យ​ថា បន្ទប់​ស្ថានការណ៍​ខ្វះ​ចន្លោះ​នៅ​ឃុំ-សង្កាត់​ណា​មួយ​នោះ​ទេ ព្រោះ​ចំនួន​ដែល​ជ្រើសរើស​បាន​នេះ គឺ​គ្រប​ដណ្ដប់​គ្រប់​ទីតាំង​បោះឆ្នោត​ទាំងអស់​រួច​ទៅ​ហើយ«ទីតាំង (បោះឆ្នោត) មាន​ប្រហែល​ជា​ជាង ១​ម៉ឺន ១​ពាន់​ទេ។ អ៊ីចឹង​មាន​ន័យ​ថា​គ្រប់​ទីតាំង​ទាំងអស់ យើង​បាន​ដាក់​មនុស្ស​ពេញ​អស់​ហើយ ប៉ុន្តែ​អ្វី​ដែល​យើង​ចង់​បាន​នោះ គឺ ២​ការិយាល័យ ត្រូវ​មាន​អ្នក​សង្កេតការណ៍​ម្នាក់​មើល។ ឥឡូវ​នេះ​បើ​ថា ២​ការិយាល័យ​អត់​មាន​ទេ ប៉ុន្តែ​គ្រប់​ទីតាំង​គឺ​មាន​ពេញ​អស់​ហើយ»

លោក កន សាវាង្ស បញ្ជាក់​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នេះ មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង ដោយសារ​សន្ទុះ​នៃ​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ចាប់​តាំង​ពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ មក មាន​ការ​កើន​ឡើង ហើយ​លើស​ពី​នេះ ជា​លើក​ទី​មួយ​ហើយ​ដែល​គណបក្ស​ប្រឆាំង​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ​គ្រប់​ឃុំ-សង្កាត់​ទាំងអស់​ទូទាំង​ប្រទេស។ ហេតុ​ដូចនេះ វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​មាន​ការ​ចូលរួម​ពី​អ្នក​សង្កេតការណ៍​ឲ្យ​បាន​ច្រើន ដើម្បី​កុំ​ឲ្យ​មាន​ការ​ខ្វែង​យោបល់​គ្នា​ជុំវិញ​រឿង​ភាព​មិន​ប្រក្រតី​ទាំងឡាយ​ដែល​កើត​មាន រួម​ទាំង​លទ្ធផល​បោះឆ្នោត​ផង ហើយ​ជាពិសេស អ្នក​សង្កេតការណ៍​នឹង​ដើរ​តួនាទី​ជា​សាក្សី​ដ៏​សំខាន់ ដើម្បី​ធ្វើ​យ៉ាង​ណា​ធានា​ថា ការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌«គណបក្ស​មួយ​ឃើញ​លទ្ធផល​ផ្សេង​ទៅ គណបក្ស​មួយ​ទៀត​ឃើញ​លទ្ធផល​ផ្សេង​ទៅ ហើយ​ខាង គ..ប ឃើញ​ខុស​គ្នា​ទៀត​ទៅ។ នេះ​ដោយសារ​តែ​ការ​ចម្លង​អត់​ពិត​ប្រាកដ។ ដល់​ពេល​កន្លែង​ហ្នឹង​អត់​មាន​អ្នក​សង្កេតការណ៍​ជួយ​មើល​ផ្ទៀងផ្ទាត់​គ្នា អ៊ីចឹង​វា​នឹង​ធ្វើ​ឲ្យ​កើត​មាន​បញ្ហា​ដែរ។ បើ​សិន​ជា​យើង​ចូលរួម​ទាំងអស់​គ្នា កាលណា​មាន​បញ្ហា​អ្វី ក្រុម​អ្នក​សង្កេតការណ៍​នឹង​ផ្ទៀងផ្ទាត់​ត្រង់​កន្លែង​ហ្នឹង​ថា តើ​វា​ពិត​ប្រាកដ​ដែរ​ឬ​អត់? កាលណា​សំឡេង និង​ការ​ផ្ទៀងផ្ទាត់​គ្នា បូក​បញ្ចូល​គ្នា​ឲ្យ​បាន​ច្រើន​ទៅ យើង​នឹង​ឃើញ​បញ្ហា។ នោះ​យើង​នឹង​អាច​កាត់​បន្ថយ ឬ​ដោះស្រាយ (ភាព​មិន​ប្រក្រតី) បាន​ហើយ»

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) លោក ហង្ស ពុទ្ធា បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែ​ឧសភា គ..ប បាន​ទទួល​ស្គាល់​អ្នក​សង្កេតការណ៍​ជាតិ​ចំនួន​ជាង ៥​ម៉ឺន ៦​ពាន់​នាក់ (៥៦.៨១៧​នាក់) អ្នក​សង្កេតការណ៍​អន្តរជាតិ​ចំនួន ៩៤​នាក់ និង​ភ្នាក់ងារ​គណបក្ស​នយោបាយ​ចំនួន​ជាង ៥​ម៉ឺន ៨​ពាន់​នាក់ (៥៨.៤១០​នាក់) ដើម្បី​ចូលរួម​សង្កេត​មើល​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ នេះ។

លោក ហង្ស ពុទ្ធា ថ្លែង​ថា គោលការណ៍​នៃ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គឺ​ត្រូវ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ហើយ​អ្នក​សង្កេតការណ៍​នេះ​ហើយ​ជា​ភាគី​មួយ​យ៉ាង​សំខាន់ ព្រោះ​ពួក​គេ​ជា​អ្នក​ឆ្លុះ​បញ្ចាំង​ប្រកប​ដោយ​តម្លាភាព ចំពោះ​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​នៅ​គ្រប់​ដំណាក់កាល​នៃ​ការ​បោះឆ្នោត«ការ​បោះឆ្នោត​ពិត​ជា​ត្រូវការ​ពួក​គាត់ (អ្នក​សង្កេតការណ៍) ហើយ​បើ​មាន​ភាព​មិន​ប្រក្រតី ឬ​ក៏​មាន​ពាក្យ​បណ្ដឹង ពួក​គាត់​អាច​ជា​សាក្សី​យ៉ាង​សំខាន់​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​ផង​ដែរ»

កាលបរិច្ឆេទ​នៃ​ការ​ទទួល​អ្នក​សង្កេតការណ៍​ជាតិ​ដោយ គ..ប បាន​ផុត​កំណត់​ហើយ​កាល​ពី​ថ្ងៃ​ទី​២៤ ឧសភា កន្លង​ទៅ រីឯ​ការ​ទទួល​អ្នក​សង្កេតការណ៍​អន្តរជាតិ និង​ភ្នាក់ងារ​គណបក្ស​នយោបាយ នឹង​ត្រូវ​បន្ត​ដល់​ថ្ងៃ​ទី​៣០ ឧសភា ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។