មេគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បញ្ជាក់ជំហរថា គណបក្សនេះនឹងនៅតែបន្តសារនយោបាយដ៏សំខាន់ក្នុងចំណោមគោលនយោបាយរបស់គណបក្សនេះ គឺការប្រើពាក្យពេចន៍ជេរប្រមាថ។ ថ្លែងនៅក្នុងខួប ១០ឆ្នាំគណបក្ស លោក ខឹម វាសនា អះអាងថា បើទោះមានការរិះគន់ថា ការប្រើប្រាស់ពាក្យអសុរោះមិនសមរម្យបែបណា ក៏គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នឹងមិនរុញរាក្នុងការប្រើប្រាស់ដែរ។
ផ្ទុយពីការយល់ឃើញរបស់លោក ខឹម វាសនា អ្នកវិភាគនយោបាយចាត់ទុកថា ការជេរប្រមាថវាពុំមែនជាជម្រើស និងជាគំរូល្អឡើយសម្រាប់មេដឹកនាំរដ្ឋ ឬមេដឹកនាំគណបក្សមួយ ដែលចាំបាច់ជ្រើសរើសគោលគំនិតនេះក្នុងកម្មវិធីនយោបាយរបស់ខ្លួន។
ការថ្លែងដូចនេះរបស់លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បន្ទាប់ពីលោក ខឹម វាសនា មេគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ អះអាងជាថ្មីនៅក្នុងខួប ១០ឆ្នាំគណបក្សថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មិនបោះបង់ចោលឡើយការប្រើភាសាជេរប្រមាថជាសាធារណៈនេះ។ លោក មាស នី មើលឃើញថា នេះជារឿងដ៏គ្រោះថ្នាក់សម្រាប់ជាតិ និងជាគំរូមិនល្អទៅវិញទេ ប្រសិនគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ យល់ឃើញថា ពាក្យពេចន៍នៃការជេរប្រមាថ គឺជាអាយុជីវិតស្លាប់រស់របស់បក្សមួយនេះ។
លោកបន្តថា ការប្រើប្រាស់កាយវិការ ឬពាក្យសម្ដី បញ្ជាក់ពីសេចក្ដីថ្លៃថ្នូរ និងក្រមសីលធម៌របស់បុគ្គល។ ម្យ៉ាង ប្រសិនបើមេដឹកនាំមួយព្យាយាមបង្កើតគំនិតដែលមជ្ឈដ្ឋានយល់ឃើញថាជាឧបសគ្គ ឬជាភាសាស្មោកគ្រោកទៅហើយ ប៉ុន្តែនៅតែបន្តអនុវត្តថាជារឿងត្រឹមត្រូវទៀត នោះមានន័យថា អាចនឹងធ្វើឲ្យសង្គមបាត់បង់សេចក្ដីថ្លៃថ្នូរ ពោរពេញដោយហិង្សា និងជាវប្បធម៌ចងអាឃាតគ្នាទៅវិញ។ លោកបន្តថា « ការធ្វើនយោបាយដែលកើតចេញពីកំហឹងផ្ទាល់ខ្លួន ខ្ញុំគិតថាជារឿងគ្រោះថ្នាក់សម្រាប់សង្គមជាតិទៅថ្ងៃមុខ »។

ថ្លែងនៅចំពោះមុខអ្នកគាំទ្រនៅទីស្នាក់ការកណ្ដាល ឋិតនៅខណ្ឌទួលគោក កាលពីព្រឹកថ្ងៃទី២៦ មិថុនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា អះអាងថា ភាសាជេរប្រមាថនេះវាពុំមែនជារឿងអាក្រក់ស្ដាប់ឡើយ។ ផ្ទុយទៅវិញ ភាសានេះគឺជាការដាស់តឿនឲ្យមនុស្សគ្រប់រូបចេះភ្ញាក់រឭកប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត លោក ខឹម វាសនា បង្ហាញមោទនភាពថា ដោយសារគណបក្សចេះប្រើប្រាស់ភាសានេះហើយ បានរហូតមកដល់ពេលនេះមានអ្នកគាំទ្រលើសលប់។ មិនតែប៉ុណ្ណោះ ដើរមិនទាន់ដល់វគ្គបោះឆ្នោតស្រួលបួលនៅឡើយផង គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទទួលបានរង្វាន់លើកទឹកចិត្តពីអ្នកគាំទ្ររួចទៅហើយ គឺរថយន្តទំនើបមួយគ្រឿងប្រភេទម៉ាស្តា (Mazda) សេរីឆ្នាំ២០១៦ ដ៏ថ្មីស្រឡាងនៅពេលនេះ។ លោកបន្តថា « គេសួរថាឡានហ្នឹងបានដោយសារអី ? ឈ្នះពានរង្វាន់ជេរ។ ប្រកាសឲ្យហើយ ២០១៨ ពាក្យមួយទៀតហើយ។ ២០១៨ ចេញរួច។ និយាយគ្នារួចហើយ ពូត្រូវយកមួយទៀតអាថ្លៃជាងហ្នឹងទៀត »។
