តើ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​លោក ចន ឃែរី មាន​បទពិសោធន៍​អ្វី​ខ្លះ​ជាមួយ​កម្ពុជា?

ដោយ សាន សែល
2016-01-25
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ចន ឃែរី ២០១៦ ៨៥៥
រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក ចន ឃែរី (John Kerry) [លើក​ដៃ] មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៦។
RFA/Rann Samnang

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ដែល​ជិត​ផុត​អាណត្តិ លោក ចន ឃែរី (John Kerry) មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។ បើ​តាម​គម្រោង លោក ចន ឃែរី នឹង​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម​ភាគី​លោក​រដ្ឋមន្ត្រី​ការ​បរទេស ហោ ណាំហុង និង​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ថែម​ទៀត​ផង។

តើ លោក ចន ឃែរី មាន​ប្រវត្តិ​ដូចម្តេច​ខ្លះ?

បច្ចុប្បន្ន លោក ចន ឃែរី ដែល​មាន​ឈ្មោះ​កំណើត​ថា ចន ហ្វបស៍ ឃែរី (John Forbes Kerry) ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​របស់​សហរដ្ឋ​អាមេរិក ទី​៦៨ ក្រោយ​ពី​ទទួល​ការ​តែង​តាំង​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) កាល​ពី​ឆ្នាំ​២០១៣។

មុន​ចូល​កាន់​ការ​ជា​ប្រមុខ​ក្រសួង​ការ​បរទេស លោក ចន ឃែរី ដែល​កើត​នៅ​ឆ្នាំ​១៩៤៣ ធ្លាប់​បម្រើ​ការ​ជា​សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ​ម៉ាសាឈូសិត (Massachusetts) រយៈពេល ២៤​ឆ្នាំ ចំនួន ៥​អាណត្តិ​ជាប់ៗ​គ្នា (ឆ្នាំ​១៩៨៤ ឆ្នាំ​១៩៩០ ឆ្នាំ​១៩៩៦ ឆ្នាំ​២០០២ និង​ឆ្នាំ​២០០៨)។ កាល​លោក​នៅ​មាន​តួនាទី​ជា​សមាជិក​ព្រឹទ្ធសភា លោក ចន ឃែរី ត្រូវ​បាន​វាយ​តម្លៃ​ថា ជា​អ្នក​គាំទ្រ​គោល​នយោបាយ​ពាណិជ្ជកម្ម​សេរី ជា​អ្នក​គាំទ្រ​ការ​ពង្រឹង​គោល​នយោបាយ​ការ​បរទេស និង​យោធា ជា​អ្នក​គាំទ្រ​លើ​ការ​បង្កើន​ខ្ទង់​ចំណាយ​លើ​វិស័យ​អប់រំ និង​ការពារ​បរិស្ថាន។

រយៈពេល​ជាង ២០​ឆ្នាំ​នៅ​ព្រឹទ្ធសភា លោក ចន ឃែរី បាន​ធ្វើ​សេចក្ដី​ព្រាង និង​អនុម័ត​ច្បាប់​សំខាន់ៗ​មួយ​ចំនួន ដូចជា ច្បាប់​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​អន្តរជាតិ ច្បាប់​ប្រឆាំង​ការ​លាង​លុយ ច្បាប់​ជំនួយ​អន្តរជាតិ និង​ច្បាប់​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ ជាដើម។ លោក ចន ឃែរី ក៏​បាន​ចូលរួម​ក្នុង​កិច្ច​ចរចា​ស្ដីពី​ការ​បង្កើត​តុលាការ​ខ្មែរ​ក្រហម​នៅ​កម្ពុជា ផង​ដែរ។ លោក ចន ឃែរី ក៏​ធ្លាប់​ជា​បេក្ខជន​នៃ​គណបក្ស​ប្រជាធិបតេយ្យ ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ​២០០៤ ក៏ប៉ុន្តែ​មិន​បាន​ជាប់​ការ​បោះ​ឆ្នោត។

