សង្គម​ស៊ីវិល​ស្នើ​គ.ជ.ប​ជួយ​ពលករ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ឲ្យ​បោះឆ្នោត​បាន​នៅ​ឆ្នាំ​២០១៨

ដោយ សាន សែល
2017-07-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៧។
នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA/Cheu Sideth

ខណៈ​ពលករ​កម្ពុជា នៅ​ក្រៅ​ប្រទេស​ប្រមាណ​ជាង ១​លាន​នាក់​មិន​បាន​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ គ..ប កែ​សម្រួល​នីតិវិធី​សម្រាប់​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ដែល​កំពុង​នៅ​បរទេស អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​សកល​នៅ​ឆ្នាំ​ក្រោយ​បាន។ គ..ប ឆ្លើយតប​ថា ការ​កែប្រែ​នីតិវិធី​នេះ ចាំបាច់​ត្រូវ​ធ្វើ​វិសោធនកម្ម​ច្បាប់។ ចំណែក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ថា នឹង​ធ្វើ​សំណើ​កែប្រែ​ច្បាប់ ប្រសិន​បើ គ..ប ស្នើ​ឡើង។

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ឃ្លាំ​មើល​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត និង​ជា​អតីត​សមាជិក​របស់​បន្ទប់​ស្ថានការណ៍ នៅ​ថ្ងៃ​ទី​១៩ កក្កដា អង្គុយ​ជជែក​ជាមួយ​តំណាង​គណបក្ស​នយោបាយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ព្រះសង្ឃ និង​អ្នក​សង្កេតការណ៍​អន្តរជាតិ ដើម្បី​ពិភាក្សា​គ្នា​ពី​ការ​រៀបចំ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ឆ្នាំ​២០១៧។

សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​សម្របសម្រួល​ឲ្យ​ពលករ​នៅ​ក្រៅ​ប្រទេស​អាច​បោះឆ្នោត​បាន ជា​ការ​ធានា​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ។

បើ​តាម​លោក មឿន តុលា នាយក​ប្រតិបត្តិ​អង្គការ​សង់ត្រាល់ (CENTRAL) ដែល​សិក្សា​លើ​លំហូរ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស ពលករ​ដែល​កំពុង​ធ្វើ​ការ​នៅ​បរទេស​មាន​ចំនួន​ប្រមាណ​ជាង ១​លាន ៨​សែន​នាក់។ ពលករ​ទាំងនោះ​បាន​ជួប​ឧបសគ្គ​មិន​អាច​ធ្វើ​ដំណើរ​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា វិញ​បាន ដោយសារ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត ដែល​រារាំង​ពួក​គេ​មិន​អាច​បោះឆ្នោត​បាន។

លោក មឿន តុលា ឲ្យ​យោបល់​ថា ការ​បង្កើត​ការិយាល័យ​ចុះ​ឈ្មោះ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​នៅ​តាម​ព្រំដែន និង​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​ប្រចាំ​ប្រទេស​ដែល​មាន​ពលរដ្ឋ​កម្ពុជា ពិសេស​នៅ​ប្រទេស​ថៃ កូរ៉េ​ខាង​ត្បូង និង​ម៉ាឡេស៊ី នឹង​សម្រួល​ពលករ​ចំណាក​ស្រុក​អាច​បោះឆ្នោត​បាន។

សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​សម្រួល​ដល់​ពលករ​នៅ​បរទេស ទាមទារ​ឆន្ទៈ​នយោបាយ ច្រើន​ជាង​បញ្ហា​បច្ចេកទេស និង​ថវិកា។

អនុប្រធាន​លេខាធិការដ្ឋាន​នៃ​អគ្គលេខាធិការដ្ឋាន គ..ប លោក ឌី ភីរុណ នឹង​យក​សំណើ​នេះ​ទៅ​ពិភាក្សា​ជាមួយ​សមាជិក គ..ប។ លោក​បន្ត​ថា ដើម្បី​អនុវត្ត​តាម​សំណើ​នេះ វា​ទាមទារ​ឲ្យ​មាន​ការ​កែប្រែ​ច្បាប់​បោះឆ្នោត៖ «កាលណា​ទិដ្ឋភាព​ច្បាប់​មិន​ចែង គ..ប អនុវត្ត​មិន​បាន ប៉ុន្តែ​សំណើ​នេះ គ..ប នឹង​យក​ទៅ​ពិចារណា។ កម្រិត​នៃ​ការ​ពិចារណា​អាស្រ័យ​លើ​សមាសភាព គ..ប ទាំង ៩​រូប»

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង លោក សុន ឆ័យ ប្រកាស​ថា ការ​កែប្រែ​ច្បាប់​អាច​ធ្វើ​ទៅ​រួច តែ​តំណាង គ..ប ត្រូវ​បញ្ជូន​សំណើ​នេះ​ទៅ​សមាជិក​កំពូលៗ​របស់ គ..ប ដើម្បី​ពិភាក្សា៖ «យើង​ចាំ​មើល​ដែរ បើ គ..ប ថា​ការងារ​មួយ​ចំនួន​ធ្វើ​មិន​កើត​ដោយសារ​ច្បាប់ សូម​ឲ្យ គ..ប បញ្ជាក់​មក ច្បាប់​នោះ​នៅ​មាត្រា​ណា? ហើយ​ចង់​កែ​យ៉ាង​ម៉េច? យើង​ខ្ញុំ​នឹង​ត្រៀម​ដើម្បី​ស្នើ​កែ​ច្បាប់​នោះ​ភ្លាម មិន​ទុក​ឲ្យ​លើស​មួយ​សប្ដាហ៍​ទេ»

ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា បញ្ជាក់​ថា រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ធានា​សិទ្ធិ​ពលរដ្ឋ ដើម្បី​អាច​ចូលរួម​បោះឆ្នោត​បាន៖ «នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋ​យើង ដើម្បី​ធានា​សិទ្ធិ​ទៅ​ដល់​ប្រជាពលរដ្ឋ​មួយ​ក្រុម ១​លាន​នាក់​ជាង»

ក្រៅ​ពី​ការ​សម្រួល​ដល់​ពលករ​នៅ​ក្រៅ​ប្រទេស ព្រះសង្ឃ​ក៏​ស្នើ គ..ប ចាត់​តាំង​ក្រុម​ការងារ​ចុះ​ដល់​ទី​វត្ត​អារាម ដើម្បី​ជួយ​ចុះ​ឈ្មោះ​ព្រះសង្ឃ​ដែល​មាន​ប្រមាណ ៥​ម៉ឺន​អង្គ ក្នុង​បញ្ជី​បោះឆ្នោត។

ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​រយៈពេល ៧០​ថ្ងៃ ដោយ​ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល