លោក ហ៊ុន សែន ព្រមាន​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឲ្យ​ធ្វើ​បាតុកម្ម

ដោយ យ៉ង ចាន់តារា
2016-06-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អាជ្ញាធរ​ដាក់​កម្លាំង​រារាំង​មិន​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហែ​ញត្តិ​ទៅ​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
អាជ្ញាធរ​ដាក់​កម្លាំង​រារាំង​មិន​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ហែ​ញត្តិ​ទៅ​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ធ្វើ​បាតុកម្ម ដោយ​ប្រកាស​ថា បើ​សិន​ជា​មាន​បាតុកម្ម​ណា​មួយ​កើត​ឡើង​មែន លោក​នឹង​មិន​អត់ឱន​ឲ្យ​ជា​ដាច់​ខាត។ ការ​ប្រកាស​បែប​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​សាល​កោះ​ពេជ្រ ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា។

លោក ហ៊ុន សែន ប្រកាស​ជា​ថ្មី​ម្តង​ទៀត​ថា បើ​សិន​ជា​មាន​បាតុកម្ម​កើត​ឡើង​មែន លោក​នឹង​ចាត់​វិធានការ​ចំពោះ​សកម្មភាព​នោះ៖ «រឿង​ខ្លះ​រឿង​តូច​រឿង​បុគ្គល យក​បក្ស​ទៅ​ការពារ យក​បក្ស​ទៅ​ការពារ​ទង្វើ​ខុស​របស់​បុគ្គល ហើយ​សូម​កុំ​គំរាម​អា​ពាក្យ​បាតុកម្ម កុំ​គំរាម។ ផ្ដាំ​ទៅ​អ្នក​ឯង កុំ​គំរាម មិន​អត់​ឱន​ឲ្យ​ទេ​ប្រាប់​ឲ្យ​ហើយ»

ថ្លែង​នៅ​មុខ​និស្សិត​រាប់​ពាន់​នាក់ លោក ហ៊ុន សែន បញ្ចេញ​សារ​នយោបាយ​ដោយ​កំហឹង​ថា វា​មិន​អាច​នោះ​ទេ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ត្រូវ​ទៅ​រណប​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​លើក​យក​បញ្ហា​នយោបាយ​ដែល​លោក​ហៅ​ថា​ជា​រឿង​បុគ្គល យក​មក​ដោះស្រាយ«គណបក្ស​ប្រជាជន មិន​ធ្វើ​ជា​អា​យ៉ង និង​មិន​ធ្វើ​ជា​ឈ្នាន់​ឲ្យ​អ្នក​ណា​មួយ​ប្រើប្រាស់​ក្បាល​ដើម្បី​ដោះស្រាយ​បញ្ហា​ផ្ទាល់​របស់​ពួក​អ្នក​ធ្វើ​កំហុស​នោះ​ទេ»

លើស​ពី​នេះ​ទៅ​ទៀត លោក ហ៊ុន សែន ក៏​បាន​ប្រកាស​ទទួល​ស្គាល់​ដែរ​ថា ការ​ដឹក​នាំ​របស់​លោក​សព្វថ្ងៃ​ជា​ការ​ដឹក​នាំ​បែប​អំណាច​ប្រមូល​ផ្តុំ ដែល​អ្វីៗ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក ហើយ​លោក​ថា បើ​សិន​ជា​លោក​មិន​ខ្លាំង​នោះ​ទេ អស្ថិរភាព​សង្គម​នឹង​កើត​មាន«និយាយ​ឲ្យ​ច្បាស់ ព្រឹក​មិញ​មាន​ម្នាក់​គេ​ថា អំណាច​វា​នៅ​លើ​មនុស្ស​ម្នាក់។ វា​នៅ​លើ​មនុស្ស​ម្នាក់​ហ្នឹង​មែន ផ្ដាំ​ទៅ​លោក​ឯង។ បើ​ម្នាក់​ហ្នឹង​ត្រួត​ត្រា​កងទ័ព​មិន​បាន ត្រួតត្រា​នគរបាល​មិន​បាន ត្រួតត្រា​បក្ស​មិន​បាន ត្រួតត្រា​អ្វីៗ​មិន​បាន។ អ៊ីចឹង​បាន​សេចក្តី​ថា ទុក​ឲ្យ​អនាធិបតេយ្យ»

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​ច្រាន​ចោល​ការ​លើក​ឡើង​ដែល​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​គម្រោង​ធ្វើ​បាតុកម្ម​ណា​មួយ​ប្រឆាំង​រដ្ឋាភិបាល។ លោក​ថា ការ​អំពាវនាវ​របស់​គណបក្ស​សង្គ្រោះ​ជាតិ កន្លង​មក គឺ​ដើម្បី​ឲ្យ​ពលរដ្ឋ​តាម​ដាន​ស្ថានការណ៍​នយោបាយ​ទាំងអស់​គ្នា«គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឲ្យ​បង​ប្អូន​ជន​រួម​ជាតិ​ដែល​ស្រឡាញ់​សេរីភាព យុត្តិធម៌ ចង់​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រទេស​ប្រកាន់​យក​នូវ​នីតិរដ្ឋ​ពិត​ប្រាកដ​មក​កាន់​ទីស្នាក់ការ​កណ្ដាល​នេះ ដើម្បី​ឃ្លាំ​មើល​ស្ថានការណ៍​ទាក់ទង​នឹង​ដំណើរ​ការ​របស់​តុលាការ ដែល​បាន​កោះ​ហៅ​ឯកឧត្តម កឹម សុខា»

ជុំវិញ​ជំហរ​ដាច់​ខាត​របស់​អ្នក​នយោបាយ​បែប​នេះ អ្នក​វិភាគ​លើក​ឡើង​ថា វា​នឹង​រុញ​កម្ពុជា ឲ្យ​កាន់​តែ​ខិត​ទៅ​ដល់​ការ​ប្រេះឆា​ជាតិ​ធ្ងន់ធ្ងរ និង​បង្ក​ជា​ផល​វិបាក​ច្រើន​សម្រាប់​ពលរដ្ឋ។

លោក សូ ចន្ថា អះអាង​ថា ផល​វិបាក​ទាំង​នោះ​រួម​មាន ការ​បាត់​បង់​សាមគ្គី​ជាតិ ខាត​បង់​ផល​ប្រយោជន៍​ការ​បរទេស និង​ការ​ខាត​បង់​ប្រយោជន៍​សេដ្ឋកិច្ច«ទី​មួយ គឺ​ខាត​បង់​ជាតិ ខ្មែរ​យើង​បែក​បាក់​គ្នា។ ជា​ការ​ខាត​បង់​ធ្ងន់ធ្ងរ​ទៀត​ទៅ​លើ​នយោបាយ​ការ​បរទេស ពីព្រោះ​យើង​ឃើញ​ហើយ​កន្លង​មក យើង​មិន​សូវ​ល្បី​ឈ្មោះ​ល្អ​លើ​ឆាក​អន្តរជាតិ​ប៉ុន្មាន​ទេ។ ចំណុច​ទី​បី យើង​ខាត​បង់​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ណាស់ ពីព្រោះ​នៅ​ពេល​ដែល​អ្នក​ដឹក​នាំ​ខ្មែរ​មិន​អាច​ជជែក​គ្នា មិន​អាច​និយាយ​គ្នា​បាន​ដើម្បី​បង្រួប​បង្រួម​ជាតិ​ផង តើ​ឲ្យ​បរទេស​ណា ឬ​អ្នក​វិនិយោគ​ណា​ដែល​ហ៊ាន​បោះ​ទុន​កញ្ចប់​លុយ​រាប់​ពាន់​លាន​ដុល្លារ​មក​រក​ស៊ី​នៅ​កម្ពុជា»

ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ត្រូវ​បាន​អ្នក​វិភាគ​ចាត់​ទុក​ថា ដើរ​មក​ដល់​ចំណុច​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ។

តាម​រយៈ​ការ​ចាប់​ខ្លួន​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស សកម្មជន​បរិស្ថាន មន្ត្រី គ..ប ព្រម​ទាំង​តំណាង​រាស្ត្រ និង​សកម្មជន​គណបក្ស​ប្រឆាំង ព្រម​ទាំង​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​លោក កឹម សុខា រាជ​រដ្ឋាភិបាល​កម្ពុជា បាន​រង​នូវ​ការ​ថ្កោលទោស និង​ការ​រិះគន់​ជា​បន្តបន្ទាប់ ថា​មិន​បាន​គោរព​គោលការណ៍​សិទ្ធិ​មនុស្ស និង​រំលោភ​បំពាន​ច្បាប់​ជាតិ និង​អន្តរជាតិ។

អង្គការ​ជាតិ និង​អន្តរជាតិ​ជាច្រើន ពិសេស​អង្គការ​សហប្រជាជាតិ និង​សហភាព​អឺរ៉ុប បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ និង​អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ធានា​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ពេញលេញ ដែល​រួម​បញ្ចូល​ទាំង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​ខាង​សមាគម និង​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ ជាពិសេស​ពួក​គេ​ទទូច​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បន្ត​វប្បធម៌​សន្ទនា​ត​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (15)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស មិនពេញចិត្ត បុគ្គល ហ៊ុន សែន ដែលមានចរឹក ជនពាល ឃោរឃៅ លួចសម្លាប់ប្រជាពលរដ្ឋខ្មែរ កម្មករកម្មការីនីខ្មែរ ជាសម្ងាត់ ដើម្បីរក្សាអំណាចខ្លួន ដល់ស្លាប់ !

Jun 14, 2016 05:33 AM

អ្នក​អាន​អនាមិក

ទ័ពណាត្រៀមខ្លួនការពារស្ងី???អ្នកសរសេរហ្នឹងមិនដែលស្គាល់អ្វីដែលហៅថាការពារសន្តិភាពផងមិនដឹង???មានតែទ័បលំអរក្រុងទេដែលការពារសន្តិភាពក្រុមគ្រួសារឯងនុះ។កុំចេះតែហារឲ្យតែពិរោះ!!!ល្មមឈប់ភ្លើទៅ!!

Jun 14, 2016 02:21 AM

អ្នក​អាន​អនាមិក

don't do the same twice Hun Sen Knows how to block it. do it differently and quick

Jun 14, 2016 02:08 AM

អ្នក​អាន​អនាមិក

Don't let monkey tell you what to do. you have your weapon in your hands when time come show the monkey you are the human being.

Jun 14, 2016 02:06 AM

អ្នក​អាន​អនាមិក

សំណាងហើយដែលគេបង្ហាញអោយរាស្រ្តខ្មែរបានឃើញ បានដឹង មុនថ្ងៃបោះឆ្នោតមកដល់ ពេលនេះខ្មែរដែលនៅមានឈាមជ័រជាខ្មែរ មានខួរជាខ្មែរ យល់ហើយថាអំណាចផ្តាច់ការ នៃពួកខ្មែរក្រហមមិន​បានរលាយសាបខូន្យពីទឹកដីខ្មែរឡើយ និងរបៀបដឹកនាំនៃពួកអាខ្មែរ​ក្រហមវាក៏មិនបានទៅណាពីប្រទេសយើងទេ វាគ្រាន់តែប្តូរពណ៌​សម្បុរ​​ខាងក្រៅ បន្លាំភ្លែករាស្រ្តតែប៉ណ្ណុះ តែចិត្តនិងបេះដូងវាមិនបាន​ប្តូរទេ ឥឡូវវាបានចេញមកបណ្តើរ​ៗហើយ តើរើសយកវាមកទូល​ទៀតទេ​បងប្អូនខ្មែរ?

Jun 13, 2016 10:01 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល