អ្នក​វិភាគ​ថា​លោក ហ៊ុន សែន កំពុង​ធ្វើ​នយោបាយ​ប្រជាភិថុតិ​ជាមួយ​កម្មករ

ដោយ ទីន ហ្សាការីយ៉ា
2017-08-24
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រុង​ភ្នំពេញ ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រុង​ភ្នំពេញ ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
Photo courtesy of PM Hun Sen's Facebook Page

អ្នក​វិភាគ និង​តំណាង​សហជីព លើក​ឡើង​ថា យុទ្ធនាការ​ជួប​កម្មករ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​នេះ​ជា​រឿង​ល្អ​មួយ ដើម្បី​ឲ្យ​មេ​ដឹកនាំ​ដឹង​សុខ​ទុក្ខ​កម្មករ​ដែល​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​លំបាក​នា​ពេល​បច្ចុប្បន្ន។ ក៏ប៉ុន្តែ​ពួក​គេ​អះអាង​ថា បើ​សិន​ជា​លោក​នាយក​រដ្ឋមន្ត្រី​ពិត​ជា​គិតគូរ​ដល់​កម្មករ​ជា​ធំ​មែន​នោះ លោក ហ៊ុន សែន ប្រាកដ​ជា​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ រួម​ទាំង​តុលាការ រក​យុត្តិធម៌​ជូន​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង ដែល​រង​ការ​បាញ់​ប្រហារ​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​កាល​ពី​ឆ្នាំ​២០១៣ នោះ​ហើយ។

ការ​លើក​ឡើង​របស់​អ្នក​វិភាគ និង​តំណាង​សហជីព​នេះ ធ្វើ​ឡើង​នៅ​ស្រប​ពេល​លោក​នាយក​រដ្ឋមន្ត្រី​កំពុង​ធ្វើ​យុទ្ធនាការ​ចុះ​ជួប​កម្មករ​រោងចក្រ​កាត់​ដេរ និង​សន្យា​ថា​នឹង​ផ្ដល់​ប្រាក់​ឈ្នួល​ជូន​កម្មករ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ ជាដើម។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ប្រាក់​ចំណូល​ពី​វិស័យ​វាយនភណ្ឌ​កាត់​ដេរ​បាន​កើត​ឡើង​ជា​បន្តបន្ទាប់​គិត​ចាប់​ពី​ឆ្នាំ​១៩៩៧ មក។

លោក ហ៊ុន សែន ថ្លែង​ទៅ​កាន់​កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ នា​ព្រឹក​ថ្ងៃ​ទី​២៣ សីហា ថា ប្រាក់​ចំណូល​ពី​វិស័យ​កាត់​ដេរ​ចំនួន ២០០​លាន​ដុល្លារ​នៅ​ឆ្នាំ​១៩៩៧ បាន​កើន​ដល់​ជាង ៧​ពាន់​លាន​ដុល្លារ​នា​ពេល​បច្ចុប្បន្ន។ លោក ហ៊ុន សែន បញ្ជាក់​ថា ប្រាក់​ចំណូល​ដែល​កើន​ឡើង​ជា​បន្តបន្ទាប់​នេះ គឺ​ដោយសារ​តែ​លោក​ប្រើ​យុទ្ធសាស្ត្រ ៣​សុំ គឺ​ទី​១ សុំ​ឲ្យ​គេ​មក​វិនិយោគ​នៅ​កម្ពុជា គឺ​យុទ្ធសាស្ត្រ​រក្សា​ចាស់​បង្កើត​ថ្មី ទី​២ សុំ​ឲ្យ​គេ​មក​ទិញ​ទំនិញ​ពី​កម្ពុជា និង​ទី​៣ សុំ​ឲ្យ​ផ្ដល់​ជំនួយ​មក​កម្ពុជា។

ទន្ទឹម​នឹង​នេះ លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​កម្មករ​ឈប់​គាំទ្រ​ក្រុម ៣​កុំ ដែល​លោក​អាច​ចង់​សំដៅ​ទៅ​បក្ស​ប្រឆាំង ទី​១ កុំ​ឲ្យ​គេ​មក​វិនិយោគ ទី​២ កុំ​ឲ្យ​គេ​មក​ទិញ​ទំនិញ​ពី​កម្ពុជា និង​ទី​៣ កុំ​ឲ្យ​ផ្ដល់​ជំនួយ។ លោក​ចាត់​ទុក​ក្រុម​នេះ​ថា​ជា​ជន​ក្បត់​ជាតិ ហើយ​លោក​ក៏​ព្រមាន​ដល់​អ្នក​ដែល​ថា​កម្ពុជា គ្មាន​ការ​ធ្វើ ឲ្យ​ជំរុញ​កម្មករ​ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ ដែរ៖ «»

ក្រៅ​ពី​នេះ​ទៀត លោក ហ៊ុន សែន ព្រមាន​ថា មិន​អនុញ្ញាត​ឲ្យ​ធ្វើ​បាតុកម្ម​ដូច​កាល​ពី​ឆ្នាំ​២០១៣ វិល​ត្រឡប់​មក​វិញ​ទេ ហើយ​ក៏​មិន​ឲ្យ​មាន​ទារ ៣​ដែរ គឺ​ទារ​ដំឡើង​ប្រាក់​ឈ្នួល ទារ​ឲ្យ​ចុះ​ចេញ និង​ទារ​ឲ្យ​ធ្វើ​បាតុកម្ម​ដែរ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន អំពី​រឿង​ក្បត់​ជាតិ​ចំពោះ​ការ​លើក​ឡើង​ក្រុម​បី​កុំ​នោះ​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា ការ​ជួប​កម្មករ​នេះ​ត្រូវ​ធ្វើ​ឡើង​ដោយ​ស្មើ​ភាព​គ្នា ហើយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​ជំហរ​ធ្វើ​នយោបាយ​ឲ្យ​ប្រទេស​ជាតិ​មាន​ស្ថិរភាព និង​សន្តិវិធី៖ «»

កាល​ពី​ថ្ងៃ​ទី​២០ សីហា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សន្យា​ថា​នឹង​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​រោងចក្រ​ឲ្យ​បាន​ដល់ ១៦៨​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០១៨។ ក្រៅ​ពី​នេះ កម្មការិនី​អាច​ជិះ​រថយន្ត​ក្រុង​សាធារណៈ​ពីរ​ឆ្នាំ​ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ខែ​សីហា ឆ្នាំ​២០១៧ ដល់​ខែ​សីហា ឆ្នាំ​២០១៩ ដោយ​គ្រាន់​តែ​បង្ហាញ​កាត​ការងារ។ លោក ហ៊ុន សែន ក៏​បាន​ប្រកាស​ដែរ​ថា ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៨ ទៅ ថៅកែ​ក្រុមហ៊ុន​ត្រូវ​ទទួល​ខុស​ត្រូវ​បង់​ថ្លៃ​សេវា​គាំពារ​សុខភាព​កម្មករ ១០០​ភាគរយ រីឯ​ចាប់​ពី​ឆ្នាំ​២០១៩ កម្មករ​កម្មការិនី​នឹង​ទទួល​បាន​ប្រាក់​ចូល​និវត្តន៍​ដូច​មន្ត្រី​រាជការ​ដែរ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន មាន​ប្រសាសន៍​ថា ការ​ចុះ​ជួប​កម្មករ​នេះ​ជា​រឿង​ល្អ​មួយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​អាច​ដឹង​ពី​សុខ​ទុក្ខ​របស់​កម្មករ តែ​លោក​បញ្ជាក់​ថា ការ​ចុះ​ជួប​នេះ លោក​នាយក​រដ្ឋមន្ត្រី​ចង់​ទាញ​ការ​គាំទ្រ​ពី​កម្មករ​មក​វិញ។ ចំពោះ​ការ​សន្យា​ដំឡើង​ប្រាក់​ឈ្នួល​វិញ លោក អាត់ ធន់ អះអាង​ថា មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​កម្មករ​ចំណាយ​ប្រចាំ​ខែ​ទេ​នៅ​ពេល​កម្ពុជា មាន​អតិផរណា​កើន​ឡើង​ជា​បន្តបន្ទាប់​នោះ៖ «»

អ្នក​វិភាគ​លើក​ឡើង​ថា រដ្ឋាភិបាល​កំពុង​តែ​ធ្វើ​នយោបាយ​ប្រជាភិថុតិ​ជាមួយ​កម្មករ ពីព្រោះ​ថា​បើ​សិន​ជា​រដ្ឋាភិបាល​គិតគូរ​ពី​កម្មករ​ដូច​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ទៅ​កាន់​កម្មករ​មែន​នោះ មិន​មែន​លោក​នាយក​រដ្ឋមន្ត្រី​បិទ​សិទ្ធិ​សេរីភាព​ធ្វើ​បាតុកម្ម​នោះ​ដែរ ហើយ​ការ​បាញ់​ប្រហារ​កម្មករ​កាល​ពី​ឆ្នាំ​២០១៣ មក​ទល់​ពេល​នេះ មិន​ទាន់​មាន​យុត្តិធម៌​នៅ​ឡើយ។

អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​អាច​ទប់ស្កាត់​កម្មករ​ក្នុង​ការ​ធ្វើ​បាតុកម្ម​បាន​នោះ​ទេ បើ​សិន​ជា​អំពើ​យុត្តិធម៌ ការ​គាប​សង្កត់​កម្មករ​នៅ​តែ​កើត​ឡើង។ លោក​បញ្ជាក់​ថា ប្រាក់​ចំណូល​កម្មករ​នេះ​ជា​ប្រាក់​ចំណូល​មួយ​ផ្នែក​ធំ​សម្រាប់​លើក​ស្ទួយ​សេដ្ឋកិច្ច​ជាតិ ដែល​បញ្ហា​នេះ អាជ្ញាធរ​រដ្ឋាភិបាល​មិន​ត្រូវ​គាប​សង្កត់ និង​ប្រើ​អំពើ​ហិង្សា​លើ​កម្មករ​ដូច​ដែល​បាន​ធ្វើ​កាល​ពី​ឆ្នាំ​២០១៣ នៅ​ផ្លូវ​វ៉េងស្រេង នោះ​ទេ។

របាយការណ៍​រដ្ឋាភិបាល​បង្ហាញ​ថា រោងចក្រ​កាត់​ដេរ​មាន​ចំនួន ៦៤​រោងចក្រ​នៅ​ឆ្នាំ​១៩៩៧ បាន​កើន​ឡើង​ជាង ១​ពាន់​រោងចក្រ​នៅ​ឆ្នាំ​២០១៧ និង​មាន​កម្មករ​ជិត ៨​សែន​នាក់ ហើយ​ប្រាក់ខែ​គោល​របស់​កម្មករ​ក្នុង​ឆ្នាំ​២០១៧ គឺ​ចំនួន ១៥៣​ដុល្លារ​ក្នុង​មួយ​ខែ។ ខាង​សហជីព​អះអាង​ថា បច្ចុប្បន្ន​នេះ តំណាង​សហជីព និង​ខាង​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា កំពុង​តែ​ចរចា​គ្នា​អំពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​នេះ​នៅ​ឡើយ ដែល​ខាង​សហជីព​ទាមទារ​ខ្ពស់​ជាង​ការ​សន្យា​របស់​លោក​នាយក​រដ្ឋមន្ត្រី ដែល​ថា​នឹង​ផ្ដល់​ជូន ១៦៨​ដុល្លារ​ក្នុង​មួយ​ខែ​នោះ ដើម្បី​ឲ្យ​សមតុល្យ និង​តម្លៃ​ទំនិញ​កំពុង​តែ​កើន​ឡើង​នៅ​លើ​ទីផ្សារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Funny

ពី Phnom Penh

សម្រាប់លោកអាត់ ធន់ ទាន់តែខាងលោក កឹម សុខាចុះទៅ បានគាត់សរសេីរថាមិនប្រជាភិថុត មិនទាក់ទាញរកសម្លេងឆ្នោត។ កាត់ប្រហែលជាខ្លាចកម្មករងាកទៅគាំទ្រខាងគណបក្សកាន់អំណាច។​

Aug 24, 2017 08:21 AM

អ្នក​អាន​អនាមិក

ចាំបានឬទេ ផ្លូវ វេង ស្រេង ឆ្នាំ2014?
ស្លាប់ប៉ុន្មាន?របួសប៉ុន្មាន?ចាប់ខ្លួនប៉ុន្មាន?គ្រាន់តែបាតុកម្មសុំ តម្លើងប្រាក់ខែ។
ឥឡូូវនេះពេលបោះឆ្នោតជិតមកដល់ ស្រាប់តែ......
សន្លឹកឆ្នោតនៅដៃយើង ដូច្នេះការសំរេចចិត្តគឺនៅលើយើង។

Aug 24, 2017 07:17 AM

គេហទំព័រ​ទាំងមូល