លោក ហ៊ុន សែន ព្រមានអង្គការសង្គមស៊ីវិលដែលថាការបោះឆ្នោតមិនសេរី
2017.06.26
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានបន្ទប់ស្ថានការណ៍បោះឆ្នោតនៃអង្គការមិនមែនរដ្ឋាភិបាល ទាក់ទងនឹងការបោះឆ្នោតដែលថាមិនមានលក្ខណៈសេរី។ ការព្រមាននេះ គឺពីរថ្ងៃក្រោយពីបន្ទប់ស្ថានការណ៍បោះឆ្នោតរបស់អង្គការមិនមែនរដ្ឋាភិបាល វាយតម្លៃចុងក្រោយលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ថ្មីៗនេះ។
ការព្រមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងនៅថ្ងៃទី២៦ មិថុនា ជាការឆ្លើយតបចំពោះការវាយតម្លៃការបោះឆ្នោតថាមិនទាន់មានលក្ខណៈសេរី នៅពេលដែលគណបក្សប្រជាជនកម្ពុជា ទទួលស្គាល់លទ្ធផល៖ «សុំបន្ទប់ស្ថានការណ៍ហ្នឹងល្មមៗ បានហើយអស់លោក។ ខ្ញុំក៏ដឹងដែរ អស់លោករៀបចំយ៉ាងម៉េចអី យ៉ាងម៉េចនោះ ហើយរៀបចំផែនការអាក្រក់ណាស់ បានជាខ្ញុំថ្កោលទោសអ្នកជ្រៀតជ្រែកកិច្ចការ ផ្ទៃក្នុងកម្ពុជា។ ការធ្វើចារកម្មនៅលើទឹកដីកម្ពុជា ក៏ត្រូវចាប់ផ្ដន្ទាទោស មិនថា អ្នកឯងជាជនជាតិណាទេ»។
ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រី គឺទាក់ទងនឹងចំណុចលើកឡើងរបស់នាយកប្រតិបត្តិអង្គការខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា ក្នុងសន្និសីទរបស់បន្ទប់ស្ថានការណ៍ស្ដីពីការបោះឆ្នោតឆ្នាំ២០១៧ ដែលថា ការបោះឆ្នោតនេះខ្វះយុត្តិធម៌ និងរឹតត្បិតសេរីភាព៖ «ក្នុងនេះ យើងរកឃើញថា មានការរឹតត្បិតសេរីភាពមានច្រើន ខាងអង្គការសិទ្ធិមនុស្សក៏បានលើកឡើងដែរ។ អ៊ីចឹងវាមិនទាន់មានសេរីភាពពេញលេញទេ។ នេះក្នុងការវាយតម្លៃរបស់យើង»។
បន្ទប់ស្ថានការណ៍បោះឆ្នោតដែលជាបណ្ដុំនៃអង្គការសង្គមស៊ីវិលជាង ៤០ បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃសៅរ៍ ទី២៤ មិថុនា វាយតម្លៃថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ ខ្វះយុត្តិធម៌ និងរឹតត្បិតសេរីភាព ប៉ុន្តែការចាត់ចែងនៃការបោះឆ្នោតប្រសើរជាងមុន។ អង្គការទាំងនេះរកឃើញថា នៅមុនការបោះឆ្នោតមានបញ្ហាមួយចំនួនដូចជា បរិយាកាសគាបសង្កត់នយោបាយ ហិរញ្ញវត្ថុឃោសនាបោះឆ្នោត និងការប្រើប្រាស់ធនធានរដ្ឋដែលខ្វះសមធម៌ និងតម្លាភាព ទីលានប្រកួតប្រជែងនយោបាយខ្វះសមភាព ខ្វះឯករាជភាពរបស់មន្ត្រីតុលាការ និងភាពលម្អៀងនៃមន្ត្រីជាន់ខ្ពស់កម្លាំងប្រដាប់អាវុធ ដែលដាក់សម្ពាធលើសេរីភាពបញ្ចេញមតិ និងគំរាមដល់សកម្មភាពគណបក្សប្រកួតប្រជែង សមាគម សហជីព និងអង្គការមិនមែនរដ្ឋាភិបាល។ កត្តាទាំងនេះ នាំឲ្យបរិយាកាសសម្រាប់ដំណើរការបោះឆ្នោត ស្ថិតក្នុងកម្រិតរឹតត្បិតសេរីភាព និងខ្វះភាពយុត្តិធម៌ពេញលេញនៅឡើយ។
