សកម្មជនបក្សសង្គ្រោះជាតិចំនួន ៥នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស មានលោក មាជ សុវណ្ណារ៉ា ជាដើម មិនត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននោះទេ នៅល្ងាចថ្ងៃទី២៥ ធ្នូនេះ។
សវនាការជំនុជម្រះដែលដឹកនាំដោយប្រធានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ីឡាយ បានប្រកាសបើកសវនាការជំនុំជម្រះកាលពីព្រឹកមិញ ហើយតុលាការត្រូវការពេលវេលាយ៉ាងហោចណាស់បីថ្ងៃ ដើម្បីបញ្ចប់សំណុំរឿងនេះ។ តែលោកមិនកំណត់ថា ធ្វើឡើងនៅថ្ងៃបន្ទាប់ណាជាក់លាក់នៅឡើយ។
នៅរសៀលថ្ងៃនេះ មន្ត្រីស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត បានឲ្យវិទ្យុអាស៊ីសេរី ដឹងថា តុលាការអាចនឹងដោះលែងអ្នកទាំង ៥នោះ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ អង្គការសង្គមស៊ីវិល និងមេធាវីការពារ ហៅការសម្រេចឃុំខ្លួនបន្តរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រឆាំងការសុំនៅក្រៅឃុំបណ្ដោះអាសន្ន របស់សកម្មជនគណបក្សសង្គ្រោះជាតិ ថាជាការលុកដៃយ៉ាងជ្រៅពីរដ្ឋាភិបាល ជ្រៀតជ្រែកចូលក្នុងកិច្ចការរបស់តុលាការ។
តុលាការបានចោទប្រកាន់សកម្មជនគណបក្សសង្គ្រោះជាតិទាំង ១១នាក់ ពីបទធ្វើកុបកម្មប្រឆាំងអាជ្ញាធរមានសមត្ថកិច្ចនៅស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៤។
ក្នុងចំណោមសកម្មជន ១១នាក់ មាន ៥នាក់ កំពុងស្ថិតក្នុងការឃុំខ្លួនរបស់តុលាការនៅពន្ធនាគារព្រៃស រួមមានបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា សកម្មជនបក្ស លោក អ៊ុក ពេជ្រ សំណាង លោក ទេព ណារិន លោក កែ ឃីម និងលោក ស៊ុំ ពុទ្ធី។ ចំណែកសកម្មជន ៦នាក់ផ្សេងទៀត ស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន មានឈ្មោះ សាន គឹមហេង នាង សុឃុន ឃិន ជំរឿន សាន សីហៈ អាន បឋម និង អឿ ណារិទ្ធិ។

កាលពីព្រឹកថ្ងៃទី២៥ ធ្នូ មានពលរដ្ឋគាំទ្របក្សសង្គ្រោះជាតិ ជិត ២០០នាក់ និងមន្ត្រីសង្គមស៊ីវិល តាមដានសវនាការនៅខាងក្រៅរបងសាលាដំបូងរាជធានីភ្នំពេញ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ម៉ម មុនីរតន៍ ពីលទ្ធផលសវនាការរបស់តុលាការដូចទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។