ងាក​មក​និយាយ​ពី​បទពិសោធន៍​របស់ លោក ចន ឃែរី ជាមួយ​ប្រទេស​កម្ពុជា វិញ​ម្ដង។ ថ្លែង​ប្រាប់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ​១៩៨៦ លោក ចន ឃែរី ដែល​បាន​ធ្វើ​ការ​នៅ​ទ័ព​ជើង​ទឹក​ក្នុង​សម័យ​សង្គ្រាម​វៀតណាម អះអាង​ថា លោក​បាន​ឆ្លង​ចូល​ទឹក​ដី​កម្ពុជា តាម​ទូក​ល្បាត​យោធា​នៅ​ឆ្នាំ​១៩៦៨។ លោក​បញ្ជាក់​ថា លោក​ត្រូវ​បាន​ទាហាន​វៀតណាម និង​ខ្មែរ​ក្រហម តាម​វាយ​ប្រហារ។

បួន​ទសវត្សរ៍​ក្រោយ​មក លោក ចន ឃែរី បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ក្នុង​នាម​ជា​សមាជិក​ព្រឹទ្ធសភា ដើម្បី​សម្រប​សម្រួល​ក្នុង​ការ​បង្កើត​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​សាលា​ក្តី​ខ្មែរ​ក្រហម។ លោក ចន ឃែរី ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​អ្នក​តស៊ូ​មតិ​សំខាន់​មួយ​ក្នុង​ដំណើរ​ចរចា​បង្កើត​សាលា​ក្ដី​ខ្មែរ​ក្រហម។

បន្ថែម​ពី​នេះ បន្ទាប់​ពី​តុលាការ​កូន​កាត់​មួយ​នេះ​ប្រកាស​សាលក្រម​នៅ​ឆ្នាំ​២០១៤ លោក ចន ឃែរី ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក បាន​ប្រកាស​សាទរ​លើ​ការ​ប្រកាស​សាលក្រម​សំណុំ​រឿង​០០២។ លោក​បាន​ហៅ​សាលក្រម​នេះ​ថា ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​សម្រាប់​ប្រជាជន​កម្ពុជា ដែល​បាន​ឆ្លង​កាត់​នូវ​រឿងរ៉ាវ​អាក្រក់​ប្រចាំ​សតវត្ស​ទី​២០។

ដូច​ដែល​បាន​ជម្រាប​ជូន​លោក​អ្នក​នាង​ខាង​ដើម លោក ចន ឃែរី មាន​និន្នាការ​បរិស្ថាន​និយម។ ជា​ឧទាហរណ៍ រយៈ​កាល​មួយ​ឆ្នាំ​កន្លង​ទៅ ពោល​គឺ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៥ លោក ចន ឃែរី បាន​សរសេរ​វិចារណកថា​មួយ​ផ្សាយ​នៅ​លើ​ទស្សនាវដ្ដី ហ្វរ៉ែន ផូលេស៊ី (Foreign Policy)។ នៅ​ក្នុង​សំណេរ​នោះ លោក ចន ឃែរី បាន​រំឭក​ឡើង​វិញ​នូវ​បទពិសោធន៍​រវាង​លោក និង​ទន្លេ​មេគង្គ។ លោក​បាន​ស្រមៃ​នឹក​ឃើញ​ឡើង​វិញ​នូវ​ទិដ្ឋភាព​ទន្លេ​មេគង្គ​ក្នុង​សម័យ​សង្គ្រាម​វៀតណាម ថា​បើ​កាល​ណោះ​មាន​សង្គ្រាម​ក្តី តែ​រូប​រាង​នៃ​ក្របី​ទឹក សកម្មភាព​ដោះដូរ​ត្រី​សាច់​រវាង​កងទ័ព និង​អ្នក​នេសាទ និង​ទិដ្ឋភាព​ព្រៃ​កោងកាង ហាក់​ដូច​កើត​ឡើង​ថ្មីៗ។ លោក​សង្កេត​ឃើញ​ថា ទន្លេ​មេគង្គ​ជា​ប្រភព​សំខាន់​នៃ​ជីវិត​របស់​ប្រជាជន​នៅ​តាម​ដង​ទន្លេ ក៏ប៉ុន្តែ​ការ​អភិវឌ្ឍ​គ្មាន​ចីរភាព និង​ការ​កើន​ឡើង​នូវ​សំណង់​វារីអគ្គិសនី កំពុង​គំរាម​កំហែង​ដល់​ប្រភព​អាហារ និង​ទឹក​របស់​ប្រជាជន​រាប់​រយ​លាន​នាក់ ដែល​ផ្ញើ​ជីវិត​នៅ​នឹង​ទន្លេ​មេគង្គ។

