គ.ជ.បកំពុងចាត់ការដោះស្រាយបណ្ដឹងប្រមាណ២០ក្នុងដំណើរការចុះឈ្មោះបោះឆ្នោត
2016.09.24
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ក្នុងរយៈពេលចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៣ កញ្ញា គ.ជ.ប បានទទួលពាក្យបណ្ដឹងប្រមាណជា ២០ករណី ដែល គ.ជ.ប ត្រូវដោះស្រាយទាក់ទងនឹងការចុះឈ្មោះបោះឆ្នោត។ បណ្ដឹងទាំងនោះជាបណ្ដឹងចេញពីគណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋ ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ថា មានការរារាំង ឬក៏អុកឡុកប្រជាពលរដ្ឋមិនឲ្យទៅចុះឈ្មោះបាន ការដឹកទាហានទៅចុះឈ្មោះ និងសង្ស័យថាអ្នកចុះឈ្មោះមិនមែនខ្មែរ ជាដើម។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងបើកការប្រជុំជាមួយសមាជិក គ.ជ.ប ដើម្បីសម្រេចទៅលើពាក្យបណ្ដឹងប្រមាណ ២០បណ្ដឹងនេះ ដែល គ.ជ.ប ទទួលបាន។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា មន្ត្រីក្រុមការងារច្បាប់បានចុះទៅបណ្ដាខេត្តដែលជាប់បណ្ដឹងទាំងនោះ មានដូចជាខេត្តព្រះវិហារ ខេត្តបាត់ដំបង និងខេត្តសៀមរាប។ លោកថា បណ្ដឹងដែលរសើបជាងគេនោះ គឺគណបក្សសង្គ្រោះជាតិ បានស្នើសុំឲ្យ គ.ជ.ប ចាត់វិធានការលើការដឹកចល័តទាហានទៅចុះឈ្មោះនៅតាមឃុំមួយចំនួន។ គ.ជ.ប កំពុងដំណើរការលើការងារនេះ ប្រហែលអាចនឹងដឹងលទ្ធផលនៅដើមសប្ដាហ៍ក្រោយ៖ «ទី១ យើងមានហើយដើមបណ្ដឹង។ ទី២ ចុងចម្លើយយើងអត់ទាន់មានឯកសារ អត់ទាន់មានអីជាគោលទាំងអស់។ ទី៣ ភស្តុតាងសាក្សី អង្គហេតុអត់ទាន់មាន។ អ៊ីចឹងហើយបាន គ.ជ.ប អត់ហ៊ានសម្រេចចិត្ត អត់ទាន់អាចកាត់សេចក្ដីបាន ដោយសារ គ.ជ.ប ត្រូវការស្រាវជ្រាវ។ នេះគឺជាកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ គ.ជ.ប ដែល គ.ជ.ប ត្រូវតែប្រឹងប្រែងធ្វើការឲ្យបានម៉ត់ចត់»។
លោក ហង្ស ពុទ្ធា បន្តថា បណ្ដឹងទាំងនោះជាបណ្ដឹងចេញពីគណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋ គឺពាក់ព័ន្ធនឹងការដឹកទាហានតាមរថយន្តទៅចុះឈ្មោះ ការធ្វើឲ្យមានភាពភ័យខ្លាច ការប៉ះពាល់រារាំងរំខានដល់ការចុះឈ្មោះ សង្ស័យថាអ្នកចុះឈ្មោះមិនមែនខ្មែរ និងការយល់ដឹងមិនត្រឹមត្រូវក្នុងការបកស្រាយនីតិវិធី និងបណ្ដឹងអំពីការប្រកាន់បក្ខពួក ជាដើម។
ក្រៅពីការដាក់បណ្ដឹងដោយផ្ទាល់ គណបក្សសង្គ្រោះជាតិ ក៏បានស្នើឲ្យ គ.ជ.ប ពិនិត្យ និងចាត់វិធានការចំពោះករណីកងកម្លាំងប្រដាប់អាវុធ យោធា និងនគរបាល ទៅចុះឈ្មោះបោះឆ្នោតនៅទីតាំងផ្សេងពីទីលំនៅ ឬទីសំណាក់ពិតប្រាកដរបស់សាមីខ្លួន។
លិខិតរបស់គណបក្សដែលផ្ញើទៅប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក រៀបរាប់ថា ការចាត់តាំងកងកម្លាំងប្រដាប់អាវុធទៅចុះឈ្មោះនៅទីតាំងផ្សេងពីទីលំនៅពិតប្រាកដរបស់ខ្លួនបែបនេះ គឺជាសកម្មភាពរំលោភបំពានច្បាប់បោះឆ្នោត និងនីតិវិធីចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ និងមានលក្ខណៈជាការបង្ខិតបង្ខំផ្ទុយពីឆន្ទៈពិតប្រាកដរបស់សាមីខ្លួន និងជាការបង្ហាញនូវរូបភាពគំរាមកំហែងអ្នកចុះឈ្មោះបោះឆ្នោតដទៃទៀតដែរ។
តែទោះជាយ៉ាងណា ដំណើរការប្រព្រឹត្តទៅនៃការដោះស្រាយបណ្ដឹងរបស់ គ.ជ.ប នេះ ត្រូវបានមន្ត្រីសង្គមស៊ីវិលសាទរ។
មន្ត្រីផ្នែកអង្កេតនៃគណៈកម្មាធិការខុមហ្វ្រែល (COMFREL) លោក ស៊ិន ទិត្យសីហា ថ្លែងថា លោករីករាយនៅពេលដែល គ.ជ.ប បានយកចិត្តទុកដាក់លើពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ និងគណបក្សនយោបាយ៖ «យើងសង្ឃឹមថា គាត់នឹងចុះទៅអង្កេតឲ្យដឹងពីសាច់រឿងពិតប្រាកដថា បញ្ហាដែលគេប្ដឹងវាពិតជាបញ្ហាដែលបានកើតឡើងមែនឬទេ? ហើយបើសិនជាបញ្ហាហ្នឹងជាបញ្ហាពិតប្រាកដ យើងសំណូមពរឲ្យគាត់ដោះស្រាយដោយផ្អែកទៅលើនីតិវិធីច្បាប់»។
រហូតមកដល់ពេលនេះ ពលរដ្ឋដែលមកចុះឈ្មោះបានចំនួនជាង ៣លាន ១សែននាក់ ក្នុងចំណោមអ្នកគ្រប់អាយុជាង ៩លាន ៦សែននាក់ (៩.៦៦៤.២១៦នាក់) ដែលគិតជាភាគរយ គឺពលរដ្ឋចុះឈ្មោះបានជាង ៣០% ហើយ។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានឲ្យដឹងនៅក្នុងសន្និសីទកាសែតរបស់ គ.ជ.ប កាលពីប៉ុន្មានថ្ងៃមុននេះថា បើសិនជាចុះឈ្មោះមិនទាន់គ្រប់ ហើយត្រូវការពេលវេលាបន្ថែមនោះ ក៏មិនអាចមានពេលវេលាច្រើនដែរ ព្រោះ គ.ជ.ប ត្រូវសម្រេចលើបញ្ជីបោះឆ្នោតនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ហើយចុះបញ្ជីបេក្ខជននៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧៕