អតីត​មេ​ឃុំ​ស្រុក​ជុំគិរី​ខេត្ត​កំពត​ថា​មេ​ឃុំ​ថ្មី​មិន​ដែល​ទាមទារ​សោ​ចូល​បន្ទប់​ធ្វើ​ការ

ដោយ វ៉ាន វណ្ណដេត
2017-07-16
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ជំទប់​ទី​២ និង​ជា​អតីត​មេ​ឃុំ​ស្នាយអញ្ជិត លោក ង៉ែត តេន (ឆ្វេង) មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​មេ​ឃុំ​ស្នាយអញ្ជិត ទើប​ជាប់​ឆ្នោត លោក គយ រុន (ស្ដាំ) ផ្ដល់​បទសម្ភាសន៍​នៅ​សាលា​ឃុំ​ស្នាយអញ្ជិត ស្រុក​ជុំគិរី ខេត្ត​កំពត ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៧។
ជំទប់​ទី​២ និង​ជា​អតីត​មេ​ឃុំ​ស្នាយអញ្ជិត លោក ង៉ែត តេន (ឆ្វេង) មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​មេ​ឃុំ​ស្នាយអញ្ជិត ទើប​ជាប់​ឆ្នោត លោក គយ រុន (ស្ដាំ) ផ្ដល់​បទសម្ភាសន៍​នៅ​សាលា​ឃុំ​ស្នាយអញ្ជិត ស្រុក​ជុំគិរី ខេត្ត​កំពត ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA/Van Vanndeth

អតីត​មេ​ឃុំ និង​បច្ចុប្បន្ន គឺ​ជា​ជំទប់​ទី​២ នៅ​តាម​ឃុំ​មួយ​ចំនួន​ក្នុង​ស្រុក​ជុំគិរី ខេត្ត​កំពត ប្រាប់​ថា ការ​ដែល​ពួក​គេ​មិន​ប្រគល់​បន្ទប់​មេ​ឃុំ​ឲ្យ​ទៅ​មេ​ឃុំ​ទើប​ចូល​កាន់​តំណែង ដោយសារ​តែ​មេ​ឃុំ​ថ្មី​មិន​បាន​ទាមទារ​សោ​បន្ទប់​ពី​ពួក​គេ។ សង្គម​ស៊ីវិល​យល់​ថា ទោះ​មេ​ឃុំ​ថ្មី​មិន​ទាមទារ​សោ​បន្ទប់​ក៏ដោយ អ្នក​ចាញ់​ឆ្នោត​ត្រូវ​ប្រគល់​សោ និង​បន្ទប់​ឲ្យ​អ្នក​ឈ្នះ​ឆ្នោត ព្រោះ​ជំទប់​ទី​២ ច្បាប់​មិន​បាន​តម្រូវ​ឲ្យ​មាន​បន្ទប់​ធ្វើ​ការ​ផ្ទាល់​ខ្លួន​ក្នុង​សាលា​ឃុំ​នោះ​ទេ។

អតីត​មេ​ឃុំ​អាណត្តិ​ទី​៣ និង​បច្ចុប្បន្ន​គឺ​ជា​ជំទប់​ទី​២ នៃ​ឃុំ​ស្នាយអញ្ជិត ស្រុក​ជុំគិរី មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ង៉ែត តេន យល់​ថា បន្ទប់​ធ្វើ​ការ​មិន​សំខាន់​នោះ​ទេ​សម្រាប់​លោក​ជា​ជំទប់​ទី​២ តែ​ការ​ដែល​លោក​មិន​បាន​ប្រគល់​សោ និង​បន្ទប់​ឲ្យ​ទៅ​មេ​ឃុំ​ថ្មី​ឈ្នះ​ឆ្នោត​មក​ពី​គណបក្ស​ប្រឆាំង ដោយសារ​លោក​មេ​ឃុំ​ថ្មី​មិន​បាន​ទាមទារ​បន្ទប់ ឬ​កូន​សោ​ពី​លោក​នោះ​ទេ។

លោក​ប្រាប់​ថា ខ្វះ​អី​បន្ទប់​នៅ​ក្នុង​សាលា​ឃុំ ប្រសិន​បើ​មេ​ឃុំ​ថ្មី​ទាមទារ​សោ​ពី​លោក​ពេល​ណា លោក​រើ​ចេញ​ពី​បន្ទប់​មេ​ឃុំ​ចាស់​ភ្លាម ហើយ​លោក​នឹង​ទៅ​រក​បន្ទប់​មួយ​ទៀត​នៅ​ក្នុង​សាលា​ឃុំ​សម្រាប់​ធ្វើ​ការ៖ «តាំង​ពី​ប្រកាស​សុពលភាព​មក មេ​ឃុំ​ថ្មី​អត់​ដែល​ចូល​ក្នុង​បន្ទប់​ទេ គឺ​ធ្វើ​ការ​ក្រៅ​ទាំងអស់​គ្នា ហើយ​គាត់​ទាមទារ​ថ្ងៃ​ណា ខ្ញុំ​ឲ្យ​ថ្ងៃ​ហ្នឹង មាន​ទាស់​អី! អត់​មាន​ទាស់​ទេ​រឿង​បន្ទប់ បើ​គាត់​យក​អា​នេះ ខ្ញុំ​យក​អា​នោះ បើ​គាត់​យក​អា​នោះ ខ្ញុំ​យក​អា​នេះ មាន​ទាស់​អី! ដូច​មិន​បញ្ហា​ទេ ព្រោះ​អត់​ដែល​ចូល​ក្នុង​បន្ទប់​សោះ​តាំង​ពី​ប្រកាស​សុពលភាព​មក​កន្លះ​ខែ​មក ធ្វើ​ខាង​ក្រៅ​ទាំងអស់​គ្នា​ហ្នឹង បើ​គាត់​ចង់​ទាមទារ​បន្ទប់​យក​ទៅ អត់​បញ្ហា​រឿង​បន្ទប់ អត់​មាន​សម្ភារៈ​អី​សំខាន់ មាន​តែ​ទូ​មួយ​នៅ​ហ្នឹង មាន​តុ​មួយ កៅអី​មួយ​ហ្នឹង​ទេ អត់​មាន​អី​ទេ ទូ​មួយ​សម្រាប់​ដាក់​ឯកសារ តាម​ពិត​ឯកសារ​នៅ​ស្មៀន​ទាំងអស់ មាន​តែ​អត្រានុកូលដ្ឋាន សំបុត្រ​ស្នាក់នៅ នៅ​នឹង​ស្មៀន​ទាំងអស់ តែ​យើង​យក​ចេញ​មក​កុំ​ឲ្យ​ទើស​កន្លែង​ស្មៀន​ពេក កុំ​អី​ត្រូវ​នៅ​ស្មៀន​ទាំងអស់។ តាម​ពិត​ទៅ ក្រុម​ប្រឹក្សា​ឃុំ មេ​ឃុំ មាន​តែ​កាតាប​មួយ​ហ្នឹង​សម្រាប់​ដាក់​ឯកសារ ទាមទារ​អី​ឲ្យ​អត់​បញ្ហា​ទេ​រឿង​បន្ទប់»

នៅ​ក្នុង​ស្រុក​ជុំគិរី ខេត្ត​កំពត មាន​ឃុំ​ទាំងអស់​ចំនួន​៧។ លទ្ធផល​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ បង្ហាញ​ថា គណបក្ស​ប្រឆាំង​បាន​ឈ្នះ​តំណែង​ជា​មេ​ឃុំ និង​ជំទប់​ទី​១ ទាំង ៧​ឃុំ ឯ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​តំណែង​ជា​ជំទប់​ទី​២ គ្រប់​ឃុំ។

