អ្នកឃ្លាំមើល​​ថា​ជំនួយ​របស់​ចិន​ដល់​គ.ជ.ប​នាំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​នៃ​ការ​បោះឆ្នោត

ដោយ សេក បណ្ឌិត
2017.12.28
ពិនិត្យ​ឈ្មោះ​បោះឆ្នោត ភ្នំពេញ ២០១៦ ៨៥៥ ពលរដ្ឋ​ទៅ​ពិនិត្យ​ឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​នា​មណ្ឌល​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧។ RFA/Sorn Chanratha
RFA/Sorn Chanratha

អ្នកឃ្លាំមើល​ការ​បោះឆ្នោត​លើក​ឡើង​ថា ការ​ផ្ដល់​ជំនួយ​របស់​ប្រទេស​កុម្មុយនិស្ត ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នឹង​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​នៃ​ការ​បោះឆ្នោត​ខាង​មុខ​នេះ​មិន​សូវ​ល្អ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​ចិន នឹង​ផ្ដល់​ជំនួយ​សម្ភារៈ​បរិក្ខារ​ចំនួន ៣០​មុខ​ដល់ គ.ជ.ប សម្រាប់​បម្រើ​ដល់​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជាតិ នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ។

​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ឃ្លាំមើល​ការ​បោះឆ្នោត សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ដំណើរ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ ខណៈ​ប្រទេស​កុម្មុយនិស្ត​ចិន ចេញ​មុខ​ផ្ដល់​ជំនួយ​ដល់ គ.ជ.ប បន្ទាប់​ពី​អាមេរិក និង​សហគមន៍​អឺរ៉ុប ប្រកាស​ផ្ដាច់​ជំនួយ​កាល​ពី​ពេល​ថ្មីៗ​នេះ។

​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍​ថា ប្រសិនបើ​ប្រទេស​ចិន គ្រាន់តែ​ផ្ដល់​លុយ​ដើម្បី​រៀបចំ​ដំណើរ​ការ​បោះឆ្នោត និង​មិន​លូក​ដៃ​ក្នុង​រឿង​បច្ចេកទេស​នៃ​ការ​បោះឆ្នោត​នោះ​ទេ គឺ​មិន​សូវ​មាន​បញ្ហា​ធំដុំ​ឡើយ។ លោក​បន្ត​ថា ប្រសិនបើ​ប្រទេស​ចិន ផ្ដល់​ទាំង​បច្ចេកទេស​ទៀត​នោះ គឺ​នឹង​នាំ​ឲ្យ​មាន​បញ្ហា​ច្រើន ព្រោះ​ចិន មិន​មែន​ជា​ប្រទេស​គំរូ​ដែល​កម្ពុជា ត្រូវ​រៀន​សូត្រ​អំពី​ប្រជាធិបតេយ្យ​នោះ​ទេ៖ «ប្រទេស​ចិន ជួយ​រឿង​បោះឆ្នោត​នេះ វា​មិន​បាន​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​ល្អ​សម្រាប់​ការ​បោះឆ្នោត​នោះ​ប៉ុន្មាន​ទេ ព្រោះ​គេ​ដឹង​ហើយ​ថា ប្រទេស​ចិន គឺ​ជា​ប្រទេស​កុម្មុយនិស្ត​មួយ មិន​មាន​ពិសោធន៍​ក្នុង​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​នោះ​ទេ»

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​ចិន បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្លូវការ​មួយ​នៅ​ពេល​ថ្មីៗ​នេះ ដើម្បី​ផ្ដល់​ជំនួយ​សម្ភារៈ​បរិក្ខារ​ចំនួន ៣០​មុខ ដល់ គ.ជ.ប សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨។

លោក យង់ គិមអេង ប្រធាន​មជ្ឃ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ក្នុង​បន្ទប់​ផ្សាយ​វិទ្យុអាស៊ីសេរី កាល​ពី​ថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ​២០១៧។ RFA
លោក យង់ គិមអេង ប្រធាន​មជ្ឃ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ក្នុង​បន្ទប់​ផ្សាយ​វិទ្យុអាស៊ីសេរី កាល​ពី​ថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ​២០១៧។ RFA
RFA

សេចក្ដី​ប្រកាស​របស់ គ.ជ.ប ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៧ បង្ហាញ​ថា សម្ភារៈ​បរិក្ខារ​ទាំង​នោះ​មាន​ដូចជា កុំព្យូទ័រ ម៉ាស៊ីន​បោះ​ពុម្ព (Printer) ម៉ាស៊ីន​ថត​ចម្លង កាមេរ៉ា រួម​ទាំង​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ​ទៀត ដែល​មិន​ទាន់​ប៉ាន​ប្រមាណ​អំពី​ទំហំ​ទឹក​ប្រាក់​នៅ​ឡើយ។ ការ​ផ្តល់​ជំនួយ​របស់​ចិន នៅ​ពេល​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សហរដ្ឋអាមេរិក និង​អឺរ៉ុប ប្រកាស​ផ្អាក​ជំនួយ​ផ្សេងៗ​ដល់ គ.ជ.ប ក្រោយ​ពី​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ចាប់​ខ្លួន​លោក កឹម សុខា។

សេចក្ដី​ប្រកាស​របស់ គ.ជ.ប ឲ្យ​ដឹង​ទៀត​ថា ភាគី​ចិន ក៏​បាន​សន្យា​ថា នឹង​បន្ត​ផ្ដល់​ជំនួយ​ដល់ គ.ជ.ប បន្ថែម​ទៀត សម្រាប់​ការ​បោះឆ្នោត​ជា​បន្តបន្ទាប់​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន មាន​ភាព​ត្រឹមត្រូវ តម្លាភាព និង​គណនេយ្យភាព។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា អង្គការ​និចហ្វិក (NICFEC) លោក សំ គន្ធាមី លើក​ឡើង​ថា ប្រទេស​លោក​ខាង​លិច បាន​ផ្ដាច់​ជំនួយ​ដល់​គ.ជ.ប ព្រោះ​តែ​បញ្ហា​នយោបាយ និង​បញ្ហា​អយុត្តិធម៌​នៃ​ការ​បោះឆ្នោត។ ចំណែក​ប្រទេស​ចិន​វិញ ហាក់​មិន​ខ្វល់​អំពី​ដំណើរ​ការ​បោះឆ្នោត​យ៉ាង​ណា​នោះ​ទេ គឺ​សំខាន់​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​ការ​បោះឆ្នោត​អាច​ប្រព្រឹត្ត​ទៅ​មុខ​បាន៖ «ជំនួយ​របស់​ចិន​នេះ គឺ​ជា​ជំនួយ​សម្ភារៈ ហើយ​ដូចជា​មិន​លឺ​ថា មាន​ជំនួយ​បច្ចេកទេស​ដូច​សហគមន៍​អឺរ៉ុប​នោះ​ទេ។ សហគមន៍​អឺរ៉ុប គឺ​មាន​ជំនួយ​បច្ចេកទេស និង​មាន​អ្នក​ជំនាញការ​អីៗ ដែល​នៅ​អម​ធ្វើ​ការ​ជាមួយ គ.ជ.ប ដោយ​ផ្ទាល់ ដែល​ធ្វើ​ឲ្យ​រឹត​តែ​ប្រសើរ​ឡើង​នូវ​រាល់​ដំណើរការ​ចាត់ចែង​ក្នុង​ការ​បោះ​ឆ្នោត»

​កម្ពុជា នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ទី​៤ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ និង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨។ ការ​បោះឆ្នោត​ទាំង​ពីរ​នេះ កម្ពុជា​គ្រោង​នឹង​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ជាង ៥០​លាន​ដុល្លារ។

​លោក យង់ គិមអេង អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង គ.ជ.ប គួរ​តែ​ស្វះស្វែង​អោយ​មាន​ការ​គាំទ្រ​ពី​ខាង​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ដូចជា​សហគមន៍​អឺរ៉ុប ឡើង​វិញ ដែល​គេ​អាច​ជួយ​ផ្តល់​ទាំង​ថវិកា និង​ជួយ​លើក​កម្ពស់​កិត្យានុភាព​នៃ​លទ្ធិប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។