“កញ្ចក់​សង្គម​រង​ការបំផ្លាញ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន”

ដោយ មួង ណារ៉េត
2017-12-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ដល់​ក្រុម​កីឡាករ កីឡាការិនី ដែល​ទទួល​បាន​ជយលាភី​ក្នុង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ នា​​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ដល់​ក្រុម​កីឡាករ កីឡាការិនី ដែល​ទទួល​បាន​ជយលាភី​ក្នុង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ នា​​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧។
Screenshot

អ្នកវិភាគ អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង ចាត់​ទុក​ការ​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ជា​ការ​វាយ​បំបែក​កញ្ចក់​សង្គម ដែល​ផ្ទុយ​ទាំងស្រុង​ទៅ​នឹង​ការ​អំពាវនាវ របស់​លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​មន្ត្រី​របស់​លោក​ឆ្លុះកញ្ចក់ ងូតទឹក ដុះ​ក្អែល និង​ព្យាបាល។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ត​ណែនាំ និង​ជំរុញ​មន្ត្រី​រដ្ឋាភិបាល ឲ្យ​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និង​ព្យាបាល ឲ្យ​មាន​ប្រសិទ្ធភាព។ ប៉ុន្តែ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ និង​អ្នកវិភាគ​សង្គម ចាត់​ទុក​ពាក្យស្លោក​របស់​លោក ហ៊ុន សែន ថា​គ្មាន​ប្រសិទ្ធ​ទៅ​រួច​នោះ​ទេ ដោយសារ​កញ្ចក់ ត្រូវ​បាន​លោក ហ៊ុន សែន ខ្លួន​ឯង​វាយ​បំបែក​ចោល​ទៅ​ហើយ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក អេង ឆៃអ៊ាង លើក​ឡើង​ថា កញ្ចក់​សង្គម គឺ​មិន​អាច​យកគ្នា​ឯង ដែល​បានតែ​ចូលចិត្ត​និយាយ​បញ្ជោរ និង​ហៃអើ​នោះ​ទេ។ លោក​បញ្ជាក់​ថា ដើម្បី​អាច​ឆ្លុះ​មើល​ភាព​អសកម្ម​របស់​ខ្លួន​បាន គឺ​ត្រូវ​ពឹង​ផ្អែកលើ​មជ្ឈដ្ឋាន​ខាងក្រៅ ដូចជា​គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​ហ៊ាន​ចង្អុល​ចំ​បញ្ហា និង ហ៊ាន​និយាយ​ការពិត​។ ប៉ុន្តែ ជា​អកុសល​រដ្ឋាភិបាល​បាន​បំផ្លាញ​របស់​ទាំងនេះ​ចោល​អស់​ទៅ​ហើយ៖ «ក្រោយពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ពេល​មាន​អង្គការ​សង្គម​ស៊ីវិល មាន​គណបក្ស​ប្រឆាំង មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​មាន​សេរីភាព​សម​ល្មម​ក្នុង​ការ​ផ្សព្វផ្សាយ ក៏បាន​ជួយ​តម្រង់​ទិស ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ច្រើន​ដែរ ដូចជា​ការកាត់បន្ថយ​រយៈពេល​ជួល​ដី ដែល​មាន​រយៈពេល ៩៩ ឆ្នាំទៅ​ឲ្យ​ឯកជន​ហ្នឹង បាន​កាត់បន្ថយ​មក​នៅ​ត្រឹម ៥០​ឆ្នាំ ដូច​ការជួល​ប្រាសាទ​អង្គរវត្ត​ទៅ​ឲ្យ​ឯកជន ត្រូវ​បាន​យក​មក​វិញ ដូចជា​ផ្លូវជាតិ​លេខ​៤ ជាដើម។ ប៉ុន្តែ ចាប់​ពី​ឥឡូវ​ទៅ យើង​មើល​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន នឹង​ជិះ​សេះ​លែងដៃ​ហើយ»

