លោក ហ៊ុន សែន​ ប្រកាស​បើក​វេទិកា​ឆ្លើយ​ឆ្លង​ជាមួយ​យុវជន​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក

ដោយ យ៉ង ចាន់តារា
2016.01.22
ហ៊ុន សែន ៧មករា ២០១៦ ៨៥៥ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ខួប​៧​មករា លើក​ទី​៣៧ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៦។
RFA/Brach Chev

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា លោក​នឹង​ប្រើប្រាស់​ទំព័រ​ហ្វេសប៊ុក​ខ្លួន​ ជា​វេទិកា​ឆ្លើយ​ឆ្លង​ជា​មួយ​យុវជន និង​ពលរដ្ឋ​ទូទៅ​ អំពី​​បញ្ហា​សង្គម​ជាតិ។ ការ​ប្រកាស​បែប​នេះ ទទួល​បាន​ការ​សាទរ​ពី​សកម្មជន​សិទ្ធិ​អ៊ិនធឺណិត និង​អ្នក​តាម​ដាន​បញ្ហា​យុវជន​ ប៉ុន្តែ​ពួក​គេ​មិន​ទាន់​ជឿជាក់​ថា​ នេះ​ជា​ចេតនា​ចង់​ដោះស្រាយ​បញ្ហា​សង្គម​ជាតិ​ឡើយ។ លើស​ពី​នេះ ពួក​គេ​ចង់​ឃើញ​ប្រមុខ​រដ្ឋាភិបាល​ ប្រើ​ប្រាស់​បណ្ដាញ​សង្គម​របស់​ខ្លួន​ជាមួយ​យុវជន ប្រកប​ដោយ​ស្មារតី​អត់​ធ្មត់​ខ្ពស់​បំផុត។

អ្នក​តាម​ដាន​បញ្ហា​យុវជន និង​សកម្មជន​សិទ្ធិ​អ៊ិនធឺណិត យល់​ឃើញ​ស្រដៀង​គ្នា​ថា ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន នា​ពេល​នេះ គឺ​ជា​ចំណុច​ចាប់​ផ្ដើម​មួយ​ដ៏​ល្អ ក្នុង​ការ​បង្កើត​ឱ្យ​មាន​វប្បធម៌​សន្ទនា​​​បែប​ថ្មី​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ស្ថាបនិក​ក្រុម​យុវជន​កាហ្វេ​នយោបាយ​លោក អ៊ូ រិទ្ធី បញ្ជាក់​ថា គំនិត​ផ្ដួច​ផ្ដើម​ឱ្យ​មាន​វេទិកា​ឆ្លើយ​ឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រវាង​ប្រមុខ​រដ្ឋាភិបាល ជាមួយ​យុវជន​នេះ​​ ជា​រឿង​មួយ​ល្អ ពីព្រោះ​យុវជន​នឹង​មាន​ឱកាស​​លើក​ឡើង​ពី​កង្វល់​របស់​ខ្លួន តាំង​ពី​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ជាតិ។

ទោះបី​ជា​យ៉ាង​នេះ​ក្ដី លោក អ៊ូ រិទ្ធី មើល​ឃើញ​ថា​ អ្វី​ដែល​ជា​ចំណុច​សំខាន់​ គឺ​ការ​ទទួល​យក​មតិ​យោបល់​ទាំងនោះ​ទៅ​ដោះស្រាយ ដោយ​មិន​មែន​គ្រាន់​តែ​ជា​ការ​ឆ្លើយ​តប​គ្មាន​សកម្មភាព​នោះ​ទេ។ ក្រៅពី​នេះ លោក អ៊ូ រិទ្ធី ជំរុញ​​ឱ្យ​​​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន មាន​ភាព​អត់​ធ្មត់​ខ្ពស់​បំផុត ក្នុង​ការ​ទទួល​យក​មតិ​យោបល់​ផ្សេងៗ​ ទាំង​វិជ្ជមាន​ និង​អវិជ្ជមាន​ ពី​សំណាក់​យុវជន៖ «វា​អាច​ជួយ​ឱ្យ​យុវជន​មាន​ឱកាស​បញ្ចេញ​សំឡេង បញ្ចេញ​នូវ​បញ្ហា​ដែល​គាត់​ជួប ក៏​ប៉ុន្តែ​យើង​ត្រូវ​តាម​ដាន​ឱ្យ​មែន​ទែន​ ថា​តើ​ការ​ទទួល​យក​មតិ​រិះ​គន់​ពី​យុវជន​មួយ​ចំនួន​មាន​កម្រិត​ប៉ុណ្ណា ឬ​ក៏​គ្រាន់​តែ​បង្ហាញ​ឱ្យ​តែ​ល្អ​មើល​ ដើម្បី​​​បង្ហាញ​ថា​ខ្លួន​ជា​អ្នក​បើក​គំនិត​ទទួល​យក​មតិ​យោបល់។ អញ្ចឹង​គាត់​ត្រូវ​តែ​អត់ធ្មត់​ច្រើន​ ហើយ​ទទួល​យក​គំនិត​រិះ​គន់»

កាលពី​ព្រឹក​ថ្ងៃ​ទី ២២ មករា លោក​ ហ៊ុន សែន​ បាន​សរសេរ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក ផ្លូវ​ការ​របស់​លោក​ថា  ហ្វេសប៊ុក​​របស់​​លោក ជា​ហ្វេសប៊ុក​​សន្តិភាព ដែល​លើក​តម្កើង​សិទ្ធិ​​សេរីភាព និង​សកម្មភាព​​ចូលរួម​​កសាង​សង្គម​ដោយ​អហិង្សា៖ «ដើម្បី​បង្ក​បរិយាកាស​កាន់​តែ​រីករាយ​ស្និទ្ធស្នាល​ជាមួយ​ជន​រួម​ជាតិ និង​យុវជន សិស្ស និស្សិត​នៅ​​ទូ​ទាំង​​ប្រទេស ខ្ញុំ​នឹង​បើក​វេទិកា​ឆ្លើយ​ឆ្លង​ជាមួយ​យុវជន និង​ជន​រួម​ជាតិ​នៅ​ក្នុង Facebook ខ្ញុំ​ផ្ទាល់​លើ​ប្រធាន​បទ​​ដែល​មាន​សារៈសំខាន់​ក្នុង​ការ​កសាង​សង្គម​ជាតិ​ដូច​ជា ការ​គោរព​ច្បាប់​ចរាចរណ៍ អំពើ​ល្អ​ចំពោះ​​មនុស្ស​​ចាស់​ជរា និង​ជន​ពិការ​ អំពើ​ល្អ​ចំពោះ​កុមារ និង​ស្ត្រី​ទន់​ខ្សោយ ការ​ជួយ​គ្នា​នៅ​ពេល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ ការ​ចូល​រួម​រើស​សំរាម​សំអាត​ទីក្រុង​ និង​តាម​ទី​ធ្លា​សាធារណៈ ការ​ទប់​ស្កាត់​ និង​លុប​បំបាត់​គ្រឿង​ញៀន​ និង​​ការ​ឈប់​ជក់​បារី​ជា​ដើម»

នៅ​ត្រង់​ចំណុច​នេះ លោក អ៊ូ រិទ្ធី មើល​ឃើញ​ថា បើ​សិន​ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​បាន​មែន​នោះ ប្រជា​ប្រិយ​ភាព​របស់​លោក​នឹង​កើន​ឡើង​ខ្លាំង​ជាង​មុន៖ «គាត់​ត្រូវ​ទទួល​គំនិត​ប្រឆាំង​ ហើយ​ឈប់​គំរាម​ពួក​ប្រឆាំង​ដែល​គេ​និយាយ​អី​ខ្លាំង​ រិះ​គន់​មាំ​ៗ។ យើង​ទទួល​យក​គំនិត​ ហើយ​ឆ្លើយ​ឆ្លង​គ្នា​ របៀប​ជា​យោបល់​ដែល​មាន​ព័ត៌មាន​ ឆ្លើយ​ឆ្លង​គ្នា ​ហើយ​ពន្យល់​គ្នា​ ទទួល​យក​​គំនិត​គ្នា។ នៅ​ពេល​ដែល​គាត់​​យក​គំនិត​យុវជន​គ្រប់​និន្នាការ​នយោបាយ​បូក​ផ្សំ ហើយ​យក​ទៅ​អនុវត្ត​ជាក់ស្ដែង​ នៅ​ពេល​ហ្នឹង​ខ្ញុំ​ជឿ​ថា​ លោក សម រង្ស៊ី មិន​អាច​ប្រៀប​បាន​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ហ្នឹង​ទេ»

ទិន្នន័យ​​ខែ កញ្ញា ឆ្នាំ ២០១៥ របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បង្ហាញ​ថា​ អតិថិជន​អ៊ិនធឺណិត​ទាំង​ចល័ត និង​អចល័ត​នៅ​កម្ពុជា មាន​ចំនួន​ជាង ៦លាន​នាក់ (.២៥៦.៣៨៨)។ នៅ​ឆ្នាំ ២០១៥ ដូច​គ្នា ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម We Are Social របស់​សិង្ហបុរី រក​ឃើញ​ថា អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដ៏​សកម្ម​នៅ​កម្ពុជា បាន​កើន​ឡើង​រហូត​ដល់​ជាង ៣​លាន​នាក់ (,៤លាន​នាក់)

ទាក់​ទង​នឹង​រឿង​នេះ​ដែរ សមាជិក​ក្រុម​ការងារ​សិទ្ធិ​អ៊ិនធឺណិត​ លោក សូ សៅទ្ធី បង្ហាញ​គំនិត​សុទិដ្ឋិនិយម​ថា យុវជន​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ពី​ការ​វេទិកា​នេះ។ លោក សូ សៅទ្ធី យល់​ឃើញ​ថា វា​ជា​ការ​បើក​ទូលាយ​នូវ​សេរីភាព​បញ្ចេញ​មតិ​ ជា​ស្ពាន​សម្រាប់​ការ​ឆ្លើយ​ឆ្លង​គ្នា​រវាង​យុវជន និង​អ្នក​ដឹក​នាំ ព្រមទាំង​បង្ហាញ​ពី​ការ​ប្រឹងប្រែង​អភិវឌ្ឍ​ខ្លួន​របស់​ថ្នាក់​ដឹកនាំ។ ប៉ុន្តែ​លោក សូ សៅទ្ធី ក៏​​បាន​បញ្ជាក់​ដែរ​ថា អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នៅ​កម្ពុជា​មួយ​ចំនួន​ មាន​ការ​យល់​ដឹង​ទាប​ ដែល​ទាម​ទារ​ឱ្យ​លោក ហ៊ុន សែន យោគយល់ និង​អត់ធ្មត់​ខ្ពស់​ជាង​នេះ។

បន្ថែម​ពីលើ​នេះ លោក សូ សៅទ្ធី លើក​ឡើង​ថា ការ​បង្កើត​ជា​វេទិកា​ឆ្លើយ​ឆ្លង​គ្នា​ មិន​គួរ​ធ្វើ​តែ​រវាង​លោក ហ៊ុន សែន នឹង​យុវជន​នោះ​ទេ​ ប៉ុន្តែ​ក្រសួង​ និង​ស្ថាប័ន​ជាតិ​សំខាន់ៗ​ផ្សេងទៀត​ ត្រូវ​តែ​ធ្វើ​បែប​នេះ​ដូច​គ្នា ដើម្បី​បើក​ឱកាស​ឱ្យ​មាន​លំហ​ព័ត៌មាន​ដ៏​ទូលំទូលាយ​មួយ​សម្រាប់​យុវជន៖ «ការ​ឆ្លើយ​តប​របស់​លោក​នាយករដ្ឋមន្ត្រី មិន​​បាន​គ្រប់​ជ្រុង​ជ្រោយ​ទាំង​អស់ ដែល​ប្រជា​ពលរដ្ឋ​ចង់​បាន​នោះ​ទេ​។ អញ្ចឹង​មាន​តែ​សាមី​ក្រសួង មាន​តែ​អាជ្ញាធរ​ដែល​ទទួល​បន្ទុក​ផ្ទាល់​ ដែល​លោក​ត្រូវ​ជា​អ្នក​ឆ្លើយ​តប​ ហើយ​ត្រូវ​មាន​សិទ្ធិ​ឆ្លើយ​តប​ទៀត​ផង​​។ ខ្ញុំ​បារម្ភ​ដែល​តែ​ថា​សាមី​ក្រសួង ស្ថាប័ន​ ឬ​អាជ្ញាធរ​ថ្នាក់​ក្រោម​ មាន​បំណង​​ចង់​​ឆ្លើយ​ដែរ ប៉ុន្តែ​លោក​អត់​ហ៊ាន។ លោក​ខ្លាច​ថា​អ្វី​ដែល​លោក​បង្ហាញ​ទៅ ឬ​ក៏​​ជូន​ជា​ដំណោះ​ស្រាយ​ទៅ​មិន​ត្រូវ​តាម​ថ្នាក់​លើ»

មក​ទល់​នឹង​ពេល​នេះ មាន​យុវជន​ជាច្រើន​នាក់​ហើយ ដែល​ត្រូវ​បាន​តុលាការ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ ​​ក្រោយ​ពេល​ដែល​ពួកគេ​បង្ហោះ​សារ ដែល​ត្រូវ​បាន​​ចាត់​ទុក​ថា​​ជា​បទ​ល្មើស។ ពួក​គេ​ទាំង​នោះ​រួមមាន​ យុវជន ម៉ាន់ សំអ៊ាន់ នៅ​ខេត្ត​កំពង់​ធំ ពាក់​ព័ន្ធ​ករណី​គំរាម​សម្លាប់​លោក ហ៊ុន សែន។ យុវជន ផង់ សីហា នៅ​ខេត្ត​ត្បូងឃ្មុំ ពាក់ព័ន្ធ​​ករណី​គំរាម​សម្លាប់ លោក សុខ ទូច។ យុវជន តៅ សាវឿន នៅ​ខេត្ត​សៀមរាប ពាក់ព័ន្ធ​ករណី​គំរាម​សម្លាប់​លោក ស ខេង និង​ករណី​យុវជន គង់ រ៉ៃយ៉ា ដែល​បង្ហោះ​ពី​ការ​អំពាវនាវ​ចូលរួម​បដិវត្តន៍​ពណ៌​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥។

ដើម្បី​ធានា​បាន​នូវ​សេរីភាព និង​​សុវត្ថិភាព​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក អ្នក​តាម​ដាន​បញ្ហា​យុវជន និង​សកម្មជន​សិទ្ធិ​អ៊ិនធឺណិត លើក​ឡើង​ស្រប​គ្នា​ថា អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ទាំង​អស់ ជាពិសេស​គឺ​​យុវជន​ ត្រូវ​ចៀសវាង​សម្ដី​ជេរប្រមាថ និង​គំរាមកំហែង ​ដោយ​បញ្ចេញ​តែ​មតិ​យោបល់​ណា ដែល​មាន​លក្ខណៈ​រិះគន់​បែប​ស្ថាបនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។