លោក ហ៊ុន សែន ខក​បំណង​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី មីស៊្ហែល អូបាម៉ា

ដោយ ទីន ហ្សាការីយ៉ា
2015.03.25
ហ៊ុន សែន មីស៊្ហែល អូបាម៉ា ៦២០ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា (ឆ្វេង) និង​អ្នកស្រី មីស៊្ហែល អូបាម៉ា (Michelle Obama) (ស្ដាំ) ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។
RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន  នៅ​ថ្ងៃ​ពុធ ទី​២៥ មីនា សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ទីភ្នាក់ងារ​ផ្ដល់​ជំនួយ​សហរដ្ឋអាមេរិក ដែល​មិន​បាន​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​ស្រី​ចំនួន ១០​នាក់ ដែល​ស្ត្រី​ទី​១ សហរដ្ឋអាមេរិក អ្នកស្រី មីស៊្ហែល អូបាម៉ា (Michelle Obama) បាន​ជ្រើសរើស​ឱ្យ​បាន​បន្ត​ការ​សិក្សា​ទៅ​ថ្នាក់​ឧត្ដម​សិក្សា​កាល​ពី​សប្ដាហ៍​មុន។

ឆ្លើយ​តប​នឹង​អត្ថាធិប្បាយ​របស់​លោក ហ៊ុន សែន នេះ មន្ត្រី​ស្ថានទូត​សហរដ្ឋអាមេរិក បញ្ជាក់​ថា កម្មវិធី​របស់​អ្នកស្រី មីស៊្ហែល អូបាម៉ា មិន​មែន​ជា​កម្មវិធី​ផ្ដល់​អាហារូបករណ៍​ទេ ប៉ុន្តែ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ សហរដ្ឋអាមេរិក បាន​ជួយ​វិស័យ​អប់រំ​កម្ពុជា អស់​ទឹក​ប្រាក់​ប្រមាណ ៤០​លាន​ដុល្លារ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ផ្ដាំផ្ញើ​ទៅ​ស្ត្រី​ទី​១ គឺ​អ្នកស្រី មីស៊្ហែល អូបាម៉ា ថា ភរិយា​របស់​លោក​បាន​ផ្ដល់​អាហារូបករណ៍​ដល់​កូន​សិស្ស​ក្រីក្រ​ទាំង ១០​នាក់ នៅ​ខែត្រ​សៀមរាប ដែល​អ្នកស្រី​បាន​ជ្រើសរើស​មក​ជួប​ពិភាក្សា​នោះ​ហើយ។

លោក ហ៊ុន សែន ថ្លែង​នៅ​ថ្ងៃ​ទី​២៥ មីនា ថា លោក​គាំទ្រ​ចំពោះ​ការ​មក​ធ្វើ​ទស្សនកិច្ច​របស់​អ្នកស្រី មីស៊្ហែល អូបាម៉ា កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា នៅ​សាលា​វិទ្យាល័យ ហ៊ុន សែន ប្រាសាទ បាគង ក្នុង​គម្រោង​ផ្ដល់​ឱកាស​អោយ​ក្មេង​ស្រី​បាន​សិក្សា​នេះ។ តែ​លោក​ខក​បំណង​នៅ​ពេល​អ្នកស្រី​មិន​បាន​ជួយ​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ​ទាំង ១០​នាក់ ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​មក​ជួប​អ្នកស្រី​នោះ៖ «សូម​ផ្ដាំ​លោកជំទាវ មីស៊្ហែល អូបាម៉ា ផង ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ដោះស្រាយ​ហើយ អ៊ីចឹង​គាត់​បាន​មក​ត្រឹម​រើស​មនុស្ស​ហើយ​ដល់​បោះ​មក​ក្រសួង​អប់រំ ដដែល អ៊ីចឹង​មាន​ន័យ​ស្អី? អត់​ទេ យុទ្ធនាការ​គាត់​ល្អ តែ​ខ្ញុំ​សូម​ផ្ដល់​មតិ សុំ​ឲ្យ​អាមេរិក ជួយ​ចប់​ចុង​ចប់​ដើម កុំ​លេង​បំផើម​ចោល ហើយ​ខ្ញុំ​សុំ​ជួយ ១​វគ្គ​នេះ ហើយ​បើ​គាត់​រើស ៣០០​នាក់ អី​ខ្ញុំ​មាន​លុយ​ឯ​ណា ហើយ​ខ្ញុំ​សុំ​ឲ្យ​ស្ថានទូត​អាមេរិក និង USAID មើល​ពី​ចំណុច​ហ្នឹង​ផង ហើយ​ជំទាវ មីស៊្ហែល អូបាម៉ា គាត់​មិន​ដឹង​ផង? លេង​អា​ធុន​ហ្នឹង​មិន​ស្រួល​ទេ»

អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ លោក ជេ រ៉ាមែន (Jay Raman) បាន​ឆ្លើយ​តប​តាម​សារ​អេឡិចត្រូនិក មក​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៥ មីនា ថា គម្រោង​ផ្ដល់​ឱកាស​ឲ្យ​ក្មេង​ស្រី​បាន​សិក្សា និង​ការ​មក​ទស្សនកិច្ច​របស់​អ្នកស្រី មីស៊្ហែល អូបាម៉ា នេះ មិន​មែន​ជា​កម្មវិធី​ផ្ដល់​អាហារូបករណ៍​នោះ​ទេ។

លោក​បញ្ជាក់​ថា គម្រោង​ផ្ដល់​ឱកាស​អោយ​ក្មេង​ស្រី​បាន​សិក្សា គឺ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​អាមេរិក ដែល​ដឹកនាំ​ដោយ​ទីភ្នាក់ងារ ភីស ខរ (Peace Corps) និង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ ដើម្បី​ធ្វើ​ការ​ជាមួយ​ដៃគូ​នៅ​ជុំវិញ​ពិភពលោក​ក្នុង​ការ​ជម្នះ​ឧបសគ្គ​ដែល​រារាំង​ក្មេង​ស្រី​ក្នុង​ការ​ការពារ និង​ទទួល​បាន​ការ​អប់រំ។ ដូច្នេះ​ពួកគេ​អាច​ជួយ​ក្រុម​គ្រួសារ​របស់​ពួកគេ​រួម​ចំណែក​ដល់​សហគមន៍​របស់​ពួកគេ និង​ការ​កំណត់​ជោគវាសនា​របស់​គេ​ដោយ​ផ្ទាល់។ ចាប់​តាំង​ពី​ឆ្នាំ​២០០៣ មក រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​វិនិយោគ​ថវិកា​ជាង ៤០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​លើក​កម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា។

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី បាន​ចាត់​ទុក​ការ​សម្ដែង​ការ​ខក​ចិត្ត​របស់​លោក ហ៊ុន សែន នេះ ជា​កាយ​វិការ​សម្ដែង​ពី​ភាព​ទន់​ខ្សោយ​របស់​រដ្ឋាភិបាល​ខ្លួន​ឯង​ទៅ​វិញ​ទេ ផ្ទុយ​ទៅ​វិញ លោក​បញ្ជាក់​ថា ការ​មក​ទស្សនកិច្ច​របស់​ស្ត្រី​ទី​១​របស់​សហរដ្ឋអាមេរិក​នេះ ជា​កា​លើក​មុខ​មាត់​របស់​កម្ពុជា ទៅ​វិញ​ទេ ដែល​ធ្វើ​ឲ្យ​ប្រទេស​ជា​ម្ចាស់​ជំនួយ​នឹង​ចាប់​អារម្មណ៍​ដល់​កម្ពុជា៖ «គាត់​សំដែង​ការ​ខក​ចិត្ត​មាន​ន័យ​ថា ម៉េច? មាន​ន័យ​ថា ប្រទេស​យើង​ពឹង​ផ្អែក​លើ​គេ​ជួយ​ទាំង​ស្រុង អា​ហ្នឹង​មិន​ត្រឹមត្រូវ​ទេ ព្រោះ​កាយវិការ​គេ​ដែល​គេ​មក​ហ្នឹង គឺ​ផ្ដល់​កិត្តិយស​ដល់​ប្រទេស​យើង និង​ជួយ​យក​ចិត្ត​លើ​ក្មេង​ស្រី ទាំង​អស់​នេះ​សុទ្ធ​តែ​រដ្ឋ​យើង​អាច​ធ្វើ​បាន​ខ្លួន​ឯង​ហ្នឹង។ ខ្ញុំ​ផ្ដល់​ឧទាហរណ៍​សាលា បឋម​សិក្សា​យើង ៣០% គ្មាន​បង្គន់​អនាម័យ ដែល​ធ្វើ​ឲ្យ​សិស្ស​បោះបង់​ការ​សិក្សា»

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា ឱ្យ​ដឹង​ថា ប្រទេស​កម្ពុជា បច្ចុប្បន្ន​នៅ​ក្នុង​ថ្នាក់​បឋម​សិក្សា គឺ​មាន​ក្មេង​ស្រី​ចូល​រៀន ៥០% ស្មើ​គ្នា​ជាមួយ​ក្មេង​ប្រុស ក៏ប៉ុន្តែ​នៅ​ពេល​បន្ត​ដល់​ថ្នាក់​មហាវិទ្យាល័យ គឺ​ចំនួន​ស្ត្រី​បាន​ថយ​ចុះ​មក​ត្រឹម ៤២% ហើយ​នៅ​ឯ​ថ្នាក់​អនុបណ្ឌិត ឬ​ក៏​បណ្ឌិត​មាន​ស្ត្រី​តែ ៥% ប៉ុណ្ណោះ​នៅ​បន្ត​ការ​សិក្សា។

ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ៣​ថ្ងៃ​របស់​អ្នកស្រី មីស៊្ហែល អូបាម៉ា នៅ​កម្ពុជា កន្លង​មក​នេះ ធ្វើ​ឱ្យ​ស្ត្រី​ទី​១ នៃ​សហរដ្ឋអាមេរិក បាន​ចាប់​អារម្មណ៍​ពី​ក្មេង​ស្រី និង​ប្រជាពលរដ្ឋ​នៅ​កម្ពុជា ហើយ​ក៏​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​របស់​សហរដ្ឋអាមេរិក ដើម្បី​ជំរុញ​ក្មេង​ស្រី​នៅ​ទូទាំង​ពិភពលោក​ឱ្យ​បាន​ចូល​រៀន​ខ្ពង់ខ្ពស់​គ្រប់​គ្នា៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។