សង្គម​ស៊ីវិល​រិះគន់ គ.ជ.ប ថា​ពុំ​មាន​តម្លាភាព​ក្នុង​ការ​ជ្រើស​រើស​អគ្គលេខាធិការ

ដោយ សុជីវី
2016-01-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (COMFREL) លោក គល់ បញ្ញា ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៥។
នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (COMFREL) លោក គល់ បញ្ញា ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA

អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត រិះគន់​ដំណើរ​ការ​ជ្រើស​រើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប ថា​ពុំ​មាន​តម្លាភាព​ក្នុង​នីតិវិធី​ជ្រើស​រើស។ ការ​រិះគន់​នេះ បន្ទាប់​ពី​មាន​ព័ត៌មាន​លេច​ឡើង​ថា ការ​ជ្រើស​រើស​ពុំ​បាន​ផ្ដល់​ឱកាស​ឲ្យ​បេក្ខជន​បេក្ខនារី​ដែល​ជាប់​ក្នុង​បញ្ជី​សម្រាំង​បញ្ចេញ​សមត្ថភាព ឬ​ជួប​សម្ភាស​ឡើយ ពោល​គឺ​ពិនិត្យ​តែ​ទៅ​លើ​ឯកសារ ឬ​ស៊ីវី (CV) ដែល​បេក្ខជន​ដាក់​ពាក្យ។

មន្ត្រី គ.ជ.ប បញ្ជាក់​ថា មូលហេតុ​ដែល គ.ជ.ប ធ្វើ​បែប​នេះ ដោយសារ​តែ គ.ជ.ប មិន​ចង់​ឲ្យ​បែក​ធ្លាយ​លក្ខណៈ​វិនិច្ឆ័យ​ក្នុង​ការ​ជ្រើស​រើស។ ម្យ៉ាង នីតិវិធី​នៃ​ការ​ជ្រើស​រើស​មិន​ផ្អែក​តែ​ទៅ​លើ​ការ​ជួប​សម្ភាស​បេក្ខជន​នោះ​ឡើយ។

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​បារម្ភ​ថា គ.ជ.ប អាច​បាត់បង់​ទំនុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​ជា​ថ្មី​ទៀត ដោយសារ​តែ​ការ​ប្រើប្រាស់​នីតិវិធី​មិន​ច្បាស់លាស់ ក្នុង​ការ​ជ្រើស​រើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា គ.ជ.ប គួរ​តែ​ផ្ដល់​ឱកាស​ឲ្យ​បេក្ខជន​បាន​បង្ហាញ​សមត្ថភាព​ទៅ​តាម​នីតិវិធី ដែល​បណ្ដា​ស្ថាប័ន​នានា​ធ្លាប់​ធ្វើ ដើម្បី​ជ្រើស​រើស​បុគ្គលិក។ លោក គល់ បញ្ញា បន្ត​ថា ប្រសិន​បើ​អ្នក​ដែល​ត្រូវ​ជ្រើស​រើស បំពេញ​តួនាទី​មិន​បាន​ល្អ ការ​បំពេញ​ការងារ​នៅ​ស្ថាប័ន​បោះ​ឆ្នោត​មួយ​នេះ ក៏​មិន​រលូន និង​តម្លាភាព​ដែរ៖ «កាល​ណា​រើស​ជា​សាធារណៈ អ្នក​ដាក់​ជា​បេក្ខជន​ហ្នឹង​គេ​សង្ឃឹម​ថា កិច្ចការ​ដែល​យើង​រើស​ហ្នឹង​មាន​តម្លាភាព មិន​មែន​រើស​តាម​អ្វី​ដែល​យើង​គិត​ទុក​មុន ហ្នឹង​គឺ​យើង​អត់​ដឹង​ទេ​រឿង​ហ្នឹង»

ចាប់​តាំង​ពី​ពេល​ដំបូងៗ​នៃ​ការ​ជ្រើស​រើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង គ.ជ.ប ពុំ​បាន​បង្ហាញ​នីតិវិធី​នៃ​ការ​ជ្រើស​រើស​ច្បាស់លាស់​ឡើយ។ មន្ត្រី គ.ជ.ប លើក​ឡើង​ថា ការ​មិន​បង្ហាញ​នីតិវិធី ក៏​ដោយសារ​តែ​ពុំ​ចង់​បញ្ចេញ​ឲ្យ​បេក្ខជន​មួយ​ចំនួន​ដែល​ធ្លាប់​ជា​មន្ត្រី​នៅ គ.ជ.ប មាន​ប្រៀប​ជាង​បេក្ខជន​ថ្មីៗ​ទេ។

សមាជិក និង​ជា​អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា គ.ជ.ប ធ្វើ​តាម​ច្បាប់ និង​បាន​ថ្លឹងថ្លែង​ពី​នីតិវិធី​នីមួយៗ​ដោយ​ប្រយ័ត្ន​ប្រយែង៖ «មូលហេតុ​ដែល​មិន​ធ្វើ​ការ​សម្ភាស គឺ​ពាក្យ​ថា​ជ្រើស​រើស​មិន​មែន​ទាល់​តែ​សម្ភាស បាន​ហៅ​ថា​ការ​ជ្រើស​រើស​ទេ។ មូលហេតុ គឺ​ទាំងអស់​គ្នា​ឲ្យ​និយម​ន័យ​ខុស​គ្នា អ្នក​ខ្លះ​គាត់​ឲ្យ​និយមន័យ​ថា ពាក្យ​ថា​ជ្រើស​រើស​ទាល់​តែ​ធ្វើ​សម្ភាស ប៉ុន្តែ គ.ជ.ប មិន​និយាយ​ដល់​ធ្វើ​សម្ភាស ឬ​មិន​ទេ គឺ​ធ្វើ​ដល់​ណា គឺ​និយាយ​ដល់​ហ្នឹង​តែ​ម្ដង។ រហូត​ដល់ គ.ជ.ប ដឹង​ថា​មាន​បេក្ខជន​ជា​អ្នក​ដែល​ជា​មន្ត្រី គ.ជ.ប ចាស់ ចឹង គ.ជ.ប មិន​លើក​ជា​វិញ្ញាសា​មុន​ទេ ដើម្បី​កុំ​ឲ្យ​បែក​ធ្លាយ​វិញ្ញាសា ឬ​ក៏​បែក​ធ្លាយ​នូវ​លក្ខណៈ​វិនិច្ឆ័យ​ក្នុង​ការ​ផ្ទៀងផ្ទាត់​នូវ​ការ​សម្រេច​ចិត្ត»

ទាក់ទិន​នឹង​ករណី​នេះ គ.ជ.ប គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​ជ្រើស​រើស​អគ្គលេខាធិការ នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ខាង​មុខ។ គ.ជ.ប នឹង​រៀបចំ​ផ្គូផ្គង​ទៅ​លើ​លក្ខខណ្ឌ ៣​ចំណុច គឺ​កម្រិត​អប់រំ កម្រិត​បច្ចេកទេស និង​កម្រិត​ទុក​ចិត្ត ថា​អាច​បំពេញ​ការងារ​បាន​តាម​តម្រូវ​ការ​របស់ គ.ជ.ប។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា គ.ជ.ប បាន​ប្រកាស​បេក្ខជន​តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង ១៥​នាក់ ក្នុង​នោះ​មាន​បេក្ខជន ៣​នាក់​សម្រាប់​ប្រកួត​ប្រជែង​យក​តំណែង​អគ្គលេខាធិការ និង​បេក្ខជន ១២​នាក់​ទៀត សម្រាប់​ប្រកួត​យក​តំណែង​អគ្គលេខាធិការ​រង ៤​រូប។

បើ​ទោះ​ជា​មាន​ការ​អះអាង​ពី​មូលហេតុ​មិន​បង្ហាញ​នីតិវិធី ក៏​អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​តែ​ទទូច​ឲ្យ​ការ​ជ្រើស​រើស​បេក្ខជន​ទាំង​នោះ ចាំបាច់​ត្រូវ​តែ​មាន​តម្លាភាព​ដែរ៖ «ចឹង​ហើយ​ដែល​យើង​ចេះ​តែ​ទាមទារ​ឲ្យ​គាត់​តម្លាភាព។ ឥឡូវ​គាត់​បាន​បង្ហាញ​ពី​បេក្ខជន​សម្រាំង ប៉ុន្តែ​ត្រូវ​នីតិវិធី​បន្ត​បន្ទាប់​ទៀត តើ​សម្ភាស ឬ​ធ្វើ​ម៉េច? តើ​ត្រូវ​ការ​សម្រេច​ចិត្ត​របៀប​ម៉េច? ដើម្បី​ឲ្យ​ដឹង​ថា បេក្ខជន​ហ្នឹង​មាន​លក្ខណៈ​វិនិច្ឆ័យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ដូច​ដែល​គាត់​ចង់​បាន?»

ឆ្លើយ​តប​នឹង​ការ​ទទូច​នេះ លោក ហង្ស ពុទ្ធា បញ្ជាក់​ថា ប្រសិន​បើ​ក្នុង​ពេល​ផ្គូផ្គង​ឯកសារ​បេក្ខជន​រក​ឃើញ​ថា ពួក​គេ​អាច​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា ដែល​ពិបាក​ជ្រើស​រើស គ.ជ.ប អាច​នឹង​ផ្លាស់​ប្ដូរ​នីតិវិធី​ដែរ៖ «មាន​គម្លាត​គ្នា​ដាច់​ឆ្ងាយ​​ហ្នឹង​ប្រហែល​អាច​ប្រកាស ប៉ុន្តែ​បើ​គម្លាត​ហ្នឹង​ប្រហាក់​ប្រហែល​គ្នា​ទេ អាច​នឹង​មាន​ភាព​សាំញ៉ាំ​ត​ទៅ​ទៀត»

មាត្រា​៥៥ នៃ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ចែង​ថា អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង ត្រូវ​តែង​តាំង​ដោយ​ព្រះរាជក្រឹត្យ តាម​សំណើ​របស់​ប្រធាន គ.ជ.ប បន្ទាប់​ពី​បាន​យោបល់​យល់​ស្រប​តាម​សំឡេង​ភាគ​ច្រើន​ដាច់​ខាត នៃ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទាំង​មូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (6)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

we need a new one not TEP NITHA

Jan 15, 2016 01:57 AM

អ្នក​អាន​អនាមិក

បើយកលោកទេព នីថាដដែលចាំបាច់រើសអោយខាតពេលធ្វើអី។

Jan 15, 2016 01:27 AM

អ្នក​អាន​អនាមិក

ពុទ្ធោអើយ! លោក ទេព នីថា មកទៀតហើយ ។
ពុទ្ធោអើយ! លោក ទេព នីថា មកទៀតហើយ ។
ពុទ្ធោអើយ! លោក ទេព នីថា មកទៀតហើយ ។

Jan 14, 2016 06:02 PM

អ្នក​អាន​អនាមិក

No transparency? No surprise from me as I said before, how much are these positions go for? Everything in Cambodia is for sale to the highest bidder.

Jan 13, 2016 12:39 PM

អ្នក​អាន​អនាមិក

ប្រឆាំង ដាច់ខាត បុគ្គល ចាស់ ទេព និថា ដែលបង្ករ បញ្ហា អោយខ្មែរឈ្លោះគ្នា ដោយសារ អោយវៀតណាម មិនចេះខ្មែរ បោះឆ្នោត !

Jan 12, 2016 11:07 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល