បក្ស​ប្រឆាំង​ប្រកាស​ជា​ផ្លូវ​ការ​ថា​លោក កឹម សុខា នៅ​ក្នុង​ទីស្នាក់ការ​បក្ស​ចាក់អង្រែលើ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ប្រកាស​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៣១ ឧសភា ថា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាល​បក្ស សង្កាត់​ចាក់អង្រែលើ និង​មាន​សុខភាព​ល្អ​ធម្មតា។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ចំពោះ​អ្នកគាំទ្រ​ខ្លួន មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បញ្ជាក់​ថា លោក កឹម សុខា បាន​ស្នាក់​នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាល​បក្ស​ចាក់អង្រែលើ តាំង​ពី​ថ្ងៃ​ទី​២៦ ឧសភា មក។

បន្ថែម​ពី​នេះ លោក អេង ឆៃអ៊ាង ក៏​អំពាវនាវ​ដល់​អ្នក​គាំទ្រ​ឲ្យ​តាម​ដាន​ឃ្លាំមើល​ព្រឹត្តិការណ៍​នេះ ហើយ​ចំពោះ​ញត្តិ​ស្នាម​មេដៃ​វិញ គណបក្ស​នៅ​បន្ត​ទទួល​ជា​ធម្មតា។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​មិន​ទាន់​ដឹង​ថា លោក កឹម សុខា នឹង​ត្រូវ​គេ​ចាប់​ខ្លួន​ពេល​ណា ហើយ​ស្ថានការណ៍​នឹង​ប្រែប្រួល​យ៉ាង​ណា​នោះ​ទេ ខណៈ​ដែល​ការ​ចរចា​នយោបាយ​នៅ​មិន​ទាន់​អាច​ធ្វើ​នៅ​ឡើយ ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជាថា នៅ​ជាប់​រវល់។

ក្រោយពី​សមាជិក​សភា ៦៨​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជាលើក​ដៃ​រួមគ្នាបោះឆ្នោត​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​បន្ត​ចំណាត់​ការ​ លើ​ករណី​លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា គណបក្ស​សង្គ្រោះជាតិ​ក៏​បាន​ថ្កោល​ទោស​ចំពោះ​ការ​អនុម័ត​នោះ និង​អះអាង​ថា រដ្ឋ​សភា​គ្មាន​សិទ្ធិ និង​អំណាច​ផ្លូវ​ច្បាប់​ក្នុង​ការ​អនុម័ត​ដោយ​មតិ​ភាគ​ច្រើន​ដាច់ខាត ឬ ៥០​ភាគរយ​បូក​១ ដើម្បី​អនុញ្ញាត​ឲ្យ​តុលាការ​បន្ត​នីតិវិធី​ចោទ​ប្រកាន់​ចាប់​ខ្លួន ​ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន​តំណាងរាស្ត្រ​ណា​ម្នាក់​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។