បក្ស​នយោបាយ​និង​សង្គម​ស៊ីវិល​ថា​គ.ជ.ប​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​ហែ​ក្បួន​ឃោសនា​បោះឆ្នោត

ដោយ​ ខែ សុណង
2017-05-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉េង សុភារី ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ ឧសភា ឆ្នាំ​២០១៧។ RFA/Kher Sonorng
ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉េង សុភារី ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ ឧសភា ឆ្នាំ​២០១៧។ RFA/Kher Sonorng
RFA/Kher Sonorng

នៅ​មុន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៩ ឧសភា គ.ជ.ប បាន​ធ្វើ​សន្និសីទ​កាសែត​ណែនាំ​គណបក្ស​នយោបាយ​អំពី​ការ​ហែ​ក្បួន និង​ការ​​ចុះ​ចែក​ខិត្តប័ណ្ណ​ក្នុង​ផ្សារ ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត ដោយ​ត្រូវ​រក្សា​សណ្ដាប់ធ្នាប់​ល្អ​តាម​ដង​ផ្លូវ ទីប្រជុំជន ទី​សាធារណៈ និង​គោរព​ច្បាប់​ចរាចរណ៍។ នីតិវិធី​នេះ​មាន​តែ​មន្ត្រី​គណបក្ស​កាន់​អំណាច​តែប៉ុណ្ណោះ ដែល​ពេញ​ចិត្ត​នឹង​សេចក្ដី​ណែនាំ​នេះ។

គណបក្ស​នយោបាយ​មួយ​ចំនួន និង​សង្គម​ស៊ីវិល ចាត់​ទុក​ថា គ.ជ.ប កំពុង​កម្រិត និង​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤​នេះ។

ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉េង សុភារី ថ្លែង​ថា សេចក្ដី​ណែនាំ​អំពី​ការ​ហែ​ក្បួន​ឃោសនា​របស់ គ.ជ.ប មាន​លក្ខណៈ​រឹតត្បិត​សិទ្ធិ​សេរីភាព​ចំពោះ​ការ​ផ្សព្វផ្សាយ និង​ការ​ឃោសនា​របស់​គណបក្ស​នយោបាយ។ អ្នកស្រី​បន្ត​ថា ការ​រឹតត្បិត​នេះ​គឺ​មាន​ការ​កាត់​បន្ថយ​ការ​ហែ​ក្បួន​សល់​តែ ២​ថ្ងៃ ដែល​នៅ​សល់​តែ​សកម្មភាព​ឃោសនា​ធម្មតា ប៉ុន្តែ​សកម្មភាព​ឃោសនា​ធម្មតា​នេះ​ទៀតសោត បាន​កម្រិត​ទាំង​ចំនួន​មនុស្ស ទោចក្រយានយន្ត រថយន្ត និង​សូម្បី​តែ​ចូល​ចែក​ខិត្តប័ណ្ណ​ក្នុង​ផ្សារ​ក៏​ត្រូវ​មាន​ការ​សុំ​អនុញ្ញាត​ពី​អ្នក​គ្រប់គ្រង​ផ្សារ​ដែរ ប្រសិនបើ​លើស​ពី​ចំនួន​កំណត់​ខាង​លើ​គឺ​រាប់​ទុក​ជា​ការ​ហែ​ក្បួន​ឃោសនា​ដែល​ល្មើស​ទៅ​នឹង​បទបញ្ញត្តិ​ដែល​ថា ការ​ហែ​ក្បួន​ឃោសនា​ត្រូវ​កំណត់​តែ​២​ដង។

អ្នកស្រី​ចោទ​ជា​សំណួរ​ថា ប្រហែល​ជា​ប្រជាប្រិយភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឡើង​ខ្ពស់​ពេក​ទេ​ដឹង​ទើប​មាន​ការ​រឹតត្បិត​យ៉ាង​នេះ៖ «ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ យើង​ចង់​ឲ្យ​បាន​ទូលំទូលាយ ចង់​ផ្ញើ​សារ​ដល់​ប្រជាពលរដ្ឋ ចង់​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម អ្នក​គាំទ្រ​គាត់​ចង់​ចូលរួម​ហែ​ក្បួន ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា យុទ្ធនាការ​របស់​សង្គ្រោះ​ជាតិ គឺ​មាន​ពលរដ្ឋ​ច្រើន​ណាស់​ដែល​គាំទ្រ ការ​កំណត់​ចំនួន​បែប​នេះ យើង​ធ្វើ​សកម្មភាព​វា​មិន​បាន​ហ៊ឹកហ៊ាក់ បាន​តិចតួច»

ចំណែក​អគ្គលេខាធិការ​រង​នៃ​គណបក្ស​ហ្វុនស៊ិនប៉ិច លោក ថន ចន្ថា យល់​ថា សេចក្ដី​ណែនាំ​អំពី​ការ​ហែ​ក្បួន​ឃោសនា​ពុំ​មាន​ការ​ពន្យល់​ច្បាស់លាស់ ដែល​នាំ​ឲ្យ​លោក​បារម្ភ​អំពី​ការ​បកស្រាយ​តាម​ចិត្ត​នៅ​ពេល​អនុវត្ត​ក្នុង​រដូវ​កាល​ឃោសនា។

ប៉ុន្តែ​ទោះ​ជា​មាន​ការ​បារម្ភ​យ៉ាង​ណា​ក្ដី មន្ត្រី​ស្នាក់​ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា លោក ឆៅ វ៉ាន់ដេត បាន​ឯកភាព​ចំពោះ​នីតិវិធី​ដែល​រៀបចំ​ដោយ​គ.ជ.ប។ លោក​យល់​ថា គ.ជ.ប សម្រេច​ធ្វើ​អ្វី​មួយ​គឺ​មាន​ហេតុផល និង​ផ្អែក​ទៅ​លើ​ច្បាប់៖ «ការ​ណែនាំ​របស់​គ.ជ.ប បន្ថែម​នេះ​ទៅ​លើ​ច្បាប់​ទៅ​លើ​បទបញ្ជា​ទេ សេចក្ដី​ណែនាំ​នេះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា អាច​ទទួល​យក​បាន។ ហែ​ក្បួន ១០​នាក់​វា​មាន​ទំហំ និង​ធាតុ​ផ្សំ ខាង​គណបក្ស​គេ​ប្រហែល​ជា​មិន​យល់ ឬ​មិន​បាន​មើល​ខាង​លើ​គេ​ចាប់​យក​តែ​ចំនួន​ហើយ​គេ​មាន​ប្រតិកម្ម​តាម​ធាតុ​ពិត​គេ​មាន ២​ចំណុច យើង​មើល​ទៅ​អត់​មាន​អី​ទេ។ គណបក្ស​ប្រជាជន​មាន​តែ​អនុវត្ត និង​ធ្វើតាម​សេចក្ដី​ណែនាំ​របស់ គ.ជ.ប ប៉ុណ្ណោះ»

ទេព នីថា ៨៥៥ ២០១៧
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា (ស្ដាំ) ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ ឧសភា ឆ្នាំ​២០១៧។ RFA/Kher Sonorng RFA/Kher Sonorng

