ឯកអគ្គរដ្ឋទូត​បារាំង​ជួប​ប្រជុំ​បិទ​ទ្វារ​ជាមួយ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ

ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បារាំង ប្រចាំ​នៅ​កម្ពុជា លោក ហ្សង់-ក្លូត ពាំបឺហ្វ (Jean-claude poimboeuf) ជួប​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​នេះ នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២០ មិថុនា។

ជំនួប​រវាង​ឯកអគ្គរដ្ឋទូត​បារាំង និង​លោក កឹម សុខា គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​ចូល​យក​ព័ត៌មាន​ទេ។ បន្ទាប់​ពី​កិច្ច​ប្រជុំ​ដែល​មាន​រយៈពេល​មួយ​ម៉ោង ទាំង​មន្ត្រី​ទូត​បារាំង និង​គណបក្ស​សង្គ្រោះ​ជាតិ ក៏​មិន​បាន​ផ្ដល់​ព័ត៌មាន​អ្វី​ជា​សាធារណៈ​ដែរ។

នេះ គឺ​ជា​ជំនួប​ទ្វេ​ភាគី​បិទ​ទ្វារ​លើក​ទី​ពីរ​រវាង​អ្នក​ការទូត​នៃ​ប្រទេស​អឺរ៉ុប និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​របស់​ប្រទេស​អាល្លឺម៉ង់ លោក ហ្គើត មូលើរ (Gerd Muller) បាន​ជួប​លោក កឹម សុខា ដូច​គ្នា​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​១៥ មិថុនា។ ជំនួប​បន្តបន្ទាប់​នេះ គឺ​ក្រោយ​ពេល​ដែល​សភា​អឺរ៉ុប ចេញ​សេចក្ដី​ថ្លែងការណ៍​បង្ហាញ​កង្វល់​របស់​ខ្លួន អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា តឹង​តែង ដែល​គណបក្ស​នយោបាយ​ទាំង​ពីរ​មិន​ទាន់​ជួប​ចរចា​គ្នា។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បញ្ជាក់​អំពី​លទ្ធផល​នៃ​ជំនួប​បិទ​ទ្វារ​រវាង​ឯកអគ្គរដ្ឋទូត​បារាំង និង​លោក កឹម សុខា នេះ​បាន​ទេ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២០ មិថុនា។

ជំនួយការ​មួយ​រូប​ឆ្លើយ​តប​ទូរស័ព្ទ​ថា មន្ត្រី​ជាន់​ខ្ពស់​ទាំង​នោះ កំពុង​ជាប់​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។