លោក​បន្ថែម​ថា ទន្លេ​មេគង្គ​ជា​ប្រភព​ជីវចម្រុះ​សម្បូរ​បែប ដែល​តំណាង​ឲ្យ ៦០​ភាគរយ​នៃ​ប្រភព​ប្រូតេអ៊ីន​របស់​ប្រទេស​កម្ពុជា។

លោក ចន ឃែរី បាន​រំលេច​ថា សម្រាប់​ប្រជាជន​អាមេរិក និង​ប្រជាជន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​ជំនាន់​លោក ទន្លេ​មេគង្គ គឺ​ជា​និមិត្តរូប​នៃ​ជម្លោះ ប៉ុន្តែ​ក្នុង​ពេល​បច្ចុប្បន្ន វា​អាច​ជា​និមិត្តរូប​នៃ​កំណើន​ចីរភាព។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា ពេល​នេះ គេ​កំពុង​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​ពី​ជំហរ​របស់​លោក ក្នុង​ការ​សម្របសម្រួល​បញ្ហា​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការ​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

មុន​ពេល​លោក​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា លោក ចន ឃែរី បាន​ឆៀង​ចូល​ប្រទេស​ឡាវ ដែល​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០១៦។ បន្ទាប់​ពី​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា លោក ចន ឃែរី នឹង​បន្ត​ដំណើរ​ទៅ​ប្រទេស​ចិន ដើម្បី​បញ្ចប់​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី​របស់​លោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

បើខ្ញុំស្ដាប់ពីការវិភាគលើរឿងលោក ឃេរី មកកម្ពុជាគឺមានអ្នកវិភាគ​ទាំង​ជើងចាស់ ជើងក្មេង ជើងថ្មីៗ និយាយខុសគ្នាមួយកំផ្លួស​កំភ្លាយ តែម្ដង ដោយសារអ្នកនេះថាឥចេះ អ្នកនោះថាឥចោះ តែសម្រាប់ខ្ញុំវិញ ខ្ញុំយល់ថា៖
១) លោក ឃេរី មកលាវ និងមកកម្ពុជាគឺសំខាន់បំផុតនោះ អាមេរិកខ្លាចការប្រជុំនៅ សហរដ្ឋអាមេរិក លើរបៀបវារៈ "សមុទ្រខាងត្បូង" ខ្លាចវាបរាជ័យ​ ពីព្រោះថា លាវ មានតួនាទី​ជា ប្រធានប្ដូរវេនអាស៊ាន ចង់មិនចង់ អាមេរិកត្រូវ​តែយកចិត្ត​យកថ្លើម លាវបន្តិចទៅ បើទោះបី លោក ឃេរី សុខចិត្តមកធ្វើ​ទស្សនៈកិច្ចនៅលាវជាមុននោះក្ដី។
២)បើនិយាយពីកម្ពុជាវិញ អ្នកណាក៏ដឹងដែរថា ក្រុម ហ៊ុន សែន ដឹកនាំសព្វថ្ងៃនេះ គឺគ្មានអ្វីដែលហៅថាមានគោលជំហរ​ច្បាស់លាស់​ពី "នយោបាយការបរទេស" នោះទេ គឺថាឲ្យតែមហាអំណាចណា​ហ៊ានឲ្យលុយដល់ គឺក្រុមនេះមិនដែលបានគិតពីកេរ្ត៏ឈ្មោះ​ប្រទេស​កិត្តិយសជាតិ មិនខ្វល់ពីក្ដីអាម៉ាស់អ្វីទាំងអស់ បើទោះបីជា​សុខចិត្តធ្វើកញ្ជះចិន ឬយួនក៏ដោយចុះ???។ ដូច្នេះរឿងនេះ អាមេរិកខ្លាចថា ក្រុម ហ៊ុន សែន ធ្វើព្យុះ ធ្វើភ្លៀង ទៅលើ​រឿងនៃបញ្ហា "សមុទ្រខាងត្បូង" ក្នុងការការពារចិន ក្នុងរឿងនេះឯង។
ចូរបងប្អូនសាកល្បងគិតទៅចុះ ថាតើវាអាចនឹងត្រូវដែរឬទេសម្រាប់រឿង លោក ឃេរី មក លាវ និង កម្ពុជា ហើយបង្ហួសទៅចិននៅថ្ងៃនេះនោះ៕៕៕