គិតមកដល់ពេលនេះ ភាសា ឬពាក្យពេចន៍ដែលគេតែងឮជាហូរហែចេញពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនោះ គឺអញ ឯង អាសំគិស ល្ងង់ និងភ្លើឡប់ជាដើម។ ជុំវិញបញ្ហានេះ អ្នកវិភាគយល់ឃើញថា ធ្វើជាមេដឹកនាំ គឺជាគំរូល្អ រាប់ចាប់តាំងពីដំណើរឡើងទៅ មិនថាសូម្បីការប្រើប្រាស់ភាសានិយាយនោះទេ។ នៅក្នុងសង្គមប្រជាធិបតេយ្យ ការជ្រើសរើសមេដឹកនាំមួយ គឺពលរដ្ឋពិនិត្យយ៉ាងល្អិតល្អន់តាំងពីអាកប្បកិរិយា ភាសា ក្រមសីលធម៌ និងរហូតកម្មវិធីនយោបាយ។
បើទោះជាបែបណា មាត្រា៤១ នៃរដ្ឋធម្មនុញ្ញកំណត់ថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិ និងសេរីភាពក្នុងការប្រជុំជាដើម។ បើទោះជាមានការគាំពារដោយច្បាប់កំពូលបែបនេះក៏ដោយចុះ លោក មាស នី យល់ឃើញថា ការប្រើប្រាស់ភាសាអសុរោះដូចនេះ នឹងបង្កើតទៅជាហិង្សាផ្លូវចិត្តដ៏ធ្ងន់ធ្ងរនៅក្នុងសង្គម។ រឹតតែជាបញ្ហានោះ គឺជាទម្រង់មួយដែលឈានទៅរកការបែកបាក់សាមគ្គី និងជាទម្លាប់ដ៏អាក្រក់ថែមទៀត។
ផ្ទុយពីនេះវិញ លោក ខឹម វាសនា និយាយដោយមោទនភាពនៅក្នុងខួបបក្ស ១០ឆ្នាំ នៅទីស្នាក់ការកណ្ដាល ថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ អាចនឹងមានភាសានៃការជេរទំនើបជាងនេះ និងនៅតែបន្តជេរប្រមាថទៀតមិនរាថយឡើយ។ ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ យល់ឃើញថា គេមិនគួរទប់ស្កាត់ការជេរប្រមាថឡើយ ដោយលោក ខឹម វាសនា ប្រៀបធៀបថា ការប្រើប្រាស់ភាសាទាំងនេះគ្រាន់តែជាផលប៉ុណ្ណោះ មិនត្រូវចងកំហឹងបែបនេះឡើយ។ លោកបន្តថា « សម្ព័ន្ធជេរ គឺជាផលណាបងប្អូន មិនមែនជាហេតុទេណា។ អ្នកចង់ដោះស្រាយបញ្ហាទី១ ត្រូវមានសីលធម៌។ កុំមកបង្ក្រាបផល សូមទៅបង្ក្រាបហេតុ »។
សេចក្ដីថ្លែងការណ៍របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ សរសេរថា បក្សនេះគឺជាបក្សប្រឆាំងមួយដ៏ពិតប្រាកដនៅកម្ពុជា ប៉ុន្តែនឹងធ្វើការដោយទន់ភ្លន់ជាមួយរដ្ឋាភិបាល។ ជុំវិញបញ្ហានេះ អ្នកវិភាគនយោបាយមើលឃើញថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នេះអាចនឹងធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយទៀត ដើម្បីទទួលបានជោគជ័យក្នុងការបោះឆ្នោត។
មានហេតុផលមួយចំនួនក្នុងចំណោមហេតុផលដទៃទៀត គឺការបង្កើតវប្បធម៌ជេរប្រមាថ។ ជាញឹកញាប់ គេសង្កេតឃើញគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ តែងរិះគន់ និងវាយប្រហារបក្សប្រឆាំង តែកម្រឃើញរិះគន់រដ្ឋាភិបាល។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បង្កើតឡើងតាំងពីឆ្នាំ២០០៦។ ចាប់តាំងពីបង្កើតប្រមាណ ១០ឆ្នាំមកនេះ មិនដែលជាប់អាសនៈនៅក្នុងសភាទេ តែបានជាប់ជាក្រុមប្រឹក្សាឃុំនៅខេត្តមួយចំនួន ដូចជានៅខេត្តកំពង់ស្ពឺ និងខេត្តសៀមរាប ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។