ភ្លាមៗ​ក្រោយ​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៣ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន របូត​អស់​អាសនៈ​ចំនួន​២២ ទៅ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន សែន កោះ​ប្រជុំ​គណៈរដ្ឋមន្ត្រី និង​ព្រមាន​មន្ត្រី​រដ្ឋាភិបាល ឲ្យ​កសាង​ខ្លួន​ឲ្យ​ល្អ ដោយ​ឲ្យ​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និង​ព្យាបាល ផ្អែកលើ​ការ​ឲ្យ​តម្លៃ​ពី​ភាគី​ពាក់ព័ន្ធ ដូចជា​ពលរដ្ឋ សង្គម​ស៊ីវិល បក្ស​ប្រឆាំង ហើយ​បើ​ធ្វើ​មិន​បានទេ គឺ​នឹង​ត្រូវ​រង​ពិន័យ​រហូតដល់​ដាក់ទោស​តាមច្បាប់។ ក៏ប៉ុន្តែ ក្នុង​រយៈពេល​ស្ទើរ​ពេញ​មួយ​អាណត្តិ​ទី៥ កន្លង​មក​នេះ អ្នក​ដែល​ត្រូវ​ពិន័យ និង​រង​ទោស​ទណ្ឌ​តាមច្បាប់​នេះ បែរជា​មានតែ​ខាង​ពលរដ្ឋ សង្គម​ស៊ីវិល បក្ស​ប្រឆាំង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯណោះ​ទៅវិញ។ ក្រោយ​ការបោះឆ្នោត​ឃុំ​-​សង្កាត់ កាលពី​ខែ​មិថុនា ២០១៧ ដែល​គណបក្ស​កាន់អំណាច របូត​អាសនៈ​ឃុំ​-​សង្កាត់​ជិត ៥០០ ឃុំ​សង្កាត់​ទៅ​ខាង​គណបក្ស​សង្គ្រោះជាតិ រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្វើ​ច្បាប់​លុបបំបាត់​គណបក្សប្រឆាំង​នេះ ចោល​ទាំងស្រុង​តែម្ដង។ មិន​តែ​ប៉ុណ្ណោះ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ១១៨ រូប​ត្រូវ​បាន​ហាមឃាត់​ពី​ជីវភាព​នយោបាយ រហូតដល់ ៥​ឆ្នាំ។ ចំណែក​ឯ អង្គការ​សង្គម​ស៊ីវិល រង​ការ​ការ​បណ្ដេញ​ចេញ និង​រឹតត្បិត​សិទ្ធិ​សេរីភាព​យ៉ាង​ដំណំ។ សារព័ត៌មាន និង​វិទ្យុ​ឯករាជ្យ ត្រូវ​បាន​បិទទ្វារ។

ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់អំណាច ការពារ​រដ្ឋាភិបាល ដោយ​អះអាង​ថា ចំណាត់​ការ​លើ​អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​គណបក្សប្រឆាំង គឺ​ធ្វើ​ឡើង​ដោយ​ផ្អែកលើ​អង្គហេតុ និង អង្គច្បាប់។ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន លើក​ឡើង​ថា កញ្ចក់​បែប​រិះគន់​រដ្ឋាភិបាល​ជាប្រចាំ​របស់​បក្ស​ប្រឆាំង ដែល​មិន​ចេះ​លើក​សរសើរ ឬ​ឲ្យ​តម្លៃ​នៃ​ការ​ខិតខំ​របស់​រដ្ឋាភិបាល​បែបនេះ មិនបាន​ជួយ​អ្វី​ដល់​រដ្ឋាភិបាល​នោះ​ឡើយ៖ «កញ្ចក់​របស់​បក្ស​ប្រឆាំង មិនមែន​ជា​កញ្ចក់​ល្អ​ទេ ជា​កញ្ចក់​ជាន់​ពន្លិច ដើម្បី​យក​មោទនភាព និង​គុណសម្បត្តិ​ខ្លួនឯង មួលបង្កាច់​អំពើ​ល្អ ទៅជា​អំពើ​អាក្រក់ ដើម្បី​យក​គុណ​សម្បត្តិ​ខ្លួនឯង បោក​បញ្ឆោត​ប្រជាពលរដ្ឋ ដើម្បី​សន្លឹកឆ្នោត​តែប៉ុណ្ណោះ»

ការ​បំបែក​កញ្ចក់​ឆ្លុះ រួមមាន​អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​គណបក្ស​ប្រឆាំង ដែល​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​មិន​អាច​ខ្វះ​បាន ក្នុង​ដំណើរ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង ដល់​សិទ្ធិ​ក្នុង​ការ​ចូលរួម របស់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត។

