GDP ចង់​ឃើញ​ស្ថានភាព​នយោបាយ​វិល​ទៅ​ធម្មតា​វិញ​មុន​ការ​បោះឆ្នោត​ជាតិ

ដោយ រាជ វិញ្ញូ
2017.08.27
យ៉េង វីរៈ ២០១៧ ៦២២ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លោក យ៉េង វីរៈ (ឆ្វេង) និង​ប្រធាន​គណៈកម្មាធិការ​នាយក​ទី​១ លោក យ៉ង សាំងកុមារ (ស្ដាំ) ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។
Photo: RFA

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ព្រួយ​បារម្ភ​ថា តើ​ស្ថានភាព​នយោបាយ​ចុង​ក្រោយ​នេះ​អាច​ឲ្យ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ធ្វើ​ឡើង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ដែរ​ឬ​ទេ? គណបក្ស​ថ្មី​នេះ​បាន​ស្នើ​ឲ្យ​បញ្ឈប់​រាល់​សកម្មភាព​គាប​សង្កត់ និង​ការ​វាយ​ប្រហារ​នានា​មក​លើ​គណបក្ស​នយោបាយ ព្រម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ដើម្បី​ឲ្យ​ស្ថានភាព​នយោបាយ​វិល​មក​ដូច​ដើម​វិញ មុន​ការ​បោះឆ្នោត​ឈាន​មក​ដល់។

បន្ទាប់​ពី​ត្រូវ​បាន​សមាជិក​សមាជិកា​បោះឆ្នោត​គាំទ្រ​ធ្វើ​ជា​ប្រធាន​គណបក្ស​ផ្លូវការ​នៅ​ក្នុង​សមាជ​ថ្នាក់​ជាតិ​របស់​គណបក្ស​លើក​ទី​១ ក្រោយ​ពី​បំពេញ​តួនាទី​ជា​ប្រធាន​គណបក្ស​បណ្ដោះអាសន្ន​អស់​រយៈពេល ២​ឆ្នាំ លោក យ៉េង វីរៈ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ថា ការ​អនុវត្ត​ចំណាត់ការ​នាំ​ឲ្យ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ពិត​សម្រាប់​ពលរដ្ឋ គឺ​ជា​ការ​ខកខាន​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​បម្រើ​ពលរដ្ឋ ក្នុង​នាម​ជា​អ្នក​តំណាង​ដែល​ទទួល​បាន​សេចក្ដី​ទុក​ចិត្ត​ពី​ពលរដ្ឋ។

លោក​ចាត់​ទុក​ថា ការ​បណ្ដេញ​ចេញ និង​ការ​គំរាម​កំហែង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​ការ​ព្រមាន​បិទ និង​បណ្ដេញ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ទៀត គឺ​កំពុង​ជំរុញ​ឲ្យ​មាន​បរិយាកាស​នយោបាយ​មិន​ល្អ​នៅ​កម្ពុជា«សុំ​ខ្លួន​ជា​អ្នក​បម្រើ​រាស្ដ្រ ផ្ទុយ​ទៅ​វិញ​បែរ​ជា​ទៅ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​រាស្ដ្រ ដូច្នោះ​ខ្ញុំ​ចង់​ផ្ញើ​អ៊ីចឹង។ ទី​មួយ យើង​ព្រួយ​បារម្ភ។ ទី​ពីរ យើង​យល់​ថា​គណបក្ស​កាន់​អំណាច គប្បី​មើល​លើ​ទង្វើ​របស់​ខ្លួន កុំ​ឲ្យ​គេ​មើល​ថា​ជា​ការ​អនុវត្ត​ច្បាប់ មិន​មែន​ជា​នីតិរដ្ឋ»

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក្រោយ​ពី​ត្រូវ​បាន​បង្កើត​ក្នុង​ខែ​សីហា ឆ្នាំ​២០១៥ និង​បាន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​កាល​ពី​ឆ្នាំ​២០១៧ និង​បាន​អាសនៈ​ជា​ក្រុម​ប្រឹក្សា​សង្កាត់​ចំនួន​៣ នោះ គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​រៀបចំ​សមាជ​ថ្នាក់​ជាតិ​លើក​ទី​១ នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ស្ថិត​នៅ​ក្នុង​សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ នៅ​ថ្ងៃ​ទី​២៧ សីហា ដើម្បី​ឲ្យ​សមាជិក​សមាជិកា​បោះឆ្នោត​គាំទ្រ​លក្ខន្តិកៈ​របស់​គណបក្ស និង​បោះឆ្នោត​ជ្រើសរើស​ប្រធាន​បក្ស ប្រធាន​គណៈកម្មាធិការ​នាយក​ទី​១ និង​ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​វិវាទ និង​វិន័យ​ជា​ផ្លូវការ។

លោក យ៉េង វីរៈ បញ្ជាក់​ថា ការ​រៀបចំ​សមាជ​ថ្នាក់​ជាតិ​លើក​ទី​១ នេះ នឹង​ធ្វើ​ឲ្យ​គណបក្ស​កាន់​តែ​រឹងមាំ​ត្រៀម​ចូលរួម​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨ ដែល​លោក​អះអាង​ថា នឹង​ដាក់​បេក្ខជន​ដណ្ដើម​តំណែង​តំណាងរាស្ត្រ​នៅ​ទូទាំង​ប្រទេស​ជា​លើក​ដំបូង។ ប៉ុន្តែ​លោក​ថា មុន​ការ​បោះឆ្នោត​នេះ​មក​ដល់ គឺ​លោក​ចង់​ឃើញ​ស្ថានភាព​នយោបាយ​ល្អ​ដូច​ដើម​វិញ ដើម្បី​ឲ្យ​គណបក្ស​នយោបាយ​ទាំងអស់​មាន​សិទ្ធិ​ស្មើ​ភាព​ក្នុង​ការ​ប្រកួត​ប្រជែង រីឯ​ពលរដ្ឋ​មាន​សិទ្ធិ​និយាយ​ស្ដី និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់។

ការ​វាយ​ប្រហារ​ខាង​ផ្នែក​នយោបាយ និង​គំរាម​កំហែង​នយោបាយ បាន​ពុះ​កញ្ជ្រោល​ឡើង​តាំង​ពី​មុខ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​មក គឺ​នៅ​ពេល​នោះ គេ​សង្កេត​ឃើញ​ថា មាន​រឿង​អាស្រូវ​ជាច្រើន​របស់​មន្ត្រី​គណបក្ស​ប្រឆាំង ត្រូវ​បាន​បណ្ដាញ​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ទម្លាយ​ចេញ​ជា​បន្តបន្ទាប់។ បន្ថែម​ពី​នេះ លោក ហ៊ុន សែន ក៏​ព្រមាន​ស្ទើរ​រាប់​មិន​អស់​នូវ​សារ​ធ្វើ​សង្គ្រាម ប្រសិន​បើ​បក្ស​លោក​ចាញ់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ពេល​នោះ។

ស្រប​ពេល​ការ​បោះឆ្នោត​ជាតិ​កាត់​តែ​ខិត​ជិត​មក​ដល់ ក្រៅ​ពី​ពាក្យ​ព្រមាន​សង្គ្រាម​នៅ​ពេល​ចាញ់​ឆ្នោត និង​ការ​វាយ​បំបែក​ធ្មេញ និង​ការ​ប្រើ​គល់​ឫស្សី​វាយ​សំពង​ក្បាល​ទៅ​លើ​ជន​ណា​តវ៉ា​លទ្ធផល​បោះឆ្នោត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ព្យាយាម​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នានា​បន្ថែម​ទៀត រហូត​រាលដាល​មក​ដល់​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ទៀត។

ក្រៅ​ពី​ប្ដេជ្ញា​មិន​ឲ្យ​មាន​បន្ទប់​ស្ថានការណ៍​ដែល​ជា​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​តាមដាន​ការ​បោះឆ្នោត​នៅ​ក្នុង​ឆ្នាំ​២០១៨ ហើយ​នោះ លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​បញ្ឈប់​សកម្មភាព និង​បណ្ដេញ​បុគ្គលិក​បរទេស​នៃ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ចេញ​ពី​កម្ពុជា ដោយ​លោក​ចោទ​ថា វិទ្យាស្ថាន​គាំទ្រ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​សហរដ្ឋ​អាមេរិក​មួយ​នេះ គាំទ្រ​គណបក្ស​ប្រឆាំង​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាលបន្ត​មក​ទៀត ខាង​ពន្ធដារ​ក៏​បាន​ទាមទារ​ពន្ធ​រាប់​លាន​ដុល្លារ​ពី​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និង​បិទ​ស្ថានីយ​វិទ្យុ​មួយ​ចំនួន​ដែល​ជួល​ម៉ោង​ផ្សាយ​ឲ្យ​វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) ដែល​សុទ្ធជា​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ ដោយ​ចោទ​ប្រកាន់​ថា​មិន​បាន​គោរព​ប្រកាស និង​កិច្ចសន្យា​ជាមួយ​ក្រសួង

ចំណែក​អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ីន យល់​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល គឺ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ដំណើរការ​កសាង​លទ្ធិប្រជាធិបតេយ្យ និង​ការ​តាមដាន​ការ​គោរព​ច្បាប់ និង​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ លោក​ចាត់​ទុក​ថា ការ​បណ្ដេញ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ចេញ​ពី​កម្ពុជា គឺ​ជា​កំហុស​ឆ្គង​នយោបាយ​ការ​បរទេស​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា ព្រោះ​វិទ្យាស្ថាន​នេះ​តែង​ជួយ​ពង្រឹង​សមត្ថភាព​ទៅ​ដល់​គ្រប់​គណបក្ស​នយោបាយ ក្នុង​នោះ​ក៏​មាន​គណបក្ស​កាន់​អំណាច​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។