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា មាន​ប្រសាសន៍​ថា ការ​កម្រិត​នីតិវិធី និង​ការ​រៀបចំ​មួយ​ចំនួន គឺ​ដើម្បី​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ មិន​មែន​ជា​ការ​រឹត​ត្បិត​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ជា​ការ​បង្ក​បរិយាកាស​ឲ្យ​គណបក្ស​នយោបាយ​បាន​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​ខ្លួន​ជូន​អ្នក​បោះឆ្នោត​ផង និង​ឲ្យ​ពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​ពី​ការ​បោះឆ្នោត​ផង៖ «ការ​សំខាន់​យើង​រៀបចំ​នីតិវិធី​កន្លែង​ខ្លះ មាន​កម្រិត​មាន​អី​នោះ​វា​មិន​មែន​ផល​ប្រយោជន៍​សំខាន់​ការ​ឃោសនា​ទេ វា​ពាក់ព័ន្ធ​ជីវភាព​សង្គម​ទាំង​មូល​ទេ បើ​ការ​ឃោសនា​គ្មាន​សណ្ដាប់ធ្នាប់ ហើយ​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​ទាំង​អស់​គ្នា​នោះ គឺ​សង្គម​ទាំង​មូល​ត្រូវ​គាំ​ដោយសារ​ការ​ឃោសនា។ កុំ​ថា ១៤​ថ្ងៃ តែ​១​សប្ដាហ៍​ក៏​ត្រូវ​វង្វេង​ដែរ នៅ​ផ្សារ​បើ​សិន​ជា​បណ្ដោយ​ឲ្យ​គណបក្ស​ឃោសនា បើក​មីក្រូ​ពេញ អ្នក​លក់​លក់​បាន​តែ ១​ថ្ងៃ​រត់​អស់​ហើយ អត់​មាន​នរណា​ស្ដាប់​ទេ»

មន្ត្រី​ផ្នែក​អង្កេត​នៃ​គណៈកម្មាធិការ​ខុមហ្វ្រែល (COMFREL) លោក ស៊ិន ទិត្យសីហា យល់​ថា មិន​គួរ​ណា​ហាមប្រាម​មិន​ឲ្យ​គណបក្ស​នយោបាយ​ហែ​ក្បួន​នៅ​តំបន់​ទីប្រជុំជន​ទាំង​នោះ​ទៀត​ឡើយ ព្រោះ​ថា​គ.ជ.ប បាន​បន្ថយ​រយៈពេល​ឃោសនា​នៅ​ត្រឹម ១៤​ថ្ងៃ​ទៅ​ហើយ។ លោក​ថា នីតិវិធី​ឃោសនា​នេះ​បាន​រឹតត្បិត​សិទ្ធិ​សេរី​គណបក្ស​នយោបាយ​ក្នុង​ការ​ប្រមូល​ផ្ដុំ​និង​ការ​ហែ​ក្បួន។

សម្រាប់​អ្នក​ដែល​ធ្វើ​ខុស​ពី​គោលការណ៍​ណែនាំ​ការ​ឃោសនា គ.ជ.ប នឹង​ចាត់វិធានការ​តាម​ច្បាប់​បោះឆ្នោត​ឃុំ-​សង្កាត់ និង​ច្បាប់​បោះឆ្នោត​តំណាងរាស្ត្រ ដែល​មាន​ទោសបញ្ញត្តិ និង​ការ​ផាក​ពិន័យ​ពី​៥​លាន​រៀល រហូត​ដល់ ៣០​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Ly yon

ពី Kg SOM

ឲ្យតែស្មើរភាពគ្នាកុំតែCPPហែរបានCNRPហែរមិនបានហើយនៅ
តាមផ្សារក៏អីចឹងដែរកុំCPPចូលចែកខិតបណ្ណ័បានហើយCNRPចូលមិនបាននិយាយឲ្យចំCPPធ្វើបានCNRP ក៏ធ្វើបានដូចគ្នាដែរ៕

May 20, 2017 01:58 AM

អ្នក​អាន​អនាមិក

មិនធ្វើចឹងម៉េចកើតបើញញួរ ពិសេស គឺ គ្នាគេទាំងអស់

May 19, 2017 08:09 AM

អ្នក​អាន​អនាមិក

ចាំបាច់ឃោសនានាំឲ្យផ្លង់គេឯងធ្វើអី កន្លងមកក្រែងអួតថាខ្លួននឹងឈ្នះព្រោះមានអ្នកស្គាល់អ្នកគាំទ្រច្រើនណាស់ហើយនោះអី?????។កន្ទុយខ្វៀននៅតែខ្វៀន។

May 19, 2017 07:49 AM

គេហទំព័រ​ទាំងមូល