លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ជន​ណា​ដែល​ចង់​កម្ទេច​ត្រកូល​ហ៊ុន

ដោយ សូត សុខប្រាថ្នា
2017.06.21
ហ៊ុន សែន ត្បូងឃ្មុំ ២០១៧ ១៤៤០ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (រូប​កណ្ដាល) ថ្លែង​ក្នុង​វេទិកា​រំឭក​ខួប​អនុស្សាវរីយ៍​ពី​ទីតាំង​ដែល​លោក និង​បក្ខពួក ចាកចេញ​ទៅ​ប្រទេស​វៀតណាម កាល​ពី​ឆ្នាំ​១៩៧៧ នា​ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ រូបថត​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA/Saut Sokprathna

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា សង្គ្រាម​នឹង​អាច​កើត​ឡើង ដោយសារ​តែ​អណ្ដាត ឬ​ការ​សរសេរ ដរាប​ណា​ការ​ប្រើប្រាស់​អណ្ដាត និង​ការ​សរសេរ​នោះ​នៅ​តែ​ប្រមាថ​មើលងាយ​អ្នក​ដទៃ បើ​ទោះ​បី​ជា​ភាគី​នោះ​គ្មាន​អាវុធ​ក៏ដោយ។ លោក​ថែម​ទាំង​ប្រាប់​កងទ័ព​ឲ្យ​ត្រៀម​បម្រុង​ជានិច្ច ដើម្បី​បង្ក្រាប​រាល់​ចលនា​ផ្ដួល​រំលំ ឬ​សកម្មភាព​ដែល​បំផ្លាញ​សន្តិភាព​ប្រទេស​ជាតិ។

ការ​ថ្លែង​ដូចនេះ នៅ​ក្នុង​វេទិកា​រំឭក​ខួប​អនុស្សាវរីយ៍​ពី​ទីតាំង​ដែល​លោក​នាយក​រដ្ឋមន្ត្រី និង​បក្ខពួក​របស់​លោក បាន​ចាកចេញ​ទៅ​ប្រទេស​វៀតណាម កាល​ពី​ឆ្នាំ​១៩៧៧ ដើម្បី​ឈាន​ទៅ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត នៅ​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា ក្នុង​ឃុំ​ទន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំឭក​ពី​អនុស្សាវរីយ៍​ដ៏​ជូរចត់​របស់​ខ្លួន និង​កម្មាភិបាល​ដ៏​ស្មោះត្រង់ ៤​នាក់​ផ្សេង​ទៀត ចំពោះ​ដំណើរ​ឆ្ពោះ​ទៅ​ផ្ដួល​រំលំ​របប​ប្រសាសន៍​ពូជសាសន៍ ប៉ុល ពត ដែល​មាន​ស្លាកស្នាម និង​ប្រភព​ចេញ​ពី​ឃុំ​ទន្លូង ស្រុក​មេមត់។

ពេល​ខ្លះ លោក​មាន​ប្រសាសន៍​ទាំង​អួល​ដើមក​នៅ​ពេល​រំឭក​ពី​ប្រវត្តិ​តស៊ូ​ទាំងនោះ ក្នុង​កិច្ចការ​រំដោះ​ប្រទេស​ជាតិ ហើយ​ពេល​ខ្លះ លោក​អស់​សំណើច នៅ​ពេល​បាន​ជជែក​លេង​ជាមួយ​អ្នក​ភូមិ​កោះថ្ម ដែល​បាន​ផ្តល់​សេចក្តី​ស្រឡាញ់ ការ​រាប់​អាន​ជាមួយ​លោក និង​ក្រុម​គ្រួសារ។ ប៉ុន្តែ​ពេល​ខ្លះ​ទៀត លោក​នាយក​រដ្ឋមន្ត្រី​និយាយ​ដោយ​ទឹកមុខ​មាំ ហាក់​មាន​កំហឹង​ខ្លាំង​ចំពោះ​ក្រុម​ណា​មួយ​ដែល​ប៉ុនប៉ង​ចង់​កម្ទេច​ត្រកូល ហ៊ុន និង​ដែល​លោក​អះអាង​ថា ចង់​បំផ្លាញ​សន្តិភាព។

លោក ហ៊ុន សែន បញ្ជាក់​ថា ត្រកូល ហ៊ុន មិន​មែន​ជា​ត្រកូល​សម្រាប់​ជន​ណា​វ៉ៃ​លេង​ទេ ហើយ​ជន​នោះ​ត្រូវ​រង់ចាំ​ទទួល​នូវ​អ្វី​ដែល​ត្រូវ​ទទួល ប្រសិន​បើពួក​គេនៅ​តែ​ព្រហើន​ទៀត «ត្រកូល ហ៊ុន មិន​មែន​សម្រាប់​អ្នក​ឯង​វ៉ៃ​លេង​ទេ។ ឥឡូវ​ត្រកូល ហ៊ុន កូន​ប្រុស​ទាំង​បី​ចេញ​មក​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ឃើញ»

ក្រោយ​ពេល​ថ្លែង​ចប់ លោក​នាយ​រដ្ឋមន្ត្រី និង​មន្ត្រី​រាជ​រដ្ឋាភិបាល ព្រម​ទាំង​គណៈប្រតិភូ​ផ្សេង​ទៀត បាន​ធ្វើ​ដំណើរ​ទៅ​ចំណុច​ស្លាកស្នាម​អនុស្សាវរីយ៍​មួយ​ចំនួន​ទៀត​នៅ​ក្បែរ​ព្រំដែន​កម្ពុជា-វៀតណាម ដែល​លោក ហ៊ុន សែន ថា​ជា​ទីកន្លែង​ដ៏​ជូរចត់ ខណៈ​ពេល​ដែល​លោក និង​បក្ខពួក ៤​នាក់​ទៀត បាន​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​កាន់​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​២០ និង​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​១៩៧៧ ក្នុង​ដំណើរ​មួយ​ដែល​លោក​អះអាង​ថា ឆ្ពោះ​ទៅ​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩។

ទោះ​បី​ជា​លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ត្រកូល ហ៊ុន មិន​បាន​យក​ប្រទេស​កម្ពុជា ជា​ប្រទេស​ផ្តាច់​មុខ​ក៏ដោយ ប៉ុន្តែ​របាយការណ៍​មួយ​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស (Global Witness) ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៦ មុន​ថ្ងៃ​ឃាតក​បាញ់​ប្រហារ​លើ​អ្នក​វិភាគ​សង្គម លោក​បណ្ឌិត កែម ឡី បី​ថ្ងៃ បាន​លាត​ត្រដាង​ថា អធិរាជ​ត្រកូល «ហ៊ុន» កំពុង​ក្ដោបក្ដាប់​សេដ្ឋកិច្ច​ធំៗ​របស់​កម្ពុជា តាម​រយៈ​ក្រុមហ៊ុន និង​ភាគហ៊ុន​ដោយ​សម្ងាត់​ជាច្រើន ដែល​មាន​ទំហំ​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

អ្នក​ជំនាញ​ខាង​អភិបាលកិច្ច និង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត ចាន់ វិបុល មិន​អាច​បរិយាយ​ជុំវិញ​ការ​លើក​ឡើង​របស់​ប្រមុខ​ដឹកនាំ​បាន​ទេ ព្រោះ​លោក​នាយក​រដ្ឋមន្ត្រី​អាច​មាន​ហេតុផល​របស់​គាត់។ យ៉ាង​នេះ​ក្តី លោក ចាន់ វិបុល មើល​ឃើញ​ថា ប្រទេស​កម្ពុជា បាន​ជ្រើសរើស​របប​នយោបាយ​បែប​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ហើយ​អ្នក​មាន​ឱកាស​អាច​ដឹកនាំ​សង្គម​ជាតិ​បន្ត​បាន គឺ​អាស្រ័យ​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត។

លោក​បន្ត​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​ជំរុញ​ឲ្យ​មាន​សេចក្តី​សុខ​ជូន​ដល់​ប្រទេស​ជាតិ ពោល​គឺ​មិន​មាន​ការ​បៀតបៀន​ដល់​គ្រួសារ​ណា​មួយ ឬ​បុគ្គល​ណា​មួយ គឺ​មាន​កត្តា​បី​សំខាន់ ដូចជា​ក្រម​សីលធម៌​របស់​គណបក្ស​នយោបាយ ឬ​អ្នក​នយោបាយ។ ទី​ពីរ គឺ​ឯករាជភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ទី​៣ ការ​យល់​ដឹង​ជុំវិញ​សេចក្តី​សម្រេច​របស់​ប្រជាពលរដ្ឋ«ជាក់ស្តែង គឺ​យើង​ចង់​ឃើញ​ការ​ដឹកនាំ​មួយ​ដែល​យល់​ដឹង​ពី​ប្រជាធិបតេយ្យ ការ​ដឹកនាំ​មួយ​ដែល​ឲ្យ​តម្លៃ​ការ​បោះឆ្នោត ការ​ដឹកនាំ​មួយ​ដែល​មិន​ប្រព្រឹត្ត​អំពើ​ហិង្សា​គ្រប់​ភាគី​ទាំងអស់»

អ្នក​ជំនាញ​ដដែល​មើល​មិន​ឃើញ​អំពី​សញ្ញា​ណា​មួយ​ដែល​នាំ​ឲ្យ​ក្រុម​មួយ​កម្ទេច​ក្រុម​មួយ ហើយ​ក៏​គ្មាន​ហេតុផល​ណា​ដែល​នាំ​ឲ្យ​កើត​សង្គ្រាម​ដែរ ត្បិត​កម្ពុជា ធ្លាប់​បាន​ឆ្លង​កាត់​សង្គ្រាម និង​បាន​បញ្ចប់​រួច​ទៅ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។