តើ​សុភាសិត "ដំរី​ជល់​គ្នា​ងាប់​ស្រមោច​សង្អារ" មាន​អត្ថន័យ​ដូចម្ដេច?

ចាស់​ទុំ​ខ្មែរ​មួយ​ចំនួន​បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​មេ​ដឹកនាំ​គណបក្ស​នយោបាយ​ទាំងអស់ ឲ្យ​នាំ​គ្នា​រំឭក​អំពី​សុភាសិត​បុរាណ​មួយ​ស្ដីពី "ដំរី​ជល់​គ្នា ងាប់​ស្រមោច​សង្អារ"។ ការ​ទទូច​ចង់​ឲ្យ​មាន​ការ​ស្វែង​យល់​ពី​សុភាសិត​បុរាណ​នេះ ពីព្រោះ​គេ​បាន​ឃើញ​ថា មេ​ដឹកនាំ​ទាំងអស់​នោះ កំពុង​តែ​ជំរុញ​ស្ថានភាព​នយោបាយ​របស់​ខ្លួន​ឲ្យ​ធ្លាក់​ចុះ​ទៅ​រក​ការ​បែក​បាក់​គ្នា ដែល​ជា​ហេតុ​នាំ​ឲ្យ​ប្រជាជាតិ​មាតុភូមិ នឹង​ជួប​វិបត្តិ​ទៅ​ថ្ងៃ​មុខ។
ដោយ កែវពេជ្រ មេត្តា
2013-07-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

តើ​សុភាសិត​បុរាណ "ដំរី​ជល់​គ្នា ងាប់​ស្រមោច​សង្អារ" មាន​អត្ថន័យ​យ៉ាង​ណា​ខ្លះ?

ចាស់​ទុំ​ខ្មែរ​នា​សម័យ​បុរាណ​បាន​សរសេរ​ចងក្រង​សុភាសិត​ជាច្រើន ដើម្បី​ទុក​ជា​ក្បួន​ច្បាប់​សម្រាប់​អប់រំ​ទូន្មាន​ដល់​កូន​ចៅ​គ្រប់​ជំនាន់ ឲ្យ​ចេះ​ពី​របៀប​រស់នៅ​ប្រកប​ដោយ​សេចក្តី​សុខ ហើយ​និង​ចេះ​ពី​របៀប​កសាង​ប្រទេស​ជាតិ​ឆ្ពោះ​ទៅ​រក​ភាព​សម្បូរ​សប្បាយ។

ប្រការ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ទៀត​នោះ គឺ​នូវ​រាល់​សុភាសិត​ទាំងអស់ ជា​ទូទៅ​គេ​ឃើញ​ច្រើន​សរសេរ​ជា​ពាក្យ​អត្ថបដិរូប ឬ​ជា​ន័យ​ប្រៀបធៀប​ន័យ​ប្រដូច ដោយ​ក្នុង​បំណង​ចង់​ឲ្យ​អ្នក​អាន​រៀន​ប្រើ​បញ្ញា​ត្រិះរិះ​ពិចារណា​ទៅ​លើ​ខ្លឹមសារ​នៅ​ក្នុង​សុភាសិត​និមួយៗ។ តួយ៉ាង​ដូចជា សុភាសិត​មួយ​បាន​សរសេរ​ថា "ដំរី​ជល់​គ្នា ងាប់​ស្រមោច​សង្អារ"។

ចំពោះ​សុភាសិត​នេះ គឺ​បុព្វបុរស​លោក​ចង់​បង្ហាញ​អំពី​ការ​អប់រំ​ទូន្មាន​មួយ ដែល​សំដៅ​ទៅ​លើ​អ្នក​ដឹកនាំ​ប្រទេស ឬ​សង្គម​ជាតិ​មួយៗ ពោល​គឺ​លោក​ប្រៀបធៀប​អ្នក​ដឹកនាំ​ដូច​ជា​សត្វ​ដំរី ដែល​មាន​កម្លាំង​ខ្លាំងក្លា និង​មាន​អំណាច​គ្រប​សង្កត់​ទៅ​លើ​សត្វ​តូចតាច ដែល​មាន​កម្លាំង​ខ្សោយ​ជាង​ខ្លួន។ រីឯ​ចំពោះ​សត្វ​តូចតាច​នោះ គឺ​លោក​សំដៅ​ដល់​ប្រជារាស្ត្រ ឬ​ប្រជាជន​សាមញ្ញ​នោះ​ឯង។

លោក​ព្រឹទ្ធាចារ្យ មាស លី នៅ​ខេត្ត​កំពង់ចាម បាន​បញ្ជាក់​អំពី​អត្ថន័យ និង​សារៈសំខាន់​របស់​សុភាសិត​នេះ​ថា គឺ​ជា​សុភាសិត​ចង់​អប់រំ​មនុស្ស​ដែល​មាន​ឋានៈ​ខ្ពង់ខ្ពស់​នៅ​ក្នុង​សង្គម​ជាតិ​មួយៗ ដូចជា​សង្គម​ជាតិ​ខ្មែរ​សម័យ​បច្ចុប្បន្ន ដែល​មាន​មេ​បក្ស​ច្រើន​ជាដើម។

លោក​ព្រឹទ្ធាចារ្យ​ដដែល​បាន​បន្ត​ថា មេ​បក្ស​ទាំង​ឡាយ​នោះ គឺ​ប្រៀប​ដូច​ជា​កម្លាំង​ដំរី​ដែល​មាន​អំណាច​ដឹកនាំ​ទៅ​លើ​ប្រជារាស្ត្រ​តូចតាច ឬ​កូន​បក្ស​របស់​ខ្លួន។ ដូច្នេះ ប្រសិន​បើ​មេ​បក្ស​ដំរី​ទាំងអស់​ដែល​រស់នៅ​ក្នុង​សង្គម​ជាតិ​តែ​មួយ​មិន​មាន​ចិត្ត​ឯកភាព​គ្នា​ទេ ហើយ​ឈាន​ទៅ​រក​ការ​ប្រយុទ្ធ​ច្បាំង​គ្នា ដើម្បី​អំណាច​ទៀត​នោះ គឺ​ភាព​វឹកវរ​ក៏​នឹង​កើត​មាន​ដល់​ប្រជារាស្ត្រ ឬ​ដែល​គេ​ប្រៀប​ទៅ​នឹង​សត្វ​តូចតាច​ស្រមោច​សង្អារ។

លោក​ព្រឹទ្ធាចារ្យ មាស លី៖ «វា​ប៉ះ​គ្នា​ដូច​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ឬ​អ្នក​ធំ​មួយ​ទៅ​អ្នក​ធំ​មួយ ដោយ​អំពើ​នៃ​ទោសៈ គឺ​ហិង្សា​ដែល​មនុស្ស​ទាំងអស់​ហ្នឹង​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​នៃ​ធម្មជាតិ។ ការ​ប្រកាន់​មាំ​អញ​ជា​ធំ​ដោយ​ខ្លួន​អាច​ធ្វើ​អ្វី​មួយ​ដោយ​ឯក​ចិត្ត ឈ្លោះ​ដណ្ដើម​នូវ​អំណាច​គ្នា​ទៅ​វិញ​ទៅ​មក ដល់​រួច​ទៅ​ស្លាប់​អ្នក​ស្រុក ប្រជាពលរដ្ឋ​តូចតាច​នៅ​ខាង​ក្រោម​អំណាច​របស់​ខ្លួន​ហ្នឹង ព្រោះ​ភាវៈ​ជា​ធំ​ក្នុង​សង្គម​និមួយៗ។ នេះ​ជា​ប្រភព​នៃ​ពាក្យ​ថា "ដំរី​ជល់​គ្នា ងាប់​ស្រមោច​សង្អារ"»។