Jan 26, 2016 10:31 PM

អ្នក​អាន​អនាមិក

He must have some experience dealing with Cambodia. After he was a senator for many many years.

Jan 26, 2016 11:35 AM

Sok Denise Sosophia

ពី Long Beach, California

លោក ចន ឃែរី ជាអ្នកនយោបាយជាន់ខ្ពស់អាមេរិក ។សូម្បីក្នុងវប្បធម័អាមេរិក គេប្រើពាក្យ Secretary ក៍ដោយ ក៍ Secretary of State នៅអាមេរិកជាឥស្សរជនទី៤ ត្រូវកាន់តំណែងជាស្វ័យប្រវត្តជាប្រធានាធិបតីអាមេរិក ក្នុងករណីយដែលប្រធានាធិបតី អនុប្រធានាធបតី និងប្រធានព្តឺទ្ធសភា មិនអាចកាន់តំណែងនិងចូលកាន់តំណែងជាប្រធានាធិបតីបាននៅពេលជាមួយគ្នា។
អ្នកនយោបាយជាន់ខ្ពស់មាន "ស្បែកក្រាស់ មិនរសើបត្រឹមតែប៉ះបន្លាក្រូច លោតជើងមួយដំប នោះទេ។ លោកចន​ ឃែរី មកបំពេញបេសកកម្ម មិនមែនមកលេងសើចឲ្យកម្ពុជាអង្អែល ឬទះគូធលេងនោះទេ។ លោកចន​ ឃែរីជិះយន្តហោះរដ្ឋ ចាយថវិការដ្ឋ ដែលពលរដ្ឋអាមេរិកបង់ពន្ធតាមមាន តាមក្រ ដើម្បីឲ្យមន្ត្រីធ្វើការបំរើប្រយោជន៍ប្រជារាស្ត្រអាមេរិក។
មោទនភាពលោកហ៊ុន សែន មោទនភាពលោកហោ ណាំហុង និងគណបក្សប្រជាជន ដែលបានទុកដាក់ទស្សនកិច្ច"ផ្លូវការ" របស់លោកចន​ឃែរី ដូចជាការលេងសើចចំអកបែបនេះ មិនមានលក្ខណបំរើផលប្រយោជន៍ពលរដ្ឋកម្ពុជាឡើយ។ មោទនភាពជាង៣៧ ឆ្នាំបានធ្វើឲ្យលោកហ៊ុន សែន លោកហោណាំហុង គណប្រជាជនកម្ពុជាមើលឃើញមេឃត្រឹមតែទំហំមាត់អណ្ដូងប៉ុណ្ណោះ។

Jan 25, 2016 06:46 PM

គេហទំព័រ​ទាំងមូល