មន្ត្រី​ច្បាប់​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក យឿង សុធារ៉ា មើល​ឃើញ​អំពី​ភាព​អសកម្ម​ជាច្រើន ក្នុង​ការ​ចុះឈ្មោះ និង​ពិនិត្យមើល​បញ្ជី​ឈ្មោះ​បោះឆ្នោត ដោយសារតែ​ខ្វះ​កម្លាំង​ចលករ ក្នុង​ការ​ជំរុញ​ទឹកចិត្ត​ពលរដ្ឋ ដោយសារតែ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​បក្ស​ប្រឆាំង​នេះ៖ «រឿង​ដែល​កន្លងមក ដែល​ប្រជាពលរដ្ឋ​សស្រាក់សស្រាំ ជាមួយ​នឹង​សកម្មភាព​នយោបាយ​នេះ គឺ​មាន​សកម្មភាព​ផុលផុស ពី​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន ដូចជា​ការ​ទៅ​ចុះឈ្មោះ​បោះឆ្នោត ពួកគាត់​ដើរ​បំផុស​ប្រជាពលរដ្ឋ ដើរ​អញ្ជើញ​ប្រជាពលរដ្ឋ​នៅ​តាម​ផ្ទះ ឲ្យ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ ឥឡូវនេះ គណបក្ស​នេះ​រលាយ​ទៅ សកម្មជន​បក្ស​ហ្នឹង លែង​មាន​ការងារ​អ្វី​ធ្វើ​អស់​ទៅ​ហើយ។ ស្ថានភាព​បែបនេះ​ទៀត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​នឿយណាយ»

អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ដែល​បាន​ចុះទៅ​មូលដ្ឋាន យល់ស្រប​ថា បរិយាកាស​នយោបាយ​សព្វថ្ងៃ​នេះ មាន​ភាព​តានតឹង និង​ខូចប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល ដោយសារតែ​ខ្វះ​ដៃគូ​ប្រកួតប្រជែង និង​ចូលរួម​ក្នុង​ដំណើរ​ប្រជាធិបតេយ្យ ជាពិសេស​ក្រោយ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ឲ្យ​លែង​មាន​បណ្ដាញ និង​សកម្មភាព​បក្ស​ប្រឆាំង​នៅ​ក្នុង​ស្រុក ហើយ​នៅ​ពេល​អង្គការក្រៅរដ្ឋាភិបាល កំពុង​រង​សម្ពាធ​នយោបាយ​ដែរ សកម្មភាព​ជួយ​ប្រជាពលរដ្ឋ ក្នុង​កិច្ចការ​បោះឆ្នោត ចាប់ផ្ដើម​ធ្លាក់​ចុះ​យ៉ាង​គំហុក រហូតដល់​ប្រជាពលរដ្ឋ​មួយ​ចំនួន បង្ហាញ​ក្តី​អស់​សង្ឃឹម លើ​ការបោះឆ្នោត ព្រោះ​សន្លឹកឆ្នោត​ដែល​ពួកគាត់​ខំ​បោះ បែរជា​ត្រូវ​គេ​រម្លាយ​ចោល និង យក​ទៅ​ចែក​ឲ្យ​អ្នក​ផ្សេង​ឯណា​ឯណោះ​ទៅវិញ។ លោក​បន្ត​ថា ការបាត់បង់​ការ​ចូល​រួម​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ការងារ​របស់​គ..ប​ផង​ដែរ៖ «ហើយ​ទោះជា​ខំ​ប្រឹងប្រែង​យ៉ាងណាក៏ដោយ ខាង​គ..ប បើសិនជា​អត់​មាន​ភ្នាក់ងារ​គណបក្ស ឬ​សកម្មជន​សិទ្ធិមនុស្ស និង​អង្គការ​ផ្សេងៗ​ចូលរួម​ចំណែក និង​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​មើល​ឈ្មោះ​នេះ។ ពី​មុនៗ​មាន»

ការ​រឹតត្បិត​អង្គការ​សង្គម​ស៊ីវិល ផ្នែក​សិទ្ធិ​ដីធ្លី និង​លំនៅឋាន ក៏​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី បាត់​ទី​ពំនឹង​ក្នុង​ការ​ជួយ​ក្នុង​ការ​តស៊ូ​មតិ ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​សមស្រប ចំពោះ​ការរំលោភ​ដីធ្លី ពី​សំណាក់​អាជ្ញាធរ និង​អ្នក​មានអំណាច។