អ្នក​សិក្សា​ស្រាវជ្រាវ​អក្សរ​សិល្ប៍​ខ្មែរ​មួយ​ចំនួន​បាន​បញ្ជាក់​ប្រាប់​ដែរ​ថា សុភាសិត​ដែល​ស្ដីពី "ដំរី​ជល់​គ្នា ងាប់​ស្រមោច​សង្អារ" បើ​គេ​យក​មក​ពិចារណា​ឲ្យ​បាន​ដិត​ដល់ គឺ​មាន​ប្រយោជន៍​បំផុត​សម្រាប់​សង្គម​ជាតិ​ខ្មែរ ទាំង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត ពីព្រោះ​បើ​ដំរី ឬ​អ្នក​ធំ​មាន​អំណាច​ខ្លាំង ហើយ​ឈ្លោះ​គ្នា ពេល​នោះ​អ្នក​ដែល​វេទនា​លំបាក គឺ​ប្រជារាស្ត្រ។

អ្នក​សិក្សា​ដដែល​បាន​បន្ត​ថា សុភាសិត​នោះ​ទុក​ដូចជា​ត្រី​វិស័យ​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​បង្ហាញ​ផ្លូវ និង​ដាស់​ស្មារតី​ដល់​អ្នក​ដែល​មាន​អំណាច​ខ្ពង់ខ្ពស់ ឬ​មេ​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់ ឲ្យ​ប្រើ​វិធី​ដោះស្រាយ​បញ្ហា ដោយ​ប្រកាន់​យក​គុណធម៌ ឬ​សីលធម៌​ជា​ធំ ដូចជា​ធម៌​សន្ដោស អត់​ឱន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក និង​រួបរួម​សាមគ្គី​គ្នា​ជាដើម។

សុភាសិត​បុរាណ​ខ្មែរ "ដំរី​ជល់​គ្នា ងាប់​ស្រមោច​សង្អារ" ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​អ្នក​ជំនាន់​ក្រោយ​ផង​ដែរ ដោយ​គេ​បាន​លើក​ឡើង​ថា សុភាសិត​នោះ​គឺ​ជា​ច្បាប់​សីលធម៌​មួយ​សម្រាប់​អប់រំ​ដល់​សង្គម​ថ្នាក់​ដឹកនាំ​ទាំងអស់​ដែល​រួម​មាន​ដូចជា ថ្នាក់​ដឹកនាំ​គណបក្ស ពិសេស​គឺ​ថ្នាក់​ដឹកនាំ​កំពូល​ប្រទេស​ជាតិ​ជាដើម។

ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ ស្រី ម៉ៅ នៅ​ខេត្ត​កណ្ដាល បាន​មាន​ប្រសាសន៍​ថា ថ្នាក់​ដឹកនាំ​ប្រទេស ឬ​មួយ​ថ្នាក់​ដឹកនាំ​គណបក្ស​និមួយៗ គួរ​យក​សុភាសិត​របស់​ដូនតា​មក​ពិចារណា ដើម្បី​បញ្ចៀស​នូវ​រាល់​ក្ដី​មហន្តរាយ​ណា​មួយ​ដល់​ប្រជារាស្ត្រ និង​ប្រទេស​ជាតិ​មាតុភូមិ​របស់​ខ្លួន៖ «បើ​មេ​ដឹកនាំ​ឈ្លោះ​គ្នា ច្បាំង​គ្នា អ្នក​មេ​ដឹកនាំ​ហ្នឹង​គាត់​ក៏​ខាត​បង់​ដែរ។ ប៉ុន្តែ អ្នក​ដែល​រង​ទុក្ខ ហើយ​ស្លាប់​មុន​គេ​ហ្នឹង វេទនា​ជាង​គេ​ហ្នឹង គឺ​ប្រជាជន​ហ្នឹង​ហើយ គឺ​ដូច​របប​ខ្មែរ​ក្រហម មាន​អ្នក​ណា​ជា​អ្នក​ឈ្លោះ​គ្នា គឺ​មេ​ដឹកនាំ​ហ្នឹង​ហើយ​នៅ​ប្រទេស​កម្ពុជា ដល់​អ្នក​រង​ទុក្ខ​វេទនា​ស្លាប់​ច្រើន​ជាង​គេ គឺ​ប្រជាជន​ហ្នឹង​ហើយ​ដែល​ស្លាប់។ ដល់​ពេល​រហូត​មក​ថ្ងៃ​៥ ថ្ងៃ​៦ កក្កដា ហ្នឹង ខ្ញុំ​ឃើញ​អ៊ីចឹង​ទៀត គឺ​គណបក្ស​ប្រជាជន និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឈ្លោះ​គ្នា​ដណ្ដើម​អំណាច​គ្នា តែ​ដល់​អ្នក​ស្លាប់​មុន​គេ​នោះ គឺ​ប្រជាជន និង​ទាហាន ហ្នឹង​ហើយ​ស្លាប់​មុន​គេ ព្រោះ​មេ​ដឹកនាំ​គេ​ប្រឆាំង​គ្នា គេ​មិន​ដែល​មាន​ផ្លូវ​តែ​មួយ​ច្រក​ទេ គេ​មាន​វិធីសាស្ត្រ​ក្នុង​ការ​គេច​រត់​ពួន​ណា»

លោក​ព្រឹទ្ធាចារ្យ មាស លី នៅ​ខេត្ត​កំពង់ចាម បាន​មាន​ប្រសាសន៍​ដែរ​ថា ដូនតា​ខ្មែរ​ក្នុង​សម័យ​បុរាណ លោក​បាន​ចងក្រង​សុភាសិត "ដំរី​ជល់​គ្នា ងាប់​ស្រមោច​សង្អារ" គឺ​ជា​ន័យ​បង្កប់​យ៉ាង​ធំធេង​ដែល​ទាក់ទង​នឹង​អាយុ​ជីវិត​ប្រជាជន និង​ប្រទេស​ជាតិ។

លោក​បាន​បន្ត​ថា បុរាណាចារ្យ​លោក​ចង់​អប់រំ​ដល់​កូន​ចៅ​ថ្នាក់​ដឹកនាំ​ឲ្យ​ចេះ​សម្លឹង​មើល​ឲ្យ​ឆ្ងាយ ហើយ​ចេះ​រក​វិធី​ដោះស្រាយ​តាម​សន្តិវិធី​ជូន​ប្រជាជន ឬ​មាតុ​ប្រទេស​របស់​ខ្លួន។ លោក​បាន​បន្ត​ថា ដើម្បី​ឲ្យ​ប្រទេស​ជាតិ​បាន​រីក​ចម្រើន ថ្នាក់​ដឹកនាំ​ម្នាក់ៗ ដូចជា​មេ​ដឹកនាំ​គណបក្ស​និមួយៗ​សព្វថ្ងៃ​នេះ គួរ​យក​ទ្រឹស្ដី​សុភាសិត​ដូនតា​មក​អនុវត្ត​ផង ហើយ​និង​ទ្រឹស្ដី​ព្រះពុទ្ធ​សាសនា​មក​ប្រព្រឹត្ត​តាម​ផង ពីព្រោះ​គោលការណ៍​ធម៌​ទាំង​ប៉ុន្មាន​នោះ គឺ​សុទ្ធ​តែ​ជួយ​តម្រង់​ផ្លូវ​ឆ្ពោះ​ទៅ​រក​សេចក្តី​សុខ​ចម្រើន។