ក្រោយ​ការ​ប្រកាស​សុពលភាព​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ដោយ​តំណាង​ក្រសួង​មហាផ្ទៃ មេ​ឃុំ​ទើប​ទទួល​តំណែង​ថ្មី​ទាំង ៧​ឃុំ​នៃ​ស្រុក​ជុំគិរី បាន​ចោទ​ជំទប់​ទី​២ របស់​ខ្លួន​ថា មិន​ព្រម​ឲ្យ​បន្ទប់​ធ្វើ​ការ​ទៅ​មេ​ឃុំ​ឈ្នះ​ឆ្នោត។ មេ​ឃុំ​ទើប​ជាប់​ឆ្នោត​អះអាង​ថា ពួក​គាត់​ពិបាក​ក្នុង​ការ​ធ្វើ​លិខិត​ស្នាម​ឲ្យ​ពលរដ្ឋ ព្រោះ​តែ​លិខិត​ស្នាម​ចាស់ៗ​នៅ​ក្នុង​បន្ទប់​ជំទប់​ទី​២ និង​ជា​អតីត​មេ​ឃុំ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​តែ​កាន់កាប់ ហើយ​មេ​ឃុំ​ជាប់​ឆ្នោត​ថ្មី​គ្មាន​បន្ទប់​ធ្វើ​ការ ត្រូវ​ធ្វើ​ការ​លើ​តុ​វែង​សាធារណៈ​ក្នុង​សាលា​ឃុំ ឬ​ក្រោម​ដើមឈើ​ក្នុង​បរិវេណ​សាលា​ឃុំ ជាដើម។

មេ​ឃុំ​ស្នាយអញ្ជិត លោក គយ រុន ដែល​ទើប​ប្រកាស​សុពលភាព​ចូល​កាន់​តំណែង បញ្ជាក់​ថា លោក​ពិត​ជា​មិន​ដែល​បាន​ទាមទារ​សោ​បន្ទប់​ពី​អតីត​មេ​ឃុំ​ពិត​មែន។ លោក​ថា ការ​ដែល​លោក​មិន​ទាមទារ ដោយសារ​លោក​មិន​ចង់​ឃើញ​វិវាទ​កើត​ឡើង។ ចំពោះ​ថា​តើ​អតីត​មេ​ឃុំ​ឲ្យ​បន្ទប់​ធ្វើ​ការ​ចាស់​ទៅ​លោក​ធ្វើ​ការ ឬ​អត់​នោះ លោក​ថា​មិន​សំខាន់​ទេ ប៉ុន្តែ​លោក​ពិបាក​ទុក​ដាក់​ឯកសារ​សម្រាប់​មេ​ឃុំ​ណាស់ នៅ​ពេល​ដែល​លោក​មិន​មាន​បន្ទប់​ធ្វើ​ការ​ផ្ទាល់​ខ្លួន​ក្នុង​នាម​ជា​មេ​ឃុំ៖ «ស្មៀន​គាត់​ថា​បន្ទប់​ពីរ​ហ្នឹង​រើស​យក​មួយ​ណា​ក៏​យក​ទៅ ហើយ​ខ្ញុំ​បាន​សួរ​ថា បន្ទប់ (មេ​ឃុំ) នេះ​យ៉ាង​ម៉េច​ដែរ? ស្មៀន​ថា​បន្ទប់​មួយ​ហ្នឹង​នៅ​មួយ​អន្លើ​សិន ឬ​មួយ​ក៏​ឲ្យ​ទៅ​ជំទប់​ទី​២ គាត់​អ្នក​កាន់កាប់ ហើយ​ខ្ញុំ​ក៏​មិន​មាត់​មិន​ក​អី​ដែរ តាម​ឋានានុក្រម​ទៅ បើ​យើង​ជជែក​វែកញែក​ក៏​មិន​បាន​ប្រយោជន៍​អី​ដែរ មាន​តែ​សហការ​គ្នា​ទៅ​មុខ​ទៀត ដើម្បី​យើង​អភិវឌ្ឍ​ភូមិ​ឃុំ​របស់​យើង។ ខ្ញុំ​គិត​ចឹង អត់​មាន​ទាមទារ​អី​ទេ ស្រេច​តែ​ច្បាប់​ទៅ​ចុះ»

ចំណែក​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ស្រុក​ជុំគិរី និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ជុំគិរី លោក ស៊ិន វណ្ណា ប្រាប់​ថា ក្រោយ​ការ​ប្រកាស​សុពលភាព​មួយ​សប្ដាហ៍​មក​នេះ មេ​ឃុំ​ទាំង​៧ នៅ​មិន​ទាន់​មាន​បន្ទប់​ធ្វើ​ការ​នោះ​ទេ។ លោក​ថា មេ​ឃុំ​ថ្មី​ទាំង ៧​ឃុំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ពិបាក​ធ្វើ​ការ​ជាមួយ​ស្មៀន​ឃុំ ដោយ​លោក​មើល​ឃើញ​ថា​ស្មៀន​ឃុំ​បាន​រក្សា​ទម្លាប់​ចាស់ គឺ​ដើរ​ចោល​កន្លែង​ធ្វើ​ការ ឬ​ចូល​ធ្វើ​ការ​យឺត​ម៉ោង ចេញ​ធ្វើ​ការ​លឿន ដោយ​មិន​គោរព​ម៉ោង​ធ្វើ​ការ​ដែល​រដ្ឋ​បាន​កំណត់៖ «គឺ​មេ​ឃុំ​ទាំង​៧ យើង​អត់​ទាន់​បាន​បន្ទប់​របស់​មេ​ឃុំ​អាណត្តិ​ចាស់​ធ្វើ​ការ​ទេ។ គាត់​នៅ​កិប​សោ​ទុក។ គាត់​ឲ្យ​យើង​មេ​ឃុំ​ដែល​ជាប់​ឆ្នោត​ថ្មី​ហ្នឹង រក​កន្លែង​យើង​ធ្វើ​ការ​ខ្លួន​ឯង។ គាត់​អត់​ទាន់​បើក​ទ្វារ​ឲ្យ​ទេ នៅ​ទាំងអស់។ ក្នុង​នាម​ជា​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក ក្នុង​នាម​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​ជុំគិរី ខ្ញុំ​សំណូមពរ ជាពិសេស​ថ្នាក់​ស្រុក ថ្នាក់​ខេត្ត មេត្តា​ជួយ​អន្តរាគមន៍​ឲ្យ​មេ​ឃុំ​ដែល​ជាប់​ឆ្នោត​ថ្មី ដើម្បី​មាន​ឱកាស​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​ទាន់​ពេលវេលា ជាពិសេស​លិខិត​ឯកសារ»

ចំណែក​អភិបាល​ស្រុក​ជុំគិរី អ្នកស្រី គឹម សុធារី ប្រាប់​អាស៊ីសេរី​ថា ចំពោះ​បញ្ហា​ការ​ទាស់ទែង​គ្នា ឬ​ការ​មិន​ព្រម​ប្រគល់​បន្ទប់​មេ​ឃុំ​ចាស់​ឲ្យ​ទៅ​មេ​ឃុំ​ថ្មី​ធ្វើ​ការ អ្នកស្រី​មិន​ទាន់​បាន​ដឹង​នោះ​ទេ ដោយសារ​តែ​មិន​ទាន់​មាន​ខាង​ណា​រាយការណ៍ ឬ​ប្ដឹង​ទៅ​ថ្នាក់​ស្រុក​នោះ​ទេ។ អភិបាល​ស្រុក​ជុំគិរី រូប​នេះ​បញ្ជាក់​ថា នៅ​មាន​បន្ទប់​ពីរ​ផ្សេង​ទៀត​សម្រាប់​ឲ្យ​មេ​ឃុំ​រៀបចំ​ធ្វើ​ការ៖ «ខ្ញុំ​ចង់​សួរ​ដែរ ចង់​សួរ​ថា​បន្ទប់​វា​មាន ៤​បន្ទប់ ចុះ​បើ​បន្ទប់ ២​ទំនេរ ម៉េច​បាន​អត់​ធ្វើ​ការ? ឥឡូវ​ខ្ញុំ​ឆ្ងល់​ថា បន្ទប់ ២​ទំនេរ​ម៉េច​បាន​អត់​ធ្វើ​ការ? ខ្ញុំ​អត់​មាន​អ្នក​ណា​ប្ដឹង​ខ្ញុំ​រឿង​ផង។ មិន​បាច់​តាម​ស្រេច​ចិត្ត​គាត់​ទេ បន្ទប់​មាន ២​ថ្មី​ទៀត រៀបចំ​ធ្វើ​ទៅ បន្ទប់​នោះ (ចាស់) គាត់​មាន​អីវ៉ាន់​នៅ​ក្នុង​ហ្នឹង​ហើយ បន្ទប់​មាន​ពីរ។ កាល​ពី​មុន​គេ​ជាប់​មួយ​យូរ​មក​ហើយ គេ​ដែល​ដណ្ដើម​បន្ទប់​គ្នា​មក​ពីណា? ទើប​យើង​ជាប់​ថ្មី​មក​ដណ្ដើម​ថ្មី​អី។ ខ្ញុំ​អត់​មាន​នរណា​ប្ដឹង​មក​ខ្ញុំ​ទេ។ បន្ទប់​ពីរ​ថ្មី​ចែស បន្ទប់​ពីរ​នៅ​ទំនេរ​ម៉ង អត់​មាន​អ្នក​ណា​ធ្វើ​ការ​ទេ បន្ទប់​ពីរ​ហ្នឹង​យើង​រៀបចំ​នៅ​ទៅ ម៉េច​បន្ទប់​មុន​ហ្នឹង​មាន​អី»

មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កំពត លោក យន់ ផល្លី នៅ​តែ​យល់​ថា អ្នក​ដែល​ចាញ់​ឆ្នោត​គួរ​តែ​ប្រគល់​សោ និង​បន្ទប់​ធ្វើ​ការ​ទៅ​អ្នក​ឈ្នះ​ឆ្នោត ព្រោះ​ក្នុង​សាលា​ឃុំ​មាន​បន្ទប់​ធ្វើ​ការ​តែ ៤​បន្ទប់ គឺ​បន្ទប់​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ ឬ​មេ​ឃុំ​មួយ​បន្ទប់ បន្ទប់​ក្រុម​ប្រឹក្សា​ឃុំ បន្ទប់​ស្មៀន និង​បន្ទប់​សម្រាប់​គណនេយ្យករ ដូច្នេះ​ជំទប់​ទី​១ និង​ទី​២ គឺ​ធ្វើ​ការ​រួម​គ្នា​នៅ​ក្នុង​បន្ទប់​ក្រុម​ប្រឹក្សា៖ «ក្នុង​ករណី​នេះ​មិន​បាច់​ចាំ​ប្រធាន​ក្រុម​ប្រឹក្សា ឬ​ក៏​មេ​ឃុំ ឬ​ក៏​ចៅ​សង្កាត់​ដែល​ជាប់​ថ្មី គាត់​ទាមទារ​ទេ ត្រូវ​តែ​ប្រគល់​ឲ្យ​គេ​ដោយ​ស្វ័យប្រវត្តិ ព្រោះ​កាតព្វកិច្ច​អ្នក​ឯង គឺ​ត្រូវ​ប្រគល់​ឲ្យ​គេ អត់​មាន​អ្នក​ឯង (មេ​ឃុំ​ចាញ់​ឆ្នោត) រក្សា​ទុក​ដោយ​ខ្លួន​ឯង មិន​បាច់​មេ​ឃុំ​ថ្មី​មក​ទាមទារ​ទេ ត្រូវ​តែ​ប្រគល់​ឲ្យ​គេ​ដោយ​អូតូម៉ាទិច (ស្វ័យប្រវត្តិ) តែ​ម្ដង»

សង្គម​ស៊ីវិល​យល់​ថា បើ​ទោះ​ជា​មេ​ឃុំ​មិន​ទាមទារ​សោ ឬ​បន្ទប់​ធ្វើ​ការ​ក៏ដោយ អ្នក​ដែល​ចាញ់​ឆ្នោត​ក៏​គួរ​តែ​ប្រគល់​សោ និង​បន្ទប់​ធ្វើ​ការ​ឲ្យ​មេ​ឃុំ​ដែរ ដើម្បី​ជា​ការ​បង្ហាញ​រូបភាព​ដ៏​ល្អ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

​អភិបាល​ស្រុក​ជុំគិរី អ្នកស្រី គឹម សុធារី អើយទាល់តែមានគេ​រាយការណ៍ទើបដឹងឬ? ធ្វើការបែបហ្នឹងទើបចាញ់គេហើយនិយាយ
បែបហ្នឹងគឺចាញ់ទៀត។ អ្នកស្រីគួរទៅរៀននិយាយយ៉ាងណាអោយ
បក្សខ្លួនឈ្នះមិនមែននិយាយអ្វីដែលគេឯងធ្លាប់លឺជាង៣០ឆ្នាំនោះទេ។

Jul 17, 2017 01:49 AM

គេហទំព័រ​ទាំងមូល