ការព្រមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏សំដៅមន្ត្រីគណបក្សសង្គ្រោះជាតិ ដែរ គឺលោក យឹម សុវណ្ណ ដែលកាលពីថ្ងៃទី២៥ មិថុនា ថ្លែងថា ការបោះឆ្នោតលើកនេះមិនមានលក្ខណៈសេរីនោះ៖ «ចង់យ៉ាប់ជាងអាណត្តិមុនៗ ទៅទៀត។ ឯកឧត្ដមប្រធានគណបក្សហ្នឹងអត់បានចូលរួមក្នុងការបោះឆ្នោត ចូលរួមធ្វើសកម្មភាពដើម្បីដឹកនាំគណបក្សទេ ហើយឃើញមានតំណាងរាស្ត្រ ព្រឹទ្ធសភាគណបក្សសង្គ្រោះជាតិជាប់ពន្ធនាគារ ថ្នាក់ដឹកនាំមូលដ្ឋានរបស់គណបក្សមួយចំនួនជាប់ពន្ធនាគារ ក៏ដូចជាសង្គមស៊ីវិល សូម្បីតែមន្ត្រី គ.ជ.ប អគ្គលេខាធិការរង គ.ជ.ប ក៏ជាប់នៅក្នុងពន្ធនាគារ។ អ្នកនយោបាយខ្លះប្រើវោហារសាស្ត្រគំរាមកំហែងអ្នកបោះឆ្នោត»។
លោកនាយករដ្ឋមន្ត្រីប្រតិកម្មតបនឹងលោក យឹម សុវណ្ណ៖ «ប៉ុណ្ណឹងហើយគេថាអត់ទៀត ដោយសារលោកនេះជាប់ទោស លោកនោះអ៊ីចុះ រឿងនេះអ៊ីចេះរឿងនោះអ៊ីចោះ។ ទាល់តែដំណាក់កាលដែលគេអាចចូលទៅក្នុងវិមានសន្តិភាពបាន អាហ្នឹងបានគេហៅថាល្អ។ ត្រឹមប៉ុណ្ណឹងមិនស្កប់ទេ។ ផែនការដណ្ដើមយកព្រឹទ្ធសភា ដើម្បីក្លាយទៅជាប្រមុខរដ្ឋស្ដីទីក្នុងពេលអវត្តមានព្រះមហាក្សត្រ ត្រូវបានរលាយផុតទៅហើយ ដែលស្មើនឹងសំឡេងឆ្នោត ៦០%។ អ៊ីចឹងបានជាគេមិនសម្រេចផែនការហ្នឹងហើយ បានជាគេថាអត់សេរីនោះ»។
លោក យឹម សុវណ្ណ មិននិយាយថាគណបក្សសង្គ្រោះជាតិ ទទួលយកលទ្ធផលនេះ ឬយ៉ាងណានោះទេ ប៉ុន្តែលោកលើកឡើងពីចំណុចសំខាន់បំផុតត្រូវកែលំអ គឺឲ្យកម្មករជាង ១លាននាក់នៅក្រៅប្រទេសបានបោះឆ្នោត។ ទោះជាយ៉ាងណា សេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ថ្ងៃទី២៦ មិថុនា ឲ្យដឹងថា ការបោះឆ្នោតមិនទាន់បំពេញលក្ខខណ្ឌពេញលេញតាមគោលការណ៍បោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅឡើយទេ ប៉ុន្តែការរៀបចំរបស់ គ.ជ.ប បានល្អប្រសើរ និងមានភាពវិជ្ជមានជាងមុន។
គណបក្សប្រកួតប្រជែងធំទាំងពីរអះអាងចំពោះអ្នកគាំទ្ររៀងៗខ្លួនថា លទ្ធផលនេះជាមូលដ្ឋានរឹងមាំឈានទៅរកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
ការបោះឆ្នោតឃុំ-សង្កាត់លើកនេះ គណបក្សប្រជាជនកម្ពុជា ឈ្នះតំណែងមេឃុំ-ចៅសង្កាត់ចំនួន ១.១៥៦ នាំមុខគណបក្សសង្គ្រោះជាតិ ដែលទទួលបានតំណែងមេឃុំ-ចៅសង្កាត់ចំនួន ៤៨៩។ តួលេខនេះ គឺគណបក្សប្រជាជនកម្ពុជា លើសគណបក្សសង្គ្រោះជាតិ ចំនួន ៦៦៧អាសនៈមេឃុំ-ចៅសង្កាត់។
ក្នុងចំណោមអាសនៈមេឃុំ-ចៅសង្កាត់ និងជំទប់ទី១ ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ១១.៥៧២ នៅទូទាំងប្រទេស ក្នុងនោះមានស្ត្រីចំនួន ១.៩៣៩នាក់នៅអាណត្តិទី៤ នេះ នឹងចូលកាន់តំណែងរយៈពេល ១៤ថ្ងៃក្រោយការប្រកាសលទ្ធផលផ្លូវការកាលពីថ្ងៃទី២៥ ខែមិថុនា៕