លោក ខឹម វាសនា ថា​បក្ស​ប្រឆាំង​ព្យាយាម​ធ្វើ​ឲ្យ​ចលនា​បដិវត្ត​សម្ព័ន្ធ​ប្រជាធិបតេយ្យ​បាត់​ឈ្មោះ

0:00 / 0:00

ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ចាត់​ទុក​អ្នក​នយោបាយ​បក្ស​ប្រឆាំង អ្នក​សារព័ត៌មាន និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ខ្លះ ថា​គឺ​ជា​ក្រុម​ដែល​តែង​ព្យាយាម​បំផ្លាញ​ចលនា​បដិវត្ត​របស់​ខ្លួន។ លោក ខឹម វាសនា នៅ​តែ​អះអាង​ថា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នៅ​តែ​ដើរ​ទៅ​មុខ ហើយ​រឹត​តែ​ខ្លាំង​ជាង​មុន​ថែម​ទៀត​ផង។ អ្នក​វិភាគ​នយោបាយ យល់​ឃើញ​ថា ប្រជាពលរដ្ឋ​តែង​ជា​ជន​រងគ្រោះ​របស់​អ្នក​នយោបាយ​ជានិច្ច។

លោក ខឹម វាសនា ត្រូវ​បាន​សមាជិក​បក្ស​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត ឲ្យ​ក្លាយ​ជា​ប្រធាន​គណបក្ស​ជា​លើក​ទី​២ សម្រាប់​អាណត្តិ​ថ្មី​ទៀត ខណៈ​គណបក្ស​នេះ​ត្រូវ​បាន លោក ខឹម វាសនា ចាត់​ទុក​ថា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ត្រូវ​រង​ការ​គំរាម​សម្រាប់​ជីវិត​នយោបាយ​ជា​បន្តបន្ទាប់​ពី​បណ្ដា​ភាគី​មួយ​ចំនួន ដូចជា​បក្ស​នយោបាយ អ្នក​សារព័ត៌មាន និង​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ខ្លះ​ផង។

ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ប្រមាណ ៥​ពាន់​នាក់​នៅ​កោះ​ពេជ្រ លោក ខឹម វាសនា ឲ្យ​ដឹង​ថា មាន​ស្ថាប័ន​មួយ​ចំនួន​ដែល​មាន​ចិត្ត​មិន​ស្មោះ​ត្រង់ តែង​ព្យាយាម​ចង់​បំផ្លាញ​ចលនា​នៃ​បដិវត្ត​របស់​ក្រុម​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ឲ្យ​រលាយ។ សារ​នយោបាយ​របស់ លោក ខឹម វាសនា ដែល​ពុំ​សូវ​បង្ហាញ​ពី​កម្មវិធី​នយោបាយ ផ្ទុយ​ពី​នេះ​គេ​សង្កេត​ឃើញ​ថា សារ​ដែល​បាន​ដាក់​ចេញ​សម្រាប់​សមាជ​លើក​ទី​ពីរ​នេះ ហាក់​បង្កប់​ន័យ​តាម​បែប​សាសនា ឬ​បែប​មនោគមវិជ្ជា​ច្រើន​ជាង​វិញ​នោះ លោក ខឹម វាសនា អះអាង​ថា បដិវត្ត​នៃ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នៅ​តែ​ខ្លាំង បើ​ទោះ​ជា​រង​ការ​គំរាម​កំហែង​ដូច​នេះ​ក្ដី។ លោក​បន្ត​ថា « ការ​លាប​ពណ៌​ដើម្បី​កម្ទេច​ចលនា​បដិវត្ត​របស់​ពួក​យើង។ ការ​ប្រមូល​កម្លាំង​នៃ​ពួក​សាសនា​ដើម្បី​កម្ចាត់​ពួក​យើង។ ការ​ចូល​ដៃ​គ្នា​នៃ​ការ​សង្គម​ខ្លះ អ្នក​សារព័ត៌មាន​ខ្លះ​ជាមួយ​នឹង​ក្រុម​ដែល​មាន​ឈ្មោះ​ថា គឺ​ក្រុម​ប្រឆាំង​ធំ​ជាង​គេ ក្នុង​ប្រទេស​កម្ពុជា យើង ដើម្បី​បន្ទច់បង្អាក់ និង​បំផ្លាញ​ចលនា​របស់​យើង »

យ៉ាង​នេះ​ក្ដី លោក ខឹម វាសនា ពុំ​បាន​បញ្ជាក់​ឲ្យ​បាន​លម្អិត​ថា ចលនា​នៃ​បដិវត្ត​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គឺ​ផ្ដោត​ទៅ​លើ​អ្វី​ឲ្យ​ប្រាកដ​ទេ។ ចំណែក​មន្ត្រី​មួយ​ចំនួន​របស់​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ បញ្ជាក់​ថា ពុំ​អនុញ្ញាត​ឲ្យ​សួរ​នាំ​អ្វី​ឡើយ ដោយ​អះអាង​ថា ត្រូវ​រង់ចាំ​ក្រោយ​បញ្ចប់​សមាជ​រួច។

