អាមេរិក​បន្ត​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ប្រព្រឹត្ត​បទល្មើស​មក​ស្រុក​វិញ

ដោយ យាង សុជាមេត្តា
2017.05.19
ខៀវ សុភ័គ ២០១៦ ៦២២ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។
RFA

សហរដ្ឋអាមេរិក បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន ៧​នាក់​បន្ថែម​ទៀត​មក​កាន់​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា។ ពលរដ្ឋ​ខ្មែរ​ចំនួន ៧​នាក់​នេះ គឺ​ឋិត​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ទាំង​អស់ ៣៦​នាក់ ចុង​ក្រោយ​ដែល​កម្ពុជា ព្រម​ទទួល​យក​ពី​សហរដ្ឋអាមេរិក ក្រោម​កិច្ច​ព្រមព្រៀង​ទ្វេភាគី​រវាង​កម្ពុជា-​សហរដ្ឋអាមេរិក ឆ្នាំ​២០០២។

​ក្នុង​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​ស្វែង​រក​ការ​ចរចា​ឡើង​វិញ​ជាមួយ​សហរដ្ឋអាមេរិក ​ដើម្បី​ធ្វើ​វិសោធនកម្ម​កិច្ច​ព្រមព្រៀង​រវាង​កម្ពុជា-​សហរដ្ឋអាមេរិក ឆ្នាំ​២០០២ ក្នុង​ការ​បញ្ជូន​ពលរ​ដ្ឋ​ខ្មែរ​មក​កម្ពុជា ពលរដ្ឋ​ខ្មែរ​ដែល​កម្ពុជា យល់​ព្រម​ទទួល​យក​ចុង​ក្រោយ ៣៦​នាក់ ត្រូវ​បាន​សហរដ្ឋ​អាមេរិក ចាប់​បញ្ជូន​មក​ជា​បន្តបន្ទាប់។

មន្ត្រី​នាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក ជេ រ៉ាម៉េន (Jay Raman) ឲ្យ​អាស៊ីសេរី ដឹង​តាម​សារ​អេឡិចត្រូនិក (Email) នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ថា ពលរដ្ឋ​ខ្មែរ​ចំនួន ៧​នាក់​បន្ថែម​ទៀត ត្រូវ​បាន​សហរដ្ឋអាមេរិក បញ្ជូន​មក​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា អ្នក​ដែល​ទើប​បញ្ជូន​មក​ទាំង ៧​នាក់​នេះ កំពុង​រស់​នៅ​កន្លែង​ណា​នោះ​ឡើយ។

ជុំវិញ​ការ​ជួប​ចរចា​ឡើង​វិញ​រវាង​ភាគី​កម្ពុជា និង​សហរដ្ឋអាមេរិក ដើម្បី​ធ្វើ​វិសោធនកម្ម​កិច្ច​ព្រមព្រៀង​ឆ្នាំ​២០០២ លោក ជេ រ៉ាម៉េន ស្នើ​ឲ្យ​ទៅ​សួរ​ភាគី​កម្ពុជា វិញ។

​ចាប់​តាំង​ពី​កម្ពុជា មាន​កិច្ច​ព្រមព្រៀង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ជាមួយ​សហរដ្ឋអាមេរិក នៅ​ឆ្នាំ​២០០២ មក​មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ ៥៦០​នាក់​ហើយ ដែល​សហរដ្ឋអាមេរិក បញ្ជូន​មក​កម្ពុជា​វិញ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ដើម្បី​សាកសួរ​ពី​ដំណើរ​ការ​ចរចា​នេះ​បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ក៏​មិន​ទាន់​អាច​បញ្ជាក់​ការ​ជួប​ចរចា​ឡើង​វិញ​នេះ​ដែរ។ ទោះ​ជា​យ៉ាង​ណា​លោក ខៀវ សុភ័គ បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​បញ្ជូន​មក​ជា​បន្តបន្ទាប់​នេះ គឺ​ឋិត​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ចំនួន ៣៦​នាក់​ដែល​កម្ពុជា ព្រម​ទទួល​យក​ចុង​ក្រោយ។ ក្រៅ​ពី​នេះ កម្ពុជា​មិន​ទាន់​សម្រេច​ចិត្ត​ថា នឹង​ទទួល​យក ឬ​យ៉ាង​ណា​ទេ ដោយ​រង់ចាំ​មើល​ការ​ចរចា​ឡើង​វិញ​សិន។

លោក ខៀវ សុភ័គ បញ្ជាក់​ថា ការ​ដែល​កម្ពុជា ចង់​ចរចា​ធ្វើ​វិសោធនកម្ម​ឡើង​វិញ​នេះ ដោយសារ​កម្ពុជា មើល​ឃើញ​ថា កិច្ច​ព្រមព្រៀង​ឆ្នាំ​២០០២ មិន​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​អមនុស្សធម៌​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​សហរដ្ឋអាមេរិក ចាប់​បញ្ជូន​មក។ ប៉ុន្តែ​នៅ​ពេល​សួរ​ថា បើ​កម្ពុជា ដឹង​ថា កិច្ច​ព្រមព្រៀង​នេះ​អមនុស្សធម៌ ហេតុ​អ្វី​បាន​ជា​កម្ពុជា ព្រម​ទទួល​យក?

លោក ខៀវ សុភ័គ ឆ្លើយ​តប​ថា ដោយសារ​នៅ​ពេល​នោះ​សហរដ្ឋអាមេរិក បាន​និយាយ​ថា បើ​កម្ពុជា មិន​ព្រម​ទទួល​យក​កិច្ច​ព្រមព្រៀង​នេះ​ទេ សហរដ្ឋអាមេរិក​នឹង​មិន​ផ្តល់​ទិដ្ឋាការ ឬ​វីសា (Visa) ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​សហរដ្ឋអាមេរិក​នោះ​ទេ។ ប៉ុន្តែ​លោក​ថា នៅ​ពេល​អនុវត្ត​ជាក់ស្ដែង​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ដែល​សហរដ្ឋអាមេរិក បញ្ជូន​មក​ជួប​ការ​លំបាក​ច្រើន​ទើប​កម្ពុជា ចង់​សើរើ​កិច្ច​ព្រមព្រៀង​ឡើង​វិញ៖ «កាល​នោះ​បើសិន​យើង​មិន​ទទួល​យក​កិច្ច​ព្រមព្រៀង​នោះ​ទេ អាមេរិកាំង​មិន​ឲ្យ​ទិដ្ឋាការ​ខ្មែរ​ទៅ​អាមេរិក​ទេ ដូច្នេះ​យើង​ត្រូវ​បង្ខំ​ចិត្ត​គេ​មាន​ដាក់​សម្ពាធ​មក​យើង។ កាល​នោះ​បើ​យើង​មិន​ទទួល​យក​កិច្ច​ព្រមព្រៀង​ហ្នឹង វា​បាត់​ផលប្រយោជន៍​ដល់​ជនជាតិ​យើង​ទូទៅ ក្នុង​នោះ​មាន​ការ​ផ្ដល់​ទិដ្ឋាការ​ទៅ​អាមេរិក​ផង តើ​យើង​យក​មួយណា?»

លោក ខៀវ សុភ័គ អះអាង​ថា នៅ​ពេល​មាន​ការ​ចរចា​ឡើង​វិញ កម្ពុជា​ចង់​បាន​ការ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​មក​វិញ​ដោយ​ផ្អែក​លើ​គោលការណ៍​ស្ម័គ្រចិត្ត មិន​មែន​ជា​ចាប់​បង្ខំ​ដូច​ពេល​បច្ចុប្បន្ន​ឡើយ។

ចំពោះ​ការ​លើក​ឡើង​របស់​លោក ខៀវ សុភ័គ ដែល​ថា សហរដ្ឋអាមេរិក​ដាក់​គំនាប​លើ​កម្ពុជា ទទួល​យក​កិច្ច​ព្រមព្រៀង​ឆ្នាំ​២០០២ មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក ជេ រ៉ាម៉េន ឆ្លើយ​តប​ថា ការ​ទទួល​យក​ការ​បញ្ជូន​ពលរដ្ឋ​ខ្លួន​វិញ​គឺ​ជា​ផ្នែក​មួយ​នៃ​ច្បាប់​អន្តរជាតិ។ លោក ជេ រ៉ាម៉េន បញ្ជាក់​ថា ក្រៅ​ពី​កម្ពុជា សហរដ្ឋអាមេរិក​ក៏​បាន​ចុះ​កិច្ច​ព្រមព្រៀង​ដូច​គ្នា​នេះ​ជាមួយ​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​ដែរ។

កន្លង​ទៅ​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា លុប​ចោល​កិច្ច​ព្រមព្រៀង​នេះ​ជាមួយ​សហរដ្ឋអាមេរិក ព្រោះ​ពួកគេ​យល់​ឃើញ​ថា វា​ជា​កិច្ចព្រមព្រៀង​អមនុស្សធម៌។ ចំណែក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ បាន​ស្នើ​សុំ​សហរដ្ឋអាមេរិក ធ្វើ​វិសោធនកម្ម​លើ​កិច្ច​ព្រមព្រៀង​នេះ ព្រោះ​លោក ហ៊ុន សែន ចាត់​ទុក​ថា ទង្វើ​នេះ គឺ "អគុណធម៌" និង "អសីលធម៌" ដែល​បាន​បំបែក​ក្រុម​គ្រួសារ​ខ្មែរ​ទាំង​នោះ។

ការ​ស្នើ​សុំ​របស់​លោក ហ៊ុន សែន នេះ ត្រូវ​បាន​ប្រធាន​ប្រចាំ​តំបន់​អាស៊ី​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brads Adam) គាំទ្រ។ ទោះ​ជា​យ៉ាង​ណា លោក​ថា នេះ​ជា​កំហុស​របស់​លោក ហ៊ុន សែន តាំង​ពី​ដើម​មក។ ក្នុង​ពេល​ជាមួយ​គ្នា លោក ប៊្រែដ អាដាម ថា សហរដ្ឋអាមេរិក​មិន​គួរ​ដាក់​សម្ពាធ​កម្ពុជា ទទួល​​កិច្ច​ព្រមព្រៀង​នេះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។