ប្រធាន​អង្គការ​ការពារ​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ ដែល​ត្រូវ​ភៀសខ្លួន​មក​សហរដ្ឋអាមេរិក ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន បញ្ជាក់​ថា ចំណាត់​ការ​របស់​រដ្ឋាភិបាល​ដែល​រំលោភច្បាប់​បែបនេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រង​ទុក្ខ​កាន់​តែ​ខ្លាំង ហើយ​សម្រែក​នៃ​សេចក្ដី​​ទុក្ខវេទនា​ទាំងនេះ នឹង​កប់​ចោល​បាត់ យ៉ាង​អយុត្តិធម៌ ដោយសារ​គ្មាន​មធ្យោបាយ ពាំនាំ​សំឡេង​ជនរងគ្រោះ ឲ្យ​ឮ​ដល់​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​ជួយ​ដោះស្រាយ៖ «ទាំងអស់​គ្នា​កំពុងតែ​រង់​គ្រោះ ទាំង​សង្គម​ស៊ីវិល ទាំង​គណបក្សប្រឆាំង ទាំង​សារព័ត៌មាន សូម្បីតែ​អាស៊ីសេរី​ខ្លួនឯង​ក៏​មិន​ហ៊ាន​ជាន់​ទឹកដី​ខ្មែរ​ដែរ ទោះបីជា​ខ្លួន​មានកំណើត​នៅ​ខ្មែរ​មែន ក៏ប៉ុន្តែ​យើង​អត់​មាន​សិទ្ធិ​ចូល​ទៅ​ប្រទេស​យើង។ នេះ​ហើយ​គឺជា​អ្វី​ដែល​សហគមន៍​អន្តរជាតិ គេ​មើល​ឃើញ​លទ្ធិប្រជាធិបតេយ្យ​របស់​យើង​កំពុង​ដាំ​ក្បាល​ចុះ។ រដ្ឋាភិបាល​មួយ ដែល​គាត់​ចង់​ធ្វើ​ខ្លួនឯង​ឲ្យ​ទៅជា​រដ្ឋាភិបាល​ខុសច្បាប់»

សម្រែក​នៃ​ការ​តវ៉ា​ប្រឆាំង​អំពើពុករលួយ ការបំផ្លាញ​បរិស្ថាន និង​ធនធាន​ធម្មជាតិ ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​រឹបអូស​ដីធ្លី​ប្រជាពលរដ្ឋ និង​ការ​បណ្ដេញ​ប្រជាពលរដ្ឋ ដោយ​បង្ខំ​ជាដើម ត្រូវ​បាន​បង្ក្រាប និង​បំបិទ​ចោល​ស្ទើរតែ​ទាំងស្រុង នៅ​ពេល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន ដែល​ផ្សាយ​ព័ត៌មាន​ពិត អំពី​បញ្ហា​ទាំងនេះ ត្រូវ​បាន​រដ្ឋាភិបាល​បញ្ជា​ឲ្យ​បិទ និង​បង្ខំចិត្ត​បិទ​ការិយាល័យ ដោយ​មិន​អាច​ស៊ូទ្រាំ​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល​បាន​តទៅទៀត​។ តាំងពី​វិទ្យុ​អាស៊ីសេរី បិទ​ការិយាល័យ​នៅ​កម្ពុជា និង​រដ្ឋាភិបាល​បិទ​ស្ថានីយ និង​ប៉ុស្តិ៍​វិទ្យុ FM ជាង ៣២ នៅ​ទូទាំង​ប្រទេស ការ​កាប់​បំផ្លាញ​ព្រៃឈើ ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍ ថា​កើតមានឡើង​យ៉ាង​កក្រើក។

ពលរដ្ឋ​រស់នៅ​ឃុំ​សម្អាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ព្រួយចិត្ត​រឿង​បទល្មើស​ព្រៃឈើ​កើន​ឡើង​ខ្លាំង តាំងពី​បិទ​ការផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នៅ​តាម​វិទ្យុ FM។ ពលរដ្ឋ​ម្នាក់​ដែល​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ថា​រលាយ​អស់​គ្មាន​សល់​ទេ ឲ្យ​តែ​យ៉ាង​នេះ៖ «ព្រៃឈើ​កាលពី​វិទ្យុ​អាស៊ីសេរី​នៅ ផ្សព្វផ្សាយ​បាន ព្រៃឈើ​អត់​សូវ​ហិនហោច​ទេ។ តាំង​ពី​រម្លាយ បិទ​វិទ្យុ​អាស៊ីសេរី វី​អូអេ​អត់​ឲ្យ​ផ្សាយ ឥឡូវ​ឡាន​ដឹក​ឈើ​ទាំង​យប់​ទាំង​ថ្ងៃ ដូច​គេ​ហែ​កឋិន»

ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់​ដែរ លោក ថាន់ វ៉ន ក៏​ព្រួយចិត្ត​ខ្លាំង​ណាស់​ដែរ ពី​រឿង​បទល្មើស​ព្រៃឈើ និង​នេសាទ​ដែល​កើតឡើង​យ៉ាង​ខ្លាំង​បែបនេះ៖ «សកម្មភាព​ក្នុង​តំបន់​ដែល​មាន​ព្រៃឈើ គឺ​ដូច​គេ​ហែ​កឋិន គ្រប់កន្លែង​គ្រប់​ស្ថាប័ន គ្មាន​នរណា​មើល​ការខុសត្រូវ។ តាំងពី​នេសាទ​ត្រី ស្អីៗ​ឥឡូវ​មាន​គ្រប់​លក្ខណៈ ដូច​កន្លែង​របស់ខ្ញុំ កាលពីដើម​មិន​សូវ​មាន​បញ្ហា​ទេ ឥឡូវ​ក្បាល​ឆក់ អា​ស្អី​ក៏​មាន​ដែរ តាំងពី​បិទ​សារព័ត៌មាន​ហ្នឹង​មក»

ប្រធាន​សមាគម​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ធន សារាយ ដែល​បាន​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ដែរ​នោះ មើល​ឃើញ​រដ្ឋាភិបាល​លោក ហ៊ុន សែន សព្វថ្ងៃ​កំពុង​ដឹកនាំ​ប្រទេស​កម្ពុជា ទៅ​រក​របប​ឯក​បក្ស ព្រោះ​គ្មាន​បក្ស​ប្រឆាំង​ដែល​មាន​ឥទ្ធិពល​ខ្លាំង ដូច​គណបក្ស​សង្គ្រោះជាតិ។ លោក​ចាត់​ទុក​បក្ស​តូចៗ​ដទៃ​ទៀត គ្មាន​អត្ថន័យ​អ្វី​នោះ​ទេ គឺ​គ្រាន់តែ​ជា​បក្ស​លម្អ ឲ្យ​ឃើញ​ទៅ​ដូច​ជា​មាន​ដំណើរការ​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ។ ទោះជា​យ៉ាង​នេះ​ក្តី លោក ធន សារាយ លើក​ឡើង​ថា បើ​លោក​ជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិញ លោក​មិន​ធ្វើ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​បែបនេះ​ទេ។ លោក​ថា លោក ហ៊ុន សែន គួរ​ក្លាហាន ហ៊ាន​ប្រកួតប្រជែង ស្មើភាព​គ្នា ព្រោះ​លោក ហ៊ុន សែន មានឱកាស និង​ធនធាន​ឲ្យ​កូនៗ បាន​រៀន​សូត្រ​ច្រើន​គួរសម​ដែរ មិន​គួរ​ខ្លាច​ដៃគូ​ម្ខាង​ទៀត រហូត​កម្ទេច​គេ​ចោល​បែបនេះ​នោះ​ទេ៖ «រឿង​អ្វី​ដែល​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរការ​ប្រជាធិបតេយ្យ​បន្ត​ទៅ​ទៀត។ យើង​អាច​ប្រកួតប្រជែង​គ្នា។ សម័យ​នេះ គេ​យក​ការចេះដឹង និង​ប៉ិនប្រសព្វ​ក្នុង​ការ​ធ្វើ​នយោបាយ ដើម្បី​ប្រកួតប្រជែង​គ្នា ដណ្ដើម​ទឹកចិត្ត ដណ្ដើម​សំឡេង ដណ្ដើម​ការ​គាំទ្រ​ពី​ប្រជារាស្ត្រ​បាន​ដោយ​ស្រួល ប្រសិនបើ​យើង​មានការ​ចេះដឹង និង ទ្រព្យសម្បត្តិ។ លោក​អាច​ធ្វើ​ល្អ​បាន​ច្រើន​ណាស់ បើ​លោក​ធ្វើ​ល្អ ប្រវត្តិសាស្ត្រ​មិន​ថ្កោលទោស​លោក​ទេ»