នៅ​នាទី​ចុង​ក្រោយ​នៃ​សមាជ​នោះ បើ​ទោះ​បី​ជា លោក ខឹម វាសនា ពុំ​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​អ្វី ក៏​សារ​នយោបាយ​របស់​លោក​បាន​អន្ទង​ចិត្ត​អ្នក​ចូលរួម ដែល​ភាគ​ច្រើន​លើសលប់​ជា​យុវជន សម្រក់​ទឹក​ភ្នែក​ទាំង​មិន​ដឹង​ខ្លួន​ដែរ។ រហូត​មាន​អ្នក​ខ្លះ​ក្រោយ​បញ្ចប់​សន្ទរកថា រត់​ឱប លោក ខឹម វាសនា យំ​សោក​ក៏​មាន​ដែរ។

នេះ​ជា​ការ​រឹត​បន្តឹង​សន្តិសុខ​ទី​ពីរ​ហើយ មិន​ចាញ់​រដ្ឋាភិបាល​ប៉ុន្មាន​ឡើយ។ ថ្វី​បើ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នេះ ពុំ​មែន​ជា​បក្ស​គ្រប់គ្រង​អំណាច ប៉ុន្តែ​ប្រព័ន្ធ​នៃ​ការ​គ្រប់គ្រង​សន្តិសុខ ដូចជា​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ដែល​មាន​ប្រភេទ​ម៉ាស៊ីន​ស្កេន និង​ការពារ​សុវត្ថិភាព គឺ​មាន​លក្ខណៈ​ទំនើប​ដូច​រដ្ឋាភិបាល​តែង​អនុវត្ត​យ៉ាង​ដូច្នោះ​ដែរ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​គណបក្ស​ប្រឆាំង​បាន​ទេ នៅ​ថ្ងៃ​ទី​៣ ខែ​មេសា។

អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ការ​រិះគន់​ភាគ​ច្រើន គឺ​ចង់​បាន​ចំណេញ​ផល​ប្រយោជន៍​រៀងៗ​ខ្លួន។ លើស​ពី​នេះ​ទៀត បើ​ទោះ​បី​ជា​ដឹង​ថា ការ​រិះគន់​នោះ​នាំ​ឲ្យ​ខាត​ប្រយោជន៍​សាធារណៈ តែ​បើ​ដឹង​ថា វា​នាំ​ឲ្យ​ចំណេញ​ដល់​បក្ស គឺ​ជា​ញឹកញាប់ អ្នក​នយោបាយ​ពុំ​សូវ​ខ្វល់​ឡើយ។

បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ លោក រស់ រ៉ាវុធ យល់​ឃើញ​ថា ជា​ញឹកញាប់ ពលរដ្ឋ​តែង​ក្លាយ​ជា​ជន​រងគ្រោះ​ពី​ការ​ប្រកួត​ប្រជែង​ផ្នែក​នយោបាយ​នេះ​ទៅ​វិញ។ ម្យ៉ាង​ទៀត អ្នក​នយោបាយ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ តែង​ប្រើប្រាស់​ពលរដ្ឋ​ជា​ឧបករណ៍​សម្រាប់​នយោបាយ​ជានិច្ច។ ក្រៅ​ពី​នេះ លោក រស់ រ៉ាវុធ ឲ្យ​ដឹង​ថា ទាំង​អ្នក​សារព័ត៌មាន និង​ក្រុម​សង្គម​ស៊ីវិល តែង​ធ្វើ​កិច្ចការ​រាល់​ភាព​ចន្លោះ​របស់​អ្នក​នយោបាយ ហើយ​ពុំ​មាន​ឥទ្ធិពល​ណា​មួយ​ដែល​រុញ​ច្រាន​បក្ស​នយោបាយ ឲ្យ​ធ្លាក់​ទឹក​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​កាសែត​ក៏​ជា​ផ្នែក​មួយ ដែល​អាច​ធ្វើ​ឲ្យ​សង្គម​មាន​ការ​ផ្លាស់ប្ដូរ​បាន​ដែរ ប៉ុន្តែ​ពុំ​មែន​ជា​ការ​ប្រកួត​ប្រជែង​ដើម្បី​ឥទ្ធិពល​សម្រាប់​វិស័យ​សារព័ត៌មាន​ឡើយ។ លោក​បន្ត​ថា « ច្រើន​តែ​ចង់​បាន​កេង​ចំណេញ​នូវ​ប្រជាប្រិយភាព​របស់​ខ្លួន ជាពិសេស​កេង​ចំណេញ​ទៅ​លើ​របស់​គណបក្ស​នីមួយៗ​ហ្នឹង គឺ​គ្មាន​អ្វី​ក្រៅ​ពី​វាយ​ប្រហារ​គ្នា​រវាង​អ្នក​នយោបាយ និង​អ្នក​នយោបាយ »

ក្នុង​ពេល​ថ្លែង​សារ​នយោបាយ លោក ខឹម វាសនា ហាក់​បាន​បង្ហាញ​ពី​ភាព​មិន​មាន​អំនួត​របស់​ខ្លួន ហើយ​សារ​នយោបាយ​របស់​លោក​ស្ទើរ​គ្រប់​ម៉ាត់ គឺ​និយាយ​ពី​មហា​គ្រួសារ និង​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន ត្រូវ​ជ្រោង​ទង់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ឲ្យ​ងើប​ឡើង​ជានិច្ច។ ជាង​នេះ​ទៀត លោក ខឹម វាសនា ជំរុញ​ឲ្យ​អ្នក​គាំទ្រ​របស់​លោក បន្ត​បេសកកម្ម​នៃ​ចលនា​បដិវត្ត​នេះ​បន្ត នៅ​ពេល​ពុំ​មាន​វត្តមាន​លោក​ត​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។