គ.ជ.ប៖ ពលរដ្ឋ​អាច​ផ្ទៀងផ្ទាត់​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ-សង្កាត់​ឬ​តាម​អនឡាញ

ដោយ ឡេង ម៉ាលី
2017.01.03
ពិនិត្យ​ឈ្មោះ​បោះឆ្នោត ភ្នំពេញ ២០១៦ ៨៥៥ ពលរដ្ឋ​ទៅ​ពិនិត្យ​ឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​នា​មណ្ឌល​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧។ RFA/Sorn Chanratha
RFA/Sorn Chanratha

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) បាន​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ជា​លើក​ដំបូង នៅ​ថ្ងៃ​ទី​៣ មករា។ ការ​បិទ​ផ្សាយ​បញ្ជី​ដំបូង​ដែល គ..ប ធ្វើ​រួច​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ គឺ​ដើម្បី​ឲ្យ​ពលរដ្ឋ​ទៅ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឈ្មោះ​របស់​ខ្លួន​ឡើង​វិញ។

បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី ត្រូវ​បាន គ..ប បិទ​ផ្សាយ​នៅ​តាម​ឃុំ-សង្កាត់​ចំនួន ១.៦៣៣ សម្រាប់​ឲ្យ​ពលរដ្ឋ​ពិនិត្យ​ផ្ទៀងផ្ទាត់​ចាប់​ពី​ព្រឹក​ថ្ងៃ​ទី​៣ មករា។ ក៏ប៉ុន្តែ​ការ​បិទ​ផ្សាយ​នៅ​ថ្ងៃ​ដំបូង​នេះ មាន​ពលរដ្ឋ​ចំនួន​តិចតួច​នៅ​ឡើយ​ដែល​បាន​ដឹង និង​ទៅ​ពិនិត្យ​ឈ្មោះ​របស់​ខ្លួន​នៅ​ក្នុង​បញ្ជី​ថ្មី​នេះ។

អ្នក​លក់​កាសែត​ដែល​នៅ​ទល់​មុខ​វត្ត​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ គឺ​លោកស្រី កៅ បុប្ផា និង​ប្ដី​របស់​លោកស្រី មិន​បាន​ដឹង​ពី​ការ​បិទ​ផ្សាយ​នេះ​ទេ រហូត​ទាល់​តែ​អ្នក​កាសែត​សួរ៖ «ចុះ​ឈ្មោះ​ចុះ​រួច​អស់​ហើយ តែ​នៅ​តែ​ពេល​ផ្ទៀងផ្ទាត់​ទេ។ ពេល​ផ្ទៀងផ្ទាត់​អត់​ទាន់​ដឹង​ព័ត៌មាន​ទេ គឺ​ទើប​តែ​ខាង​សារព័ត៌មាន​ចុះ​មក​បាន​ដឹង។ ឥឡូវ​ដឹង​ហើយ ទៅ​ហើយ ព្រោះ​សាលា​សង្កាត់​នៅ​ជិត​ដែរ​ហ្នឹង។ ពេល​ទំនេរ កូន​ពី​រៀន​អី​ហ្នឹង ឆ្លៀត​ទៅ​មួយ​ភ្លែត ព្រោះ​អត់​មាន​អ្នក​នៅ​ចាំ។ ពេល​កូន​ទំនេរ​ពី​ការងារ​រៀន​សូត្រ នៅ​ចាំ​កន្លែង បាន​អាច​ទៅ​បាន​មួយ​ភ្លែត។ តែ​អត់​បោះបង់​ចោល​ទេ»

ពលរដ្ឋ​ខ្លះ​ដែល​រស់នៅ​ជិត​សាលា​ឃុំ-សង្កាត់ បាន​ដឹង​អំពី​ការ​បិទ​ផ្សាយ​បញ្ជី​នេះ ហើយ​ពួក​គាត់​ឆ្លៀត​ទៅ​ពិនិត្យ​ឲ្យ​ហើយ។

រីឯ​អ្នក​រត់​រ៉ឺម៉ក​កង់​បី​ម្នាក់​មក​ពី​ឃុំ​ព្រះនិព្វាន ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ គឺ​លោក ស៊ុម ឈាង ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ មករា ថា លោក​មិន​ទាន់​បាន​ទៅ​ពិនិត្យ​ឈ្មោះ​ក្នុង​បញ្ជី​ថ្មី​នៅ​ឡើយ​ទេ ព្រោះ​លោក​ជាប់​រវល់​រក​លុយ​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ​សិន៖ «ខ្ញុំ​អត់​ទាន់​បាន​ទៅ​ពិនិត្យ​ឈ្មោះ​ហ្នឹង នៅ! តែ​ខ្ញុំ​ទៅ​មកៗ​ដែរ ៤​ថ្ងៃ ៥​ថ្ងៃ ៣​ថ្ងៃ​មក​វិញ។ ថ្ងៃ​ច័ន្ទ ថ្ងៃ​អាទិត្យ បី​បួន​ថ្ងៃ​ហ្នឹង ទៅ​ផ្ទះ​ទៀត​ហើយ»

ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​ថ្មី​នេះ គឺ​ដើម្បី​ឲ្យ​ពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​ហើយ ពិនិត្យ​ឈ្មោះ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ មុន​នឹង​ឈាន​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ គ..ប នៅ​ថ្ងៃ​ទី​៣ មករា បង្ហាញ​ថា ចំនួន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ដំបូង​ដែល​បិទ​ផ្សាយ​នេះ មាន​ជាង ៧​លាន ៨​សែន​នាក់ (.៨៦៤.៤២៩​នាក់) ក្នុង​ចំណោម​ពលរដ្ឋ​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត​សរុប​ជាង ៩​លាន ៦​សែន​នាក់ (.៦៦៤.២១៦​នាក់)

អ្នក​បោះឆ្នោត​ខ្លះ​ដូច​ជា​លោក ផង់ សាវ៉ុន មក​ពី​ខេត្ត​ស្វាយរៀង ថ្លែង​ថា លោក​ជួប​ការ​លំបាក ព្រោះ​មណ្ឌល​ចុះ​ឈ្មោះ​របស់​លោក​នៅ​ឆ្ងាយ។

មន្ត្រី​នាំ​ពាក្យ គ..ប លោក ហង្ស ពុទ្ធា ថ្លែង​ថា ក្រៅ​ពី​ការ​ពិនិត្យ​ឈ្មោះ​នៅ​លើ​បញ្ជី​ជា​ក្រដាស​ដែល​បាន​បិទ​នៅ​តាម​សាលា​ឃុំ-សង្កាត់ ពលរដ្ឋ​ក៏​អាច​ពិនិត្យ​ឈ្មោះ​របស់​ខ្លួន​តាម​រយៈ​ទូរស័ព្ទ​ស្មាតហ្វូន (Smart Phone) បាន​ដែរ ដោយ​ចូល​ទៅ​ក្នុង​គេហទំព័រ​របស់ គ..ប ដែល​មាន​អាសយដ្ឋាន​ថា www.voterlist.org.kh។ ប៉ុន្តែ​លោក​ថា គេហទំព័រ​នេះ​មិន​ដំណើរ​ការ​ល្អ​ទេ នៅ​ថ្ងៃ​ទី​៣ មករា ដោយសារ​តែ​មាន​អ្នក​ចូល​មើល​ច្រើន៖ «យើង​អាច​មើល​នៅ​លើ​ស្មាតហ្វូន​បាន។ ទី​មួយ បើ​សិន​ជា​យើង​ចង់​ដឹង​ព័ត៌មាន ចុច ១២៨៥។ បើ​ចង់​មើល​បញ្ជី​តែ​ម្ដង ទាល់​តែ​ចូល​វែបសាយ គ..ប ប្រើ​ស្មាតហ្វូន​ក៏​បាន​ដែរ។ ឥឡូវ​ខ្ញុំ​គ្រាន់​តែ​ចង់​ជម្រាប​មួយ​ថា កំពុង​តែ​មាន​បញ្ហា​មួយ គឺ​ថា​អ្នក​ចូល​មើល​ច្រើន។ ឥឡូវ​មាន​បញ្ហា​រអាក់រអួល​ខាង​ផ្នែក​វែបសាយ​ល្បឿន​វា​តិច។ ឥឡូវ គ..ប សម្រេច​ថែម​លុយ ដើម្បី​ឲ្យ​វា​ដំណើរ​ការ​ឡើង​វិញ។ អ៊ីចឹង​វា​អាច​រអាក់រអួល​ថ្ងៃ​ហ្នឹង ប៉ុន្តែ​ស្អែក ឬ​ខាន​ស្អែក បែប​វា​ដើរ​ធម្មតា​ឡើង​វិញ​ហើយ»

បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ដែល​បិទ​ផ្សាយ​នៅ​ពេល​នេះ យើង​សង្កេត​ឃើញ​មាន​សន្លឹក​បញ្ជី​ខ្លះ​ត្រូវ​បាន​គេ​គូស​ខ្វែង​លុប​ចោល ដោយ​មន្ត្រី​ឃុំ-សង្កាត់​ប្រាប់​ថា ជា​ឈ្មោះ​ស្ទួន។ នៅ​ពេល​នេះ គ..ប បាន​លុប​ឈ្មោះ​ចំនួន ២.៧៣៧​នាក់​រួច​ហើយ ហើយ​នឹង​លុប​ឈ្មោះ​ចំនួន ៨.៣៤៦​នាក់​បន្ថែម​ទៀត ដោយសារ​ទិន្នន័យ​នេះ​សល់​ពី​ការ​ចុះ​ឈ្មោះ​សាកល្បង និង​ការ​ផ្ទេរ​ការិយាល័យ​ក្នុង​ឃុំ-សង្កាត់។

..ប ពន្យល់​ថា នៅ​ពេល​ណា​ពលរដ្ឋ​ពិនិត្យ​ទៅ​ឃើញ​មាន​បញ្ហា ហើយ​ចង់​ប្ដឹង​តវ៉ា ឬ​ប្ដឹង​ជំទាស់​អ្វី​មួយ ត្រូវ​ធ្វើ​ទៅ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​រយៈ​ពេល ១០​ថ្ងៃ បន្ទាប់​ពី​ថ្ងៃ​បិទ​ផ្សាយ​បញ្ជី​នេះ គឺ​ចាប់​ពី​ថ្ងៃ​ទី​៤ រហូត​ដល់​ថ្ងៃ​ទី​១៤ មករា ដែល​ជា​កាល​បរិច្ឆេទ​ចុង​ក្រោយ។ ក្នុង​ករណី​អ្នក​ប្ដឹង​តវ៉ា ឬ​ប្ដឹង​ជំទាស់ មិន​ពេញ​ចិត្ត​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ពួក​គាត់​អាច​ប្ដឹង​ទៅ គ..ប និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​តាម​ច្បាប់​កំណត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។