ចំណែក​អ្នកវិភាគ និង​ជា​អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី វិញ​លោក​យល់​ឃើញ​ថា ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ពិតប្រាកដ និង​យូរអង្វែង​បាន គឺ​ទាល់តែ​ខ្មែរ និង​ខ្មែរ​មាន​ឯកភាព​ជាតិ​មួយ ដោយ​មិន​ត្រូវ​ទុក​ដៃគូ​ប្រកួត ជា​គូ​សត្រូវ​របស់​ខ្លួន ដូច​បច្ចុប្បន្ន​នោះ​ឡើយ។ ម្យ៉ាងទៀត លោក​បណ្ឌិត មាស នី មើល​ឃើញ​ថា ការ​ធ្វើទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ នាំ​ប្រទេស​កម្ពុជា​ឲ្យ​ងាក​ទៅ​រក​ការដឹកនាំ​បែប​កុម្មុយនិស្ត ដែល​អាច​នាំ​គ្រោះថ្នាក់​ដល់​ប្រទេសជាតិ​លើ​គ្រប់​វិស័យ។ ផល​ប៉ះពាល់​នេះ មិនមែន​កើតមាន​លើ​តែ​ប្រជាពលរដ្ឋ​ទូទៅ​នោះ​ទេ សូម្បីតែ​មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ ក៏​រង​ផល​ប៉ះពាល់​ដែរ។ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ពិចារណា​ឡើងវិញ ក្នុង​រឿង​នេះ៖ «ហើយ​ការ​ងាក​ទៅ​រក​ប្លុក​កុម្មុយនិស្ត សម្រាប់​ពលរដ្ឋ​ខ្មែរ មិន​ដូច​ប្រទេស​ដទៃ​ទេ ព្រោះ​យើង​បាន​ឆ្លងកាត់ និង​យល់​កុម្មុយនិស្ត​រួចហើយ ថា​មានន័យ​យ៉ាងម៉េច​សម្រាប់​យើង។ ដូច្នេះ​នេះ​ដំណឹង​មួយ​ដែល​រដ្ឋាភិបាល គួរ​យល់​រឿង​នេះ ហើយ​ការ​នាំ​ប្រទេស​នេះ​ទៅ​រក​លទ្ធិ​កុម្មុយនិស្ត មិនមែន​ជា​ការ​ល្អ​ទេ»

សហគមន៍​អន្តរជាតិ ដែល​ចូលរួម​យ៉ាង​ច្រើន ដល់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា សុទ្ធតែ​បាន​សម្ដែង ការ​ព្រួយ​បារម្ភ អំពី​ស្ថានការណ៍ ធ្វើទុក្ខបុកម្នេញ​លើ​គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់ និង​មិន​អាច​ខ្វះ​បាន ក្នុង​ដំណើរ​ប្រជាធិបតេយ្យ។ សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប បាន​ដាក់​ទណ្ឌកម្ម​ជា​បណ្ដើរៗ និង​បាន​ព្រមាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស នឹង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បើ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅតែ​មិន​ព្រម​ស្តារ​ស្ថាន​ការ​បច្ចុប្បន្ន ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើងវិញ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ហៃអើ ! អាជ័យធ្លាក់ទឹក អស់អី អស់ទៅ រឿងប្រទេសជាតិ គឹត ទុកអោយក្មេងជំនាន់ក្រោយ កុំទៅខ្វល់ . អោយតែក្រុមគ្រួសារអញ មានសីុ មានចាយ អាណាក្ររហាម ង៉ាប់អីង៉ាប់ទៅ !

Dec 27, 2017 10:41 AM

អ្នក​អាន​អនាមិក

អ្នករិះគន់ តាមដានអំពើពុករលួយ របស់មន្ត្រី ហ៑ុន សែន ត្រូវបានលោកហ៑ុនសែន កំចាត់ចោល
នៅសល់តែមន្ត្រីពុករលួយ . ហៃអើ អាជ័យធ្លាក់ទឹក .
ដូច្នេះ លោកហ៑ុនសែន អាចជិះសេះលែងដៃ ម៉ាសប្បាយ ដូចរបប ប៉ុល ពត អៀង សារី

Dec 27, 2017 02:05 AM

គេហទំព័រ​ទាំងមូល