ក្រសួង​ព្រម​ស្រាវជ្រាវ​ករណី​ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្ដល់​​អត្តសញ្ញាណប័ណ្ណ​តាម​សំណើ​គ.ជ.ប

ដោយ ប្រាជ្ញ ចេវ
2017.01.21
​អត្តសញ្ញាណប័ណ្ណ កំពង់ចាម ៨៥៥ ២០១៦ ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​នៅ​ឃុំ​រកាអារ ស្រុក​កងមាស ខេត្ត​កំពង់ចាម កាល​ពី​ខែ​សីហា ២០១៥។
RFA/Saut Sokprathna

ក្រសួង​មហាផ្ទៃ យល់​ព្រម​ចុះ​សិក្សា​ដល់​ទីតាំង​ផ្ទាល់​ដើម្បី​ស្រាវជ្រាវ​ករណី​ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ តប​តាម​សំណើ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប)។ ចំណែក​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាដើម​បណ្ដឹង​ទាមទារ​ឲ្យ​មាន​ការ​សើរើ​នៃ​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ ស្វាគមន៍​ចំពោះ​ចំណាត់​ការ​នេះ ប៉ុន្តែ​ទាមទារ​ឲ្យ​ក្រសួង​មហាផ្ទៃ ត្រូវ​ចុះ​ពិនិត្យ​ស្រាវជ្រាវ​គ្រប់​ករណី​ដល់​ទី​តាំង​ពិត។

ក្នុង​ចំណោម​បញ្ជី​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដំបូង​ចំនួន ១៧៩ ដែល​ដើម​បណ្ដឹង​ប្ដឹង​មក គ.ជ.ប ចោទ​ប្រកាន់​អ្នក​ទាំង​នោះ​ជា​ជនបរទេស ឬ​ជា​ជនជាតិ​វៀតណាម ដែល​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ មិន​ត្រឹមត្រូវ​តាម​ច្បាប់ រហូត​អាច​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន។ ជា​លទ្ធផល ក្រសួង​មហាផ្ទៃ សម្រេច​ស្រាវជ្រាវ​ទៅ​ដល់​មូលដ្ឋាន​លើ​អត្តសញ្ញាណប័ណ្ណ​ចំនួន ២៧។

​ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​កិច្ចការ​បោះឆ្នោត អ្នកស្រី ម៉េង សុធារី ដែល​អ្នកស្រី​ជា​តំណាង​ឲ្យ​ដើម​បណ្ដឹង​មួយ​ចំនួន​ក្នុង​សំណុំរឿង​ប្ដឹង​ទៅ គ.ជ.ប យល់​ថា ការ​ឆ្លើយ​តប​របស់​ក្រសួង​មហាផ្ទៃ បែប​នេះ មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ ដោយ​អ្នកស្រី​ទាមទារ​ស៊ើប​អង្កេត​ឈ្មោះ​ចំនួន ១៧៩ ដល់​ទី​កន្លែង​ទាំង​អស់។ ជាង​នេះ​ទៅ​ទៀត អ្នកស្រី​ទាមទារ​ក្រសួង​មហាផ្ទៃ មាន​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​ផ្ដល់​ឯកសារ និង​អត្តសញ្ញាណប័ណ្ណ មិន​ត្រឹមត្រូវ​ដល់​ជនជាតិ​វៀតណាម«ដូច្នេះ​ក្រសួង​មហាផ្ទៃ ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ​ដើម្បី​បញ្ជាក់​ថា អ្នក​នោះ​ជា​ជនជាតិ​ខ្មែរ ឬ​ជនជាតិ​បរទេស បើ​សិន​ជា​ជនជាតិ​បរទេស ត្រូវ​អនុវត្ត​ច្បាប់​ស្ដីពី​សញ្ជាតិ អនុវត្ត​តាម​ច្បាប់​អន្តោប្រវេសន៍​អ៊ីចឹង​ទៅ»

​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ផ្ញើ​ជូន​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ស៊ិក ប៊ុនហុក ចុះ​ថ្ងៃ​ទី​២០ ខែ​មករា ឲ្យ​ដឹង​ថា សំណុំរឿង​ទាំង​៧ ដែល​ត្រូវ​ស្នើ​ឲ្យ​លុប​ឈ្មោះ​ចំនួន ១៧៩ នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ដំបូង ហើយ​ត្រូវ​បាន គ.ជ.ប ផ្ញើ​ទៅ​ក្រសួង​ឲ្យ​ស្រាវជ្រាវ​នោះ រក​ឃើញ​ថា អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន ១៥២ ជា​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី ត្រឹមត្រូវ និង​មាន​ទិន្នន័យ​រក្សា​ទុក​នៅ​ក្នុង​ម៉ាស៊ីន​មេ (Sever) របស់​នាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។ រី​ឯ​អត្តសញ្ញាណប័ណ្ណ​ចំនួន ២០​ទៀត ជា​អត្តសញ្ញាណប័ណ្ណ​គំរូ​ចាស់ គ្មាន​ប្រព័ន្ធ​ព័ត៌មានវិទ្យា​សម្រាប់​គ្រប់គ្រង និង​រក្សា​ទុក​ក្នុង​ទិន្នន័យ ដូច្នេះ​តម្រូវ​ឲ្យ​មាន​ពេល​វេលា​សមស្រប និង​មន្ត្រី​ចុះ​ស្រាវជ្រាវ​ដល់​ទីតាំង។ ចំណែក​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ចំនួន ៧ តម្រូវ​ឲ្យ​មាន​ពេលវេលា​សមស្រប និង​មន្ត្រី​ចុះ​ស្រាវជ្រាវ​ដល់​ទីតាំង​ផ្ទាល់។

​លិខិត​របស់​លោក ស ខេង ដដែល​មិន​បញ្ជាក់​ពី​ពេល​វេលា​ច្បាស់លាស់​នៃ​ការ​ស្រាវជ្រាវ​នេះ​នៅ​ឡើយ​ទេ។ អាស៊ីសេរី មិន​ទាន់​អាច​សុំ​បញ្ជាក់​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ទេ នៅ​ថ្ងៃ​ទី​២១ ខែ​មករា។

ចំណែក​សមាជិក គ.ជ.ប លោក មាន សទិ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៩ ខែ​មករា ថា លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ អាច​ដឹង​នៅ​ចុង​ឆ្នាំ​២០១៧។ លោក​ដឹង​ដែរ​ថា ក្នុង​បញ្ជី​ឈ្មោះ​ដែល គ.ជ.ប បញ្ជូន​ទៅ​ក្រសួង​មហាផ្ទៃ ក្នុង​ករណី​ក្រសួង​រក​មិន​ទាន់​ឃើញ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ គ.ជ.ប នៅ​តែ​រក្សា​ឈ្មោះ​ទាំង​នោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដដែល។

ចំណែក​អ្នក​នាំ​ពាក្យ គ.ជ.ប  លោក ហង្ស ពុទ្ធា យល់​ថា ការ​ឆ្លើយ​តប​របស់​ក្រសួង​មហាផ្ទៃ នៅ​ពេល​នេះ អាច​បញ្ជាក់​ពី​ការ​ទទួល​ខុស​ត្រូវ​លើ​ការងារ គ.ជ.ប ទាក់ទង​ការ​ដោះស្រាយ​ពាក្យ​បណ្ដឹង និង​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​មហាផ្ទៃ។

លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ដែរ​ថា គិត​មក​ដល់​ថ្ងៃ​ទី​២១ ខែ​មករា គ.ជ.ប ទទួល​បាន​បណ្ដឹង​ចំនួន ២១៣ ដែល​ស្នើ​លុប​ឈ្មោះ​មនុស្ស​ជាង ២.០០០​នាក់ ចេញ​ពី​បញ្ជី​បោះឆ្នោត ដោយ​ចោទ​ប្រកាន់​ថា ជា​ជនបរទេស ឬ​ជា​ជនជាតិ​វៀតណាម«បញ្ជាក់​ឲ្យ​ឃើញ​ការ​សហការ​ឆ្លើយតប​រវាង​ស្ថាប័ន​ទាំង​ពីរ ដែល​កំពុង​តែ​ប្រឈម​ជាមួយ​បណ្ដឹង​ពាក់ព័ន្ធ​សញ្ជាតិ។ ទី​២ បញ្ជាក់​ពី​ការ​ទទួល​ខុស​ត្រូវ​របស់ គ..ប ដែល​មិន​រំលោភ​នឹង​ច្បាប់​ដែល​ការ​កំណត់​សញ្ជាតិ​នេះ​ជា​តួនាទី​របស់​ក្រសួង​មហាផ្ទៃ»

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប បាន​ទទួល​ពាក្យ​បណ្ដឹង​របស់ ពលរដ្ឋ និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ រហូត​ដល់​ថ្ងៃ​ទី​២២ ខែ​មករា ដំណាល​គ្នា​នឹង​ទទួល​ពាក្យ​បណ្ដឹង​នេះ គ.ជ.ប ក៏​ដោះស្រាយ​ពាក្យ​បណ្ដឹង​ជា​ហូរហែ​ដែរ ហើយ​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ស្ថាប័ន​បោះឆ្នោត​មួយ​នេះ​នឹង​បញ្ចប់​ការ​ស្រាយ​ពាក្យ​របស់​ខ្លួន។ តាម​រយៈ​ការ​ដោះស្រាយ​ពាក្យ​បណ្ដឹង​កន្លង​មក ដើម​បណ្ដឹង​ដែល​ជា​ពលរដ្ឋ និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្ដឹង គ.ជ.ប ឲ្យ​លុប​ឈ្មោះ​ជនជាតិ​វៀតណាម ចេញ​ពី​បញ្ជី​បោះឆ្នោត​ដំបូង ដោយ​ចោទ​ប្រកាន់​ថា អាជ្ញាធរ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ ឬ​ឯកសារ​ពាក់ព័ន្ធ មិន​ត្រឹមត្រូវ​តាម​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។