លោក​ព្រឹទ្ធាចារ្យ មាស លី៖ «ដូនតា​យើង​មុន​នឹង​ធ្វើ​អ្វី លោក​មើល​ចក្ខុវិស័យ​របស់​លោក មើល​ឆ្ងាយ​ណាស់ ឃើញ​ប្រភព​វិនាស និង​ចម្រើន ហើយ​កាល​ណា​ប្រភព​វិនាស និង​ចម្រើន លោក​តែង​តែ​ទូន្មាន ឬ​ក៏​ព្រមាន​ដល់​អ្នក​ដែល​កាន់​អំណាច ឬ​អ្នក​ជា​ធំ ចូរ​អ្នក​ប្រាសចាក​នូវ​ក្តី​ប្រមាថ ហើយ​ដាក់​ខ្លួន​ជា​ស្មើ​ស្រឡាញ់​ជាតិ ស្រឡាញ់​រាស្ត្រ​ប្រកប​ដោយ​ទសពិធរាជធម៌ ជា​អ្នក​ដឹកនាំ ធ្វើ​យុទ្ធសាស្ត្រ​ប្រព្រឹត្ត​ទៅ​ដើម្បី​ជាតិ​សាសន៍​បាន​សុខ»

អ្នក​សិក្សា​ស្រាវជ្រាវ​អក្សរ​សិល្ប៍​ខ្មែរ និង​អ្នក​ចាស់​ទុំ បាន​បញ្ជាក់​ដែរ​ថា ជនជាតិ​ខ្មែរ​ដែល​មាន​ឋានៈ​ជា​មេ​ដឹកនាំ​មួយ​ចំនួន ដោយសារ​តែ​គេ​មើល​រំលង ឬ​បំភ្លេច​សុភាសិត​បុរាណ​ដែល​ស្ដី​អំពី "ដំរី​ជល់​គ្នា ងាប់​ស្រមោច​សង្អារ" នោះ​ហើយ​ទើប​គេ​ឃើញ​ប៉ុន្មាន​ជំនាន់​មក​នេះ ដូចជា​មេ​ដឹកនាំ​ក្នុង​របប​ខ្មែរ​ក្រហម​ជាដើម បាន​ជំរុញ​ឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ដល់​នូវ​ក្តី​វិនាស​អន្តរាយ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​តូចតាច​ដែល​ដូនតា​លោក​ប្រៀប​ដូច​ស្រមោច​នោះ បាន​បាត់​បង់​អាយុ​ជីវិត​អស់​ជាច្រើន​លាន​នាក់។

ដោយ​មាន​ការ​បារម្ភ​ខ្លាច​ប្រទេស​ជាតិ និង​ប្រជារាស្ត្រ​ជួប​គ្រោះថ្នាក់ ទាំង​អ្នក​ចាស់​ទុំ អ្នក​សិក្សា​ស្រាវជ្រាវ​អក្សរ​សិល្ប៍​ខ្មែរ បាន​អំពាវនាវ​ដល់​មេ​ដឹកនាំ​គ្រប់​គណបក្ស​ទាំងអស់ ឲ្យ​នាំគ្នា​រំឭក និង​ពិចារណា​អំពី​សុភាសិត​បុរាណ​នោះ​ឡើង​វិញ ជា​ពិសេស សុភាសិត "ដំរី​ជល់​គ្នា ងាប់​ស្រមោច​សង្អារ" ជា​ដើម​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

This Cambodian proverb is very useful for the situation in Cambodia today. It means that all parties should work, rebuild the country peacefully together and find the best solutions and avoid engaging the fight to each other. The supporters are like the ants and the elephants are like the leaders of the parties. If somethings bad would happen, do not blame just for the leaders alone, we should blame ourselves too. Because the actions that we do together are our responsibilities, accountabilities, including leaders and supporters. Please be honest, fair to yourself and to others, think about daily life experiences, listen to the news, friends and finally make your own judgement for vote conscientiously.

Jul 13, 2013 09:10 AM

លាន

ពី ភ្នំពេញ

សុភាសិតខាងលើមិនត្រូវ​លើកយកមកធ្វើឧទាហរណ៏នៅពេលនេះទេ

Jul 13, 2013 08:35 AM