សកម្មជន​បក្ស​ប្រឆាំង​នៅ​បាត់ដំបង​ចោទ​មន្ត្រី​យោធា​ថា​គំរាម​សម្លាប់​ទាក់ទិន​រឿង​នយោបាយ

ដោយ ហ៊ុំ ចំរើន
2015.07.28
រ៉ុម សារ៉ន ៦២០ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​ចែងមានជ័យ ស្រុក​បាណន់ ខេត្ត​បាត់ដំបង លោក រ៉ុម សារ៉ន ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​ទីស្នាក់ការ​អង្គការ​លីកាដូ (Licadho) នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Hum Chamroeun

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់ នៅ​បាណន់ ខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា បាន​ប្ដឹង​អតីត​មេ​បញ្ជាការ​រង​យោធា ១​រូប ក្នុង​ខេត្ត​បាត់ដំបង ពី​បទ​គំរាម​សម្លាប់ ទៅ​អង្គការ​លីកាដូ (Licadho) ឲ្យ​ជួយ​អន្តរាគមន៍​ផ្លូវ​ច្បាប់​លើ​មន្ត្រី​រូប​នោះ។

សកម្មជន​បក្ស​ប្រឆាំង​រូប​នោះ កំពុង​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន បន្ទាប់​ពី​ត្រូវ​មន្ត្រី​យោធា​រូប​នោះ​វាយ​ដំ​បង្ក​របួស​ស្នាម និង​គំរាម​កំហែង​លើ​រូប​គាត់​ជា​បន្តបន្ទាប់ ដោយសារ​រឿង​ទំនាស់​គណបក្ស​នយោបាយ ប៉ុន្តែ​មន្ត្រី​យោធា​ដែល​រង​ការ​ចោទ​ប្រកាន់​នោះ បដិសេធ​ថា​ជា​រឿង​មិន​ពិត​ឡើយ។

សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ស្រុក​បាណន់ អំពាវនាវ​សុំ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស និង​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​រក​យុត្តិធម៌ និង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​អតីត​មេ​បញ្ជាការ​រង​អនុ​សេនា​ធំ​ស៊ើប​ការ នៃ​កង​ពល​តូច​លេខ​៥២ រូប​នោះ​ជា​បន្ទាន់ ដើម្បី​កុំ​ឲ្យ​មាន​ការ​គំរាម​កំហែង​លើ​រូប​គាត់​នៅ​ពេល​ខាង​មុខ​ទៀត។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​ចែងមានជ័យ ស្រុក​បាណន់ ខេត្ត​បាត់ដំបង គឺ​លោក រ៉ុម សារ៉ន អង្គុយ​ថ្លែង​ក្នុង​ទឹក​មុខ​ស្រពោន​នៅ​ទីស្នាក់ការ​អង្គការ​លីកាដូ ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​២៨ កក្កដា ថា អតីត​មេ​បញ្ជាការ​រង​អនុ​សេនា​ធំ​ស៊ើប​ការ​នៃ​កង​ពល​តូច​លេខ​៥២ ប្រចាំ​ខេត្ត​បាត់ដំបង ឈ្មោះ ផុន សុភ័ណ្ឌ តែ​បច្ចុប្បន្ន​ពុំ​ដឹង​ស្ថិត​ក្នុង​អង្គភាព​ណា​ច្បាស់លាស់​នោះ​ទេ កាល​ពី​ថ្ងៃ​ទី​២៦ កក្កដា កន្លង​ទៅ បាន​វាយ​ចាប់​បោក​រូប​លោក​ទៅ​នឹង​ដី បណ្ដាល​ឲ្យ​រង​របួស​ជាំ​ភ្នែក​ខាង​ឆ្វេង។ លោក​អះអាង​ថា កាល​ណោះ​អតីត​មេ​បញ្ជាការ​រង​រូប​នោះ មាន​ទំនាស់​ពាក្យ​សម្ដី​ជាមួយ​លោក ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ដោយ​ជជែក​គ្នា​ជាមួយ​លោក​ថា លោក សម រង្ស៊ី ទៅ​ក្រៅ​ប្រទេស​គេច​យក​រួច​ខ្លួន ហើយ​ក៏​ផ្ទុះ​កំហឹង​គំរាម​កំហែង និង​វាយ​ដំ​លើ​រូប​លោក​តែ​ម្ដង៖ «គាត់​ជេរ​ខ្ញុំ​ថា ពួក​អា​ក្បត់​ពួក​អា​រមិលគុណ និង​អា​ចោរ​ម្ដាយ​នៅ​ក្នុង​ហាង​កាហ្វេ ហើយ​វាយ​ខ្ញុំ​បោក​នឹង​ដី​យក​តែ​ម្ដង កុំ​តែ​មាន​គេ​មក​ជួយ​ខ្ញុំ មិន​ដឹង​ទៅ​យ៉ាង​ណា​ទេ»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ អតីត​មេ​បញ្ជាការ​រង​អនុ​សេនា​ធំ​ស៊ើប​ការ​នៃ​កង​ពល​តូច​លេខ​៥២ គឺ​លោក ផុន សុភ័ណ ហៅ ឡន មាន​ប្រសាសន៍​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់ ដែល​ថា​លោក​ទៅ​វាយ​ដំ​សកម្មជន​គណបក្ស​ប្រឆាំង​នោះ។ ទោះ​យ៉ាង​នេះ​ក្ដី លោក​ទទួល​ស្គាល់​ថា ពិត​ជា​បាន​ជជែក​ខ្វែង​គំនិត​គ្នា​ពាក់ព័ន្ធ​បញ្ហា​របស់​អ្នក​នយោបាយ​ខ្លះ​មែន ប៉ុន្តែ​ធ្វើ​ឡើង​ទៅ​តាម​ការ​យល់​ឃើញ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ទេ៖ «គាត់​ថា​យួន យក​ដី​អស់​ហើយ​នៅ​ខេត្ត​ព្រៃវែង និង​ស្វាយរៀង នោះ ហើយ​ខ្ញុំ​ក៏​ពន្យល់​ថា គេ​មិន​ឲ្យ​ឈ្លោះ​គ្នា​ទេ​យើង​ប្រទេស​ជិត​ខាង​នឹង​គ្នា​នោះ គេ​កំពុង​តែ​ផ្ញើ​ផែនទី​ពី​ប្រទេស​បារាំង និង​ពី​អាមេរិក មក​ហើយ មិន​បាច់​ព្រួយ​ទេ។ បើ​គេ​យក​ដី​យក​តាំង​ឆ្នាំ​១៩៧៩ បាត់​ទៅ​ហើយ ពីព្រោះ​កាល​ណោះ​យើង​រស់​ដោយសារ​យួន និង​គណបក្ស​ប្រជាជន ជួយ​យើង​ទេ»

ទោះ​យ៉ាង​នេះ​ក្ដី សកម្មជន​គណបក្ស​ប្រឆាំង​នៅ​តែ​អះអាង​ថា មន្ត្រី​យោធា​រូប​នោះ​បន្ទាប់​ពី​ប្រើ​អំពើ​ហិង្សា​លើ​រូប​លោក​ហើយ ក្រោយ​មក​ទៀត​បាន​ជេរ​ប្រមាថ​គំរាម​កំហែង​រក​សម្លាប់​លោក និង​ធ្វើ​ឲ្យ​ភ័យ​ខ្លាច​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

ទាក់ទង​បញ្ហា​នេះ​ដែរ មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (Licadho) ខេត្ត​បាត់ដំបង លោក ហេង សាយហុង មាន​ប្រសាសន៍​ថា ការ​ចោទ​ប្រកាន់​ជុំវិញ​ទំនាស់​ប្រើ​អំពើ​ហិង្សា​គ្នា​រវាង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​យោធា​នោះ ថា​ជា​ការ​គំរាម​កំហែង​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ផ្នែក​នយោបាយ​របស់​ប្រជាពលរដ្ឋ៖ «បញ្ហា​នេះ​អ្នក​ប្រព្រឹត្តិ ត្រូវ​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់​ធ្ងន់ធ្ងរ​ជាង​ប្រជាពលរដ្ឋ​ធម្មតា ពីព្រោះ​ថា គាត់​ជា​មន្ត្រី​យោធា​ម្នាក់​ដែល​មាន​អំណាច គំរាម​កំហែង​អ្នក​ទន់​ខ្សោយ»

លោក​បន្ត​ថា បន្ទាប់​ពី​ទទួល​ពាក្យ​បណ្ដឹង​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នេះ​ហើយ នឹង​ចុះ​ស្រាវជ្រាវ​ជុំវិញ​ករណី​នេះ ដើម្បី​បញ្ជូន​សំណុំ​រឿង​ដាក់​ទៅ​តុលាការ​ខេត្ត​បាត់ដំបង ដំណើរ​ការ​តាម​ផ្លូវ​ច្បាប់​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។